ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី88
#ណៃសុីខប
ការប្រជុំធំមួយប្រចាំឆ្នាំត្រូវបានប្រារព្ធឡើងនៅក្នុងអាគារក្រុមធំដែលលយខ្លួនបង្អួតសម្រស់កណ្ដាលមាល៍តា កន្លែងដែលមានចង្វាក់ផលិតកម្មរីកចំរើននិងទទួលស្គាល់តាមបណ្ដាក្រុមហ៊ុនប្រកួតប្រជែងជាច្រើនក្នុងវិស័យមួយនោះ។ ណៃសុីខបជាក្រុមហ៊ុនដែលមានឈ្មោះបោះសំឡេងយូរឆ្នាំបន្តជំនាន់មកយ៉ាងច្រើន តែក៏នៅអាចឈរជើងបានយូរដោយសារតែពីមួយជំនាន់ទៅមួយជំនាន់ ទាយាទដែលស្នងតំណែងនិងកាន់កាប់ក្រុមហ៊ុនសុទ្ធសឹងតែជាអ្នកមានសមត្ថភាព។
បងប្អូនប្រុសត្រកូលអាឡិចសាន់តូស៍សានដើរចូលទៅកាន់រង្គសាលប្រជុំមួយដែលមានដៃគូសហការព្រមជាមួយនិងអ្នកសារព័ត៌មានមិនតិចដែលត្រូវអញ្ជើញមកចូលរួមនៅទីនោះ។
អៃដេនជាប្អូនប្រុសពៅនៃត្រកូល តែក៏ត្រូវដើរនាំមុខ ព្រោះគេអគ្គនាយកធំនៅទីនោះ គ្រប់គ្នាអាចនឹងគិតថាការដែលប្អូនប្រុសពៅមានសិទ្ធកាន់កាប់ជំនួយធំមិនមែនជាកូនបង វាអាចធ្វើឲ្យបងប្អូនទាំងបីនាក់មានភាពរកាំរកូសនិងគ្នា ទាំងដែលការពិតវាគឺផ្ទុយស្រឡះ។
"បងសង្ឃឹមថាឯងនឹងធ្វើបានល្អណា៎អាអៃ.."
"ក្មេងប្រុសទើបតែនិងធំ ពេលនេះក៏ក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ បើសិនជាលោកប៉ាអ្នកម៉ាក់នៅទីនេះ គាត់ច្បាស់ជាមានមោទនភាពជាមួយឯងខ្លាំងណាស់" ទាំងអៃដេននិងស្ទេហ្វាន៍ ទោះបីពួកគេជាមនុស្សមាត់ច្រើននិងលេងសើចក៏ពិតមែន តែពេលដល់រឿងសាច់ការណ៍ ពួកគេក៏តែងតែច្បាស់លាស់ហើយនិងម៉ត់ចត់ ទោះជាពួកគេសុទ្ធតែមានមហិច្ឆតារៀងខ្លួន តែពួកគេមិនដែលធ្លាប់គិតរឺមានចិត្តច្រណែនលើបងប្អូនខ្លួនឯងនោះទេ កាន់តែឃើញនរណាម្នាក់ជោគជ័យ ពួកគេកាន់តែសប្បាយរីករាយថែមទៀត។
"ពួកឯងនិយាយផ្តែផ្ដាំ ធ្វើមើលតែយើងឡើងធ្វើបទបង្ហាញនៅសកលវិទ្យាល័យ" អៃដេននិយាយទាំងជ្រឹមចិញ្ចើម រួចក៏ឡើងទៅឈរកណ្ដាលរង្គសាលដែលមានភ្ញៀវជាច្រើន ហើយក្នុងចំណោមនោះក៏មានវត្តមានកម្លោះសង្ហាសៃហ្វុង កូនប្រុសនៃត្រកូលអាល៍ អ្នកជំនួញដែលមានឈ្មោះបោះសំឡេងជំនាន់ក្រោយដែលកំពុងតែមានការចាប់អារម្មណ៍ច្រើន។
ទឹកមុខសោះកក្រោះតែពោរពេញទៅដោយអំណាច នាយសង្ហាជាមនុស្សដែលទៀងទាត់ហើយក៏ច្បាស់លាស់ជាមួយនិងរឿងការងារណាស់ ដូចជាការប្រជុំធំនាថ្ងៃនេះ គេក៏មកដល់មុននរណាៗទាំងអស់ សូម្បីតែអ្នកកាសែតក៏នៅមកយឺតយ៉ាវជាងគេដែលជាម្ចាស់ភាគហ៊ុនធំមួយទៅទៀត។
"នោះគឺអ្នកប្រុសអៃដេន.."
"យើងស្គាល់ហើយ.." កំពុងតែអង្គុយគងអន្ទាក់ខ្លាកាន់ឯកសារមើលសុខៗ ជំនិតរបស់គេក៏ចូលមកណែនាំវត្តមានអ្នកឡើងឈរខាងមុខចំណោមក្នុងសាលឯណោះ គេឆ្លើយតបប្រាប់ឲ្យជំនិតទៅអង្គុយកន្លែងវិញ រួចគេក៏បើកមើលគម្រោងបញ្ចេញយានយន្តថ្មីដែលខាងណៃសុីបានដាក់គ្រោងការឯណោះ វាជាគម្រោងកាលជិត2ឆ្នាំដែលកូនប្រុសពៅនៃត្រកូលនេះបានរៀបចំ តែវាក៏ជាបែរជាទទួលបានការចាប់អារម្មណ៍និងគាំទ្រច្រើនលើសពីការរំពឹងទុកថែមទៀត។
"គម្រោងការល្អ!" សៃហ្វុងលាន់មាត់ក្រោយពីបានពិនិត្យមើលឯកសាររួច គេងើបភ្នែកមើលទៅដៃគូសហការដែលកំពុងតែឈរអត្ថធិប្បាយពីគ្រោងការនៅខាងមុខ និយាយយ៉ាងមានភាពជឿជាក់ជាទីបំផុត ដូចជាអ្នកដែលកាន់កាប់ក្រុមហ៊ុនមករាប់សិបឆ្នាំហើយអ៊ីចឹង សៃហ្វុងដកក្រសែភ្នែកពីការមើលទៅអៃដេន រួចមើលទៅកាន់បងប្អូនប្រុសរបស់អៃដេនទាំងពីរនាក់ដែលអង្គុយញញឹមសំឡឹងមើលប្អូនប្រុសដែលមានតំណែងខ្ពង់ជាងឡើងធ្វើបទបង្ហាញឯណោះ។
"ពិតជាគ្រួសារដែលគួរឲ្យចាប់អារម្មណ៍មែន អាឡិចសាន់តូស៍សាន"
