ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី59
ការរង់ចាំកន្លងទៅទើបតែ30នាទីទេ តែវាដូចជា30ម៉ោងសម្រាប់អ្នកព្រួយបារម្ភនិងអន្ទះអន្ទែងដូចជាអៃដេនឯណោះ គេដើរទៅមកៗពីមុខបន្ទប់សង្គ្រោះ ភ្នែកក៏ចេះតែលួចអើតមើលទៅខាងក្នុងហាក់ចង់ដឹងពីដំណឹងនោះឲ្យបានលឿនទាន់ចិត្តដែលកំពុងតែស្លោរស្លន់ឯណោះ។ ចំណែកអុីទែនឯណេះវិញ គេក៏ព្រួយបារម្ភពីប្អូនស្រីជាងអ្វីៗទៅទៀត តែគេក៏មិនអាចបញ្ចេញវាឲ្យអៃដេនបានឃើញ ព្រោះគេមិនចង់បង្កើតជាមន្ទិលដល់ប្អូនថ្លៃប្រុសគេម្នាក់នេះ ដូច្នេះជំនួសឲ្យការនៅស្ងៀមសោកសង្រែងដូចជាគេ អុីទែនក៏ងើបទៅនេះទៅនោះ ដូចជាពេលនេះគេក៏មកវិញព្រមជាមួយនិងកាហ្វេ2កែវជាប់ក្នុងដៃជាមួយផង គេដើរចូលមកមុននិងឈប់សំឡឹងមើលទៅសភាពស្រងូតស្រងាត់របស់អៃដេនពីចម្ងាយ បូករួមនិងអារម្មណ៍មួយដែលគេពិបាកនិងបរិយាយជាទីបំផុត។
"បើសិនជាអូនបានឃើញគេក្នុងសភាពបែបនេះ តើអូននឹងឈប់គិតសង្ស័យចិត្តរបស់អៃដេនទៀតទេ លីងអឺប្អូនសម្លាញ់?" អុីទែននិយាយចេញមកទាំងដែលគេខ្លួនឯងក៏កំពុងតែគិតទៅលើអៃដេនបែបមិនច្បាស់លាស់ដូចគ្នា កាលពីមុនគេឃើញអៃដេនសោះកក្រោះនិងឃោឃៅដាក់ប្អូនស្រីគេសម្បើមណាស់ គេសឹងតែមិនអាចទ្រាំបានម្ដងៗទៅហើយ តែការរង់ចាំមើលរបស់គេ បូកផ្សំនិងភាពអត់ធ្មត់ស្លូតបូតរបស់លីងអឺក៏ហាក់បីដូចជាទឹកស្រក់បំបែកថ្មក្នុងចិត្តរបស់អៃេដេនអ៊ីចឹង ពីមនុស្សដែលស្អប់នាងបំផុត ប្រែមកជាបារម្ភនិងខ្វល់ខ្វាយពីនាងបំផុតត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។
អុីទែនឈប់គិតអ្វីច្រើនបន្តទៀត ដោយគេប្រញាប់បោះជំហានកាន់កាហ្វេចូលទៅរកអៃដេន មានបំណងចង់ឲ្យគេបានចិបជាតិកាហ្វេអុីនបន្តិច ក្រែងអាចធ្វើឲ្យគេមានអារម្មណ៍ថាស្រស់ថ្លាជាងនេះបន្តិច ក៏ប៉ុន្តែខណៈពេលដែលគេដើរចូលមកកៀកជិតនិងដល់អៃដេនទៅហើយ ទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏បើកឡើង នាំអារម្មណ៍អ្នកដែលកំពុងតែស្រងេះស្រងោចនោះឲ្យប្រញាប់ចូលទៅរកដុកទ័រភ្លាម។
"ឈប់សិនលោក.."
"នាំអ្នកជម្ងឺចេញមក.." ឃើញអៃដេនគេអន្ទះសារចូលមករកគាត់ លោកដុកទ័រក៏លើកដៃឃាត់គេ រួចក៏ងាកទៅបញ្ជាពេទ្យជំនិតៗដែលជាដៃស្ដាំឆ្វេងគាត់ អូសគ្រែនាំយកខ្លួនតូចស្រឡូនរបស់លីងអឺចេញមក ដែលជាមូលហេតុនាំឲ្យអៃដេនគេកញ្ជ្រោលរោលរាលកាន់តែខ្លាំងទៀត។ គ្រូពេទ្យនាំសភាពរាងកាយដេកស្ដូកស្ដឹងចេញមក សភាពមុខមាត់នាងស្លេកស្លាំងខ្លាំងដល់ថ្នាក់ថាគ្រាន់តែអ្នកដែលមើលមកនាងក៏មានអារម្មណ៍ស្រងេះស្រងោច បុកទ្រូងភឹបៗព្រោះនឹកស្មានមិនដល់។
