ភាគទី១៨

405 9 0
                                    

(ការពិតត្រូវលាតត្រដាង)


តាមដងវិថីដែលពោរពេញទៅដោយ អ្នកដំណើរទៅមកជាច្រើន នៅតាមផ្លូវពោរពេញទៅដោយភាពអ៊ូអរ ដែលកើតចេញពីភាពទេសចណ៍ជាច្រើន គ្រប់គ្នាហាក់សប្បាយរីករាយ ក្នុងការធ្វើដំណើររបស់ខ្លួន លើកលែងតែមនុស្សម្នាក់ ដែរពេលនេះកំពុងតែអង្គុយស្មុគស្មាញ នឹងរឿងការងារ។ ផ្ទៃមុខមាំសង្ហាលម្អដោយភាពតានតឹងជាប់តាំងពីចេញពីភូមិគ្រឹះ ក្នុងឡានទាំងមូលមានសភាពស្ងាត់ឈឹងហាក់គ្មានមនុស្សនៅត្រង់នោះ។ វីល សម្លឹងមើលទៅរូបភាពខាងក្រៅដោយអារម្មណ៍ទទេស្អាត កែវភ្នែវកំណាចក៏ប៉ះប្រទះ នឹងរាងកាយចំណាស់របស់អ្នកណាម្នាក់ដែរខ្លួនធ្លាប់ស្គាល់ វីល ព្យាយាមសម្លឹងជាច្រើនលើកច្រើនសារព្រោះខ្លាចថាខ្លួនមើលច្រឡំ តែហើយគេក៏ត្រូវជ្រួញជញ្ចើមពេលឃើញកន្លែងដែលអ្នកម្ខាងទៀតដើរចូលជាមន្ទីរ។
“ហេតុអីក៏គាត់មកទីនេះ” អ្នកកំលោះសួរខ្លួនឯងក្នុងចិត្ត ដោយការងឿងឆ្ងល់ ព្រោះបើតាមគេចាំបានកូនប្រុសរបស់អ្នកម្ខាងទៀត មិនបានស្នាក់នៅមន្ទីរពេទ្យនេះទេ ហើយក៏មិនគួរណាដេកយូរដល់ថ្នាក់នេះដែរ វីល កាន់តែគិតកាន់តែសង្ស័យនៅក្នុងចិត្តមិនឈប់ ទើបគេសម្រេចចិត្តថាត្រូវតែស្រាយចម្ងល់ខ្លួនឯងឲ្យបាន។
“ម៉េតទីន បត់ចូលមន្ទីរពេទ្យខាងមុខនោះទៅ”
“បាទទាន”
បន្ទាប់ពីទទួលបញ្ជារបស់ចៅហ្វាយរួច  ឡានទំនើបក៏ត្រូវបត់មកចតពី
មុខមន្ទីរពេទ្យយ៉ាងឆាប់រហ័ស ត្រឹមរថយន្តឈប់កង់ភ្លាមរាងខ្ពស់សង្ហាចុះចេញ
ពីឡានទំនើបយ៉ាងតក់ក្រហល់ អ្នកកំលោះដើរចូលមកដោយឬកពាអង់អាចមានអំណាច។ ក្រសែភ្នែកជាច្រើនគូរងាកមកសម្លឹងរាងខ្ពស់សង្ហា ត្រឹមអ្នកកំលោះដើរចូលមកក្នុងមន្ទីរពេទ្យ អ្នកកំលោះមើលឆ្វេងស្ដាំហើយក៏ដើរមកគិលានុដ្ឋាយិការដែលទទួលខុសត្រូវនៅទីនេះ។
“អត់ទោសលោក   ដេនរ៉ូ    មកសួរសុខទុក្ខអ្នកជម្ងឺនៅបន្ទប់ណាដែរ”វីល  ព្យាយាមបង្គាប់សម្លឹងរបស់ខ្លួនមិនឲ្យរឹងខ្លាំង ព្រោះខ្លាចថាធ្វើឲ្យអ្នកម្ខាងទៀតភ័យ។
“ចាស សុំចាំមួយភ្លែត”
