ភាគទី២១

397 7 0
                                    

(គ្រប់យ៉ាងគឺជាការពិត)


យៀកហ្វី ភ្ញាក់ឡើងនៅព្រឹកថ្ងៃថ្មី រាងស្ដើងក្រោកឡើងទាំងមានអារម្មណ៍ខ្សោះក្នុងរាងកាយ នាងក្រមុំសម្លឹងមើលជុំវិញបន្ទប់ កែវភ្នែកថ្លាយង់ក៏ប្រទះនឹងថ្នាំដែលដាក់ចោលនៅលើតុក្បាលគ្រែដំណេក នាងក្រមុំបើកភ្នែកធំៗសឹងតែលានទៅហើយ ដៃតូចក៏រហ័សទាញកញ្ចប់ថ្នាំយកមកទុក ព្រោះខ្លាចមានអ្នកមកឃើញជាពិសេសគឺអ្នកកំលោះតែម្ដង។
ស្របពេលនាងក្រមុំទាញថង់ថ្នាំមកកាន់ក៏ ជាពេលដែលអ្នកកំលោះ ដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ដូចគ្នា នាងក្រមុំប្រញាប់យករបស់ក្នុងដៃលាក់ទុកនៅក្រោយខ្នង ដែលធ្វើឲ្យអ្នកកំលោះសង្ស័យ មិនមែនទេគឺគេធ្វើជាសង្ស័យទៅវិញទេ។
“មានអ្វីមែនទេ”វីល ធ្វើជាសួរនាំតែក៏មិនបាន ដាក់សម្ពាធនាងក្រមុំប៉ុន្មាន ព្រោះគេមិនឲ្យអ្នកចំពោះមុខសង្ស័យ ហើយក៏ចង់នៅលេងហ្គេមជាមួយនាងបានយូរជាងនេះដូចគ្នា។
“គ្មាន..គ្មានទេ”
“អ្ហឹម ចឹងក៏ឆាប់ទៅតែងខ្លួនទៅ ថ្ងៃនេះខ្ញុំនាំនាងទៅកន្លែងមួយ”
“កន្លែងណាទៅ”
“ទៅដល់នាងនឹងដឹងហើយ ឆាប់តែងខ្លួនខ្ញុំទៅចាំនៅខាងក្រោមមុន”និយាយតែប៉ុណ្ណឹង រាងខ្ពស់សង្ហាក៏ដើរចេញពីបន្ទប់ដោយមិននិយាយអ្វីបន្តទៀត គេមិនដឹងទេថានាងគិតបែបណា តែបើនាងចង់លេងវាជាមួយគេ គេនឹងកំដរនាងលេងដល់ទីបំផុត ហើយច្បាស់ណាស់ថាគេគឺជាអ្នកឈ្នះក្នុងហ្គេមមួយ
នេះ។
យៀកហ្វី មិនទាន់ហ៊ានធ្វើអ្វីនាងក្រមុំតាមសម្លឹង រហូតទាល់តែអ្នកកំលោះចេញផុតពីក្រសែភ្នែកទើបព្រមកម្រើខ្លួន ដៃតូចទាញរបស់ដែលលាក់ក្រោយខ្នងចេញមកមើល ព្រមទាំងដកដង្ហើមធូរទ្រូងចេញមក ដោយការភិតភ័យ ព្រោះបើនាងយឺតជាងនេះតែបន្តិច ច្បាស់ណាស់ថាគ្រប់យ៉ាងប្រាកដជាបែកការណ៍ជាមិនខាន។
“ហ៊ើយ សំណាងដែលគេមិនបានឃើញ”ដៃតូចប្រញាប់យកកញ្ចប់ថ្នាំទុកលាក់កន្លែងដើម មុននឹងចុះទៅតែងខ្លួនតាមបញ្ជារបស់អ្នកកំលោះ ព្រោះមិនចង់ឲ្យគេរងចាំនាងយូរជាងនេះ ព្រោះបើនាងហ៊ានតែយឺតយ៉ាវប្រាកដជាត្រូវអ្នកម្ខាងទៀតឡើងមកឡូឡាដាក់ជាមិនខាន។
ចំណែកអ្នកដែលនាងក្រមុំកំពុងតែគិតដល់ពេលនេះ កំពុងតែអង្គុយចាំនៅតុអាហារយ៉ាងស្ងៀមស្ងាត់បំផុត អ្នកកំលោះថ្ងៃនេះត្រជាក់ជាងរាល់ដងដែលធ្វើឲ្យគ្រប់គ្នានៅក្នុងផ្ទះទាំងមូល ដឹងដល់ចំហាយមិនស្រួលដែលកំពុងតែកើតមានឡើង។
“លាក់បានលាក់ឲ្យជិតចុះ យៀកហ្វី ព្រោះមិនយូរទេខ្ញុំនឹងកាច់បំបាក់នាងដោយពាល់ដៃរបស់ខ្ញុំ”វីល និយាយដោយការមួម៉ៅពីដំបូងគេអាចគិតថានាងក្រមុំមិនហ៊ានប្រាប់គេ តេពេលនេះគេដឹងហើយថានាងមានចេតនាលាក់បាំងរឿងនេះនឹងគេទៅវិញទេ កែវភ្នែកកំណាចទៅជារឹងកំព្រឹសដោយភ្លើងកំហឹងដែលកំពុងតែឆាបឆេះ។
រថយន្ដទំនើបលូនមកឈប់នៅពីមុខមន្ទីរពេទ្យ លំដាប់អន្តរជាតិមួយកន្លែង ដែលឈរអណ្ដែតខ្លួននៅចំកណ្ដាលទីក្រុង រាងកាយខ្ពស់សង្ហាចុះពីរថយន្ដដោយមានរាងតូចរបស់អ្នកជាភរិយា ចុះមកតាមពីក្រោយគេដូចគ្នា យៀកហ្វី សម្លឹងមើលមន្ទីរចំពោះមុខដោយការងឿងឆ្ងល់ នាងក្រមុំសម្លឹងមើលអ្នកកំលោះឆ្លាស់គ្នានឹងអាគារធំចំពោះមុខ។
“ពួកយើងមកទីនេះធ្វើអី”កែវភ្នែកតូចងាកសម្លឹងមើលមកគេ ហើយក៏ត្រូវងាកចេញភ្លាមៗ ពេលត្រូវអ្នកកំលោះងាកមកសម្លឹងចំៗវិញ នាងមិនដឹងថាគេនាំនាងមកទីធ្វើអីនោះទេ តែបើគេនាំមានមកពិនិត្យវិញនោះច្បាស់ណាស់ថាអាថ៌កំបាងរបស់នាងច្បាស់ជាបែកការណ៍ជាមិនខាន។
វីល ញោចញញឹមចុងមាត់បន្តិច ដៃរឹងមាំក៏លើកមកឱបស្មាតូចរបស់នាងក្រមុំ ព្រមទាំងទាញឲ្យចូលមកជិតរាងកាយរឹងមាំរបស់ខ្លួន អ្នកកំលោះឱនមកជិតត្រចៀករាងតូច មានចេតនាដាក់សម្ពាធរាងស្ដើងនៅក្នុងដៃ។
“ហេតុអីមកមិនបាន ខ្លាចអ្វីឬ”វីល ខ្សឹបក្បែរត្រចៀកតូចព្រមទាំងខាំតិចៗ ត្រង់នោះដែលធ្វើឲ្យនាងក្រមុំ ប្រញាប់រុញច្រានគេចេញភ្លាមៗ ព្រោះឈឺត្រង់កន្លែងដែលគេខាំ នាងក្រមុំសម្លឹងមើលមុខរបស់គេ ព្រមទាំងលើកដៃមកអង្អែលត្រចៀករបស់ខ្លួន កាយវិការរបស់នាងក្រមុំធ្វើឲ្យមុខមាំសង្ហាសើចចេញមកដោយមិនដឹងខ្លួន តែក៏ប្រញាប់លាក់ស្នាមញញឹមរបស់ខ្លួនមកវិញព្រោះមិនចង់ឲ្យនាងដឹងពីអារម្មណ៍របស់គេ ម្យ៉ាងគេក៏នៅមិនទាន់បាត់ខឹងនាងក្រមុំដូចគ្នាពីរឿងដែលនាងព្យាយាមលាក់បាំងការពិតពីគេ។
