ភាគទី៩

376 9 0
                                    

(របស់លម្អផ្ទះ)


ក្នុងបន្ទប់ធ្វើការធំទូលាយ លាយឡំនឹងចំហាយត្រជាក់ ដែលភាយចេញពីម៉ាស៊ីនត្រជាក់ តែក៏មិនបានធ្វើឲ្យកម្ដៅ នឹងកំហឹងនៅក្នុងខ្លួនរបស់អ្នកកំលោះបានថយចុះដូចគ្នា ពេញមួយថ្ងៃ វីល គិតតែពីឈ្ងោកអង្គុយធ្វើការមិនព្រមងើបទៅណា ពេញមួយខែហើយ ដែលនាងក្រមុំបាត់ស្រមោលសូន្យឈឹង ទោះបីជាគេតាមរកនាងយ៉ាងណាក៏នៅតែរកមិនឃើញ ក៏ព្រោះតែរឿងនេះឯងទើបធ្វើឲ្យគេទៅជាមួម៉ៅធ្វើអ្វីមិនចេញគ្រប់ពេល។ កំលោះសង្ហាឱនមុខជាមួយឯកសាជាប់ កែវភ្នែកកំណាចសម្លឹងមើលទៅឯកសាចំពោះមុខតែអារម្មណ៍របស់គេបែរជារវើរវាយទៅឆ្ងាយ គ្រប់ពេលគេតែងតែគិតនឹងនឹកដល់ ដេស៊ី មិនឈប់តែក្នុងនោះខួរក្បាលរបស់គេ ក៏មានរូបរបស់នាងក្រមុំដូចគ្នា ទោះបីជាគេព្យាយាមប្រឹងបំភ្លេចនឹងវាស នាងក្រមុំចេញយ៉ាងណាក៏រូបភាពរបស់នងាក្រមុំនៅតែដក់ជាប់ក្នុងក្បាលរបស់គេដដែល។
“ចង្រៃយ៍”វីល ស្ទុះក្រោកឡើងទាំងកំហឹង ធុញថប់នឹងរឿងដែលចេះតែមកធ្វើឲ្យគេស្មុគស្មាញមិនឈប់ តាមធម្មតាគេក៏មិនដែលបែបនេះតែហេតុអីក៏ពេលនេះទៅជាស្មុគស្មាញ នឹងរឿងអត់ប្រយោជន៍បែបនេះទៅវិញ គេព្យាយាមធ្វើឲ្យគ្រប់យ៉ាង មិនស្ថិតក្នុងខួរក្បាលរបស់គេ តែគេរឹតតែបំភ្លេចវារឹតតែជ្រៀតចូលមកក្នុងក្បាលគេឲ្យទាល់បាន។
រាងខ្ពស់សង្ហារបស់ វីល ដើរមកឈប់ត្រង់ជញ្ជាំង កញ្ចក់នៃបន្ទប់ធ្វើការរបស់ ត្រូវហើយរាល់ពេលដែលគេធុញថប់ នឹងការងារគេតែងតែមកឈរនៅទីនេះ ដោយសម្លឹងមើលទៅទិដ្ឋនៅខាងក្រៅដែលអាចជួយឲ្យគេបានធូរស្រាលនឹងរឿងការងារបានខ្លះ តែពេលនេះទោះបីជាគេប្រឹងសម្លឹងនឹងព្យាយាមរុញច្រានរឿងរ៉ាវធុញទ្រាន់ចេញពីខួរក្បាលយ៉ាងណា ក៏អ្នកកំលោះនៅតែមិនអាចបំភ្លេចគ្រប់យ៉ាងបានដដែល។ អារម្មណ៍របស់គេពេលនេះកំពុងតែច្របូកច្របល់ជាខ្លាំង រាល់លើកដែលគេគិតដល់ ដេស៊ី តែខួរក្បាលរបស់គេក៏ចេះតែនឹកឃើញនាងក្រមុំដូចគ្នា នឹកដល់ផ្ទៃមុនស្រទន់ដែលតែងតែញញឹមស្រស់ បើទោះបីជាត្រូវគេប្រមាថមើលងាយយ៉ាងណាក៏ដោយ វីល បិទភ្នែកដើម្បីបណ្ដេញរាល់ភាពតានតឹងចេញពីក្នុងខួរក្បាលឲ្យអស់ ចិត្តដែលនឹកអាណិតនាងក្រមុំក៏ចាប់មានពន្លកនៅក្នុងបេះដូងបស់គេ តែគ្រប់យ៉ាងក៏ត្រូវរលត់ទៅវិញស្របពេលគំនិតមួយទៀតក៏បានផុសឡើងមកព្រមគ្នា។
“ឯងមិនអាចចិត្តទន់បានទេអា វីល កុំភ្លេចថាព្រោះតែស្រីម្នាក់នោះទើបឯងត្រូវមកជួបរឿងបែបនេះ”វីល បើកភ្នែកដែលបិទមុននេះព្រមជាមួយភ្លើងកំហឹងមកជាមួយ គិតដល់ផ្ទៃមុខស្រទន់របស់នាងក្រមុំអារម្មណ៍របស់គេក៏ឆេះឆួលខុសពីដំបូងដែលគិតចង់អភ័យឲ្យនាង ត្រូវហើយតាំងពីតូចមកដល់ពេលនេះគេមិនដែលស្គាល់ពាក្យថា សុភមង្គលក្នុងគ្រួសារជាអ្វីនោះទេ ក៏ព្រោះតែឪពុកម្ដាយរបស់គេ មិនសូវរវីរវល់នឹងគេប៉ុន្មាន ក៏ព្រោះតែម្នាក់ៗរវល់តែការងារ ហើយមិនយូរប៉ុន្មានក៏បានទៅចោលគេទាំងទាន់ហន់ទៀត ដែលធ្វើឲ្យពិភពរបស់គេកាន់តែខ្មៅងងឹតលើសដើម តែគ្រប់យ៉ាងរបស់គេក៏ប្រែមកជាស្រស់ស្អាតក្រោយពេលបានជួប ដេស៊ី មនុស្សស្រីដែលអាចកែប្រែភាពខ្មៅងងឹតរបស់គេឲ្យមានពន្លឺឡើងវិញ តែអ្នកណាទៅដឹងថាពេលនេះគេក៏ប្រែមកពិភពដើមវិញដោយសារស្នាដៃរបស់នាងក្រមុំ មនុស្សស្រីដែលគេចារចាំនៅក្នុងចិត្តថានឹងស្អប់នាងដល់ឆ្អឹងអស់មួយជីវិត ហើយប្រាកដណាស់បើនាងហ៊ានមកប្រលែងលេងជាមួយភ្លើងបែបនេះទៅហើយ គេនឹងធ្វើឲ្យនាងដឹងថាភ្លើងគំនុំរបស់គេវាក្ដៅខ្លាំងរហូតអាចដុតនាងឲ្យស្លាប់ទាំងរស់បាន។
