ទឹកភ្នែកភរិយាសុីឈ្នួល
ភាគទី39
"អ្នកប្រុសអៃដេន..ធ្ងន់ណាស់" ការញ៉ោះលេងសើចសប្បាយរបស់អៃដេនក៏បញ្ឈប់គ្រាដែលលីងអឺឧទានប្រាប់គេថាធ្ងន់ បំណងចង់ឲ្យគេក្រោកចេញពីខ្លួននាង នាយមិនបាននិយាយជំទាស់អ្វីហើយក៏ក្រោកតាមការស្នើសុំ ដែលមើលទៅវាដូចជាចម្លែកបំផុត ព្រោះកន្លងមកគេមិនដែលយកសម្ដីនាងដាក់ក្នុងចិត្តគេនោះទេ។
អៃដេនក្រោកចេញពីនាង បានឱកាសឲ្យលីងអឺបានក្រោកអង្គុយត្រង់ចង្កេះ សណ្ដូកជើងត្រង់ដោយមានភួយគ្របដណ្ដប់ជើងខ្លួន នាងអង្គុយធ្មឹងសំឡឹងមើលទៅអ្នកម្ខាងទៀតហាក់បីដូចជាមានចម្ងល់លាក់ទុកក្នុងចិត្តទាក់ទងជាមួយនិងគេអ៊ីចឹង។
"មើលអី? មានអីចង់សួរ?!" ឃើញលីងអឺសំឡឹងខ្លួនពេក រាងក្រាស់ក៏បោះសំនួរសួរទៅកាន់នាង។ ដំបូងលីងអឺក៏ហាក់ដូចជារៀងអេះអុញដែរ តែគាប់ជួនជាមើលទៅគេដូចជាមានអារម្មណ៍ល្អ នាងក៏សម្រេចចិត្តថានិងសួរតែម្ដង មិនទុកក្នុងចិត្តបន្តទៀត។
"អ្នកប្រុសមានបានស៊ើបដឹងទេ ថានរណាជាអ្នកដាក់ថ្នាំអ្នកប្រុសនៅថ្ងៃនោះ?" លីងអឺសួរទាំងក្រែងចិត្ត ជាពិសេសពេលដែលអៃដេនប្រើក្រសែភ្នែកមាំសំឡឹងមើលមកនាង វាធ្វើឲ្យនាងគិតថានាងសម្រេចចិត្តខុសហើយដែលសួរសំនួរមួយនេះទៅកាន់នាយ។
"យើងមិនស៊ើបទេ"
"ហេតុអី? នេះអ្នកប្រុសនៅតែគិតថាជាខ្ញុំទៀតមែនទេ? អ្នកប្រុសអៃដេន?" កាលបើលឺគេឆ្លើយផុយថាមិនស៊ើបអង្កេតរឿងនោះ លីងអឺនាងក៏បែរជាច្រឡោតដាក់គេ ព្រោះបើគេមិនរកការពិត នាងក៏នៅតែខូចឈ្មោះ ខូចឈ្មោះជាស្រីដែលលួចដាក់ថ្នាំដើម្បីបានដេកជាមួយប្ដីរបស់អ្នកដទៃ បើឲ្យនាងស្ពាយឈ្មោះនេះជាប់ខ្លួនរហូតនោះ នាងមិនព្រមទេ មិនព្រមដាច់ខាត។
"ទៅខ្វល់អី បើពេលនេះនាងនៅជាមួយយើងបាត់ទៅហើយ អង្ករក៏ក្លាយទៅជាបាយ រយៈពេលជាងមួយខែដែលនាងឡើងគ្រែរួមមេត្រីជាមួយយើង នាងនៅតែមិនអាចបំភ្លេចបាននូវរឿងដែលកើតឡើងនោះមែនទេ?"