“ខ្ញុំគ្មាននោះទេ”យៀកហ្វី ប្រញាប់បដិសេធទាំងញ័រមាត់ព្រោះខ្លាចអ្នកកំលោះដឹងពីគំនិតរបស់ខ្លួននាពេលនេះ។
“បើចឹង ក៏ឆាប់ចូលទៅ”វីល ដើរនាំមុខនាងក្រមុំព្រមទាំងមនុស្សរបស់ខ្លួន គ្រប់គ្នានៅក្នុងមន្ទីរពេទ្យងាកមកសម្លឹងពួកគេគ្រប់គ្នា ឬកពាមានអំណាចរបស់អ្នកកំលោះ ធ្វើឲ្យមនុស្សម្នាជាច្រើនមើលមក ដោយការខ្លាចរអា។
យៀកហ្វី ដើរដោយមិនមាត់.កអ្វីហើយក៏ត្រូវភ្ញាក់ផ្អើល ពេលត្រូវអ្នកកំលោះទាញចូលទៅឱបក្នុងរង្វង់ដៃរឹងមាំ វីល ឱនមើលនាងក្រមុំមុននឹងញញឹមបន្តិច ដៃរឹងមាំឱនរឹតនាងក្រមុំណែនដៃ ព្រមទាំងអង្អែលតិចៗត្រង់ដើមស្មារបស់នាង រាងតូចបានត្រឹមតែរួញខ្លួន ពេលអ្នកកំលោះបង្ហាញកាយវិការបែបនេះចំពោះខ្លួននៅទីសាធារណៈ ជើងរឹងមាំបោះជំហ៊ានយ៉ាងអង់អាចម្ដងម្កាលកំលោះសង្ហាក៏ងាកមកមើលនាងក្រមុំនៅក្នុងរង្វង់ដៃ គេមិនជឿថាក្រោយពីនាងក្រមុំបានឃើញអ្វីដែលនឹងកើតឡើងនាពេលបន្តិចទៀតនេះ នាងគ្មានអាម្មណ៍អ្វីទាល់តែសោះនោះទេ ហើយគេក៏ជឿថានិយាយក្រមុំក៏ព្រមនិយាយការពិតដូចអ្វីដែរគេបានគិតទុកដូចគ្នា។
“ពួកឯងចាំនៅត្រង់នេះ”វីល បញ្ជាកូនចៅពេលដើរមកដល់បន្ទប់សម្រាកវីអាយភីមួយកន្លែង ដៃរឹងមាំក៏លូកយករបស់ពីដៃរបស់កូនចៅដែលនាងក្រមុំក៏សម្លឹងមើលភ្លឹកត្រង់របស់នោះ នេះមកពីនាងមិនចាប់អារម្មណ៍ឬយ៉ាងណា ពេលនេះនាងទើបតែដឹងថាអ្នកកំលោះ មានយករបស់មកជាមួយដែរ ដែលសុទ្ធតែជាសមម្ភារៈសម្រាប់ទារកទៀតផង ត្រឹមបានឃើញប៉ុណ្ណឹងនាងក្រមុំក៏មានអារម្មណ៍ថាស្រលាញ់ទៅហើយ ទឹកមុខរំភើបរីករាយរបស់នាងក្រមុំធ្វើឲ្យអ្នកកំលោះញញឹមចេញមកបន្តិច។
តុក តុក
វីល លើកដៃគោះទ្វារជាសញ្ញាតាមទម្លាប់របស់ខ្លួន អ្នកកំលោះរងចាំទាល់តែបានឮសំឡេងអនុញ្ញាតរបស់ម្ចាស់បន្ទប់ទើបព្រមបើកទ្វារចូលទៅ។
“ចូលមក”
ត្រឹមឮសំឡេងអនុញ្ញាត ម្ចាស់រាងខ្ពស់សង្ហាព្រមជាមួយរាងកាយតូចច្រឡឹងដ៏ស្រស់ស្អាតដើរចូលមកព្រមគ្នា ដៃរឹងមាំក៏កាន់នូវកន្ត្រងមួយយ៉ាងធំដែលពោពេញទៅដោយសម្ភារៈប្រើប្រាស់តម្លៃថ្លៃសម្រាប់ទារក វីល សម្លឹងមើលមិត្តសម្លាញ់នឹងមនុស្សស្រី ដែលកំពុងតែគេងលេងជាមួយកូននៅលើគ្រែដោយក្ដីរំភើប អ្នកំលោះសម្លឹងមើលទារកនៅក្នុងដៃ ដោយចិត្តរំភើបហើយក៏សង្ឃឹមថាខ្លួននឹងមានថ្ងៃនេះដូចគ្នា មិនខុសពីអ្នកកំលោះប៉ុន្មានពេលនេះនាងក្រមុំក៏កំពុងតែញញឹមយ៉ាងពព្រាយដូចគ្នា ដៃតូចក៏លើកមកអង្អែលពោះរាបស្មើររបស់ខ្លួនតិចៗដោយការភ្លេចខ្លួន។
“សួស្ដី”ត្រឹមចូលមកដល់ កំលោះសង្ហាក៏និយាយរាក់ទាក់ទៅកាន់អ្នកម៉ាក់ថ្មោងថ្មី
“ចាសសួស្ដី”
“ខ្ញុំ វីល្លៀម ចំណែកនេះ យៀកហ្វី ភរិយារបស់ខ្ញុំ”វីល្លៀម ហាក់មិនស្ទាក់ស្ទើរក្នុងការណែនាំឈ្មោះភរិយារបស់ខ្លួនឲ្យអ្នកម្ខាងទៀតបានស្គាល់
“ចាសខ្ញុំ រ៉ូសស៊ីតា”នាងក្រមុំញញឹមផ្អែមតបវិញ កែវភ្នែកតូចក៏សម្លឹងមើលទៅស្រីស្រស់ដែលគិតតែពីឈ្ងោកមុខឈរនៅខាងក្រោយខ្នងរបស់គេ
ចំណែក ហ្វ្រេងកូ ក៏មិនបាននិយាយអ្វីព្រោះថាគ្រប់គ្នាសុទ្ធតែស្គាល់គេទៅហើយទើបគេមិនចាំបាច់ត្រូវណែនាំខ្លួនឯងនាំឲ្យខាតពេល។
“ជាមហាសេដ្ឋីមួយទាំងមូល ឯងបែរជាទិញរបស់ប៉ុណ្ណឹងមកសួរសុខទុកកូនរបស់យើងទៅវិញ”ពេលគ្រប់គ្នាណែនាំខ្លួនចប់អស់ អ្នកកំលោះក៏និយាយបង្អាប់អ្នកជាមិត្ត។
“ចង់ឲ្យយើងទិញផ្ទះ ឲ្យកូនឯងឬយ៉ាង”មិនព្រមចាញ់អ្នកម្ខាងទៀត វីល្លៀម ក៏ចោលសម្ដីបែបចុកៗមកឲ្យគេវិញ
“បើឯងបានរឹតតែល្អ”ហ្វ្រេងកូ ញាក់ជញ្ចើមឌឺដងដាក់មិត្តវិញ។ ពាក្យសម្ដីឌឺដងរបស់ពួកគេ ធ្វើឲ្យអ្នកស្ដាប់ដូចជាក្រមុំទាំងពីរត្រូវអស់សំណើច ព្រោះមិនដែលធ្លាប់គិតថាក្រៅពីឫកពាកំណាចហើយ ពួកគេចេះនិយាយឌឺដងគ្នាលេងបែបនេះ។
“ក្មួយរបស់យើង មានសុខភាពល្អខ្លាំងណាស់”ដៃរឹងកំព្រឹសរបស់ វីល្លៀម ក៏លូកមកអង្អែលថ្ពាល់ក្មេងប្រុសតិចៗ ដោយក្នុងចិត្តក៏គិតដល់អ្វីម្យ៉ាងដែលគ្មានអ្នកណាបានដឹង។
“ជាកូនយើងណាត្រូវតែចឹងហើយ”ហ្វ្រេងកូ ក៏និយាយអួតពីខ្លួនឯងភ្លាមដែលប្រយោជន៍របស់គេធ្វើឲ្យមិត្តសម្លាញ់ពេបមាត់ព្រោះជ្រេញ