រាងកាយក្រាស់ដើរមកតាមលេខបន្ទប់ ដែលគ្រូពេទ្យស្រីប្រាប់មុននេះ ដោយអារម្មណ៍ហេងហាងយ៉ាងចម្លែក អ្នកកំលោះបន្តដើររហូតមកដល់គោលដៅរបស់ខ្លួន ជើងរឹងមាំឈប់មួយខណៈ ពេលនេះគេមិនដឹងថាគួរចូលឬក៏អត់នោះទេ តែគេពិតជាចង់ដឹងណាស់ថាអ្នកខាងក្នុងនោះជាអ្នកណា គេចាប់មានអារម្មណ៍ថាគ្រប់គ្នាហាក់ប្លែកខុសពីធម្មតា ក្នុងនាមជាគ្រួសារតែមួយកូនស្រីបាត់ខ្លួនមួយទាំងមូលបែរជាមិនអើពើ កូនប្រុសក៏ទំនេរដើរទៅញ៉ែប្រពន្ធគេរាល់ថ្ងៃ ចំណែកឪពុកបែរជាមកមើលអ្នកណាក៏មិនដឹង ម្នាក់ៗបែរជាមានអារម្មណ៍ធម្មតាហាក់មិនបានខ្វល់ខ្វាយពីកូនស្រីសូម្បីតែបន្តិច។
វីល ឈរគិតមួយសន្ទុះមុននឹងដៃរឹងមាំ ចាប់បើកទ្វារបន្ទប់ចូលមក កែវភ្នែកមុខស្រួចសម្លឹងមើលទៅក្នុងបន្ទប់ អ្នកកំលោះគាំងនិយាយអ្វីមិនចេញពេលបានឃើញអ្នកជម្ងឺនៅចំពោះមុខ កែវភ្នែកកំណាចមុននេះក៏ប្រែទៅជាទទេស្អាតរាងកាយឈរស្ងៀម មួយកន្លែងមិនព្រមកម្រើកទៅណាទាំងអស់ មិនមែនគេមិនកម្រើកនោះទេ តែពេលនេះគេមិនអាចបញ្ជារាងកាយរបស់ខ្លួនឯងបាននោះទេ ព្រោះហេតុផលអ្វីគេក៏មិនដឹងដូចគ្នា។ វីល សម្លឹងមើលរាងកាយតូចដែលបាត់ខ្លួនជាយូរ នាងក្រមុំជាធម្មតាមានរាងកាយតូចណាស់ទៅហើយ ហើយពេលនេះគឺកាន់តែតូចជាងមុនទៅទៀត ផ្ទៃមុខស្លេកស្លាំង រាងកាយស្គមស្គាំង នៅមានក្បាលដែលពាក់មួកនោះទៀត បើគេទាញមិនខុសនាងក្រមុំប្រហែលជាគ្មានសក់ដែលស្រស់ស្អាតដូចមុននោះទេ។
មិនមែនមានតែអ្នកកំលោះនោះទេដែលភ្ញាក់ផ្អើល សូម្បីតែឪពុកកូនទាំងពីរក៏ភ្ញាក់ផ្អើលមិនខុសពីពួកគេប៉ុន្មានដែរ ដេស៊ី នៅស្ងៀមទ្រឹង តែទឹកភ្នែកក៏ស្រក់ចុះមកមួយតំណក់ហើយមួយតំណក់ទៀតមិនដាច់គ្នា នាងដឹងថាថ្ងៃណាមួយគេនឹងដឹងរឿងគ្រប់យ៉ាង តែមិនគិតថាវាឆាប់រហ័សយ៉ាងនេះនោះទេ។
នាងមិនចង់ឲ្យគេមកឃើញសភាពរបស់នាងនាពេលនេះនោះទេ រូបរាងកាយដែលខុសប្លែក អាក្រក់ដែលមិនអាចទទួលយកបាន សូម្បីតែនាងខ្លួនឯងក៏នាងមិនហ៊ានសម្លឹងខ្លួនឯងនៅក្នុងកញ្ចក់ផង ហើយពេលនេះត្រូវមកឲ្យ អ្នកកំលោះបានឃើញបែបនេះ តើឲ្យនាងធ្វើយ៉ាងណា នាងត្រូវធ្វើយ៉ាងទៅ។