"ក្មេងដែលធ្លាប់តែស្រស់បំព្រង ហេតុអីក៏ធ្លាក់មកដល់ដំណាក់កាលមួយនេះលីងអឺ?" អុីទែនគេមិនបានអន្ទះអន្ទែងដូចជាអៃដេនក៏ពិតមែន តែពាក្យមួយឃ្លាៗដែលគេពោលចេញមក វាហាក់បង្កប់នូវអារម្មណ៍តក់ស្លុត ឈឺចាប់ ដែលត្រូវមកឃើញប្អូនស្រីដ៏ស្រស់បំព្រងរបស់គេធ្លាក់មកនៅក្នុងសភាពបែបនេះ។ អៃដេនឯណោះគេក៏មិនដកភ្នែកពីរាងកាយរបស់លីងអឺសូម្បីតែមួយវិនាទី គេដើរវាងមុខលោកដុកទ័ររួចក៏ចូលទៅកាន់ក្រសោបដៃតូចស្រឡូនរបស់ស្រីសម្អប់ជាប់ ព្រមជាមួយនិងទឹកមុខមួយដ៏ស្រងូតស្រងាត់ ទឹកមុខដែលគេមិននឹកស្មានថាគេនឹងបង្ហាញវាចេញមក ព្រោះតែខ្លាចបាត់បង់ស្រីសម្អប់ម្នាក់នេះ។
"ឆាប់ដឹងខ្លួនឡើងលីងអឺ សុីរ៍! នាងមិនត្រូវមានរឿងអីកើតឡើងនោះទេ យើងបញ្ជានាង"
"អាចនិយាយបានថាជាសំណាងមួយក្នុងចំណោមមួយពាន់ហើយ ព្រោះកូនក្នុងផ្ទៃមិនបានកើតអ្វីទាំងដែលការដួលផ្ងារក្រោយវាជារឿងដែលហាមប្រាមបំផុតសម្រាប់ស្ត្រីមានគភ៌ ជាពិសេសនៅខែដំបូងៗដូចជាអ្នកជម្ងឺនេះ" លឺដុកទ័រនិយាយថាកូនក្នុងផ្ទៃមិនបានកើតអី អៃដេនគេក៏ហាក់ធូរស្រាលចិត្តបន្តិច តែចិត្តនៅតែបារម្ភដដែលព្រោះគ្រូពេទ្យមិនទាន់បាននិយាយពីអាការៈអ្នកដែលពពោះនៅឡើយទេ។
"ចុះ..ចុះអាការៈរបស់អ្នកម្ដាយវិញ?" ដូចជាអ្វីដែលអៃដេនគេបានគិតទុកពិតមែន ពេលដែលគេសួរពីអាការៈរបស់លីងអឺ លោកដុកទ័រគាត់ក៏រៀងទម្លាក់ទឹកមុខបន្តិចហាក់បីដូចជាប្រាប់ជាប្រយោលថានាងមានអ្វីដែលមិនស្រួលហើយវាក៏ជាអ្វីដែលនាយមិនរំពឹងចង់ឲ្យវាកើតឡើងទាល់តែសោះ។
"អ្នកម្ដាយរាងកាយមើលទៅដូចជាមិនសូវជាមាំទាំ រាងកាយខ្សត់ខ្សោយដូចជាសម្រាកមិនបានដិតដល់សោះ ខ្ញុំគិតថាគួរតែយកពេលនេះឲ្យគាត់សម្រាកឲ្យបានច្រើនល្អជាង ព្រោះបើសិនជាកាលណារាងកាយរបស់ម្ដាយកាន់តែខ្សោយ ការពពោះកូនវាក៏អាចនឹងមិនរលូនដូចជាអ្វីដែលខាងយើងបានរពឹងទុកនោះទេ" លឺតែពាក្យថានាងសម្រាកមិនបានគ្រប់គ្រាន់ អៃដេនគេហាក់បីដូចជាបន្ទោសខ្លួនឯងរួចជាស្រេចពីរឿងដែលនាងរត់ចេញពីផ្ទះអស់2ថ្ងៃនោះបាត់ទៅហើយ។
"ពួកយើងសូមយកអ្នកជម្ងឺទៅសម្រាកនៅបន្ទប់សិន បន្តិចទៀតសាច់ញាតិអាចចូលមើលថែបាន" គ្រូពេទ្យម្នាក់ក៏និយាយកាត់ស្ថានការណ៍នាំឲ្យអ្នកដែលកំពុងតែកាន់ដៃនាងជាប់មិនលែងនោះ យល់ព្រមលែងដៃឲ្យគេនាំយកនាងទៅទាំងអារម្មណ៍នៅជាមួយនាងជាប់រហូត។
"សូមលោកដុកទ័រមើលថែនាងអោយបានល្អផង អស់ប៉ុន្មានក៏ខ្ញុំហ៊ានចំណាយដែរ ឲ្យតែប្រពន្ធនិងកូនខ្ញុំមានសុវត្ថិភាព" កាលបើលឺពាក្យថាប្រពន្ធកូនចេញពីមាត់របស់អៃដេន អុីទែនឯណោះក៏លួចញ៉ោចស្នាមញញឹមម្នាក់ឯងតិចៗ ក៏ដោយសារតែការព្រួយបារម្ភ អៃដេនគេក៏ភ្លេចខ្លួនសារភាពចេញមកថាគេនឹងនាងពិតជាមានសម្ពន្ធ័ភាពលើសពីពាក្យថាជាអតិថិជននិងអ្នកពពោះជំនួសពិតមែន។
"លោកទុកចិត្តចុះ ព្រោះវាជាតួនាទីរបស់ពួកយើងស្រាប់ហើយ" ដុកទ័រក៏ញញឹមឆ្លើយតបទៅកាន់អៃដេន រួចក៏នាំខ្លួនចេញទៅមើលអ្នកជម្ងឺផ្សេងទៀត ទុកឲ្យអ្នកដែលនៅឈរទីនោះមានអារម្មណ៍ហេងហាងនៅឡើយ។
"លីងអឺច្បាស់ជាមិនអីទេ" អុីទែនគេក៏ដើរចូលមករកអៃដេនបន្ទាប់ពីដុកទ័រចេញទៅផុត រាងក្រាស់ងាកបែរមើលទៅអ្នកដែលមកជាគ្នា រួចព្រួសខ្យល់ដង្ហើមបែបតឹងទ្រូងបន្តិច។
"យើងគួរតែប្រុងប្រយត្ន័ជាងនេះ.. លីងអឺនាងមិនត្រូវកើតរឿងអ្វីទៀតទេ"