“ហ៊ឹស អាចង្រៃនេះ”
មាត់ជេរតែដៃក៏នៅតែអង្អែលកូនតូចមិនឈប់ដដែល    ដែលធ្វើឲ្យក្មេងតូចដែលគេងលក់មុននេះទៅជាញញឹមតិចៗឡើងមក។
“ញញឹមបានយ៉ាង គួរឲ្យស្រលាញ់”យៀកហ្វី ដែលស្ងាត់ជាយូរក៏និយាយឡើងពេលបានឃើញភាពគួរឲ្យស្រលាញ់របស់ក្មេងតូច
“អរ ត្រូវហើយអាហ្វ្រេង យើងមានរឿងចង់និយាយជាមួយឯង”
“រឿងស្អី”
“ចេញមកគឺដឹងហើយ”
“ហ៊ឹម”
កំលោះសង្ហាទាំងពីរក៏ដើរចេញទៅខាងក្រៅដោយមាន វីល្លៀម ជាអ្នកដើរនាំមុខ បន្ទាប់ពីលែងមានវត្តរបស់កំលោះទាំងពីរនៅក្នុងបន្ទប់ ពេលនេះគឺនៅសល់តែក្រមុំទាំងពីរនេះឯង យៀកហ្វី ក៏ចូលមកអង្គុយក្បែរគ្រែអ្នកជម្ងឺព្រមទាំងញញឹមស្រស់ពេលបានពិនិត្យមុខតូចកាន់តែជិត។
វីល អូសមិត្តសម្លាញ់ឲ្យចេញមកតាមខ្លួន កំលោះសង្ហាទាំងពីរដើរដោយមានអំណាច ព្រមជាមួយកូនចៅដែរដើរអមពីក្រោយពួកគេជាច្រើននាក់ទៀត ធ្វើឲ្យពួកគេមើលទៅកាន់តែអង់អាចខ្លាំងលើសដើម វីល មិនបាននាំអ្នកម្ខាងទៀតទៅកន្លែងណាឆ្ងាយនោះទេ គឺអ្នកកំលោះនាំមកអង្គុយក្នុងឡានទំនើបរបស់ខ្លួននេះឯង ដែលធ្វើឲ្យរាងខ្ពស់សង្ហាទៅជាហួសចិត្តនឹងឫកពាបស់អ្នកកំលោះនាពេលនេះ។
“នេះឬកន្លែង ដែលឯងនាំយើងមក”ដៃរឹងមាំចង្អុលទៅឡានរបស់មិត្តសម្លាញ់ ទាំងហួសចិត្តគេមិនយល់ថាអាមិត្តម្នាក់នេះកំពុងតែគិតអីឲ្យប្រាកដ នាំគេចេញពីប្រពន្ធកូនហើយមកអង្គុយនៅក្នុងឡានវានេះឬយ៉ាងម៉េច។
“ត្រូវហើយ”
“ទោះបីជាយើង មិនមែនជាម្ចាស់ក្រុមហ៊ុនផលិតឡាន ដូចជាឯងក៏ពិតមែន តែមិនមែនថាយើងមិនស្គាល់ឡានម៉ាកនេះទេ អាចង្រៃ បើគ្មានស្អីទេយើងទៅវិញហើយ ពេលនេះឃ្លាតពីកូនមួយវិនាទីមិនបានទេ”ហ្វ្រេងកូ និយាយទាំងដើរចេញទៅតែក៏ត្រូវដៃរឹមាំរបស់ វីល ចាប់ទាញមកវិញព្រមទាំងរុញចូលទៅក្នុងឡានទំនើបដោយអ្នកម្ខាងទៀតមិនបានត្រៀមខ្លួនទាន់។
“យើងឲ្យចូល ក៏ចូលទៅកុំនិយាយច្រើន”វីល ចូលមកក្នុងឡានតាមក្រោយអ្នកម្ខាងទៀត ត្រឹមចូលមកដល់ក្នុងឡានដៃរឹងមាំក៏លូកទៅចុចបើកអ្វីម្យ៉ាងភ្លាមៗ ដែលធ្វើឲ្យកំលោះសង្ហាម្នាក់ទៀត សម្លឹងមើលគេដោយការងឿងឆ្ងល់។
“ស្រលាញ់ប្រពន្ធដល់ថ្នាក់នេះឬ”
“ហ៊ឹសៗ ស្ដាប់ទៅនឹងដឹងហើយ”មិននិយាយអ្វីច្រើនទៀត កំលោះសង្ហាទាំងពីរក៏ស្ដាប់សំឡេងសន្ទនារបស់់ក្រមុំទាំងពីរ ដោយការយកចិត្តទុកដាក់ គេមិនជឿទេថាផែនការណ៍នេះរបស់គេ មិនអាចចាប់កំហុសរបស់នាងក្រមុំបាននោះ។
ងាកមកមើលក្រមុំស្រស់ស្អាតទាំងពីរ ពេលនេះកំពុងតែអង្គុយនិយាយគ្នាលេងដោយអារម្មណ៍សប្បាយរីករាយ ក្រោយពេលគ្មានវត្តមានរបស់កំលោះសង្ហាទាំងពីរ ព្រោះបើពួកគេនៅច្បាស់ណាស់ថាក្នុងបន្ទប់ទាំងមូលច្បាស់ជាពោរពេញទៅដោយភាពតានតឹងជាមិនខាន ម្យ៉ាងអ្នកទាំងពីរក៏សាហាវឃោឃៅមិនចាញ់គ្នាប៉ុន្មានដែរ ទើបធ្វើឲ្យក្រមុំទាំងពីរមានអារម្មណ៍ថាខ្លាចពួកគេយ៉ាងនេះ យៀកហ្វី សម្លឹងមើលមុខតូចព្រមទាំងញញឹមចេញមកតិចៗ ក្នុងខួរក្បាលក៏គិតស្រម៉ៃដល់មុខកូនតូចក្នុងផ្ទៃរបស់ខ្លួន។
“សង្ហា តាំងពីក្មេងហើយនៀក”
“ហ៊ឹសៗ”រ៉ូសស៊ីតា ក៏ញញឹមស្រស់ទៅកាន់អ្នកម្ខាងទៀត
“ឈ្មោះអីដែរ”
“ខ្ញុំនៅមិនទាន់ដាក់ឲ្យទេ ព្រោះចាំសុំយោបល់ប៉ារបស់ក្មេងសិន”
“អរ ចុះអ្នកនាងគិតថាដាក់ឈ្មោះអីឲ្យគេដែរ”
“បើជាកូនប្រុសឈ្មោះថា ហ្វ្រេងស្គីស៍ អ្នកនាងថាយ៉ាងម៉េចដែរ”នាងក្រមុំក៏ងាកទៅសួរអ្នកម្ខាងទៀតជាការសុំយោបល់
“ឈ្មោះស្រដៀងនឹងលោកប៉ា ស្ដាប់ទៅគឺពិរោះដែរតើ”យៀកហ្វី ញញឹមស្រទន់ព្រមទាំងលើកដៃមកអង្អែលពោះរបស់ខ្លួន
រ៉ូសស៊ីតា ឱនសម្លឹងមើលមកមុខកូនតូចតែក៏មិនភ្លេចចាប់អារម្មណ៍នឹងកាយវិការអ្នកនៅចំពោះមុខដូចគ្នា។
“អ្នកនាងមានផ្ទៃពោះមែនទេ”
សំណួរសួរបែបត្រង់ៗរបស់នាងក្រមុំធ្វើឲ្យ យៀកហ្វី ទៅជាភិតភ័យនឹងប្រញាប់ដកដៃចេញពីពោះ ព្រមទាំងសម្រួលទឹកមុខរបស់ខ្លួនឲ្យដូចដើមវិញ។
“អត់ អត់មានទេ”
“ហ៊ឹសៗ ខ្ញុំមានកូនមួយទៅហើយអ្នក នាងបោកខ្ញុំមិនបានទេ”នាងក្រមុំនិយាយហាក់ចង់បញ្ជាក់ពីបទពិសោធន៍របស់ខ្លួន ដល់អ្នកម្ខាងទៀតបានដឹង។