“ដេស៊ី”វីល    ហៅឈ្មោះនាងក្រមុំថ្នមដោយការស្លុតចិត្ត    គេមិននឹកស្មានថាខានជួបនាងក្រមុំតែប៉ុន្មានខែ នាងប្រែប្រួលខ្លាំងដល់ថ្នាក់នេះ ពេលនេះគេមិនដឹងថាត្រូវនិយាយបែបណានោះទេដឹងត្រឹមតែថាគេអាណិតនាងក្រមុំ ចង់នាំនាងចេញពីភាពសោកសៅមួយនេះ ចង់ជួយអ្វីឲ្យនាងអាចសប្បាយចិត្តបានខ្លះតែមើលទៅពេលនេះគ្រប់យ៉ាងហួសពេលបាត់ទៅហើយ គ្រប់យ៉ាងគេមិនអាស្រោចស្រង់អ្វីបានទាំងអស់។
“ហ៊ឹកៗ បងចេញទៅ ខ្ញុំមិនចង់ជួបមុខបងទេ ហ៊ឹក បងចេញទៅខ្ញុំស្អប់បងណាស់”ដៃគ្មានកម្លាំងទាញក្នើយមកគប់ អ្នកកំលោះដែលកំពុងតែដើរមករកខ្លួន នាងក្រមុំរើកញ្រ្ជោល សឹងតែធ្លាក់ពីលើគ្រែទៅហើយ ធ្វើឲ្យគ្រប់គ្នាភ័យស្លន់ស្លោរ ព្រោះខ្លាចធ្វើឲ្យប៉ះពាល់ដល់ជម្ងឺរបស់នាងកាន់តែខ្លាំង។
“កូនស្រី”
“ដេស៊ី”វីល រត់មកឱបរាងកាយតូច ដោយការព្រួយបារម្ភអ្នកកំលោះប្រឹងអស់ពីសមត្ថភាពឱបរាងស្ដើងឲ្យនៅក្នុងរង្វង់ដៃរបស់ខ្លួន រាងកាយតូចរបស់នាងក្រមុំនៅស្ងៀមទឹកភ្នែកហូរសស្រាក់ អ្នកកំលោះអង្អែលខ្នងរបស់នាងក្រមុំដើម្បីលួងលោមឲ្យនាងបានស្ងប់អារម្មណ៍ជាងនេះ។
វីល ឱនមើលនារីក្នុងរង្វង់ដៃ ដោយក្ដីអាណិតស្រលាញ់ តែមិនមែនក្នុងន័យស្នេហានោះទេ ព្រោះក្នុងបេះដូងរបស់គេ មានតែមនុស្សស្រីម្នាក់ប៉ុណ្ណោះ មិនមែនទេគឺតាំងពីដើមមកបេះដូងរបស់គេ មានតែនារីម្នាក់មិនដែរប្រែប្រួលនោះទេ ក្រៅពីសំឡេងយំយែករបស់នាងក្រមុំក្នុងបន្ទប់ មានតែភាពស្ងប់ស្ងាត់ មនុស្សចំណាស់ដែលនៅក្បែរនោះ ក៏បានតែសម្លឹងមើលកូនស្រីដោយក្ដីអាណិត។
“តាមមើលពួកកូន មានរឿងត្រូវនិយាយគ្នាច្រើនណាស់ ចឹងប៉ាទៅសិនហើយ មិនចង់រំខានពួកកូននោះទេ និយាយគ្នាតាមសម្រួលណា”ដៃជ្រីវជ្រួញលើកមកអង្អែលផ្ទៃមុខកូនស្រី មុននឹងញញឹមស្រស់ដាក់អ្នកកំលោះហើយក៏ដើរចាកចេញទៅ ព្រោះមិនចង់រំខានពេលរបស់ពួកគេទាំងពីរ យ៉ាងណារឿងក៏មកដល់ដំណាក់កាលនេះទៅហើយ គាត់មានតែបណ្ដោយតាមដំណើររឿងទៅចុះទោះជាលាក់បាំងអ្វីទៀតក៏មិនបានដែរ។
