ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី66
ក្រឡេកមកមើលអ្នកនៅខាងក្នុងផ្ទះឯណេះវិញ ក្រោយពីអៃដេនចាកចេញទៅបាត់ លីងអឺនាងក៏ក្រោកឡើងភ្លាម ត្បិតនាងមិនបានសន្លប់អីដូចជាការគិតរបស់អ្នកគ្រប់គ្នាទេ នាងធ្វើជាសន្លប់ ព្រោះដើម្បីបញ្ចៀសកុំឲ្យសុីងយីងនាងអាចប្រើល្បិចយករួចខ្លួនបានម្ដងហើយម្ដងទៀតបែបនេះ តែថាទោះជានាងគេចផុតពីភ្នែកគ្រប់គ្នាពិតមែន តែនាងក៏នៅតែមិនអាចគេចពីក្រសែភ្នែករបស់លោកដុកទ័រដែលទើបតែមកដល់នោះបានឡើយ។
"ខ្ញុំពិនិត្យមើលហើយ អ្នកនាងលីងអឺដូចជាមិនបានកើតអីផង មុខមាត់ក៏ស្រស់បស់ដូចជាមនុស្សបានសម្រាកគ្រប់គ្រាន់ ដូចជាមិនមានបញ្ហាដូចជាគេខលប្រាប់ផង" លោកដុកទ័រនិយាយផង ងើបមុខសំឡឹងមើលមកនាងល្អិតលីងអឺផង នាំឲ្យអ្នកម្ខាងទៀតដែលតាំងចិត្តកុហកនោះរៀងបែកញើសតាមជើងសក់បន្តិច។
"លោកដុកទ័រគឺថាខ្ញុំ... លោកដុកទ័រកុំនិយាយរឿងដែលខ្ញុំពុតជាសន្លប់នោះប្រាប់អ្នកប្រុសអៃដេនអីបានទេ? ណា៎..ខ្ញុំពិតជាទ័លច្រកពិតមែន" ទីបំផុតនាងច្រម៉ក់លីងអឺក៏សារភាពចេញមកថាអាការៈដែលខ្លួនមានសុទ្ធតែជាការកុហកទាំងអស់ នាងមិនបានឈឺពិតប្រាកដ តែនាងក៏ពុតជាឈឺ ព្រោះនាងមានហេតុផលច្បាស់លាស់មួយ។ លោកដុកទ័រស្ដាប់ចប់ក៏មើលមុខនាង រួចក្រវីក្បាលសើចគឃឹស ធ្វើឲ្យលីងអឺកាន់តែហេលហាលក្នុងចិត្តថែមមួយកម្រិតទៀត នាងខ្លាច ខ្លាចថាគាត់នឹងប្រាប់រឿងនេះទៅកាន់អៃដេន។
"លោកដុកទ័រ!"
ក្រាក!
ខណៈការនិយាយសម្របសម្រួលមិនទាន់ចាប់ផ្ដើមស្រួលបួលផង ទ្វារបន្ទប់ក៏មានអ្នករុញបើកចូលមកដោយនោះជាវត្តមានរបស់អៃដេនហ្នឹងឯង។ គ្រាន់តែឃើញក្រសែភ្នែកគេសំឡឹងមើលមកនាងពេលរុញទ្វារចូលមកនោះ លីងអឺក៏ព្រឺសម្បុរខ្ញាកតែម្ដង។ អៃដេនញញឹមចុងមាត់ រួចដើរចូលមករកលីងអឺតែម្ដង នាងតូចឆ្លេឆ្លាក្នុងចិត្ត រាងកាយដែលអង្គុយលើគ្រែក៏ប្រញាប់កិលខិត តែក៏យឺតមួយជំហានត្បិត អៃដេនគេចូលមកចាប់កាន់ចង្កេះនាងជាប់ណែនតែម្ដង។
"យើងមិនដឹងសោះថាយើងចិញ្ចឹមនាងឲ្យក្លាយទៅជាក្មេងក្បាលខូចបែបនេះ" ការពិតអៃដេនគេបានលឺដោយចៃដន្យនូវសន្ទនាដែលនាងនិយាយគ្នាជាមួយដុកទ័រមុននោះ ហើយគេក៏អាចកាត់សេចក្ដីយល់បាន ថាមុននោះលីងអឺនាងធ្វើពុតព្រោះចង់ផ្ចាញ់សុីងយីងឯណោះ។
"អ្នកប្រុសអៃេដន" លីងអឺនាងចាប់មានពិរុទ្ធ កាលបើអៃដេននិយាយធ្វើដូចជាដឹងថារឿងកើតឡើងទាំងអស់នោះជាល្បិចរបស់នាង ស្រីតូចលើកដៃសងខាងប៉ះត្រចៀកខ្លួនឯង រួចច្បូញមាត់តិចៗដូចជាកូនក្មេង។ កាយវិការរបស់នាងធ្វើឲ្យអៃដេនខាំធ្មេញ មិនមែនព្រោះខឹង តែក៏ព្រោះចិត្តខ្នាញ់។
"អ៊ីចឹងបានន័យថាស៊ែនយើងមិនមែនមានប្រសិទ្ធិភាពត្រឹមតែលើកូនទេ នាងក៏ទទួលបានផលខ្លះដែរ" វិនាទីបន្ទាប់ពីលឺអៃដេននិយាយពាក្យទាំងនោះ លីងអឺក៏ស្រាប់តែភាំងបន្តិច ហាក់បីដូចជាគិតថាខ្លួនឯងកំពុងតែស្ដាប់ច្រឡំយ៉ាងមិចមិនដឹង។
"ចាស៎?!"