“ខ្ញុំពិតជាអត់មានមែន អាចមកពីខ្ញុំធាត់ ទើបមានក្បាលពោះតែប៉ុណ្ណោះ”យៀកហ្វី នៅតែប្រឹងដោះសារព្រោះមិនចង់ឲ្យអ្នកម្ខាងទៀតបានដឹងការពិត។
“ខ្លួនអ្នកនាងតូចតែមួយ តែបែរជាមានក្បាលពោះដូចជាអ្នកមានផ្ទៃពោះចឹងឬ អ្នកនាងកុហកមិនសមនោះទេ សូម្បីតែទឹកមុខអ្នកនាងពេលនេះ ក៏បញ្ជាក់ថាអ្នកនាងកំពុងតែកុហកដូចគ្នា”រ៉ូសស៊ីតា នៅតែនិយាយដេញដោលដោយមិនព្រមចុះចាញ់នឹងអ្នកម្ខាងទៀតចំពោះអ្វីដែលខ្លួនជឿជាក់។
ព្រោះមិនដឹងថាត្រូវដោះសារបែបណាទៀត ស្រីទាន់ខ្សោយដូចជា យៀកហ្វី ក៏បានតែទ្រហ៊ោយំពេលត្រូវអ្នកម្ខាងទៀត សួរដេញដោលទាល់តែខ្លួនគ្មានអ្វីត្រូវតបតបាន។
“ហ៊ឹកៗ សូមអង្វរអ្នកនាងកុំប្រាប់រឿងនេះដល់អ្នកណាបានទេ ជាពិសេសលោក វីល្លៀម”យៀកហ្វីសម្រក់ទឹកភ្នែក ដោយគួរឲ្យអាណិតនៅចំពោះមុខអ្នកម៉ាក់ថ្មោងថ្មី។
ត្រឹមបានឃើញទឹកភ្នែករបស់មនុស្សស្រីដូចគ្នា ក៏ធ្វើឲ្យនាងក្រមុំគិតដល់រឿងរបស់ខ្លួន ដែលធ្លាប់កើតឡើងកន្លងមក ទើប រ៉ូសស៊ីតា នឹងអាណិតដល់អ្នកម្ខាងទៀត ដែលគិតទៅក៏ជួបរឿងមិនខុសពីខ្លួនប៉ុន្មានដែរ ទើបមានសភាពបែបនេះ។
“ហេតុអី អ្នកនាងអាចប្រាប់ខ្ញុំបានទេ”
“ហ៊ឹកៗ ខ្ញុំមិនដឹងថាគួរនិយាយបែបណាទេ តែវាចាំបាច់សម្រាប់ខ្ញុំខ្លាំងណាស់ អ្នកនាងអាចសន្យាជាមួយខ្ញុំបានទេ ថាកុំប្រាប់រឿងនេះដល់លោក វីល្លៀម”
“អូខេៗ ខ្ញុំសន្យា”ហើយនៅទីបំផុត រ៉ូសស៊ីតា ក៏យល់ព្រមតាមសំណើរអ្នកម្ខាងទៀត ព្រោះមិនអាចទ្រាំឃើញទឹកភ្នែករបស់មនុស្សស្រីដូចគ្នា មិនបាន ត្រូវហើយរឿងបែបនេះ មានតែមនុស្សស្រីទន់ខ្សោយដូចជាពួកនាងទេ ទើបយល់ មនុស្សប្រុសចិត្តឃោឃៅដូចជាពួកគេម៉េចនឹងមានថ្ងៃយល់បានទៅ។
“ហ៊ឹក ខ្ញុំអរគុណអ្នកនាងខ្លាំងណាស់”យៀកហ្វី ក៏ញញឹមអរគុណអ្នកម្ខាងទៀតដោយទឹកភ្នែកនៅតែហូរមិនឈប់
“បានហើយៗ ឈប់យំទៅយំបែបនេះពេលលោក វីល្លៀម ត្រលប់មកវិញបានឃើញ អាចនឹងសង្ស័យបានណា”រ៉ូសស៊ីតា លោងលួមអ្នកម្ខាងទៀតព្រមទាំងឈោងដៃទៅជូតទឹកភ្នែក ឲ្យនាងក្រមុំដោយការយល់ចិត្ត។
“ចាស”
“ហើយនេះប៉ុន្មានខែហើយ”
“បីខែហើយ”យៀកហ្វី ប្រាប់ព្រមទាំងអង្អែលពោះខ្លួនឯងតិចៗដោយបង្ហាញស្នាមញញឹមឡើងមក
“បីខែហើយ ហើយអ្នកនាងចង់លាក់លោក វីល្លៀម ដល់ពេលណាទៅ”ទោះជាមិនដឹងពីហេតុផលអ្នកម្ខាងទៀតច្បាស់លាស់ តែនាងក្រមុំក៏មិនបានសួរដេញដោលអ្វីច្រើនលើសពីនេះ។
“ខ្ញុំក៏មិនទាន់ដឹងដែរ”
“បើនិយាយគ្នាបានក៏សាកនិយាយខ្លះទៅ ជួនកាលការលាក់បាំងមិនអាចជួយអ្វីឲ្យប្រសើរបាននោះទេ”
“បើគ្រប់យ៉ាងដូចអ្នកនាងនិយាយ មិនដឹងជាល្អយ៉ាងណាទេ”យៀកហ្វី និយាយទាំងទឹកមុខស្រពោន ព្រោះពីដំបូងនាងក៏គិតថាគ្រប់យ៉ាងនឹងល្អប្រសើរបែបនេះដែរ តែមកដល់ពេលនេះទើបនាងដឹងថាការពិតមិនដូចជាការគិតរបស់នាងនោះទេ។
“ហ៊ើយ ឈប់គិតពីរឿងនេះទៅពួកយើងមកនិយាយ ពីរឿងដែលសប្បាយៗវិញទៅ”ព្រោះឃើញទឹកមុខ ស្រពាប់ស្រពោនរបស់អ្នកចំពោះមុខ ទើបនាងក្រមុំប្ដូរសាច់រឿង ដោយនាំអ្នកម្ខាងទៀតនិយាយពីនេះពីនោះ ជាពិសេសរៀងអាថ៌កំបាំងដែលមិនមានអ្នកណាកាលពីក្មេងៗរបស់ខ្លួន។
ក្រមុំទាំងពីរក៏ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ     ដោយភ្លេចនៅទុក្ខកង្វល់ពីមុនដែលមានទាំងប៉ុន្មាន     តែពួកនាងបែរជាគិតខុសព្រោះថារឿងរ៉ាវដែលគិតថាជាអាថ៌កំបាំងសម្រាប់ពួកនាងទាំងពីរ វាមិនបានដឹងត្រឹមតែនាងពីរនាក់នោះទេ ក៏ព្រោះតែពេលនេះកំលោះសង្ហាទាំងពីរ ដែលចាកចេញមកមុននេះគឺកំពុងតែអង្គុយស្ដាប់សន្ទនារបស់ពួកនាងនេះឯង ហើយគ្រប់ពាក្យសម្ដីដែលពួកនាងបានសន្ទនាគ្នាតាំងពីដើមដល់ចប់ ពួកគេគឺសុទ្ធតែបានឮទាំងអស់។
វីល ចុចបិទសំឡេងសន្ទនាទាំងប៉ុន្មាន ក្រោយពីដឹងអ្វីដែលខ្លួនចង់ដឹងរួចហើយ អ្នកកំលោះអង្គុយស្ងៀមមិននិយយអ្វី ទឹកមុខក៏តានតឹងខុសពីធម្មតា ហើយមិនមែនមានតែគេនោះទេ សូម្បីតែរាងក្រាស់របស់អ្នកម្ខាងទៀតក៏តានតឹងខុសពីអ្នកកំលោះប៉ុន្មានដែរ។
