"អៃដេន.. អៃដេនលែងនាងសិនទៅ" កាលបើឃើញប្អូនប្រុសអោបក្រសោបអ្នកកំពុងតែមានចង្វាក់បេះដូងមិនប្រក្រតីនោះ បងប្រុសទាំងពីរនាក់ក៏ប្រញាប់ប្រញាល់ចូលទៅចាប់ទាញគេចេញ តែអៃេដនមិនស្ដាប់ នៅតែមានៈចង់នៅអោបក្រសោបនាងនៅទីនោះ។
"យើងមិនលែង.. យើងគ្មានថ្ងៃលែងនាងទៅណាទេ អារៃ អាស្ទេហ្វ៍.. លែង ហ៊ឹស" អៃដេនប្រកែកដាច់អហង្ការ ចាប់ទាញក៏មិនមក បងប្រុសទាំងពីរនាក់ គ្មានជម្រើសក៏មានតែលើកដៃវាយកញ្ចឹងករអៃដេនប៉ឹប នាំឲ្យខ្លួនគេទន់ល្អូកទៅម្នាក់ទៀត រៃអេនក៏ប្រញាប់ស្ទុះត្រកងរាងកាយលីងអឺ រួចដាក់នាងទៅលើគ្រែឲ្យដុកទ័រនិងពេទ្យចាត់ចែងបន្ត រួចទើបបែរទៅជួយបងប្រុសច្បង គ្រាអៃដេនចេញពីទីនោះ ព្រមជាមួយនិងអារម្មណ៍សោកសង្រែងអាណិតដល់ប្អូនទាំងពីរនាក់ជាពន់ពេក។
ក្រឺង!ក្រឺង..
កំពុងតែជួយគ្រាប្អូនចេញមក ទូរសព្ទ័រៃអេនក៏ស្រាប់តែរោទ៍ឡើងក្រឺងៗ នាយសង្ហាលូកដៃម្ខាងចូលហោប៉ៅ ទាញទូរសព្ទ័មកមើលរួចចុចបិទវិញទាំងមុខបែបចង់ខឹងបន្តិចអីបន្តិច។
"វាយ៉ាងមិចឯង?" ស្ទេហ្វាន៍ឃើញរៃអេនមានទឹកមុខខឹងខុសទំនងបែបនោះ គេក៏ប្រញាប់សួរនាំ ខណៈកម្លាំងដៃជើងប្រើប្រាស់ទប់ខ្លួនអៃដេនទាំងអស់ រៃអេនមិនទាន់និយាយអី តែក្រវីក្បាលទាំងមុខស្មើធេង ដូចជារឿងនោះវាគ្មានអីសំខាន់ក្នុងចិត្តគេសោះ។
"រឺមួយក៏...នាងអូនតូចកាលពីថ្ងៃមុននោះខលមក"
"កុំរំលឹកពីក្មេងនោះ បើមិនចង់ឲ្យយើងខឹងស្អប់ទាំងឯងម្នាក់ទៀត អាស្ទេហ្វាន៍"
"គ្រាហ៍អាអៃទៅសម្រាកទៅ" ស្ទេហ្វាន៍មានបំណងចង់លេងសើចជាមួយប្អូន តែកាលបើឃើញប្អូនក្រពុលមុខបែបនេះ គេក៏មានតែសង្រួមទឹកមុខ រួចបន្តដំណើរយកប្អូនប្រុសពៅទៅបន្ទប់សម្រាកបាត់។
រសៀលថ្ងៃថ្មីឈានចូលមកដល់ ការដែលត្រូវបងប្រុសវាយប្រហារត្រង់កញ្ចឹងករពីក្រោយ វាធ្វើឲ្យកាយមាំទាំមានកម្លាំងពេញប៉ឹបដូចជាអៃដេន សន្លប់កន្លះថ្ងៃ សឹងតែខ្លាំងជាងពេទ្យចាក់ថ្នាំសណ្ដំទៅទៀត។ ត្របកភ្នែកក្រាស់សន្សឹមបើកឡើងទាំងធ្ងន់ត្រដុក រាងកាយក៏ហត់នឿយ ខ្សត់ខ្សោយ បូករួមនិងការឈឺចាប់នៃរបួសនៅកញ្ចឹងករខាងក្រោយឯណោះទៀត តែយ៉ាងណានាយក៏នៅតែព្យាយាមប្រមូលស្មារតីនិងកម្លាំងលូកច្រត់ពូកទន់ល្មើយដែលខ្លួនកំពុងតែដេកពីលើឯណោះ។