"តោះទៅដាក់ថែម ឲ្យនាងក្លាយជាមេខ្លាតែម្ដងទៅ" អៃដេនប្ដូរពីការអោបចង្កេះ មកជាការលូកចាប់ដៃនាងម្ខាង បំណងចង់ចាប់ផ្ដួលនាងសុីចុកនៅលើគ្រែម្ដងទៀត តែលោកដុកទ័រក៏បង្កើតជាសំឡេងគ្រហែមនាំឲ្យអៃដេនបញ្ឈប់និងអង្គុយត្រង់ចង្កេះវិញដូចជាធម្មតា តែលីងអឺឯណោះនាងក៏ខ្មាស ខ្មាសសឹងតែជ្រែកទឹកជ្រែកដីតែម្ដង។
ដុកទ័រឃើញក្មេងៗមួយគូនេះស្និតស្នាល អោបចង្កេះអោបស្មាគ្នាបែបនេះ គាត់ក៏មានតែញញឹមសប្បាយចិត្តជំនួសពួកគេ បុរសចំណាស់ហូតយកក្រដាសពិនិត្យគភ៌រួចហុចវាឲ្យទៅអៃដេនមើល។ រាងក្រាស់ទទួលវាយកមកកាន់ទាំងញ័រដៃសស្រាក់ មើលក្រដាសសឹងតែមិនច្បាស់ លីងអឺយល់ការណ៍ នាងក៏លូកដៃមកជួយចាប់កាន់គេ ហើយមើលជាមួយគ្នា មុននិងមានទឹកសន្សើមមួយតំណក់ស្រក់តាមកន្ទុយភ្នែករបស់ខ្លួនឯងដែរ ក្រោយពីបានឃើញនូវលទ្ធផលដែលបង្ហាញថានាងកំពុងតែពពោះកូនមិនមែនម្នាក់ តែគឺជាក្មេង2នាក់កំពុងតែសម្ងំនៅក្នុងពោះនាង ក្មេងដែលជាភេទស្រីទាំងពីរនាក់តែម្ដង ទើបនាងរំជួលចិត្តបែបនេះ។
"កូនស្រីរបស់ប៉ា.. កូនស្រីប៉ាទាំងពីរ អ្ហឹស" អៃដេនឯណោះ គ្រាន់តែមើលឃើញពីលទ្ធផលថាគេមានកូនស្រីភ្លោះភ្លាម ទឹកភ្នែកមិនដឹងមកពីណាស្រក់ចុះតក់ៗលើក្រដាសពេទ្យមួយសន្លឹកនោះ ទឹកភ្នែកក្ដៅៗបង្ហាញពីក្ដីសុខ ក្ដីសុខដែលគេអាចស្រម៉ៃទុកជាមុន ក្រោយពេលដែលកូនស្រីស្រស់ស្អាតទាំងពីរនាក់បានកើតមក។
"ក្មេងទាំងពីរមានសុខភាពល្អ ចំណែកម្ដាយក៏ត្រូវថែទាំខ្លួនឲ្យល្អដែរណា៎ អ្នកម៉ាក់ត្រូវសម្រាក ហូបអាហារបំប៉នជំនួយរាងកាយ ហើយជៀសវាងការគិតច្រើនដែលអាចធ្វើឲ្យអ្នកនាងស្ត្រេស៍រឺកើតជម្ងឺប្រកាំងណា"
"អ្ហឹក..ចាស៎ លោកដុកទ័រ" លីងអឺឯណោះយំខ្សឹបខ្សួល ព្រោះនាងសប្បាយចិត្តដែលនាងអាចមើលថែ ពពោះក្មេងរហូតដល់គេអាចមានរូបរាងនិងសុខភាពល្អបែបនេះ ទោះបីជានាងអាចនឹងមិនអាចនៅមើលថែពួកគេដូចជាម្ដាយ តែនាងក៏គិតថាខ្លួនធ្វើបានល្អហើយក្នុងការពពោះនិងថែរក្សាពេលគេមុនពេលដែលគេបើកភ្នែកមើលមកពិភពលោក។
(ខ្ញុំមិនដឹងថា ក្រោយកូនកើតមក ពួកយើងអាចបានជួបគ្នាទៀតរឺអត់ទេ ក្មេងតូចទាំងពីរ អ្ហឹក)