“ហ៊ើយ សួរតាមត្រង់ទៅចុះ ឯងទៅធ្វើស្អីនាងបានជានាងខ្លាចឯងដល់ថ្នាក់នេះ”ហ្រ្វេងកូ ងាកមកសួរនាំមិត្តសម្លាញ់ កែវភ្នែករឹងមាំក៏សុំម្លឹងមើលអ្នកម្ខាងទៀតមិនដាក់គេយល់ពីអារម្មណ៍របស់មិត្តសម្លាញ់ ក្នុងនាមជាឪពុកម្នាក់ប៉ុន្តែបែរជាមិនដឹងពីវត្តមានរបស់កូនខ្លួនឯងទៅវិញ ឃើញអ្នកម្ខាងទៀតកើតទុក្ខបែនេះគេក៏អាណិតណាស់ដែរ តែគេក៏មិនអាចជួយអ្វីបានដែរព្រោះនេះគឺជារឿងស្នេហារវាងមនុស្សពីរនាកគេមិនអាចលូកដៃបាននោះទេ តើឲ្យគេលូកដៃបានយ៉ាងម៉េចបើរឿងរបស់គេ គេក៏មិនអាចដោះស្រាយបានផងនឹង។
“យើងគ្មានទេ ឯងមើលមកយើង អាក្រក់ខ្លាំងណាស់ឬយ៉ាងម៉េច”វីល ងាកមកសម្លក់មិត្តសម្លាញ់ ដែរកំពុងតែសម្លឹងមើលមកគេដោយខ្សែភ្នែកអាណិត នេះគេគួរឲ្យអាណិតដល់ថ្នាក់នេះឬ ត្រូវហើយគេពិតជាគួរឲ្យអាណិតពិតមែន មិនត្រឹមតែគួរឲ្យអាណិតទេ ថែមទាំងគយរឲ្យសង្វេគទៀតផង។
“ហើយឯងស្រលាញ់កូន របស់ឯងទេ”
“ចុះឯង”វីល មិនបានឆ្លើយតបតែក៏ជ្រើសរើសសួរឌឺទៅវិញ គេមិនយល់ថាអាមិត្តនេះមកសួរស្អីឆ្កួតៗបែបនេះ បើគេមិនស្រលាញ់កូនរបស់គេឲ្យទៅស្រលាញ់អ្នកណា កុំតែយល់ថាជាមិត្តទេមិនចឹងគេនឹងដាល់ឲ្យបែកមាត់មិនខាន។
“ហ៊ើយ កូនយើងមិនឲ្យយើងស្រលាញ់ ចង់ឲ្យអ្នកណាមកស្រលាញ់”ហ្វ្រេងកូ តបទាំងញញឹម ពេលគិតដល់មុខមាត់ស្រទន់របស់កូនប្រុស ហើយមិនមែនត្រឹមតែកូនប្រុសរបស់គេនោះទេ សូម្បីតែមុខមាត់អ្នកជាម្ដាយក៏មានក្នុងខួររបស់គេដូចគ្នា។
“ហើយឯងមកសួរយើងរកងាប់ស្អី”ត្រូវហើយកូនរបស់គេ      បើមិន
ឲ្យគេស្រលាញ់ ចង់ឲ្យអ្នកណាមកស្រលាញ់ជំនួសគេនោះ ហើយបើមានអ្នកណាមកដណ្ដើមតំណែងនេះ ក៏គេមិនព្រមដែរ ព្រោះលើលោកនេះមានតែគេម្នាក់ប៉ុណ្ណោះដែលមានសិទ្ធលើនាងក្រមុំ អ្នកផ្សេងកុំសង្ឃឹមឲ្យសោះ។
កន្លងផុតទៅមិនយូរប៉ុន្មានកំលោះទាំងពីរក៏ត្រលប់មកវិញ ដោយម្នាក់មានទឹកមុខធម្មតាដូចពេលដែលចាកចេញទៅ តែម្នាក់ទៀតបែរជាមានទឹកមុខដែលពោពេញទៅដោយកំហឹង ហាក់ដូចជាកំពុងតែចងគំនុំ នឹងចង់សម្លាប់អ្នកណាម្នាក់ឲ្យបានអ៊ីចឹង ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពី វីល្លៀម មិត្តសម្លាញ់របស់ ហ្វ្រេងកូ នេះឯង។
អ្នកកំលោះដើរចូលមកខាងក្នុងបន្ទប់ ព្រមទាំងសម្លឹងមើលមុខរបស់ យៀកហ្វី ដោយប្រើគ្រសែភ្នែកបែបចងអាឃាត មើលមកនាងក្រមុំដែលធ្វើឲ្យនាងទៅជាភ័យខ្លាច មិនមែនមានតែនាងនោះទេសូម្បីតែ រ៉ូសស៊ីតា នឹង ហ្វ្រេងកូ ក៏មានអារម្មណ៍មិនខុសពីនាងក្រមុំប៉ុន្មានដែរ។
“ព្រោះមានកិច្ចការត្រូវធ្វើ ខ្ញុំសុំលាទៅសិនហើយ”វីល្លៀម ដើរចូលមកលានាងក្រមុំដោយភាពរួសរាយរាក់ទាក់ ព្រមទាំងច្បិចថ្ពាល់កំលោះតូចបន្តិចមុននឹងងាកមកសម្លឹងអ្នកនៅក្បែរខ្លួនដោយគ្រសែភ្នែកកាច។
“ចឹងខ្ញុំទៅសិនហើយ”យៀកហ្វី ញញឹមចេញមកទាំងមានអារម្មណ៍ថាចាប់ផ្ដើមមិនស្រួលនៅក្នុងខ្លួនពេលបានឃើញទឹកមុខរបស់អ្នកកំលោះ
បន្ទាប់ពីលាម្ចាស់បន្ទប់រួចរាល់ទាំង វីល្លៀមនឹងយៀកហ្វី ក៏ចាកចេញទៅព្រមគ្នាតែដើរចេញមិនទាន់បានប៉ុន្មានផង ក៏ត្រូវធ្វើឲ្យគ្រប់គ្នាជ្រួញចិញ្ចើមព្រោះបានឮសំឡេងស្រែកបន្លឺឡើងពីខាងក្រៅបន្ទប់។
“អូយ”យៀកហ្វី ស្រែកឡើងដោយការឈឺចាប់ ពេលត្រូវអ្នកកំលោះកញ្ឆក់ឲ្យចូលមករកខ្លួនមួយទំហឹង ដៃរឹងមាំឱបរឹតរាងកាយតូចណែនដៃ អារម្មណ៍របស់គេពេលនេះ មិនដឹងថាជាអ្វីឲ្យប្រាកដនោះទេ គេមិនបានខឹងនាងក្រមុំគ្រាន់តែអន់ចិត្តដែរនាងលាក់បាំងរឿងកូនចំពោះគេបែបនេះ។
វីល ច្របាច់ដើមដៃតូចខ្លាំងៗ តាមអារម្មណ៍របស់ខ្លួន តែហើយគេក៏ប្រញាប់បន្ធូរដៃមកវិញ ពេលដឹងដល់អារម្មណ៍ឈឺចាប់របស់នាងក្រមុំ អ្នកកំលោះលែងរាងកាយរបស់នាងក្រមុំដោយមិនស្រណោះ រាងកាយខ្ពស់សង្ហាដើរចូលទៅក្នុងឡាន ដោយមិនងាកមកមើលរាងតូចសូម្បីតែបន្តិច នាងក្រមុំបានត្រឹមតែឆ្ងល់នឹងឬកពាប្លែកៗរបស់អ្នកកំលោះ។
យៀកហ្វី ឡើងមកឡានតាមក្រោយអ្នកកំលោះ កែវភ្នែកស្រទន់ងាកមកមើលផ្ទៃមុខសង្ហាមាំ ដែលពេលនេះអ្នកកំលោះងាកទៅខាងផ្សេងហាក់មិនចង់ឃើញមុខរបស់ខ្លួន នាងមិនដឹងថាគេមានរឿងអីនោះទេ តែក៏អាចដឹងថាអ្នកំលោះ កំពុងតែមានទុក្ខកង្វល់ខ្លាំងដូចគ្នា ទោះជាមិនអាចជួយអ្វីអ្នកកំលោះបាន តែនាងក៏ចង់មានចំណែកក្នុងការលួងលោមឲ្យគេបានធូរស្បើយខ្លះដែរ តែតាមមើលទៅប្រហែលជាមិនអាចនោះទេព្រោះគេមិនត្រូវការមុនស្សស្រីដូចជានាងនោះទេ។