វីល នៅតែបន្តឈរសម្លឹងមើលទៅខាងក្រៅមិនដាក់ភ្នែក ដៃរឹងមាំលូកចូលក្នុងហោប៉ៅខោរបស់ខ្លួនយ៉ាងអង់អាច ព្រមទាំងទាញទូរស័ព្ទសេរីទំនើបរបស់ខ្លួនចេញមកមុននឹងចុចតេទៅអ្នកណាម្នាក់ វីល រងចាំការឆ្លើយតបរបស់អ្នកចុងខ្សែដោយអារម្មណ៍ស្ងប់បំផុត ហើយមិនយូរប៉ុន្មានើមនុស្សដែលគេចង់ជួបក៏ព្រមលើកទូរស័ព្ទរបស់គេ។
(អាឡូ នេះយើងគិតថាឯងលង់ប្រពន្ធដល់ថ្នាក់ភ្លេចយើងហើយតើ)   ពេលបានដឹងថាជាអ្នកណាតេមក មិនរងចាំយូរអ្នកកំលោះក៏ទទួលហើយក៏និយាយដៀមដាមដាក់មិត្តភ្លាមពេលមានឪកាសបាននិយាយជាអ្នកចុងខ្សែ។
“លង់មិនកើតទេខ្លាចជាប់ភាពខ្មៅកង្វក់” សំឡេងរបស់អ្នកកំលោះហាក់និយាយឌឺដងឲ្យអ្នកណាម្នាក់ ដែលប្រាកដណាស់ថាម្នាក់នោះគឺ យៀកហ្វី នេះឯង។
(មិនបាច់និយាយដល់ថ្នាក់នេះក៏បានដែរ) ព្រោះអាចទាយដឹងតាមរយៈការនិយាយរបស់មិត្តទើបអ្នកកំលោះព្យាយាមនិយាយអ្វីហាមឃាត់មិត្ត
“ហ៊ឹសៗ”
(ហើយឯងតេមកយើងមានការអី)
“នឹក” ត្រឹមសម្ដីខ្លីៗរបស់អ្នកកំលោះ ធ្វើឲ្យអ្នកម្ខាងទៀតស្រែកឡើងមកដល់ថ្នាក់ភ្លាត់សំឡេង មិនឲ្យគេស្រែកយ៉ាងម៉េចបើមិត្តសម្លាញ់លេងមកនិយាយស្អីដែលព្រឺសម្បុរបែបនេះ នេះសំណាងហើយដែលគ្មានអ្នកស្ដាប់ឮបើមិនចឹងទេច្បាស់ជាមានគេយល់ច្រឡំជាមិនខាន។
(ហ៊ើយ)
“វាស្អីឯង”
(ស្ដាប់ហើយព្រឺសម្បុរ) ហ្វ្រេង និយាយព្រមទាំងបង្ហាញទឹកមុខចេញមកនេះទាស់ត្រង់ថាគ្មានអ្នកណាបានឃើញទឹកមុខគេនៅពេលនេះ មិនចឹងគ្រប់គ្នាច្បាស់ជាបានសើចនឹងទឹកមុខរបស់គេជាមិនខាន។
“ហាសហា យើងនិយាយលេងទេ” វីល្លៀម សើចឡើងខ្លាំងៗត្រឹមឮសម្ដីរបស់មិត្ត ហាក់ដូចជាបានឃើញពីទឹកមុខរបស់អ្នកម្ខាងទៀត បានច្បាស់អ៊ីចឹង។
(អាចង្រៃ)
ក្រៅពីជេមិត្តរួច ហ្វ្រេងកូ ក៏បានតែឈរចាំស្ដាប់សំឡេងសើចក្អាកក្អាយរបស់អ្នកចុងខ្សែ ដែលស្ដាប់ទៅហាក់ដូចជាសប្បាយចិត្តណាស់អ៊ីចឹង អ្នកកំលោះឈរស្ដាប់មួយសន្ទុះ ទាល់តែមិត្តសម្លាញ់សើចអស់ចិត្តទើបគេនិយាយបន្ត។
(ហើយសម្រេចថាឯង តេមកយើងមានការអីឲ្យប្រាកដ) ទឹកមុខដែលលេងសើចមុននេះក៏ទៅជាមាំតាមទម្លាប់របស់គេដូចធម្មតា
“ចង់បបួលផឹក”វីល និយាយទាំងសំឡេងធុញទ្រាន់ចេញមក មែនហើយពេលនេះគេកំពុងតែធុញខ្លាំងណាស់ ហើយក៏កំពុងតែស្រ្តេសខ្លាំងដូចគ្នា ទើបគេត្រូវទៅរកអ្វីដែលអាចធ្វើឲ្យគេបាត់តានតឹងបានខ្លះ។
(ល្អ ស្អែកឈប់សម្រាក)
“តែថាមិនមែនកន្លែងចាស់”
(ជាកន្លែងណា)
“យើងមានកន្លែងថ្មី ចង់ឲ្យឯងសាក”
(អឹម)
“ចាំយើងផ្ញើរទីតាំងទៅឲ្យ”
(អឺ បាយ)
ក្រោយពីដាក់ទូរស័ព្ទចុះជាមួយមិត្ត វីល ក៏នៅតែឈរសម្លឹងនៅត្រង់កន្លែងនោះដដែល រាងខ្ពស់សង្ហា បែរក្រោយដើរមកតុធ្វើការរបស់ខ្លួនវិញ ដោយការតាំងចិត្តធ្វើការ ដោយមិនគិតពីរឿងរំខានប្រសាទរបស់ខ្លួនតទៅទៀត។
ទីបំផុតពេលវេលាដែល អាចធ្វើឲ្យគេបាត់ស្រ្តេសបាន  ក៏មិនដល់
វីល ធ្វើដំណើរទៅកន្លែងដែលខ្លួនបានណាត់ជាមួយមិត្តសម្លាញ់តែក៏មិនភ្លេចផ្ញើរទីតាំងទៅឲ្យអ្នកម្ខាងទៀត អ្នកកំលោះអង្គុយយ៉ាងស្ងៀមស្ងាត់ដោយមិនមាត់អ្វីទាំងអស់ ដែលសកម្មភាពរបស់គេក៏ធ្វើឲ្យកំលោះសង្ហាទាំងពីរទៅជាខ្វល់ខ្វាយតាមចៅហ្វាយដែរ។ ឡានទំនើបបើកមកឈប់នៅមុខក្លឹបរាត្រីមួយកន្លែងដែលពេលនេះមានមនុស្សចេញចូលជាច្រើន ដែលគ្រប់គ្នាសុទ្ធតែមករកការសប្បាយនឹងដើម្បីបំភ្លេចទុក្ខកង្វល់ដូចជាគេដែរ។
