ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី84
ពាក្យសម្ដីរបស់លីងអឺដែលនិយាយនាគ្រានោះ វាអាចលើសលួសហើយប៉ះពាល់ដល់ចិត្តអៃដេន អ្នកដែលជាឪពុកក្មេងដែរ តែគេក៏មិនបានប្រើអាកប្បកិរិយាខឹងសម្បារ ច្រឡោតដាក់លីងអឺដូចជាមុនទេ ផ្ទុយទៅវិញ គេក៏ស្រាប់តែលូកដៃកាន់ស្មានាង កាន់ទាំងមានចម្ងល់ ចង់យល់ចិត្តរបស់នាងទៅវិញ។ ការដែលគេទន់ភ្លន់ ព្យាយាមយល់ពីចិត្តនាងនេះ វាកាន់តែធ្វើឲ្យលីងអឺកម្សួលអារម្មណ៍ដល់ថ្នាក់ស្រក់ទឹកភ្នែកតក់កាត់ផែនថ្ពាល់ ស្របនឹងខួរក្បាលចាប់រូបភាពនាពេលដែលនាងត្រូវបុរសលាក់មុខម្នាក់នោះចាប់អូសនាំយកទៅឆ្ងាយពីផ្ទះរបស់ម៉ែចាស់។
អតីតកាល
គ្រានោះគេអូសនាំនាងទៅឆ្ងាយ ឆ្ងាយពីផ្ទះដល់ថ្នាក់លីងអឺនាងភ័យចង់យំ ព្យាយាមរើបម្រាស់គេច តែក៏មិនអាចធ្វើអ្វីបាន ម៉្យាងនាងក៏កំពុងតែឈឺមុខរបួសទើបមានតែបណ្ដោយខ្លួនឲ្យគេអូសទៅរហូតដល់កន្លែងដែលគេឈប់។ មកដល់កន្លែងដែលស្ងាត់ ឆ្ងាយពីភ្នែកអ្នកផង គេក៏លែងដៃនាងហើយក៏ប្ដូរមកជាឈរទល់មុខលីងអឺ ឈរជ្រែងហោប៉ៅ ពាក់ម៉ាស ពាក់មួកខ្មៅ ធ្វើឲ្យនាងមើលមិនឃើញអ្វីក្រៅពីក្រសែភ្នែកកាចរបស់គេ។
"លោកជានរណា? ហេតុអីក៏ចាប់ខ្ញុំមកទីនេះ?" លីងអឺនាងក៏ភ័យ តែនាងមិនបានបង្ហាញវាចេញមក ប្ដូរជំនួសមកជាការប្រឹងធ្វើខ្លួនរឹងមាំហើយបោះសំនួរសួរទៅកាន់បុរសប្លែកមុខម្នាក់នោះ។ ទីបំផុតគេក៏ងើបមើលមុខនាង មើលចំរហូតដល់នាងអាចសម្គាល់ឃើញមានស្នាមឆូតមួយនៅកន្ទុយភ្នែករបស់គេ ជាស្នាមសន្លាកដែលដូចជាអត្តសញ្ញាណដ៏គួរឲ្យកត់សម្គាល់របស់គេ។
"នាងជាប្អូនស្រីរបស់អាអុីទែនមែនទេ?" សំនួរដែលចេញពីមាត់គេ ធ្វើឲ្យលីងអឺកាន់តែច្របូកច្របល់ថែមទៀត នាងតូចក្រវីក្បាលថ្នម ហើយក៏និយាយបកស្រាយប្រាប់ដល់គេតាមការពិត។
"ពីមុនខ្ញុំក៏ធ្លាប់គិតថាគាត់ជាបងប្រុសខ្ញុំ តែគាត់ក៏បានបដិសេធរួចអស់ហើយ ថាគាត់មិនមែន—"
"នាងកុហក" រកតែលីងអឺនិយាយមិនទាន់ចប់ ប្រុសម្នាក់នោះក៏ស្រាប់តែគំហកដាក់នាងមួយទំហឹង រួចចូលមកចាប់ច្របាច់ចង្ការនាងខ្លាំងៗដល់ថ្នាក់នាងភ័យញ័រភ្នែក តែក៏នៅតែព្យាយាមលាក់បាំងវាមិនបញ្ចេញមក។