វីល ងាកមុខចេញសម្លឹងមើលទៅខាងក្រៅ ដោយអារម្មណ៍តានតឹងបំផុត មិនមែនគេមិនចង់មើលមុខនាងនោះទេ គ្រាន់តែគេឲ្យខ្លួនឯងស្ងប់អារម្មណ៍ខឹងមួយនេះសិនតែប៉ុណ្ណោះ គ្រប់នាទីនាងក្រមុំតែងតែសម្លឹងមើលមកគេ គេក៏ដឹងហើយក៏ដឹងថានាងកំពុងតែខ្វាយខ្វល់មិនខុសគេប៉ុន្មានដូចគ្នា។
នៅតាមផ្លូវធ្វើដំណើរ អ្នកកំលោះបន្តភាពស្ងប់ស្ងាត់របស់ខ្លួន ដោយការសម្លឹងមើលទៅខាងក្រៅ ពេលឃើញអ្នកកំលោះមិននិយាយអ្វី យៀកហ្វី ក៏បានតែស្ងៀមស្ងាត់ទៅតាមនោះដែរនៅក្នុងឡានទាំងមូល ក៏មានតែភាពស្ងប់ស្ងាត់រហូតឡានទំនើបឈប់ចតនៅពីមុខភូមិគ្រឹះរបស់អ្នកកំលោះ។
រាងកាយក្រាស់ដើរចូលមកខាងក្នុងផ្ទះ ព្រមទាំងឡើងទៅបន្ទប់គេងតែម្ដង ឫកពាសោះអង្គើយរបស់គេ ធ្វើឲ្យនាងក្រមុំអន់ចិត្តជាខ្លាំង ហើយមិនមែនតែនាងក្រមុំនោះទេ សូម្បីតែមនុស្សគ្រប់គ្នានៅក្នុងផ្ទះក៏ងឿងឆ្ងល់ដូចគ្នា នាងក្រមុំដើរចូលមកក្នុងបន្ទប់គេងតាមអ្នកកំលោះ កែវភ្នែកតូចសម្លឹងរកមើលអ្នកកំលោះតែក៏មិនបានឃើញរាងក្រាស់របស់គេដូចគ្នា នាងក្រមុំសម្លឹងពេញបន្ទប់តែក៏នៅតែមិនឃើញ រហូតនាងត្រូវភ្ញាក់បន្តិចពេលបានឮសំឡេងបន្លឺឡើងពីខាងក្រោយខ្នងរបស់ខ្លួន។
ក្រឹប
ដៃរឹងមាំរបស់អ្នកកំលោះរុញទ្វារបន្ទប់បិទ ព្រមទាំងចាក់សោរបន្ទប់ ហាក់ដូចជាបន្តិចទៀតនឹងមានសង្គ្រាមកើតឡើងនៅក្នុងនេះអ៊ីចឹង វីល សម្លឹងមើលទៅរាងតូចចំពោះមុខ ដោយក្រសែភ្នែកកាចរាងកាយរឹងមាំដើរមករកនាងក្រមុំដោយកាយវិការដាក់សម្ពាធ។ ចំណែកនាងក្រមុំក៏បានតែដើរថយក្រោយយ៉ាងប្រុងប្រយ័ត្ន នាងមិនដឹងថាពេលនេះអ្នកកំលោះ កំពុងតែមានរឿងអ្វីនោះទេ តែឫកពារបស់អ្នកម្ខាងទឿតនាពេលនេះធ្វើ ឲ្យនាងខ្លាចខ្លាំងណាស់ គេសម្លឹងមើលមកនាង ហាក់ដូចជាចង់ស៊ីនាងទាំងរស់អ៊ីចឹង នាងក្រមុំកាន់តែភ័យញ័រខ្លួន ពេលអ្នកកំលោះមិនព្រមនិយាយអ្វី គិតតែពីដើរមករកនាងព្រមទាំងសម្លឹងមើលនាងមិនដាក់ភ្នែក។
“លោ... លោក មានរឿងអីមែនទេ”ព្រោះមិនដឹងថាត្រូវ គេចពីអ្នកម្ខាងទៀតបែបណា ទើបរាងតូចព្យាយាមសួរនាំហេតុផលរបស់គេ ក្រែងលោខ្លួនអាចជួយអ្វីដល់អ្នកកំលោះបានខ្លះ។
តែគ្រប់យ៉ាងក៏ខុសពីការគិតរបស់នាង ព្រោះមិនត្រឹមគេមិនឆ្លើយតបនាងនោះទេថែមទាំងដើរមកកាន់តែកៀកនាងលើសដើម ជើងតូចដើរថយក្រោយរហូតអស់ផ្លូវដើរ ជើងតូចថយទៅប៉ះនឹងគ្រែហើយក៏អុកគូថអង្គុយចុះលើគ្រែមួយទំហឹង ដៃតូចលើកមកអង្អែលពោះរបស់ខ្លួន ព្រោះខា្លចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
“លោក វីល និយាយអ្វីខ្លះបានទេកាយវិការរបស់លោកនាពេលនេះធ្វើឲ្យខ្ញុំខ្លាចណាស់”នាងក្រមុំប្រាប់ពីអារម្មណ៍របស់ខ្លួនដល់អ្នកកំលោះ ត្រូវហើយព្រោះពេលនេះនាងពិតជាខ្លាចគេខ្លាំងណាស់ យៀកហ្វី អង្គុយស្ងៀមសម្លឹងមើលទៅផ្ទៃមុខមាំសង្ហា ហើយមិនយូរប៉ុន្មានសំឡេងរឹងមាំដែលនាងចង់ឮក៏បន្លឺចេញមក ដែលធ្វើឲ្យនាងទៅជាគាំងនឹងសម្ដីរបស់គេ។
“ហ៊ឹស ខ្លាចចឹងហេស មិនបាច់បារម្ភទេ យ៉ាងណាក៏ខ្ញុំមិនសម្លាប់នាងដែរ ព្រោះ..”វីល បញ្ឈប់សម្ដីរបស់ខ្លួន កែវភ្នែកមុតស្រួចក៏សម្លឹងមើលមកក្បាលពោះរបស់នាងក្រមុំ ដែលធ្វើឲ្យមុខតូចទៅស្លេកស្លាំងក្នុងចិត្តក៏ចាប់មានអារម្មណ៍មិនស្រួលកើតឡើង។
យៀកហ្វី ព្យាយាមមិនបញ្ចេញប្រតិកម្មអ្វី ព្រោះមិនចង់ឲ្យអ្នកកំលោះសង្ស័យកាន់តែខ្លាំងជាងនេះ តែនាងមិនបានដឹងទេថាអ្នកកំលោះបានដឹងរឿងរបស់នាងអស់ទៅហើយ វីល ឱនមកកាន់តែជិតនាងក្រមុំ ព្រមទាំងខ្សឹបសំឡេងស្រាលក្បែរត្រចៀកតូច តែជាសំឡេងដែលធ្វើឲ្យនាងក្រមុំទៅជាស្លេកមុខកាន់តែខ្លាំងលើសដើម។
“ព្រោះអ្វីនាងដឹងទេ? ព្រោះតំណក់ឈាមរបស់ខ្ញុំ កំពុងតែនៅក្នុងពោះរបស់នាងនោះអី”មិននិយាយតែមាត់ ដៃរឹងមាំនៅលើមកស្ទាបពោះរបស់នាងក្រមុំ ដើម្បីបញ្ជាក់ការពិតដល់នាង ថាគ្រប់យ៉ាងមិនអាចលាក់បាំងពីគេបាននោះទេ។
យៀកហ្វី ស្ងៀមទ្រឹងនាងមិនដឹងថាគួរនិយាយអ្វីនោះទេ មិនមែននោះទេ ពេលនេះនាងមានអារម្មណ៍ថាគ្រប់យ៉ាង ហាក់កំពុងតែត្រូវរលាយចំពោះមុខ កែវភ្នែកតូចសម្លឹងមើលទៅអ្នកកំលោះ រាងកាយទាំងមូលក៏ទៅជាញ័រទទ្រើតទាំងញាប់ញ័រ ស្រៀវស្រើប ពេលត្រូវអ្នកកំលោះអង្អែលត្រង់ក្បាលពោះរបស់ខ្លួន ហើយនៅពេលនេះឯងទើបនាងបានដឹងថាដែលអ្នកកំលោះទៅជាខឹងដោយគ្មានមូលហេតុនោះព្រោះអ្វី? គឺព្រោះបានដឹងការពិតនេះឯង ការពិតដែលនាងព្យាយាមលាក់បាំងពីគេ។