រាងខ្ពស់សង្ហារបស់ វីល្លៀម ដើរចូលមកក្នុងក្លឹបរាត្រីដោយឬកពាអង់អាច ពន្លឺភ្លើងចម្រុះពណ៌ធ្វើឲ្យ អ្នកដែលសង្ហាស្រាប់ទៅជាសង្ហាថែមមួយកម្រិតទៀត កែវភ្នែកមុតស្រួចសម្លឹងមើលទៅរកកន្លែងអង្គុយ មុននឹងដើរទៅជ្រុងម្ខាងដែលទំនេរគ្មានមនុស្សរំខានភាពផ្ទាល់ខ្លួនរបស់គេ វីល ដើរចូលមកអង្គុយដែលខ្លួនបានដៅទុក ដោយមិនខ្វល់ពីកែវភ្នែកជាច្រើនគូរដែលកំពុងតែសម្លឹងមើលមកគេដោយការស្រែកឃ្លាន អ្នកណាថាគេមិនដឹងពីន័យរបស់មនុស្សទាំងនោះ គ្រាន់ទេពេលនេះ គេមិនចង់ខ្វល់នឹងរឿងអស់ទាំងនោះតែប៉ុណ្ណោះ វីល មិនបានគិតអ្វីផ្សេងក្រៅពីអង្គុយអកស្រាកំដរពេលវេលាដែលមិត្តសម្លាញ់របស់ខ្លួនកំពុងតែធ្វើដំណើរមកទីនេះ។
រាងខ្ពស់សង្ហារបស់អ្នកកំលោះដើរចូលមកខាងក្នុងក្លឹប ដែលអ្នកម្ខាងទៀតបានណាត់ជាមួយខ្លួន អ្នកំលោះដើរចូលមកព្រមទាំងសម្លឹងរកមើលមិត្តសម្លាញ់ ជើងរឹងមាំក៏ដើរទៅរកមនុស្សម្នាក់ដែលអង្គុយរងចាំគេរួចជាស្រេច។
“មកលឿន”ហ្វ្រេង សួរខ្លីទៅកាន់មិត្តព្រមទាំងដាក់គូថអង្គុយនៅក្បែរនោះ
“ធុញថប់”មិនខុសពីមិត្ត វីល្លៀម ក៏បានតែឆ្លើយខ្លីៗតបទៅអ្នកម្ខាងទៀត
ដៃរឹងមាំរបស់ ហ្វ្រេង ក៏ចាប់កាន់កែវស្រាព្រមទាំងចាក់ស្រាចូលមកក្នុងកែវហើយក៏លើកអកផឹក  តែក៏ផឹកតែបន្តិច    ព្រោះគេចង់ផឹកឲ្យបានយូរ
ជាងនេះជាមួយមិត្ត។
កំលោះទាំងពីរក៏មិនបាននិយាយអ្វីដូចរាល់ដង ក្រៅពីអង្គុយផឹកយ៉ាងស្ងៀមស្ងាត់រៀងខ្លួន ដោយម្នាក់ៗហាក់មានទុក្ខកង្វល់ ក្នុងចិត្តរៀងខ្លួនដោយមិនអាចនិយាយចេញមកបាន វីល្លៀម ផឹកបណ្ដើរគិតពីនេះពីនោះបណ្ដើរហើយក៏គ្មានរឿងអ្វីផ្សេង ក្រៅពីរឿងនាងក្រមុំនេះឯង ក្នុងចិត្តរបស់គេពេលនេះកំពុងតែវិលវល់ មិនដឹងថាត្រូវបែងចែកយ៉ាងណា រវាងក្រមុំទាំងពីរនាពេលនេះ។
មិនខុសពីខ្លួនពេលនេះមិត្តសម្លាញ់របស់គេ ក៏កំពុងតែអង្គុយកើតទុក្ខដូចគ្នា ម្នាក់ៗបានត្រឹមតែអង្គុយអកស្រាមិនឈប់ ទាំងដែលតាំងចិត្តថាមកអង្គុយផឹកនិយាយគ្នាលេង តែពេលនេះបែរជាមកអង្គុយ ផឹកយកស្លាប់យករស់រៀងខ្លួនបែបនេះទៅវិញ។ ហ្វ្រេងកូ សម្លឹងមើលទៅអ្នកម្ខាងទៀតដែលគិតតែពីផឹកមិននិយាយអ្វីតាំងពីគេមកដល់ ព្រោះមិនចង់ឲ្យអ្នកម្ខាងទៀតផឹកច្រើនទើបអ្នកកំលោះនិយាយបង្អាក់សកម្មភាពរបស់អ្នកម្ខាងទៀត។
“ឯងចង់ផឹក ឲ្យងាប់ឬយ៉ាងម៉េច” ដៃរឹងមាំក៏លូកទៅទាញកែវស្រាចេញពីដៃរបស់មិត្តសម្លាញ់យកមកដាក់លើតុវិញ
“ហ៊ឹស ធ្វើមើលឯងមិនផឹកចឹង”វីល្លៀម សម្លក់អ្នកកំលោះបន្តិចហើយក៏លើកកែវស្រារបស់ខ្លួនមកផឹកបន្តរហូតទាល់តែអស់ពីកែវ
“ឯងកើតស្អី ប្រពន្ធមិនស្រលាញ់ឬយ៉ាងម៉េច”
“ស្រីម្នាក់នោះ ស្រលាញ់យើងងើបក្បាលមិនរួចទៅវិញទេ”
“បើប្រពន្ធស្រលាញ់ក៏ល្អហើយ ចាំបាច់មកអង្គុយផឹកបែបនេះធ្វើអី”ហ្រ្វេង ធ្វើជាមិនដឹងរឿងអ្វី ថែមទាំងសប្បាយចិត្តជំនួសមិត្ត ពេលឮប្រយោគនោះចេញពីមាត់អ្នកម្ខាងទៀត។
“កុំមកធ្វើជាមិនដឹងរឿង អាហ្វ្រេង”ព្រោះទ្រាំនឹងភាពធ្វើពុតរបស់មិត្តមិនបានទើប វីល្លៀម ងាកមកសម្លក់អ្នកជាមិត្ត
“ហ៊ើយ យើងដឹងតែសង្សាររបស់ឯង ជាអ្នកជ្រើសរើសរត់ចោលឯងមិនចឹង”ហ្វ្រេង និយាយឡើងព្រមទាំងលើកកែវស្រាមកផឹកបន្តិច