"នាងឆ្លើយទៅមើល លីងអឺ សុីរ៍?!" អៃដេនគេមិនយល់ ទើបគេសួរនាំនាង ព្រោះគេមិននឹកស្មានថានាងនៅតែគិតពីរឿងដែលគេចោទប្រកាន់កាលពីគ្រានោះ។ តែសម្រាប់លីងអឺ កាលបើគេមិនយល់ពីនាង និយាយផុយៗដាក់នាងបែបនេះ ស្រីតូចក៏បែរជាអាក់អន់ស្រពន់ចិត្តភ្លាមៗមួយរំពេច នាងតូចមិនបាននិយាយអ្វីបន្តទៀត មានតែញញឹមងក់ក្បាលទាំងភ្នែកចាប់ក្រហមព្រាលៗបង្ហាញថានាងកំពុងតែព្យាយាមទប់អារម្មណ៍កម្សួលរបស់ខ្លួនឯងខ្លាំងណាស់ពេលនេះ។
"លីងអឺ សុីរ៍!"
"មិនអីទេ ខ្ញុំប្រហែលជាគិតច្រើនតែខ្លួនឯង អ្នកប្រុសនិយាយត្រូវ ខ្ញុំមិនគួរយករឿងនោះមិនគិតទៀតទេ ព្រោះខ្ញុំខូចខ្លួនជាមួយលោកមកក៏មិនតិចដងទៅហើយដែរ បណ្ដោយគ្រប់យ៉ាងតាមតែព្រហ្មលិខិតចុះ" លីងអឺពោលរួចក៏ទម្រេតខ្លួនដេកនៅជ្រុងម្ខាងនៃគ្រែ ទាញភួយដណ្ដប់ឃ្លុំជិតដល់ក្បាល ដែលធ្វើឲ្យអ្នកព្យាយាមសួរនាំនោះកាន់តែក្រពុលមុខថែមទៀត។
"យើងចង់តែឆ្កួតស្លាប់ទេ ហ៊ឹស" អៃដេនរាងមួរម៉ៅដែរ ទើបគេដើរចេញពីទីនោះ ទាញទ្វារបន្ទប់បិទលាន់គ្រាំង បង្ហាញប្រាប់ថាគេកំពុងតែខឹងនិងអ្នកដែលសម្ងំដេកនៅលើគ្រែនោះ។
ភួយដែលគ្របជិតក្បាល ពេលនេះក៏ទាញទម្លាក់ចុះស្រាលៗ បង្ហាញនូវផ្ទៃមុខក្រហមដិតដាមទៅដោយទឹកភ្នែករាប់សិបតំណក់ដែលហូរស្រក់ចុះមកពីភាពតូចចិត្ត តូចថ្លើមដែលនាងកំពុងតែមាន នាងទទួលស្គាល់ថាមួយរយៈចុងក្រោយនេះគេមិនបានលើកឡើងនូវរឿងទាំងនោះទៀត តែសម្រាប់នាង ពេលនេះវាជាលើកទីមួយក្នុងឆាកជីវិត លើកទីមួយដែលនាងត្រូវជាប់ឈ្មោះជាស្រីយកប្ដីគេ មិនតែប៉ុណ្ណឹងនៅជាប់ឈ្មោះជាអ្នកឃុបឃិតដាក់ថ្នាំអៃដេន ទាំងដែលនាងក៏ជាជនរងគ្រោះដូចគ្នា នាងគ្រាន់តែសង្ឃឹមថាយ៉ាងហោចណាស់គេនឹងរកយុត្តិធម៌នៃរឿងនោះឲ្យនាង តែម្ដងក៏នាងអស់ចិត្តដែរ តែលឺសម្ដីគេនិយាយនៅថ្ងៃនេះរួចមក ក្ដីសង្ឃឹមដែលនាងធ្លាប់ប៉ងគិតក៏បែរជាធ្លាក់មកដល់ចំណុចសូន្យ នាងមិនរំពឹងថានាងអាចលាងឈ្មោះខ្លួនឯងបានទេ មួយជីវិតនេះនាងនៅតែជាស្រីមានល្បិច ដាក់ថ្នាំដើម្បីចាប់ប្ដីអ្នកដទៃ។
"អ្ហឹក" លីងអឺយំត្អូញត្អែរម្នាក់ឯងក្នុងបន្ទប់ យំរហូតទាល់តែខ្សត់អស់កម្លាំងហើយនាងក៏គេងលង់លក់នៅទីនោះ នាងគេងក្នុងបន្ទប់ធំ ផ្ទះធំ តែមើលទៅនាងដូចជាគ្មានក្ដីសុខអ្វីសូម្បីតែបន្តិចសោះ។