“លោ..លោកដឹង អូយ”ដៃដែលអង្អែលពោះ របស់នាងមុននេះក៏លើកមកច្របាច់ដើមដៃរបស់នាងខ្លាំងៗ ដោយការខឹងសម្បារ យៀកហ្វី ប្រឹងទប់ការឈឺចាប់របស់ខ្លួនឡើងក្រហមមុខទៅហើយ នាងចង់ដឹងណាស់ថាគេដឹងរឿងនេះបានដោយរបៀបណា នាងដឹងថាខ្លួនខុសៗដែលលាក់បាំងរឿងនេះចំពោះគេ តែគេក៏មិនគួរខឹងនាងដល់ថ្នាក់នេះដែរក្រែងគេក៏មិនត្រូវការកូនមួយនេះដូចគ្នាមិនចឹងឬ។
“គិតថាលាក់បាំងការពិតនឹងខ្ញុំហើយ ខ្ញុំមិនអាចដឹងឬ រាល់ថ្ងៃនាងចាត់ទុកខ្ញុំជាអី យៀកហ្វី គិតថាខ្ញុំល្ងង់ឬយ៉ាងម៉េច”
“ហ៊ឹក ខ្ញុំមិនដែរគិតបែបនោះទេ ហើយខ្ញុំក៏គ្មានចេតនាលាក់បាំងរឿងនេះនឹងលោកដូចគ្នា ហ៊ឹក”យៀកហ្វី ស្រក់ទឹកភ្នែកយ៉ាងគួរឲ្យអាណិត ពេលនេះឲ្យនាងធ្វើយ៉ាងណា ទើបគេព្រមជឿសម្ដីរបស់នាង តែមើលទៅដូចគ្នាគ្មានប្រយោជន៍នោះទេ ព្រោះពេលនេះក្រៅពីកំហឹង អ្នកកំលោះមិនព្រមស្ដាប់អ្វីទាំងអស់។
“មិនបានលាក់បាំង តែក៏មិននិយាយការពិត”វីល និយាយតែប៉ុណ្ណឹងក៏ទាញអ្វីម្យ៉ាងចេញពីហោប៉ៅខោរបស់ខ្លួន ព្រមទាំងចុចបើកឲ្យនាងក្រមុំបានស្ដាប់ជាមួយគ្នា កែវភ្នែកតូចបើកឡើងធំៗពេលបានឮសំឡេងរបស់ខ្លួន សំឡេងរបស់នាងមិនមែនជារឿងសំខាន់នោះទេ ដែរសំខាន់គឺសម្ដីសន្ទនារបស់នាងទៅវិញទេ។
“ហ៊ឹកៗ សូមអង្វរអ្នកនាងកុំប្រាប់រឿងនេះដល់អ្នកណាបានទេ ជាពិសេសលោក វីល្លៀម”
“ហេតុអី អ្នកនាងអាចប្រាប់ខ្ញុំបានទេ”
“ហ៊ឹកៗ ខ្ញុំមិនដឹងថាគួរនិយាយបែបណាទេ តែវាចាំបាច់សម្រាប់ខ្ញុំខ្លាំងណាស់ អ្នកនាងអាចសន្យាជាមួយខ្ញុំបានទេ ថាកុំប្រាប់រឿងនេះដល់លោក វីល្លៀម”
“អូខេៗ ខ្ញុំសន្យា”
“ហ៊ឹក ខ្ញុំអរគុណអ្នកនាងខ្លាំងណាស់”
“បានហើយៗ ឈប់យំទៅយំបែបនេះពេលលោក វីល្លៀម ត្រលប់មកវិញបានឃើញអាចនឹងសង្ស័យបានណា”
“ចាស”
“ហើយនេះប៉ុន្មានខែហើយ”
“បីខែហើយ” ត្រឹមប៉ុណ្ណឹងអ្នកកំលោះក៏ចុចបិទការសន្ទនាទាំងអស់ តែក៏មិនព្រមឈប់សម្លឹងមុខតូចដូចគ្នា ដែលពេលនេះមើលទៅអ្នកចំពោះមុខគេកំពុងតែភិតភ័យនឹងនឹងអ្វីដែលគេបានឲ្យស្ដាប់មុននេះ។
ទឹកភ្នែកជាច្រើនតំណក់ ហូរកាត់ផែនថ្ពាល់របស់នាងក្រមុំ ពេលនេះនាងបានដឹងហើយថាហេតុអីអ្នកកំលោះដឹងរឿងនេះ ក៏ព្រោះគេតាមដាននាងនោះអី ហើយប្រាកដណាស់ថាកញ្ចប់ថ្នាំ ដែលនាងព្យាយាមលាក់បាំងពីគេ គេក៏បានដឹងដូចគ្នា តែនាងមិនបានដឹងដែលគេតាមដាននាងបែបនេះទេ ព្រោះគ្រប់យ៉ាងនាងជាអ្នកអ្នកខុសពិតមែន ខុសដែរជ្រើសរើសលាក់បាំងការពិតដល់គេ ហើយមើលទៅពេលនេះក៏ពិបាកនឹងបកស្រាយដូចគ្នា ព្រោះគេកំពុងតែខឹងខ្លាំងណាស់ យៀកហ្វី បានត្រឹមឱនមុខចុះសម្រក់ទឹកភ្នែក ព្រោះគ្មានពាក្យអ្វីត្រូវនិយាយជាមួយអ្នកកំលោះទៀត។
“ឮហើយមែនទេ ឮអ្វីដែលខ្លួនឯងនិយាយហើយមែនទេ យៀកហ្វី នាងចង់បកស្រាយយ៉ាងណា”មិនខ្វល់ថានាងនិយាយបែបណានោះទេ សុំត្រឹមតែនាងបកស្រាយប្រាប់ការពិតគ្រប់យ៉ាងដល់គេ គេនឹងព្រមស្ដាប់ព្រមទទួលយកទាំងអស់សុំត្រឹមតែនាងមិនគិតថាគេមិនត្រូវពួកនាងទៅគឺបានហើយ។
“ហ៊ឹកៗ ខ្ញ...ខ្ញុំក៏ចង់ប្រាប់រឿងនេះដល់លោកដូចគ្នា តែ ហ៊ឹក តែខ្ញុំគិតថាលោកមិនត្រូវការកូន មិនត្រូវការក្មេងមួយនេះ ហ៊ឹក ទើបខ្ញុំលាក់រឿងនេះជាមួយលោក ហ៊ឹកៗ ខ្ញុំសុំទោសខ្ញុំគ្មានចេតនានោះទេ ហ៊ឹកៗ”
នៅទីបំផុតអ្វីដែលគេខ្លាចបំផុត ក៏ចេញពីមាត់នាងឲ្យទាល់តែបាន គេមិននឹកស្មានថានាងក្រមុំគិតបែបនេះចំពោះគេ រាល់ថ្ងៃគេអាក្រក់ខ្លាំងដល់ថ្នាក់នេះឬ ទើបនាងមិនអាចមើលឃើញទង្វើល្ងរបស់គេសូម្បីតែបន្តិច។ ពេលនេះគេមិនដឹងថាគួរនិយាយបែបណាឲ្យនាងយល់នោះទេ គេគ្រាន់តែចង់ប្រាប់នាងថាគេត្រូវការនាង ត្រូវការកូន ត្រូវការខ្លាំងណាស់ ហើយគេក៏មិនអាចខ្វះពួកនាងក្នុងជីវិតរបស់គេបានដូចគ្នា តែតាមមើលទៅប្រហែលជាគ្មានប្រយោជន៍នោះទេ ព្រោះនាងមានគំនិតអគតិចំពោះគេបាត់ទៅហើយ វីល ព្យាយាមសម្រួលអារម្មណ៍របស់ខ្លួន ដើម្បីកុំឲ្យនិយាយស្ដីខ្លាំងណាស់ដាក់នាងក្រមុំ។