“បើមិនព្រោះតែស្រីម្នាក់នោះ    ដេស៊ី   ក៏មិនចាកចេញពីយើងទាំងមិនស្ដាប់ហេតុផលបែបនេះដែរ”ត្រឹមគិតដល់ហេតុផល ដែលមនុស្សជាទីស្រលាញ់ចាកចេញពីខ្លួន កែវភ្នែកក៏បង្ហាញពីភាពកំណាចគុំគួនចេញមកឲ្យឃើញបានច្បាស់។
“គ្រប់យ៉ាងតែងតែមានហេតុហើយនឹងផល យើងថាឯងថាសួរនាងទៅដើម្បីឲ្យបានច្បាស់ជាងនេះ ជួនកាលក្នុងរឿងនេះអាចមានអ្វីលាក់បង្កប់ក៏ថាបាន”ហ្វ្រេង ព្យាយាមនិយាយបញ្ចុះបញ្ចូលអ្នកម្ខាងទៀត ទាំងមិនបានដឹងទេថាប្រយោគរបស់គេមុននេះគឺជាន់ដានរបស់ខ្លួនឯងនោះទេ។
“ហ៊ឹស ហេតុផលក៏ព្រោះតែស្រីមារម្នាក់នោះ”វីល នៅតែមិនព្រមស្ដាប់ការពន្យល់របស់អ្នកម្ខាងទៀត ដោយគិតតែពីទម្លាក់កំហុសគ្រប់យ៉ាងឲ្យនាងក្រមុំទាំងអស់។
“បើឯងនៅតែចចេសបែបនេះ ថ្ងៃណាមួយនឹងស្ដាយក្រោយមិនខាន”ហ្រ្វេងកូ បានត្រឹមតែគ្រវីក្បាលស្រងាកចិត្តនឹងមិត្តសម្លាញ់ ដែលក្បាលរឹងបែបនេះ តែតាមពិតទៅពួកគេក៏មិនខុសពីគ្នាប៉ុន្មានដែរ តែងតែយកគំនិតរបស់ខ្លួនឯងជាធំជានិច្ច ត្រូវហើយក៏ព្រោះតែពួកគេកើតមក គឺសម្រាប់តម្រូវចិត្តខ្លួនឯងមិនមែនអ្នកដទៃ។
“យើងមិនដែលស្ដាយក្រោយ ក្នុងការបំផ្លាញស្រីម្នាក់នោះទេ”
ត្រឹមឮសម្ដីរបស់មិត្តនិយាយ ហ្វ្រេងកូ ក៏មិនហ៊ាននិយាយអ្វីទៀតក៏ព្រោះតែដឹងពីចារឹកផ្ដាច់ការរបស់មិត្តសម្លាញ់បានច្បាស់ ត្រូវហើយក៏ព្រោះតែពួកគេមានចរិតបែបនេះដូចគ្នាទៅវិញទេ ទើបបានជាដឹងពីគ្នាច្បាស់យ៉ាងនេះ ហ្វ្រេង សម្លឹងមើលទៅមនុស្សម្នានៅក្នុងក្លឹបកែវគ្រសែភ្នែកស្មើធេង ដៃរឹងមាំក៏លើកកែវស្រាមកផឹក  រាងសង្ហាក៏ផ្អែកខ្លួនទៅនឹងសាឡុង  កែវភ្នែកកំណាចក៏បិទ
ដើម្បីរំសាយអារម្មណ៍ទៅតាមបទភ្លេងដែលបន្លឺឡើង។
កំពុងតែផ្ដោតអារម្មេណ៍ ទៅតាមបទភ្លេងយ៉ាងអន្លង់អន្លោច អ្នកកំលោះក៏ត្រូវបើកភ្នែកឡើងពេលបានឮសំនួរពីមាត់របស់អ្នកជាមិត្ត។
“និយាយចឹង រឿងរបស់ឯងយ៉ាងម៉េចហើយ” ព្រោះមិនចង់គិតរឿងស្មុគស្មាញរបស់ខ្លួនបន្តទៀតទើប វីល សម្រេចចិត្តបង្វែររឿងនិយាយដោយការសួរនាំពីរឿងរបស់មិត្តសម្លាញ់វិញម្ដង តែគេមិនបានដឹងថាសំនួររបស់គេធ្វើឲ្យអារម្មណ៍របស់អ្នកម្ខាងទៀត ឆេះឆួលដោយភ្លើងកំហឹងឡើងមកនោះទេ។
“រឿងស្អី”ហ្វ្រេង   សម្លឹងមើលអ្នកសួរដោយគ្រសែភ្នែកស្មើធេងតែបង្កប់ទៅដោយចម្ងល់នៅក្នុងនោះ តែគ្រប់យ៉ាងគេក៏អាចទាយដឹងមុនបាត់ទៅហើយថាអ្នកម្ខាងទៀតចង់និយាយពីអ្វីឲ្យប្រាកដនោះ គ្រាន់តែគេធ្វើជាមិនដឹងដោយការជ្រើសរើសសួរបកទៅអ្នកម្ខាងទៀតវិញតែប៉ុណ្ណោះ។
“រឿងអ្នកនាង រ៉ូសស៊ីតា”កំលោះសង្ហាក៏ងាកមកមើលអ្នកម្ខាងទៀតដែលពេលនេះកំពុងតែធ្វើមុខមាំជាងមុនពេលបានឮសំនួររបស់គេ
“ស្រីឃាតករនោះ”ហ្វ្រេង សង្កត់ធ្ងន់នៅចុងប្រយោគហាក់ចង់បញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកម្ខាងទៀតឲ្យបានច្បាស់
“ស្អប់នាងដល់ថ្នាក់នេះ”
“មិនត្រឹមតែស្អប់ទេ បើអាចយើងក៏សម្លាប់នាងទៀតផង”
“ហ៊ឹសៗ យើងថាឯងមិនសម្លាប់នាងទេ ព្រោះតាមអំណាចរបស់ឯងសម្លាប់ត្រឹមមនុស្សម្នាក់វាគ្មានបញ្ហាទេ”វីល្លៀម ញោចញញឹមនៅចុងមាត់បន្តិចពេលបានឃើញទឹកមុខមានពិរុទ្ធរបស់មិត្តសម្លាញ់។