"ហ៊ឹស" គ្រាន់តែច្រត់ឡើងខ្ពស់ផុតពីខ្នើយ ក្រសែភ្នែកនាយក៏ងាកឃើញគ្រែកូនតូចៗទាំងពីរនាក់ដែលនៅទីនោះ គេខាំបបូរមាត់ រួចទម្លាក់ជើងចុះ ដើរសម្ដៅទៅរកកូនស្រីជាទីស្រឡាញ់ទាំងពីរនាក់។ កូនទាំងពីរគេក្នុងគ្រែតែមួយ មានទំហំធំ តែពួកគេបែរជាប្រជ្រៀតដេកអោបគ្នាដូចជាកក់ក្ដៅបំផុត អៃេដនទម្លាក់ជង្គង់ចុះ រួចអោនទៅថើបថ្ពាល់កូនម្ដងម្នាក់ៗ តែក៏ធ្លោយស្រក់ទឹកភ្នែកមួយតក់លើដៃកូនដែលកំពុងតែកាន់ក្រសោបគ្នាឯណោះ។
"ឲ្យប៉ាសុំទោស ប៉ាមិនគួរទន់ជ្រាយចំពោះមុខពួកកូនទេ តែប៉ា..ប៉ាពិតជាពិបាកទ្រាំពិតមែន អ្ហឹស" អៃដេនព្យាយាមធ្វើចិត្តរឹង និយាយទាំងស្នាមញញឹមហាក់មិនចង់ទន់ជ្រាយនៅចំពោះមុខកូនទាំងពីរនាក់ តែគ្រប់ពេលដែលសំឡឹងមើលទៅកូន អ្វីដែលគេនឹកឃើញដំបូងបង្អស់គឺជាលីងអឺ មនុស្សស្រីដ៏ល្អឥតខ្ចោះម្នាក់ដែលគេតែងតែមើលរំលងនិងធ្វើបាបជារឿយៗកន្លងមក មុនពេលដែលគេសន្លប់ អ្វីដែលគេបានឃើញនោះគឺជាសភាពរាងកាយដែលទន់ល្អូក ទឹកភ្នែកហូរស្រក់ពីផែនថ្ពាល់នាង ព្រមទាំងការនិយាយសុំទោសមួយដែលនាងមិនគួរជាអ្នកនិយាយសោះនោះ។
"ប៉ាអាក្រក់ ប៉ាធ្វើបាបម៉ាក់ពួកកូន ប៉ានិយាយស្ដីថាឲ្យនាងរហូត តែម៉ាក់កូននាងតែងតែធ្វើល្អជាមួយប៉ា ពេលដែលប៉ាមានទុក្ខសោក ម៉ាក់ពួកកូនក៏តែងតែនៅក្បែរហើយមើលថែប៉ារហូត ទោះជានាងត្រូវប្ដូរផ្ដាច់ ឈឺសាច់ មានរបួស នាងក៏នៅតែមានៈចង់នៅក្រោមទ្រូងរបស់ប៉ា" អៃេដននិយាយរំលឹកពីនាងបណ្ដើរ គេលើកខ្មងដៃម្ខាងជូតទឹកភ្នែកខ្លួនឯង រួចព្យាយាមញញឹមសំឡឹងមើលទៅកូនបន្តទៀត ក្រោកឡើងគេគួរណាស់តែទៅរកនាង តែគេបែរជាគ្មានភាពក្លាហាន មិនហ៊ានប្រឈមមុខ ព្រោះបើសិនជាគេបាត់បង់នៅទៅពិតមែន ចិត្តកាយគេក៏ប្រហែលជាស្លាប់ទៅតាមនាងអស់ដូចគ្នាដែរ អៃដេនទម្លាក់ដៃចូលហោប៉ៅ ហាក់ចង់រកខ្សែករដែលលីងអឺបានដោះឲ្យគេ តែរកយ៉ាងណាក៏មិនឃើញ ទើបខួរក្បាលនាយរំលឹកដល់ពេលដែលគេធ្វើឲ្យជ្រុះវាក្នុងបន្ទប់សង្គ្រោះបន្ទាន់ឯណោះ នាយបោះជំហានក្រោកឡើង ជូតទឹកភ្នែក សម្រួលអារម្មណ៍បន្តិច រួចងាកមកថើបកូនម្នាក់មួយខ្សឺត។