វីល អង្គុយចុះនៅកៅអីក្បែរអ្នកជម្ងឺ ក្រៅពីសម្លឹងមើលផ្ទៃមុខស្គមស្គាំងរបស់នាងក្រមុំអ្វីក៏គេមិននិយាយសូម្បីតែមួយម៉ាត់ ដៃរឹងមាំចាប់កាន់ដៃតូចយ៉ាងណែនហាក់ចង់ផ្ដល់កម្លាំងចិត្ត ឲ្យនាងក្រមុំតាមរយៈកាយវិការរបស់ខ្លួន។ ដេស៊ី គិតតែពីឈ្ងោកមុខចុះ ពេលត្រូវអ្នកចំពោះមុខ សម្លឹងមើលមកខ្លួនមិនដាក់ភ្នែកបែបនេះ នាងមិនដឹងថាគេនៅមានអារម្មណ៍បែបណាចំពោះខ្លួននោះទេ តែបើគេនៅតែស្រលាញ់នាងនោះ យៀកហ្វី ច្បាស់ជាខូចចិត្តជាមិនខាន។
ទោះជានាងស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ តែវេលាសម្រាប់នាងនៅលើលោកមួយនេះក៏ជិតអស់ទៅហើយដែរ ដូច្នេះនាងមិនចង់ឃើញអ្នកកំលោះនៅត្រាំត្រែងនឹងនាងបែបនេះទេ នាងចង់ឃើញគេមានក្ដីសុខហើយអ្នកដែលអាចឲ្យគេមានក្ដីសុខបានគឺ យៀកហ្វី មិត្តសម្លាញ់របស់នាង។
“តើការពិតបែបណាឲ្យប្រាកដ អូនអាចប្រាប់បងបានទេ”គេមិនជឿថាគ្រប់យ៉ាងគ្មានអាថ៌កំបាំងនោះទេ ហើយគេក៏ជឿថារឿងរបស់នាងក្រមុំក៏ពាក់ព័ន្ធនឹងរឿងយប់នោះដូចគ្នា តែគេមិនខ្វល់ថារឿងនោះយ៉ាង គេគ្រាន់តែចង់ដឹងថាតើអ្នកណាជាអ្នកពាក់ព័ន្ធក្នុងរឿងនេះឲ្យប្រាកដ គេចង់ដឹងការពិតគ្រប់យ៉ាងឲ្យបាន ហើយក៏អាចធ្វើឲ្យគេកាន់តែច្បាស់ពីបេះដូងរបស់ខ្លួនឯងជាងនេះ។
នាងក្រមុំងើយសម្លឹងមើលមកគេ ទឹកភ្នែកដែរស្ងួតមុននេះ ក៏ចាប់ផ្ដើមស្រក់ចុះមកម្ដងទៀត រាងតូចសម្លឹងមើលទៅអ្នកកំលោះ ឆ្លាស់គ្នានឹងដៃខ្លួនឯង ដេស៊ី ហាក់ស្ទាក់ស្ទើរមួយសន្ទុះ ព្រោះមិនដឹងថាត្រូវនិយាយបែបណាទើបល្អ គ្រប់យ៉ាងបានដើរមកដល់ដំណាក់កាលនេះទៅហើយ ចឹងនាងក៏មានតែប្រាប់ការពិតដល់គេ ព្រោះទោះយ៉ាងណាក៏នាង មិនអាចលាក់ការពិតបានតទៅទៀតដែរ។
“សន្យាបានទេ ថាពេលដែលអូនប្រាប់ការពិតដល់បងហើយ បងនឹងមិនខឹងអូន យៀកហ្វី ផងដែរ”ដេស៊ី មិនព្រមនិយាយភ្លាមៗ ព្រោះចង់ឲ្យប្រាកដចិត្តចំពោះអ្នកកំលោះសិន នាងនៅតែសម្លឹងមុខគេស្របពេលអ្នកកំលោះមិនបាននិយាយអ្វីហាក់កំពុងតែពិចារណា។
