ភាគទី86+87

676 12 0
                                        


ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី86+87

ពេលវេលាអាហារពេលព្រឹកក៏ឈានចូលមកដល់ ស្ទេហ្វាន៍និងនីងហ្សឺត្រូវបានអញ្ជើញឲ្យរួមតុជាមួយគូជម្លោះពីរនាក់នេះ ដោយពួកគេមិនត្រឹមតែអង្គុយញ៊ាំអាហារតែមួយមុខ ថែមទាំងត្រូវអង្គុយមើលកាយវិការបង្ហាញចេញរបស់អៃដេនឯណោះ។ គេនិងលីងអឺអង្គុយជាប់គ្នា ជិតបង្កើយទៅហើយ តែអៃដេនក៏ទុកនាងដូចជាកូនក្មេងដែលមិនអាចដួសរឺចាប់អាហារខ្លួនឯងបាន។
"បន្លែបៃតងជាអាហារល្អបំផុតសម្រាប់ស្ត្រីក្រោយសម្រាលរួច ញ៊ាំឲ្យច្រើននិងអាលឆាប់បានផ្សៈរបួសណា៎" អៃដេននិយាយដោយសម្ដីសម្ដៅ ព្រមទាំងសំឡេងធម្មតាៗតែវាក៏បែរជាស្ដាប់មើលទៅគួរឲ្យជ្រេញខ្លាំង ដល់ថ្នាក់ស្ទេហ្វាន៍ក្រវីក្បាលម៉ាត់ៗដូចជាអស់និយាយតែម្ដង។ ខុសពីនីងហ្សឺ នាងតូចអង្គុយដួសអាហារញ៊ាំ តែភ្នែកក៏សំឡឹងមើលទៅមនុស្សពីរនាក់ដែលតាមដែលខ្លួនបានដឹងថាជាគូស្វាមីភរិយា។
"ស្វីតដល់ហើយ! បើសិនជាមិនដឹងថាបងទាំងពីរមានកូនជាមួយគ្នារួចហើយ ខ្ញុំប្រហែលជាគិតថាពួកបងទើបតែរៀបការថ្មីថ្មោងទេនៀក៎ ហិ" នីងហ្សឺជាក្មេង មិនដឹងថែមទាំងមិនយល់ការណ៍ទើបបានជានាងនិយាយផាំងៗកណ្ដាលតុអាហារ តាមអារម្មណ៍និងការយល់ឃើញរបស់ខ្លួន លីងអឺនៅស្ងៀម អោនមុខចុះដួសបបរញ៊ាំ មិនទាំងនិយាយថាអរគុណទៅកាន់អ្នកដែលដួសអាហារឲ្យខ្លួននោះផង អៃដេនឯណេះគេក៏មិនយកទោសអូសដំណើរប្រពន្ធ មានតែញញឹមសប្បាយចិត្តដែលនាងព្រមញ៊ាំអាហារដែលខ្លួនបានដួសដាក់ចានឲ្យវិញ។
"និយាយអ៊ីចឹងថ្ងៃនេះមានការប្រជុំភាគហ៊ុនធំហើយក៏មានដៃគូសហការចូលរួមច្រើនណាស់.."
"យើងកំពុងតែគិតថាត្រកូលអាល៍នឹងឲ្យនរណាមកប្រជុំជំនួសអុីទែនទៅ? បើគេនៅមិនទាន់អាចកម្រើកខ្លួនបានផងនោះ"
"ប្រហែលជាសៃហ្វុង បងប្រុសគេទេដឹង? ព្រោះបើអត់ពីអុីទែន ក៏មានតែគេនោះដែលកាន់កាប់ក្រុមហ៊ុនបន្ទាប់" និយាយរំលឹកដល់អុីទែនភ្លាម លីងអឺដែលអោនមុខនៅស្ងៀមអម្បាញ់មិញនោះក៏ប្ដូរមកជាងើបមុខឡើង ហើយសំឡឹងឆ្ងាយហាក់ដូចជាកំពុងតែគិតរឿងអ្វីម៉្យាង ឃើញនាងចាប់គិតពីរឿងនោះ អៃដេនក៏ឆ្មក់ឱកាសនិយាយរឿងដែលអាចឲ្យនាងប្ដូរចិត្តទៅជាមួយគេវិញភ្លាម។
"បើអឺទៅផ្ទះវិញ បងនឹងយកអុីទែនហើយនិងអ្នកម៉ាក់របស់អឺមកនៅវីឡាជាមួយគ្នាល្អដែរទេ? អ្នកម៉ាក់គាត់ក៏នឹងបានមើលចៅ ថាមិនត្រូវអុីទែនក៏អាចនឹងឆាប់ជាសះស្បើយ បើមានអឺមើលថែគេដូចជាកាលពីមុននោះ"
"ខ្ញុំញ៊ាំឆ្អែតហើយ.." លីងអឺមិនបានផ្ដល់ចម្លើយដល់អៃដេន ផ្ទុយទៅវិញនាងក៏យកលេសថាញ៊ាំឆ្អែត រួចក្រោកចេញពីតុអាហារដែលមានអ្នកអង្គុយជុំគ្នានោះ ក្ដីសង្ឃឹមតិចតួចរបស់អៃដេនក៏រលាយបាត់អស់ គេលើកដៃទាំងសងខាងមកជ្រប់មុខ ព្រួសខ្យល់ដង្ហើមតានតឹងចេញមក ស្ទេហ្វាន៍យល់ចិត្តប្អូនក៏មានតែលើកដៃប៉ះអង្អែលខ្នងប្អូនប្រុសថ្នមៗលួងលោមចិត្តគេប៉ុណ្ណោះ។
"ឯងធ្វើបានល្អហើយ បងជឿថាលីងអឺនឹងមិនចិត្តដាច់មកលើឯងយូរទេណា៎"
"បងប្រុសពីមុនធ្លាប់ធ្វើអីអត់ល្អដាក់បងស្រីមែន? បងស្រីគាត់មើលទៅស្លូតណាស់ មិនសមថារឿងតិចតួចហើយគាត់ខឹងមិនបាត់អ៊ីចឹងទេ" នីងហ្សឺជាអ្នកក្រៅមិនដឹងរឿងក៏ចោទសំនួរទៅកាន់អៃដេនទាំងចង់ដឹងចង់លឺជាទម្លាប់របស់ក្មេង ស្ទេហ្វាន៍លើកដៃម្ខាងប៉ះក្បាលនីងហ្សឺ រួចក្រវីក្បាលប្រាប់នាងមិនឲ្យសួរទៀត តែវិនាទីបន្ទាប់អៃដេនគេក៏ក្រោកព្រឹសឡើងពីតុអាហារ ព្រមជាមួយទឹកមុខស្រងូតស្រងាត់បំផុត។
"យើងក៏ឆ្អែតដែរ គិតទៅរៀបចំឯកសារដែលឯងយកមកសិន" អៃដេនចាកចេញទៅម្នាក់ទៀត ធ្វើឲ្យតុអាហារកាន់តែល្ហល្ហេវថែមមួយកម្រិតទៀត ស្ទេហ្វាន៍លើកដៃម្ខាងឈ្លីក្បាលខ្លួនឯង ខណៈនីងហ្សឺឯណោះនៅញ៊ាំអាហារបន្តព្រោះឃ្លានខ្លាំង។

ទឹកភ្នែកភរិយាសុីឈ្នួលWhere stories live. Discover now