ត្រឹមបានឮប្រយោគអ្នកជាមិត្ត ហ្វ្រេងកូ ក៏នៅស្ងៀមមួយខណៈមិននិយាយអ្វី ក៏ព្រោះតែសម្ដីអ្នកម្ខាងទៀតវាចាក់ដោតអារម្មណ៍របស់គេនោះអី ត្រូវហើយបើគេសម្លាប់នាង វាជារឿងងាយស្រួលបំផុត តែគេបែរជាជ្រើសរើសមិនធ្វើ ព្រោះតែហេតុអី? សំនួរមួយនេះគេក៏មិនដឹងដូចគ្នា  មួយរយៈចុងក្រោយនេះ គេក៏ព្យាយាមសួរខ្លួនឯង ដើម្បីរកចម្លើយដូចគ្នាតែលទ្ធផលចុងក្រោយមានតែភាពទទេស្អាត។
“យ៉ាងម៉េចសួរចំសំនួរក៏ឆ្លើយមិនចេញ”
“ហ៊ឹស មិនមែនយើងមិនចង់សម្លាប់តែយើងមិនចង់ឲ្យខ្លួនប្រាណប្រលាក់ឈាមថោកទាបទៅវិញទេ”ហ្វ្រេងកូ ងាកមកនិយាយបែបម៉ឺងម៉ាត់ដាក់មិត្ត ដោយជ្រើសរើសនិយាយបដិសេធនឹងអារម្មណ៍របស់ខ្លួនឯង។
“ហ៊ឹសៗ”ព្រោះមិនដឹងនិយាយពីអ្វីទើប វីល្លៀម បានត្រឹមតែសើចគ្រវីក្បាលហួសចិត្តនឹងចារឹករឹងរូសរបស់មិត្ត
“សើចស្អីឯង”
“យើងមិនយល់”
“ស្អី”
“ឯងទើបតែប្រាប់យើង ឲ្យរកហេតុផលឲ្យច្បាស់លាស់ ហើយនេះជាស្អី ឯងបែរជាចាប់មនុស្សស្រីស្លូតបូតម្នាក់ មកដាក់ធ្វើបាបដោយគ្មានហេតុផលទៅវិញ”
“គ្មានហេតុផល តែមានភស្ដុតាងទៅវិញទេ”
“ភស្ដុតាងជាស្អី ឯងនិយាយមកមើល”
“គឺនាងសម្លាប់ រ៉េននី”
“មូលហេតុ”
ឌឹប
ត្រឹមឮប្រយោគសំនួរបន្តរបស់មិត្ត ហ្វ្រេងកូ ហាក់ដូចជាត្រូវកណ្ដាប់ដៃដាល់ចំមុខរបស់ខ្លួនមួយទំហឹង អ្នកកំលោះសម្លឹងមុខមិត្តដោយមិននិយាយអ្វី។
“មិននិយាយ   មានន័យថាឯងមិនដឹង”វីល្លៀម   នៅតែនិយាយឌឺដងមិត្តមិនឈប់ ទាំងដែលខ្លួនក៏បានប្រព្រឹត្តរឿងមិនខុសពីមិត្តសម្លាញ់ដូចគ្នា តែបែរជាមកធ្វើក្អេងក្អាងសួរដេញដោលរឿងរបស់អ្នកដទៃទៅវិញ។
“នាងអាចច្រណែននឹង រ៉េននី ក៏ថាបាន”
“ឯងគិតចឹង យើងថាឯងគួរតែសួរហេតុផលនាង ឲ្យច្បាស់ជាងនេះ”
“ហ៊ឹស សួរហេសសម្លាប់មនុស្សម្នាក់ ដោយគ្មានញញើតបែបនេះ យើងថាមិនបាច់សួរ នាំឲ្យខាតពេលទេ”ហ្វ្រេងកូ និយាយចេញដោយសំឡេងមាំតែក៏មិនបានបង្កប់ដោយកំហឹងអីណាស់ណាដូចរាល់ដង។
“ជីវិតយើងទាំងពីរនៅពេលនេះមិនខុសគ្នាប៉ុន្មាននោះទេ រស់នៅក្នុងភ្លើងគំនុំ ភាពស្អប់ ការគុំកួន ការសងសឹក”វីល្លៀម និយាយចេញមកដូចជាដឹងខុស តែផ្ទុយស្រលះពីសម្ដីពេលនេះទឹកមុខរបស់គេ កំពុងតែញញឹមចេញមកយ៉ាងកំណាច ពេលគិតដល់អ្នកណាម្នាក់ ដែលរងទឹកភ្នែកនឹងទង្វើព្រៃផ្សៃរបស់គេ។
វីល្លៀម អង្គុយផឹកយ៉ាងស្ងៀមស្ងាត់ ពេលបានឃើញទឹកមុខដ៍កំណាចរបស់មិត្ត ត្រូវហើយបើពួកគេម្នាក់ៗសុទ្ធតែមានជីវិតដូចគ្នាបែបនេះ គេនឹងជ្រើសរើសមិនលូកដៃនឹងរឿងរបស់មិត្តតទៅទៀតទេ មូលហេតុក៏ព្រោះតែគេយល់ច្បាស់ពីអារម្មណ៍ ដែលត្រូវពង្រាត់មនុស្សស្រីជាទីស្រលាញ់ចេញពីជីវិត ស្រលាញ់ចឹងហេស ហេតុអីក៏គេគ្មានអារម្មណ៍ថាមានក្ដីសុខដូចរាល់ដងពេលគិតដល់ ដេស៊ី បែបនេះ? អ្នកកំលោះបានត្រឹមតែសួររកហេតុផលពីខ្លួនឯងមិនឈប់ ដៃរឹងមាំក៏លើកស្រាមកផឹកដើម្បីកាត់បន្ថយភាពស្មុគស្មាញបានខ្លះ។
ផ្ទុយពីអ្នកកំលោះដែលកំពុងតែអង្គុយផឹកសប្បាយរីករាយ  ពេលនេះនាងក្រមុំកំពុងតែអង្គុយកើតទុក្ខរងចាំអ្នកកំលោះត្រលប់មកវិញ នាងដឹងហើយថាការរងចាំរបស់នាងគ្មានប្រយោជន៍អីសម្រាប់អ្នកម្ខាងទៀត តែក្នុងនាមជាភរិយានាងក៏ចង់បំពេញតួនាទីនេះ ឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន។ យៀកហ្វី សម្លឹងមើលទៅនាឡិកា ក៏ឃើញថាពេលនេះម៉ោង១២រំលងអាធ្រាត្រទៅហើយ តែអ្នកកំលោះនៅតែមិនទាន់ត្រលប់មកវិញទៀត អារម្មណ៍ច្របូលច្របល់ ការព្រួយបារម្ភក៏កើតមានឡើងយ៉ាងទាន់ហន់ ជើងតូចដើរទៅមកនៅក្នុងបន្ទប់គេងដោយចិត្តអន្ទះសាព្រោះគិតពីអ្នកកំលោះ មិនដឹងថាពេលនេះអាចមានរឿងមិនល្អកើតឡើងចំពោះគេក៏ថាបាន គំនិតមិនល្អជាងច្រើនក៏កើតមានស្របពេលគ្នា តែគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ទៅវិញ ពេលនាងបានឮសំឡេងរថយន្តរត់ចូលមកក្នុងភូមិគ្រឹះ ដែលនាងស្គាល់ច្បាស់ថាជាសំឡេងឡានរបស់អ្នកកំលោះ។