វីល អង្គុយស្ងៀមទ្រឹងត្រឹមពេលបានឮឈ្មោះនាងក្រមុំ ចេញពីមាត់នារីចំពោះមុខ ធ្វើឲ្យក្ដីសង្ឃឹមគេទាំងប៉ុន្មានត្រូវរលាយសូន្យ កែវភ្នែករឹងកំព្រឹសសម្លឹងមើលទៅអ្នកជម្ងឺ មុននឹងងក់ក្បាលយល់ ទោះយ៉ាងណាក៏ដោយមិនថាអ្នកណាធ្វើ អ្នកណារួមចំណែកគេក៏ព្រមទទួលទាំងអស់ សុំត្រឹមតែបានដឹងការពិតទៅគឺបានហើយ។
“បងសន្យា”
“គឺចាប់តាំងពីថ្ងៃ ដែលយើងស្រលាញ់គ្នា អូនមិនដែលចង់បាត់បង់បងនោះទេ អូនខ្លាចបំផុតគឺបាត់បង់បង អូនតែងតែធ្វើគ្រប់យ៉ាង ដើម្បីនៅក្បែរបង ហ៊ឹក តែនៅថ្ងៃដែលអូនទទួលដឹងថា ខ្លួនមិនអាចរស់បានតទៅទៀត ហ៊ឹក អូនគិតអ្វីមិនចេញនោះទេ ដឹងត្រឹមតែថាចង់ឃើញមនុស្សដែលអូនស្រលាញ់មានក្ដីសុខតែប៉ុណ្ណោះ ហ៊ឹក”
“ចុះរឿងនៅយប់នោះ យប់នោះមានអីកើតឡើងចំពោះបងនឹង យៀកហ្វី”
“ហ៊ឹក យប់នោះរឿងទាំងអស់អូនជាអ្នករៀបចំ ហ៊ឹក គ្មានពាក់ព័ន្ធនឹង យៀកហ្វី នោះទេ” ពេលបានស្ដាប់ការបកស្រាយរបស់នាងក្រមុំ អ្នកកំលោះក៏នៅស្ងៀមទ្រឹង អារម្មណ៍របស់គេពេលនេះមិនដឹងថាសប្បាយចិត្តឬយ៉ាងណាឲ្យប្រាកដនោះទេ ដឹងត្រឹមតែថាក្នុងបេះដូងរបស់គេរីកមាឌខុសពីធម្មតា។
“ឈប់យំទៅ យំបែបនេះមិនល្អចំពោះសុខភាព អូនពេលនេះទេ”ដៃរឹងមាំលើកមកជូតទឹកភ្នែកឲ្យនាងក្រមុំដោយការលួងលោម
វីល ឱបរាងតូចក្នុងចិត្តក៏នឹកដល់នារីម្នាក់ទៀត ដែលពេលនេះកំពុងតែធ្វើអីក៏មិនដឹង អ្នកកំលោះញញឹមចេញមកបន្តិច ក៏ប្រញាប់បិទស្នាមញញឹមទៅវិញ អ្នកកំលោះឱនមកមើលរាងតូច មុននឹងទាញនាងក្រមុំឲ្យចេញពីខ្លួនបន្តិចមុននឹងញញឹមស្រទន់ដាក់នាង។
“បងដឹងការពិតហើយដូច្នេះកុំខឹងនឹង យៀកហ្វី ទៀតអី”នាងក្រមុំនៅតែជួយនិយាយឲ្យមិត្តសម្លាញ់ ក៏ព្រោះតែដឹងថាអ្នកម្ខាងទៀតមានគំនិតអគតិចំពោះមិត្តខ្លួន។
“ហ៊ឹសៗ បងមិនបានខឹងទេ”
“មិនបានខឹង តែក៏ធ្វើបាប យៀកហ្វី រហូត អេត្រូវហើយបងប្រហែលជាមិនខឹងទេ តែប្រចណ្ឌច្រើនជាង មិនចឹងបងឲ្យមនុស្សមកវ៉ៃបង ដេកូ ដេកពេទ្យឡើងច្រើនខែបែបនេះទេ”អ្នកជម្ងឺនិយាយបង្អាប់អ្នកចំពោះមុខ ដែលធ្វើឲ្យអ្នកកំលោះចាប់ផ្ដើមមានអាការអៀនជាងលើកដំបូងចេញមក។
