ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី70+71+72
គ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ មិនមាននរណាម្នាក់និយាយអ្វីបន្តទៀតសោះ ត្បិតម្នាក់ៗដូចជាមិនទាន់អស់ចិត្តជាមួយនិងការបែងចែកទ្រព្យសម្បត្តិនោះ សុីងយីងនាងតានតឹង ក្រពុលមុខខ្លាំងដែលផែនការនាងខំរៀបចំមករាប់ឆ្នាំត្រូវរលាយខ្សុលត្រឹមមួយប៉ព្រិចភ្នែកបែបនេះ នាងទម្លាក់ខ្លួនអង្គុយលើសាឡុង ហើយក៏មិនបន្តអោបដៃរៃអេនបន្តទៀត។
"លោកតា..ចុះបងរៃអេននោះ?" ដោយសារតែគ្រប់គ្នាស្ងាត់ មិនឃើញមាននរណាម្នាក់និយាយវែកញែកអ្វីសោះ ទើបលីងអឺដែលជាអ្នកក្រៅត្រកូលសម្រេចលូកមាត់និយាយរឿងមួយនោះចេញមក។
"បងរៃអេនក៏ជាចៅនិងជាកូនដែរ អ៊ីចឹងបងរៃអេនត្រូវតែទទួលបានចំណែកមែនដែរទេលោកតា? បើលោកតាធ្វើបែបហ្នឹង មានតែនាំភាពល្អក់កករដល់បងប្អូនគាត់ទាំងបីនាក់នៅថ្ងៃក្រោយនោះទេ"
"ប្ដីចៅបានសម្បត្តិច្រើនជាងគេ ចៅគួរតែសប្បាយចិត្តមិនអ៊ីចឹងហ្អេស៎? ចុះហេតុអីមើលទៅចៅដូចជាស្មុគស្មាញបែបនេះចៅអឺ?" លោកតាមើលមកលីងអឺ មើលបណ្ដើរដាក់សំនួរចោទសួរទៅកាន់នាងបណ្ដើរហាក់បីដូចជាចង់ដឹងពីការគិតនិងទឹកមុខប្រតិកម្មរបស់នាងនាពេលនោះ។
"រឿងដែលអៃដេនបានសម្បត្តិច្រើនខ្ញុំសប្បាយចិត្ត តែខ្ញុំក៏នឹងកាន់តែសប្បាយចិត្តបើចំណែកដ៏ច្រើននោះជាចំណែកដែលចែកស្មើគ្នាជាមួយបងប្រុសគាត់ទាំងពីរនាក់ទៀត លោកតា សូមគិតពិចារណាម្ដងទៀតទៅ" លីងអឺនិយាយយ៉ាងម៉ត់ចត់ នាងពិតជាមិនសប្បាយចិត្ត គ្រាដែលបានលឺលោកតាប្រកាសពីសម្បត្តិដែលគ្មានសក្ខីភាពនិងភាពសុក្រិតបែបនេះ។ លោកតាងក់ក្បាលតិចៗរួចក៏លើកឈើច្រត់ចង្អុលទៅលើក្រដាសបណ្ដាំមរតកនោះ ចង្អុលបណ្ដើរងាកភ្នែកមើលទៅលីងអឺបណ្ដើរហាក់ដូចជាចង់ឲ្យនាងបង្ហាញពីគំនិតនិងផ្លូវដោះស្រាយរបស់ខ្លួន។
"ខ្ញុំគ្រាន់តែជាអ្នកក្រៅ ខ្ញុំមិនមានសិទ្ធិសម្រេចនោះទេលោកតា ខ្ញុំគ្រាន់តែចង់ជម្រាបលោកតា ឲ្យលោកតាបានយល់ពីមតិរបស់ខ្ញុំ ហើយក៏សង្ឃឹមថាលោកតានឹងយកវាទៅពិចារណាការសម្រេចចិត្តម្ដងទៀតប៉ុណ្ណោះ" លីងអឺក៏នាំខ្លួនក្រោកចេញពីសាឡុង អោនគំនាបដាក់លោកតា រួចក៏នាំខ្លួនដើរចាកចេញទៅមុន ហាក់មិនចង់ដឹងលឺរឿងគ្រួសារគេទៀត។ សុីងយីងឯណោះក៏អ៊ីចឹងដែរ បន្ទាប់ពីដឹងថាចៅប្រុសនៃគ្រួសារដែលនាងបានរើស ជាចៅប្រុសដែលមិនបានទ្រព្យអ្វីទាំងអស់ នាងក៏ខកចិត្ត ខូចអារម្មណ៍ហើយក៏ខឹង នាងតូចក៏ក្រោកប្រឹបពីសាឡុង រួចចាកចេញទៅម្នាក់ទៀត ស្របនឹងក្រសែភ្នែកអ្នកគ្រប់គ្នាសំឡឹងតាមមើលនាង។
"ស្រីៗចេញទៅអស់ហើយ..."