"បន្តិចទៀតប៉ានឹងមកវិញណាកូន ប៉ាមានការត្រូវរករបស់បន្តិចណា៎ ជុប៎" អៃដេនទម្លាក់បបូរមាត់ថើបកូន រួចប្រញាប់ចាកចេញទៅ ទុកឲ្យពេទ្យជាអ្នកចូលមកមើលថែកូនខ្លួនជំនួសវិញ។
#15នាទីកន្លងផុត
អាចថាជាសំណាងដែលបន្ទប់សង្គ្រោះមិនមាននរណាម្នាក់នៅទីនោះ ទើបអៃដេនអាចចូលទៅរុករកខ្សែករដែលជាបណ្ដាំមរតកម្ដាយទុកឲ្យខ្លួនឯណោះ។ គេព្យាយាមរកណាស់ តែរកយ៉ាងណាក៏រកមិនឃើញ មិនដឹងថាវាបាត់ទៅណាសោះ អៃដេនលើកដៃជ្រោងសក់ខ្លួនឯង រួចបញ្ចាំងពិលទូរសព្ទ័រកវាបន្តទៀត រហូតទាល់តែទ្វារបន្ទប់បើកឡើងមក។
"ដុក.." ដុកទ័រចូលមកទាំងងឿងឆ្ងល់បន្តិច ព្រោះអៃដេនគេមកទីនេះធ្វើអីទៀត បើគេគ្មានតួនាទីរឺសាច់ញាតិណាត្រូវមកមើលផងនោះ?
"លោកមិនទៅជូនដំណើរភរិយាទេហ្អេស៎?" ពាក្យថាជូនដំណើរនេះនាំឲ្យបេះដូងអៃដេនធ្លាក់ដល់ដីម្ដងទៀត គេក្រវីក្បាលទាំងមីងមាំងអារម្មណ៍ដូចជាមនុស្សឆ្កួត គេពិតជាមិនអាចទទួលយករឿងនេះបានពិតមែន។ ដុកទ័រជ្រឹមចិញ្ចើមរួចលូកដៃយករបស់ដែលអៃដេនព្យាយាមរកនោះ ដាក់ក្នុងដៃគេ អៃដេនទាញវាយកមកអោបជាប់ទ្រូង រួចយំខ្សឹបខ្សួលបំផុត ដុកទ័រក៏ចូលមករួចចាប់កាន់ស្មាគេតិចៗហាក់យល់ចិត្ត។
"អរគុណលោកដែលបានយកវាទុក"
"ប្រពន្ធលោកទើបតែឲ្យខ្ញុំប៉ុន្មាននាទីមុននេះទេ" សម្ដីដុកទ័រនិយាយនាំឲ្យអៃដេនភាំងរួចងើបមើលមុខគាំងទាំងមីងមាំងបំផុត។
"លោកចង់បានន័យថាមិច? ចុះក្រែងលីងអឺ..."
"អូហ៍ ការវះកាត់កាលពីយប់បានជោគជ័យ ដែលអ្នកនាងមានចង្វាក់បេះដូងមិនប្រក្រតីព្រោះនាងខ្សោយពេក នាងដឹងខ្លួនតាំងពីព្រលឹមហើយក៏បានទៅមើលលោកនិងកូនដែរ"
"ចុះពេលនេះនាងនៅឯណា? នាងនៅឯណាដុក?" អៃដេនចាប់កាន់ស្មាអាវពេទ្យ សួរទាំងញ័របបូរមាត់ ព្រោះតែរំភើប រំភើបដែលនាងបានឆ្លងផុតរឿងនោះ។
"ខ្ញុំមិនដឹងទេ តែលឺថាគាត់ទៅផ្ទះ.."
"ផ្ទះ..នេះអឺចង់ចេញពីបងមែនហ្អេស៎? អត់ទេ មិនបានជាដាច់ខាត មិនបាន!!!!" អៃដេនប្រញាប់ស្ទុះស្ទារក្ដាប់ខ្សែករបញ្ចាំចិត្ត រត់ចេញពីទីនោះយ៉ាងលឿន លឿនបំណងចង់ទៅតាមនាងឲ្យទាន់ គេមិនអាចបណ្ដោយនាងឲ្យធ្វើតាមចិត្តនិងទៅចោលគេនិងកូននោះទេ។
"បងនិយាយហើយ.. បើបងមិនអនុញ្ញាត អឺទៅណាមិនបានទេ"