“សម្ដីរបស់ខ្ញុំមួយម៉ាត់ណា ដែលថាមិនត្រូវការកូន នាងស្ដាប់ពីអ្នកណាឮពីអ្នកណាថាខ្ញុំមិនត្រូវការ ហាស យៀកហ្វី”វីល សម្លឹងមើលរាងតូចទាំងអស់សង្ឃឹម ឃើញនាងយំគេក៏អាណិតចង់ចូលទៅជួយលួងលោម តែពេលនេះគេក៏ឈឺដូចគ្នា គេឈឺដែលនាងមិនព្រមជឿជាក់លើគេ។
“ហ៊ឹកៗ”
“ខ្ញុំប្រាប់នាងទៅចុះ ខ្ញុំមិនត្រឹមតែត្រូវការកូននៅទេ ថែមទាំងត្រូវការគេខ្លាំងទៀតផង”ហើយខ្ញុំក៏ត្រូវការនាងខ្លាំងដូចគ្នា យៀកហ្វី ចុងប្រយោគអ្នកកំលោះបានត្រឹមតែនិយាយប្រាប់នាងក្រមុំនៅក្នុងចិត្ត គេចង់ប្រាប់ពាក្យនេះដល់នាង ចង់ឲ្យនាងដឹងពីបេះដូងរបស់គេ តែគេក៏ដឹងថាពេលនេះមិនមែនជាពេលសាកសមសម្រាប់គេនិយាយរឿងនេះនោះទេ។
វីល បញ្ចប់សម្ដីរបស់ខ្លួនដោយការចាកចេញពីក្នុងបន្ទប់ ត្រឹមរាងក្រាស់លែងមាននៅក្នុងបន្ទប់ជាមួយខ្លួន នាងក្រមុំក៏យំយែកមិនឈប់ នាងសប្បាយចិត្តពេលដឹងថាគេត្រូវការកូន តែនាងក៏ឈឺចាប់ពេលដឹងថាអ្នកកំលោះមិនបានត្រូវការនាងដូចនាងត្រូវការគេ តែទោះជាឈឺចាប់យ៉ាងណានាងក្រមុំបានត្រឹមតែលាក់វាទុកនៅក្នុងចិត្តតែម្នាក់ឯង មិនអាចប្រាប់ពីអារម្មណ៍មួយនេះឲ្យអ្នកណាបានដឹងទាំងអស់ ក្រៅពីកូនតូចនៅក្នុងផ្ទៃរបស់នាងនាពេលនេះ។
“ហ៊ឹក ប៉ារបស់កូនគេមិនត្រូវម៉ាក់នោះទេ គេត្រូវការតែកូនប៉ុណ្ណោះ”ដៃតូចលើកមកអង្អែលពោះរបស់ខ្លួនដោយចិត្តសោកសៅ រាងកាយតូចផ្ដួលខ្លួនគេងនៅលើគ្រែទឹក្នែកនៅតែហូរស្រក់ចុះមកមិនដាចគ្នា នាងក្រមុំយំយែកតែម្នាក់ឯងដោយក្ដីឈឺចាប់ណែនពេញទ្រូង ដៃតូចនៅតែស្ទាបរិចៗត្រង់ពោះរបស់ខ្លួនមិនឈប់ នាងក្រមុំគិតតែពីយំមិនដឹងជាអស់ប៉ុន្មានម៉ោងហើយនោះទេ ដឹងត្រឹមតែថានាងក្រមុំយំ រហូតទាល់តែរាងកាយទាំងមូលខ្សោះអស់កម្លាំង ហើយក៏សន្លប់បាត់ស្មារតីដោយមិនដឹងខ្លួន។

វីល ត្រលប់មកបន្ទប់វិញ ជិតពាក់កណ្ដាលអាធ្រាត្រទៅហើយ ក្រោយពីចាកចេញពីនាងក្រមុំគេក៏មិនបានទៅណាឆ្ងាយ គឺនៅសម្ងំលាក់ទុក្ខសោកនៅក្នុងបន្ទប់សៀវភៅនោះឯង អ្នកកំលោះដើរចូលមកក្នុងបន្ទប់គេង ព្រមទាំងសម្លឹងមើលរាងតូច ដែលគេងលក់នៅគ្រែដោយរាងកាយអស់សភាព រាងក្រាស់ចូលមកអង្គុយក្បែរនាងក្រមុំ ដៃរឹងមាំក៏លើកមកអង្អែលផ្ទៃមុខរលោងតិចៗ ស្នាមទឹកភ្នែកលើថ្ពាល់របស់នាង ធ្វើឲ្យគេដឹងថានាងក្រមុំឆ្លងកាត់ការយំយែកយូរប៉ុនណា
“សុំទោស ខ្ញុំសុំទោស”វីល និយាយពាក្យដែលខ្លួនមិនធ្លាប់និយាយចេញមកជាលើកដំបូងប្រាប់នាងក្រមុំ តែទោះជាគេប្រឹងនិយាយយ៉ាងណាក៏អ្នកគេងលក់មិនបានឮសម្ដី ដែលស្ដាប់ទៅហាក់ស្ដាយក្រោយមួយនេះរបស់គេដែរ ម្រាមដៃរឹងមាំលើកមកអង្អែលផ្ទៃមុខតូចតិចៗ ហាក់ចង់ជូតស្នាមទឹកភ្នែកចេញពីថ្ពាល់នាងក្រមុំឲ្យអស់អ៊ីចឹង។
ដៃរឹងមាំប្ដូរពីជូតទឹកភ្នែកឲ្យនាងក្រមុំ មកជាអង្អែលត្រង់ពោះរាបស្មើរបស់នាងទៅវិញស្នាមញញឹមនៃក្ដីសុខក៏បង្ហាញលើផ្ទៃមុខមាំសង្ហា គេមិនដែរគិតទេថាការមានកូនមានក្ដីសុខបែបនេះហើយ ហើយគ្រាប់យ៉ាងកាន់មានតែមានក្ដីសុខបើជាកូនដែលកើតចេញពីមនុស្សស្រីដែលខ្លួនស្រលាញ់។
“ប៉ាស្រលាញ់កូន ម៉ាក់កូនផងដែរ ”វីល ឱនមកថើបត្រង់ក្បាលពោះរបស់នាងក្រមុំដែលពេលនេះឡើងធំជាងមុនបន្តិចហើយ ព្រោះអាល្អិតដែលមានវត្តមាននៅក្នុងនេះឯង តាមពិតទៅគេក៏ល្ងង់ដូចគ្នា នៅជាមួយគ្នារាល់ថ្ងៃតែគេបែរជាមិនចាប់អារម្មណ៍ដល់ភាពប្រែប្រួលរបស់នាងទៅវិញ។
បន្ទាប់ពីថើបរាត្រីសួស្ដីកូនតាមរយៈអ្នកម្ដាយ អ្នកកំលោះក៏ឱនមកថើបថ្ពាល់ទន់រលោងរបស់នាងក្រមុំម្ដង ស្នាមញញឹមក៏នៅតែលម្អលើផ្ទៃមុខមាំសង្ហាជាប់ គេមិនដឹងថាតទៅមុខទៀតនឹងទៅជាយ៉ាងណានោះទេ តែសុំត្រឹមតែគេមានពួកនាងនៅក្បែរ រាងកាយរបស់គេទៅ គឺគ្រប់គ្រាន់សម្រាប់គេហើយ ហើយមួយជីវិតនេះគេក៏មិនចង់បានអ្វីទៀតដែរ ព្រោះក្ដីសុខគេគឺការមានរាងតូចនឹងកូនៗនៅក្បែរ ហើយគេសង្ឃឹមថាថ្ងៃណាមួយ គ្រប់យ៉ាងនឹងក្លាយជាការពិត មិនមែនទេគ្រប់យ៉ាងច្បាស់ជាក្លាយជាការពិត ដរាបណាគេនៅមានខ្យល់ដង្ហើម គេនឹងធ្វើឲ្យជីវិតរបស់ពួកគេក្លាយជាក្ដីសុខពិតប្រាកដ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now