"ប៉ុណ្ណឹងក៏អាចឲ្យតាដឹងថាមនុស្សស្រីដែលចៅតារើសទាំងពីរនាក់នោះជាមនុស្សបែបណា ប្រុសរៃគិតបែបណាដែរចៅ?" តាមពិតការប្រកាសបណ្ដាំមរតកមួយនេះត្រូវបានរៀបចំឡើងមិនមែនក្នុងគោលបំណងចង់ឲ្យចៅប្រុសបានដឹងតែមួយមុខទេ លោកតាក៏មានបំណងចង់សាកចិត្តនិងមើលទៅមុខចៅប្រសារថ្មីថ្មោងទាំងពីរនាក់នោះដែរ គាត់ចង់មើលថាតើពួកគេនឹងមានប្រតិកម្មបែបណាជាមួយរឿងចំណែកមរតកដែលស្វាមីពួកគេទទួលបាននោះ ហើយវាក៏បានបង្ហាញពិតមែន។
"ខ្ញុំបានគិតរួចរាល់អស់ហើយលោកតា អ៊ីចឹងហើយទើបបានជាខ្ញុំផ្ទេររាល់មរតកដែលខ្ញុំទទួលបានឲ្យទៅប្រុសអៃក្តោបក្ដាប់នោះ" ការបែងចែកដំបូងឡើងគឺស្មើភាពគ្នាទាំងអស់ តែរៃអេនក៏ជាអ្នកជម្រាបលោកតា ប្រាប់លោកតាថាគេនឹងមិនទទួលយកមរតកអ្វីទាំងអស់ គេចង់ផ្ទេរវាឲ្យទៅប្អូនប្រុសពៅ ដែលជាអ្នកដកខ្លួនពីទំនាក់ទំនងគ្រួសារមកជាយូរនោះ។
"អារៃអេន? នេះ..." អៃដេនដែលមិនបានដឹងរឿងមុនក៏ឧទានឡើងយ៉ាងភ្ញាក់ផ្អើលជាទីបំផុត គេចូលទៅជិតរៃអេន រួចបង្ហាញពីភាពឆ្លេឆ្លានៅមិនសុខ ត្បិតគេមិននឹកស្មានថាបងប្រុសធ្វើរឿងអស់ទាំងនេះសោះ អៃដេនក៏លើកក្រដាសបណ្ដាំមរតកចាស់មកមើល មុននិងបានឃើញថាការកាន់កាប់ក្រុមហ៊ុនរួម តាមពិតជាមរតករបស់រៃអេន តែគេបែរជាផ្ទេរវាមកឲ្យខ្លួន ហើយគេខ្លួនឯងក៏មិនបានអ្វីក្រៅពីការងារជួយជ្រោមជ្រែងបងប្អូនប្រុសពីក្រោយនោះ។
"មរតកដែលជារបស់ឯង វាមានច្រើនណាស់ ហេតុអីក៏សុខចិត្តចាកចេញទាំងបាតដៃទទេបែបនេះ?" អៃដេនរៀងអួលអ្រូងតិចតួច ព្រោះគេមិនដែលគិតថារៃអេនគិតដល់គេថ្នាក់នេះ ឃើញទង្វើល្អគេម្ដងណាក៏អៃដេនមានអារម្មណ៍ថាខុស ខុសដែលពីមុនគេខឹងស្អប់បងប្រុសម្នាក់នេះដល់ឆ្អឹង ទាំងដែលគ្រប់យ៉ាងដែលគេធ្វើគឺដើម្បីនាយទាំងអស់។