ត្រឹមបានឮសម្លឹងរលត់របស់ម៉ាស៊ីនឡាន រាងស្ដើងក៏ប្រញាប់ប្រញាល់រត់ចុះពីបន្ទប់ទាំងតក់ក្រហល់ ដើម្បីទៅមើលអ្នកកំលោះ ជើងតូចរត់ចុះយ៉ាងលឿនសឹងតែដួលទៅហើយ ព្រោះតែក្នុងចិត្តបារម្ភពីអ្នកម្ខាងទៀតខ្លាំងពេក តែគ្រប់យ៉ាងក៏ធ្វើឲ្យជើងទាំងគូររបស់នាង ត្រូវបញ្ឈប់សកម្មភាពដោយខ្លួនឯង យៀកហ្វី ឈរស្ងៀមទ្រឹងមិននិយាយអ្វី តែទឹកភ្នែកក៏ស្រក់ចុះមកភ្លាមៗមិនដាច់គ្នា។ ត្រូវហើយនាងឈឺ ពេលនេះនាងកំពុងតែឈឺខ្លាំងណាស់ ដល់ថ្នាក់មិនដឹងត្រូវនិយាយអ្វី មកប្រៀបការឈឺចាប់មួយនេះបាន រាងកាយតូចបានត្រឹមតែឈរមើល រាងកាយទ្រេតទ្រូតរបស់អ្នកកំលោះ ដើរចូលមកខាងក្នុងផ្ទះដោយមាននារីសិចស៊ីឱបគ្នាណែនដៃ នាងបានឈរមើលពួកគេឱបរឹតគ្នាទាំងចិត្តឈឺចាប់ ត្រូវហើយនាងតែងតែឈឺ ពេលបានឃើញគេឱបស្និទ្ធស្នាលជាមួយស្រីថ្មីមិនរើសមុខរបស់គេ រយៈពេលមួយខែកន្លងមកនេះគេតែងតែធ្វើបែបនេះជារៀងរាល់យប់ តែនាងក៏នៅតែមិនអាចស៊ាំនឹងទង្វើរបស់គេបាន តែទោះជាឈឺ ប្រច័ណ្ឌហួងហែងអ្នកកំលោះខ្លាំងយ៉ាងណា នាងក៏បានតែទប់ទឹកភ្នែកទ្រាំលាក់ ភាពឈឺចាប់មួយនេះ ដោយការដើរចេញពីរូបភាពចាក់ដោតមួយនេះគ្រប់ពេល ដោយមកសម្ងំគេងយំនៅក្នុងបន្ទប់តែម្នាក់ឯងដោយគ្មានអ្នកណាម្នាក់បានដឹងពីការឈឺចាប់់មួយនេះ។
“លោក វីល្លៀម”យៀកហ្វី និយាយតែប៉ុណ្ណោះហើយក៏សម្រេចចិត្តដើរចេញព្រោះគិតថាអ្នកកំលោះមានអ្នកមើលថែហើយ តែនាងមិនដឹងទេថាត្រឹមសម្ដីស្រាលៗរបស់នាង អាចធ្វើឲ្យប្រុសស្រីមួយគូ ដែលកំពុងតែឱបគ្នាយ៉ាងស្អិតរមួតបានឮនោះទេ
វីល ឈរសម្លឹងមើលនាងក្រមុំមិនដាក់ភ្នែក ដោយកែវភ្នែកទទេស្អាត ត្រូវហើយគេក៏ដឹងដែរថានាងក្រមុំ តែងតែឈរចាំគេនៅទីនេះ ជារៀងរាល់ថ្ងៃ គ្រាន់តែគេជ្រើសរើសធ្វើជាមិនឃើញនាងតែប៉ុណ្ណោះ រាល់ការឈឺចាប់ ទឹកភ្នែកគ្រប់តំណក់របស់នាងក្រមុំក៏គេសុទ្ធតែបានដឹង។ តែហេតុអីគេបែរជាមិនមានអារម្មណ៍ថាសមបំណង ទាំងដែលគេចង់ឃើញនាងឈឺបែបនេះ  ទេ មិនអាចទេនេះទៅវិញទេជាអ្វីដែលគេត្រូវការ ត្រូវឲ្យនាងក្រមុំឈឺចាប់ ឈឺរហូតដល់ស្លាប់ទើបសមបំណងរបស់គេយ៉ាងពិតប្រាកដ។
“អា បងសម្លាញ់ ស្រីម្នាក់នោះជាអ្នកណា ហេតុអីក៏មកឈរត្រង់នេះ”ស្រីស្អាតនិយាយឡើងមក ដៃក៏ឱបរឹតរាងកាយរឹងមាំរបស់អ្នកកំលោះណែនដៃ កែវភ្នែកក៏សម្លឹងមើលមករាងតូចដោយការឌឺដង។
យៀកហ្វី ដែលមុននេះគិតថានឹងចាកចេញ ក៏ត្រូវបញ្ឈប់ដំណើររបស់ខ្លួនពេលបានឮសំនួរ ចេញពីស្រីស្នេហ៍របស់អ្នកកំលោះ ពិតមែនហើយពីដំបូងនាងគិតថាចាកចេញ តែពេលបានឮសំនួរនោះហើយ ក៏ធ្វើឲ្យនាងប្ដូរចិត្តមកវិញ ដែលនាងមិនទៅក៏ព្រោះតែរងចាំស្ដាប់ថាអ្នកកំលោះ នឹងឆ្លើយតបទៅស្រីម្នាក់នោះវិញបែបណា។ ក្នុងចិត្តរបស់នាងពេលនេះកំពុងតែភ័យអរយ៉ាងចម្លែកសង្ឃឹមថាអ្នកកំលោះ អាចនឹងបង្ហាញពីឋានៈរបស់ខ្លួន ប្រាប់ដល់ស្រីម្នាក់នោះ ហើយបើអ្នកកំលោះពិតជានិយាយដូចដែរនាងគិតមែន នាងក៏មិនរារែកក្នុងការដណ្ដើមគេពីក្នុងដៃស្រីម្នាក់នោះមកវិញដូចគ្នា តែគ្រប់យ៉ាងដែរនាងគិតបែរជាផ្ទុយស្រឡះពេលបានឮប្រយោគចម្លើយរបស់អ្នកកំលោះ។