“ត្រូវហើយចុះថ្ងៃដែរ យៀកហ្វី ចេញពីផ្ទះរបស់អូននោះ”វីល សួរអ្នក
ម្ខាងទៀតដោយការចង់ដឹង ទោះជាអ្នកម្ខាងទៀតបកស្រាយយ៉ាងណាតែអ្នកកំលោះនៅតែចង់ដឹងរឿងដែលគេនៅតែងឿងឆ្ងល់ ព្រោះគេនៅតែមិនជឿថារាងតូចរបស់គេមិនពាក់ព័ន្ធក្នុងរឿងនេះទេ។
“ថ្ងៃនោះ យៀកហ្វី បានទៅរកអូនសួរនាំរឿងគ្រប់យ៉ាង ហើយអូនក៏ប្រាប់ការពិតដល់នាង តែអូនជាអ្នកសុំនាង មិនឲ្យនិយាយការពិតប្រាប់បង”នាងក្រមុំឱនមុខចុះ ដោយការដឹងខុស ព្រោះគិតថាខ្លួនជាដើមហេតុធ្វើឲ្យគ្រប់គ្នាយល់ច្រឡំចំពោះគ្នាបែបនេះ នាងដឹងថាក្នុងទំនាក់ទំនងនេះមានរឿងស្មុគស្មាញជាច្រើន តែនាងក៏សង្ឃឹមថាក្រោយពីគ្រប់យ៉ាងបានលាតត្រដាងបញ្ហាគ្រប់យ៉ាងនឹងត្រូវបញ្ចប់ត្រឹមនេះដែរទៅចុះ។
“អូនប្រាប់ថា យៀកហ្វី ដឹងគ្រប់យ៉ាងបន្ទាប់ពីយប់នោះមែនទេ”
“ចាស”អ្នកជម្ងឺងក់ក្បាល បានយ៉ាងគួរឲ្យស្រលាញ់ ហើយក៏ធ្វើឲ្យអ្នកកំលោះញញឹមចេញមកព្រោះរំភើបចិត្តនឹងរឿងអ្វីម្យ៉ាង។
បន្ទាប់ពីនិយាយរឿងគ្រប់យ៉ាង ឲ្យអ្នកកំលោះបានស្ដាប់ ទាំងពីរនាក់ក៏អង្គុយនិយាយគ្នាលេង វីល ចិតផ្លែឈើឲ្យនាងក្រមុំ ដែលរាងតូចក៏ញញឹមយ៉ាងសប្បារីករាយ កែវភ្នែកមុតស្រួចសម្លឹងមើលនារីចំពោះមុខ ដែលញញឹមមករកខ្លួន។ ក្នុងចិត្តក៏រសាប់រសល់ ព្រោះមានរឿងក្នុងចិត្តចង់ប្រាប់នាងក្រមុំ អ្នកកម្លោះអង្គុយគិតជាយូរ ព្រោះមិនដឹងថាគួរនិយាយប្រាប់នាងឬក៏អត់ ព្រោះគេខ្លាចក្រោយពីប្រាប់ការពិតដល់នាងរួច ខ្លាចថាធ្វើឲ្យនាងពិបាកចិត្តជាងនេះ វីល សម្លឹងមើលនាងតូចម្ដងហើយម្ដងទៀត មុននឹងសម្រេចចិត្តនិយាយការពិតដល់នាង។
“ដេស៊ី បងមានរឿងក្នុងចិត្ត ដែលលាក់ទុកជាយូរមកហើយ ហើយពេលនេះក៏ចង់ប្រាប់អូនឲ្យដឹងដូចគ្នា”
“រឿងអី និយាយមកអូនចាប់ស្ដាប់”នាងក្រមុំនៅតែញញឹមស្រស់ដាក់អ្នកកំលោះ ដែលធ្វើឲ្យគេកាន់តែមានអារម្មណ៍ដឹងខុសកាន់តែខ្លាំង។