"ខ្ញុំកុហកលោកបានប្រយោជន៍ស្អី? បើខ្ញុំក៏នឹករលឹកបងប្រុសខ្ញុំស្ទើរតែស្លាប់ដែរនោះ បើលោកចង់ដឹងច្បាស់ មិចក៏មិនទៅសួរលោកអុីទែនទៅ? ហ៊ឹស" លីងអឺប្រមូលកម្លាំងដែលមានលូកចាប់ដៃគេវាសចេញពីចង្ការខ្លួន រួចបែរខ្នងគេចចេញពីគេ តែមួយប្រយោគបន្ទាប់ដែលគេនិយាយចេញមកនាំឲ្យនាងទុចដំណើរភ្លាមៗ ទ្រូងខាងឆ្វេងក៏ចាប់ញ័រ ឈឺនិងភ័យខ្លាច។
"រឺទាល់តែយើងយកកូនភ្លោះនោះមកដាក់ពីមុខនាង ទើបនាងព្រមនិយាយការពិត លីងអឺ សុីរ៍? ចង់លាក់អត្តសញ្ញាណខ្លួនឯងដល់ណាទៀត?"
"អាមនុស្សថោកទាប សូម្បីតែក្មេងក៏ឯងហ៊ានលើកយកមកធ្វើជាឈ្នាន់ដែរ ហ៊ឹស" លីងអឺក្ដាប់ដៃណែន មុននិងងាកបែរមកស្រែកគំហកដាក់គេទាំងឈឺចាប់បំផុត នាងស្រក់ទឹកភ្នែកតក់ៗ អាណិតដល់កូនតូចៗដែលទើបនឹងកើតត្រូវគេយកមកធ្វើជានុយរួចជាស្រេចហើយ។ បុរសម្នាក់នោះព្រួសខ្យល់ដង្ហើមស្រាលបែបចំអករួចដើរមកឈរជិតនាង មានបំណងចង់ធ្វើឲ្យនាងទ័លច្រកជាទីបំផុត។
"ត្រូវចាំថាកូននាងអាចនឹងមានបញ្ហាគ្រប់ពេល ដរាបណានាងនិងអាអុីទែននៅតែព្យាយាមលាក់សមាសភាពរវាងគ្នាបែបនេះ...នាងដឹងទេ? រឿងគ្រប់យ៉ាងគឺមកពីអាបងឆ្កួតរបស់នាងនោះ បើវាយល់ព្រមសារភាព ព្រមប្រគល់នាងមកឲ្យយើងតាមសម្រួល យើងក៏នឹងបន្ធូរដៃឲ្យវាខ្លះ"
"នេះលោកជាអ្នកធ្វើឲ្យគាត់ក្លាយជាបែបនោះ?"
"យើងនឹងឃ្លាំមើលនាងរហូតលីងអឺ សុីរ៍! យើងមានរឿងច្រើនណាស់ដែលត្រូវប្រើនាង..ជីវិតកូន ដោះដូរនិងកិច្ចការដែលយើងបញ្ជា..យ៉ាងម៉េចល្អទេ?" លីងអឺនាងភាំង ប្រញាប់ងាកបែរមើលទៅគេ តែប្រុសម្នាក់នោះក៏មិនឆ្លើយ ហើយក្រពាត់ដៃដើរចេញទៅបាត់ ទុកឲ្យលីងអឺនាងនៅវិលវល់ គិតម្នាក់ឯងថាអុីទែនគេបានទៅធ្វើស្អីខ្លះហើយអ្វីដែលធ្វើឲ្យនាងបារម្ភខ្លាំងជាងគេនោះគឺកូនដែលទើបនឹងកើតទាំងពីរ នាងខឹងខ្លួនឯងណាស់ ខឹងដែលបញ្ហារបស់នាងតែម្នាក់ឯងសោះ បែរជាធ្លាក់បន្ទុកទៅដល់កូនដែលមិនដឹងអ្វីសោះនោះ។