“ហ៊ឹសៗ   គ្រាន់តែជារបស់លម្អផ្ទះតែប៉ុណ្ណោះ អូនកុំចាប់អារម្មណ៍អី”វីល តបដោយភ្នែកសម្លឹងមើលនាងក្រមុំមិនដាក់ភ្នែក ស្នាមញញឹមចំអកក៏មាននៅលើផ្ទៃមុខមាំសង្ហា ដៃរឹងមាំក៏ទាញរាងតូចរបស់ស្រីស្អាតឲ្យមកកាន់តែកៀករាងកាយរបស់ខ្លួន ក្នុងគោលបំណងបញ្ឈឺនាងក្រមុំឲ្យឈឺចិត្តនឹងទង្វើរបស់ខ្លួន។ យៀកហ្វី សឹងតែដួលទាំងឈរពេលបានឮចម្លើយរបស់អ្នកកំលោះ ទឹកភ្នែក៏ស្រក់ចុះមកចំពោះមុខគេដោយមិនគិតនឹងខ្មាសបន្តទៀត រាងស្ដើងសម្លឹងមើលទៅអ្នកកំលោះ ដែលពេលនេះកំពុងតែឈរញញឹមពេញចិត្ត នឹងការឈឺចាប់របស់នាង ត្រូវហើយក៏ព្រោះតែនេះជាអ្វីដែលអ្នកកំលោះចង់បានបំផុត គឺឃើញនាងឈឺចាប់នៅចំពោះមុខគេនោះអី។
“អរ អូនស្មានតែជាអ្នកណា តាមពិតគ្រាន់តែជាប្រពន្ធដែរប្ដីមិនប្រាថ្នានេះឯង ហ៊ឹសៗ”ស្រីស្អាតសើចចំអកនាងក្រមុំបានយ៉ាងសមចិត្ត រាងកាយស្រឡៅស្រឡូនក៏អែនកាន់តែកៀកអ្នកកំលោះខ្លាំងលើសដើម ក្នុងគោលបំណងបង្ហាញនាងក្រមុំពីភាពស្និទ្ធស្នាលរបស់ខ្លួនជាមួយនឹងអ្នកកំលោះ។
“កុំខ្វល់អីអូនសម្លាញ់ តោះទៅសប្បាយរឿងរបស់យើងវិញ”ថាហើយដែរឹងមាំ ក៏ឱបរាងកាយស្រឡូនស្អាត ដើរចាកចេញទៅចំពោះមុខនាងតូច តែក៏មិនភ្លេចងាកមកមើលនាងក្រមុំ ក្នុងគោលបំណងឲ្យនាងចុះមកហួងហែងខ្លួន។ តែគ្រប់យ៉ាងក៏ខុសពីការគិតរបស់គេ ក៏ព្រោះតែពេលនេះនាងក្រមុំបានត្រឹមតែបែរខ្នង ព្រមទាំងដើរចេញទៅទាំងមិនងាកមើលមកគេសូម្បីតែបន្តិចដែរធ្វើឲ្យអ្នកកំលោះកាន់តែខឹងខ្លាំងលើសដើម នូវទង្វើសោះកក្រោះរបស់នាងក្រមុំដែរមានមកលើខ្លួន។
វីល នាំរាងកាយរបស់ស្រីស្អាតមកបន្ទប់មួយទៀត ក្នុងគោលបំណងធ្វើនូវអ្វីដែលកំពុងតែរាំងស្ទះ រាងកាយក្រាស់ផ្ដួលរាងកាយសិចស៊ីទៅលើគ្រែដោយមានខ្លួនទ្រោបតាមពីលើជាប់ អ្នកកំលោះឲ្យមកថើបគល់.កសខ្ចី ដែលមានដៃតូចរបស់ស្រីស្អាតឱបកគេណែនដៃដូចគ្នា តែថើបមិនទាន់បានប៉ុន្មានផង រាងក្រាស់ក៏ស្ទុះក្រោកចេញពីរាងកាយសិចស៊ី យ៉ាងតក់ក្រហល់ហាក់ត្រូវរបស់ក្ដៅ ដៃរឹងមាំក៏លើកមកជ្រងសក់របស់ខ្លួនដោយការធុញទ្រាន់ ត្រូវហើយក៏ព្រោះតែពេលនេះ អារម្មណ៍របស់គេមិនអាចគិតអ្វីផ្សេង ក្រៅពីនាងក្រមុំនោះទេ ទោះបីជាមានស្រីស្អាតចំពោះមុខក៏គេមិនអាចប៉ះពាល់បាន ទាំងដែលគេត្រូវការបញ្ចេញអារម្មណ៍មួយនេះស្ទើរតែដាច់ខ្យល់ទៅហើយ។
“នាងទៅវិញចុះ លុយរបស់នាងមនុស្សរបស់ខ្ញុំនឹងផ្ញើរចូលកុងនៅស្អែកនេះ”វីល ប្រាប់អ្នកម្ខាងទៀតដោយការធុញទ្រាន់យ៉ាងខ្លាំង
“តែនេះពួកយើងមិនទាន់បានធ្វើអីនៅឡើយទេ អញ្ចេះចុះលោកមិនបានធ្វើអីទេ ទុកឲ្យខ្ញុំជាអ្នកបម្រើលោកក៏បានដែរ”មិននិយាយតែមាត់ ដៃតូចក៏នៅលើមកអង្អែល ដើមទ្រូងរបស់អ្នកកំលោះដោយការទាក់ទាញ តែក៏ត្រូវដៃរឹងមាំរបស់អ្នកកំលោះចាប់ជាប់ មិនឲ្យនាងបានធ្វើអ្វី ដែលស៊ីជម្រៅជាងនេះនៅលើខ្លួនប្រាណរបស់ខ្លួន។
“ចេញទៅ”
“លោក វីល្លៀម”
“ឬចង់ឲ្យខ្ញុំបោះនាងចេញទៅក្រៅ ទើបពេញចិត្ត”វីល សម្លុតស្រីស្រស់ខ្លាំងៗដោយមិនគិតនឹងទុកមុខឲ្យ តាមធម្មតាគេតែងតែទុកមុខឲ្យមនុស្សស្រីជានិច្ច តែថ្ងៃនេះគេក៏មិនដឹងថាហេតុអីបានជាគេមួម៉ៅយ៉ាងចម្លែកបែបនេះទៅវិញ។