“តាំងពីដើមមក បងគិតថាខ្លួនបងស្រលាញ់អូន តែពេលនេះទើបបងដឹងថាបេះដូងរបស់បង មិនដែរមានអូននៅក្នុងនេះទេ”វីល មិនលាក់លៀមអ្វីច្រើន និយាយអ្វីដែលចង់និយាយចេញមក ជាលើកទីមួយសម្រាប់គេហើយដែលបានអារម្មណ៍ថារអៀសចិត្តចំពោះអ្នកដទៃ អ្នកកំលោះសម្លឹងមើលមុខនាងក្រមុំដែលពេលនេះនៅស្ងៀមមិននិយាយអ្វី។
នៅក្នុងបន្ទប់មានតែសភាពស្ងប់ស្ងាត់ គ្មានអ្នកណានិយាយអ្វីទាំងអស់ វីល កំពុងតែមានអារម្មណ៍ថាតានតឹង ចំពោះអ្វីដែលខ្លួននិយាយចេញទៅ ចំណែកអ្នកជម្ងឺ ពេលនេះក៏នៅស្ងៀមមិនមែននាងអន់ចិត្ត ឬខឹងអ្វីនោះទេគ្រាន់តែអារម្មណ៍របស់នាង ពេលនេះច្របូកច្របល់គិតអ្វីមិនចេញ តែនាងក៏សប្បាយចិត្តដែលអ្នកកំលោះ ដឹងពីបេះដូងរបស់ខ្លួនឯងបែបនេះ។
ព្រោះដឹងដល់ភាពស្ងៀមស្ងាត់របស់នាងក្រមុំទើប វីល សម្រេចិត្តនិយាយបន្តព្រោះទោះយ៉ាងណាគេក៏ត្រូវតែប្រាប់ការពិតដល់នាងឲ្យដឹង ព្រោះគេមិនចង់លាក់វាទៀតទេគេចង់ឲ្យអ្នកចំពោះមុខ ដឹងពីអារម្មណ៍របស់គេ មិនចង់ឲ្យនាងគិតមកលើគេតែម្ខាងទៀតទេ។
“អ្នកដែលបងស្រលាញ់គឺ...”
“យៀកហ្វី”ដេស៊ី និយាយកាត់សម្ដី អ្នកកំលោះបានយ៉ាងងាយ ហាក់ទាយដឹងពីចិត្តរបស់គេ ត្រូវហើយនាងមិនត្រឹមតែដឹងនោះទេ ថែមទាំងដឹងជាយូរមកហើយ។ វីល ងាកមកមើលនាងក្រមុំ ទាំងភ្ញាក់ផ្អើលហើយក៏ញញឹមចេញមក ពេលអ្នកចំពោះមុខញញឹមស្រស់ដាក់ខ្លួន បញ្ជាក់ថានាងក្រមុំមិនបានខឹងគេនោះទេ អារម្មណ៍ពិតឬប្រឌិតរបស់នាងក្រមុំគេអាចមើលដឹង ហើយក៏ដឹងថានាងក្រមុំកំពុងតែត្រេកអរជាមួយគេខ្លាំងប៉ុនណា។
“អូនដឹង”
“អ្នកណាមិនដឹងមានតែល្ងង់ហើយ ក្រសែភ្នែកដែលបងសម្លឹង យៀកហ្វី មិនថាចំឬក៏លួងមើល សុទ្ធតែបញ្ជាក់ពីបេះដូងរបស់បងទាំងអស់នឹង”
“សុំទោស សម្រាប់ពេលកន្លងមក”
“សុំទោសអីទៅ អូនសប្បាយចិត្តទៅវិញទេ ដែលបងដឹងបេះដូងខ្លួនឯងបែបនេះ”ដេស៊ី នៅតែរក្សាស្នាមញញឹមបានដដែល ហើយក៏ជាស្នាមញញឹមបរិសុទ្ធចេញពីចិត្ត ដែលធ្វើឲ្យអ្នកមើលញញឹមតាមបានយ៉ាងងាយ។