"នរណាថាយើងចាកចេញទៅទាំងបាតដៃទទេនោះ? ឯងភ្លេចហើយហ្អេស៎ថាលោកប៉ាអ្នកម៉ាក់បានបន្សល់ទុកចំណេះការងារឲ្យយើងច្រើនណាស់ ដូច្នេះទោះជាមិនទទួលទ្រព្យសម្បត្តិរបស់ពួកគាត់ យើងក៏នៅអាចយកចំណេះទៅបង្កើតសម្បត្តិមួយទុកនៅថ្ងៃអនាគតបាន" ឆន្ទះនិងភាពអង់អាចរបស់រៃអេនចាក់ស្រេះដល់អារម្មណ៍អ្នកគ្រប់គ្នាឲ្យកើតចិត្តអាណិតស្រឡាញ់រៃអេនលើសដើមថែមទៀត អៃេដនឯណោះព្រួសខ្យល់ដង្ហើមស្រាល រួចងាកបែរភ្នែកមើលទៅខាងក្រៅធ្លាផ្ទះ ភ្នែកគេក្រឡេកឃើញវត្តមានរាងកាយស្រឡូនតូចរបស់លីងអឺកំពុងតែឈរមើលទៅទេសភាព ព្រមទាំងទម្លាក់ដៃកាន់អង្អែលពោះខ្លួនឯងថ្នមៗ កាយវិការនាងក៏នាំឲ្យអៃដេននឹកឃើញគំនិតម៉្យាងដែលអាចឲ្យគេទទួលយកមរតកនោះដោយមិនសូវជាមានភាពរអៀសចិត្ត។
"ខ្ញុំនឹងយកតែការគ្រប់គ្រងក្រុមហ៊ុនទេ" សម្ដីរបស់នាយក៏នាំឲ្យអ្នកគ្រប់គ្នាមានភាពងឿងឆ្ងល់បន្តិច រៃអេននិងស្ទេហ្វាន៍ក៏ខិតចូលមកជិតប្អូនប្រុស ព្រមជាមួយនិងការលូកចាប់កាន់ស្មា ប្រាប់លួងលោមគេមិនឲ្យគិតច្រើនបន្តទៅទៀត អៃដេនសំឡឹងមើលមុខរបស់បងប្រុសទាំងពីររួចញញឹមឆ្លើយតប ប្រាប់ថាគេមិនបានកើតអីទេ គេពិតជាមិនអីពិតមែន។
"ចំណែកឯលុយ.."
"ខ្ញុំនឹងផ្ទេរវាឲ្យទៅប្រពន្ធខ្ញុំទាំងអស់ លីងអឺ សុីរ៍" បំណងរបស់គេគឺគេចង់ប្រើប្រាស់សម្បត្តិដែលជាចំណែកគេឲ្យមានប្រយោជន៍ ហើយអ្នកដែលសាកសមនឹងចាត់ចែងសម្បត្តិទាំងនោះក៏មានតែនាងច្រម៉ក់លីងអឺ សុីរ៍ម្នាក់ប៉ុណ្ណោះដែលអាចធ្វើទៅរួច ព្រោះនាងជាមនុស្សដែលពូកែទុកដាក់ហើយក៏ស្គាល់ពីតម្លៃនៃលុយច្បាស់។
"ល្អណាស់..បងយល់ស្រប"
"បងក៏យល់ស្របដែរ" ស្ទេហ្វាន៍និងរៃអេនមិនបានជំទាស់ តែក៏សប្បាយចិត្តនិងការសម្រេចចិត្តរបស់ប្អូនតែម្ដង ពួកគេចូលអោបក្រសោបគ្នា ក្រោយពីខានធ្វើវាអស់រយៈពេលជាយូរតាំងតែពីតូច ការអោបគ្នាលើកនេះ វាក៏ជាការជួបជុំដ៏ល្អបំផុតក្នុងជីវិតរបស់បងប្អូនត្រកូលអាឡិចសាន់តូស៍សាននេះ។