“ខ្ញុំ..ខ្ញុំនឹងទៅឥលូវនេះ”ថាហើយរាងតូចក៏ប្រញាប់រត់ចាកចេញទៅ ព្រោះខ្លាចថាអ្នកកំលោះនឹងធ្វើដូចមាត់និយាយពិតមែន
វីល អង្គុយឱបក្បាលនៅក្នុងបន្ទប់តែម្នាក់ឯង ក្រោយពីលែងមានវត្តមានរបស់ស្រីស្អាតតទៅទៀត អ្នកកំលោះវិលវល់នឹងអារម្មណ៍របស់ខ្លួនឯងមិនឈប់គេមិនដឹងថា ពេលនេះខ្លួនកំពុងតែគិតអីឲ្យប្រាកដ គ្រប់យ៉ាងដែលគេធ្វើ គឺចង់ដេញនាងក្រមុំឲ្យចេញពីជីវិតរបស់ខ្លួន តែនៅពេលដែលនាងក្រមុំសោះអង្គើយដាក់ គេបែរជាមានអារម្មណ៍  ហេងហាងយ៉ាងម៉េចក៏មិន
ដឹង ហើយគេក៏មិនអាចរកចម្លើយឲ្យខ្លួនឯងបានដូចគ្នា។
“នាងត្រូវតែទទួលខុស ត្រូវចំពោះរឿងនេះ យៀកហ្វី”កំលោះសង្ហាក្រោកឈរពេញកម្ពស់របស់ខ្លួន ជើងរឹងមាំក៏បោះជំហ៊ានចាកចេញពីបន្ទប់សម្ដៅមករកបន្ទប់របស់នាងក្រមុំ ហើយរឿងតែមួយគត់ដែលនាងក្រមុំត្រូវទទួលខុសត្រូវនោះ គឺរឿងដែលនៅរាំងស្ទះរបស់គេនេះឯង ត្រូវហើយរយៈពេលមួយខែកន្លងមកនេះ ថ្មីត្បិតតែគេនាំស្រីមកផ្ទះបញ្ឈឺនាងក្រមុំក៏ពិតមែន តែគេក៏មិនដែលប៉ះពាល់ស្រីទាំងនោះដូចគ្នា គ្រប់ពេលគេតែងតែដេញចេញដូចជាយប់នេះអ៊ីចឹងគ្រាន់តែមិនបានមួម៉ៅដូចជាពេលនេះ ហើយហេតុផលដែរគេធ្វើបែបនេះគេក៏មិនអាចដឹងដូចគ្នា ដឹងត្រឹមតែថាពេលនេះនាងក្រមុំត្រូវប៉ះប៉ូវរាល់ពេលវេលា ដែលគេខាតបង់ទៅរយៈពេលមួយខែកន្លងមកនេះ ឲ្យបានសមបំណងរបស់គេ។
រាងកាយតូចរបស់ យៀកហ្វី កំពុងតែញ័រខ្លួនទទ្រើតដែលកើតចេញពីការយំយែក នាងក្រមុំរត់មកសម្ងំគេងយំតែងម្នាក់ឯង នៅក្នុងបន្ទប់គេងយ៉ាងឈឺចាប់ ពេលនឹកដល់រូបភាព ដែលអ្នកកំលោះនាំស្រីម្នាក់នោះចូលទៅក្នុងបន្ទប់ចំពោះមុខខ្លួន។
“ពេលនេះ លោកប្រហែលជា កំពុងតែមានក្ដីសុខហើយ”យៀកហ្វី គិតដោយការខូចចិត្ត ពេលគិតដល់រូបភាព ដែលអ្នកកំលោះឱបថើបស្រីស្អាតម្នាក់នោះ ទឹកភ្នែកក៏កាន់តែហូរចុះមកមិនឈប់ ដែលនាងក្រមុំក៏មិនគិតថានឹងជូតវាចេញ ដោយបានតែបណ្ដោយឲ្យវាហូរ ទាល់តែអស់ចិត្តដែលវាហូរសឹងតែប្រែក្លាយជាឈាមជំនួសវិញទៅហើយ។
រាងស្ដើងនៅតែយំមិនឈប់ បើទោះបីជាដឹងហើយថាទោះជានាងយំដល់ស្លាប់ យំដល់ស្ងួតទឹកភ្នែកក៏អ្នកកំលោះ មិនខ្វល់អើពើ តែនាងក៏នៅតែទប់អារម្មណ៍របស់ខ្លួនមិនបាន ត្រូវហើយឃើញនាងឈឺចាប់បែបនេះ គេកាន់តែសប្បាយចិត្តទៅវិញទេ ព្រោះបានសងសឹកនាងសមតាមបំណងរបស់គេ។ គ្រប់យ៉ាងដែលគេធ្វើគឺចង់ជាន់ឈ្លីនាង ឲ្យស្លាប់ក្រោមបាតជើង របស់គេនេះឯង ហើយបើនាងកាន់តែឈឺចាប់រហូតដល់ស្លាប់ គេក៏កាន់តែសប្បាយចិត្តដែលនាងស្លាប់ដោយសារស្នាដៃរបស់គេ។ យៀកហ្វី គេងឱបខ្លួនយំនៅលើគ្រែធំទូលាយនាងយំរហូត ដល់ថ្នាក់គេងលក់តាំងពីពេលណាក៏មិនដឹង មកដឹងខ្លួនម្ដងទៀត ពេលត្រូវអ្នកណាម្នាក់ កន្ទ្រាក់ភួយចេញពីរាងកាយរបស់នាង ដោយមិនថ្នមដៃ នាងក្រមុំស្ទុះក្រោកឡើងដោយការភិតភ័យ ព្រោះទង្វើរបស់ជនទីពីរ តែគ្រប់យ៉ាងក៏មិនបានភ្ញាក់ផ្អើល ដូចពេលបានឃើញអ្នកដែលកំពុងតែឈរនៅចំពោះមុខខ្លួនពេលនេះ។
“លោក វីល្លៀម”រាងតូច សម្លឹងមើលមុខគេដោយភ្ញាក់ផ្អើល មិននឹកស្មានថាអ្នកកំលោះនៅទីនេះ ទាំងដែលថ្មើរនេះ គេគួរតែនៅសប្បាយជាមួយស្រីស្នេហ៍របស់គេទើបត្រូវ តែហេតុអីពេលនេះក៏គេមកនៅក្នុងបន្ទប់នាងទៅវិញ គំនិតងឿងឆ្ងល់ នឹងការសង្ស័យជាច្រើន ក៏បានផុសពេញក្នុងខួរក្បាលរបស់នាងក្រមុំ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now