“ហ៊ឹសៗ តែមនុស្សល្ងង់ ដែលអូននិយាយនោះប្រហែលជាមានពិតមែនហើយ”វីល ញញឹមពេលគិតដល់មុខស្រទន់របស់អ្នកជាភរិយា គ្រប់ពេលដែលគេគិតដល់នាងក្រមុំ ស្នាមញញឹមនៅលើផ្ទៃមុខសង្ហា ក៏លេចឡើងដោយគ្មានមូលហេតុ នេះហើយដែលគេហៅថាក្ដីសុខមិនដឹងខ្លួន គឺគ្រប់ពេលគិតដល់មនុស្សជាទីស្រលាញ់គឺបែបនេះឯង រឿងទុក្ខទាំងប៉ុន្មានក៏ត្រូវរលាយអស់មួយរំពេច។
“បើនាងនៅទីនេះ មិនដឹងជាល្អប៉ុនណានោះទេ”ដេស៊ី ញញឹមបង្អាប់អ្នកកំលោះ ដែលពេលនេះបង្ហាញទឹកមុខខ្មាសអៀនជាលើកទីពីរ ឃើញអ្នកកំលោះចំពោះមុខមានក្ដីសុខនាងក៏មានក្ដីសុខដូចគ្នា។
វីល្លៀម សម្លឹងមើលមុខស្រទន់ ដែលញញឹមបិទមាត់មិនជិត ទឹកមុខដឹងខុសក៏លម្អលើផ្ទៃមុខសង្ហាម្ដងទៀត គេដឹងថាខ្លួនខុសចំពោះនាងក្រមុំខ្លាំងណាស់ តែពេលនេះគេមិនអាចជួយអ្វីនងាបាននោះទេ តែគេក៏ចង់ប៉ះប៉ូវគ្រប់យ៉ាងឲ្យនាងក្រមុំបានខ្លះមុនពេលនាងចាកចេញពីពិភពមួយនេះ ។
“ដេស៊ី ឲ្យបងសុំឳកាសមើលថែអូន ប៉ះប៉ូវសម្រាប់ពេលវេលាដែលនៅសេសសល់តើបានទេ”ទឹកមុខមាំសម្លឹងមើលនាង ដោយសង្ឃឹមថាអ្នកចំពោះមុខ យល់ព្រមតាមសំណើរបស់ខ្លួន ពេលនេះអ្វីដែលគេអាចឲ្យនាងក្រមុំបាន គឺមានតែការមើលថែលើកចុងក្រោយនៃជីវិតរបស់នាងប៉ុណ្ណោះ។
“គឺ...”ដេស៊ី និយាយមិនទាន់បាននិយាយអ្វីផង ក៏ទៅជាគាំងលែងនិយាយអ្វី ព្រោះកែវភ្នែកប្រទះនឹងរាងតូច ដែលកំពុងតែឈរនៅខាងក្រៅ នាងមិនដឹងថាអ្នកម្ខាងទៀតមកដល់តាំងពីពេលណានោះទេ តែបើតាមទឹកមុខស្រពាប់ស្រពោនរបស់នាងក្រមុំ ប្រហែលជាទើបតែមកដល់ ហើយក៏មកស្ដាប់ឮប្រយោគរបស់អ្នកកំលោះមុននេះដូចគ្នា។
វីល ឃើញរាងស្ដើងមិននិយាយអ្វី ក៏ងាកទិសដែលនាងក្រមុំសម្លឹង ហើយក៏ត្រូវភ្ញាក់ផ្អើល ពេលបានឃើញរាងតូចអ្នកជាភរិយា ឈរយ៉ាងស្ងៀមស្ងាត់នៅមាត់បន្ទប់ កែវភ្នែកបរិសុទ្ធមួយគូនោះ កំពុងតែប្រាប់គេថានាងកំពុងតែខូចចិត្តកម្រិតណា។
យៀកហ្វី មើលមកពួកគេដោយខ្សែភ្នែកទទេស្អាត អារម្មណ៍របស់នាងពេលនេះ គឺឈឺចាប់ដល់ថ្នាក់ពិបាកបរិយាយខ្លាំងណាស់ រាងតូចប្រញាប់សម្រួលទឹកមុខរបស់ខ្លួន ហើយក៏រកអ្វីមកនិយាយ ដើម្បីអាចនាំខ្លួនចេញពីរូបភាពចាក់ដោតមួយនេះ ព្រោះនាងមិនអាចនៅទីនេះបានទៀតទេនាងមិនចង់ឲ្យអ្នកណាបានឃើញ ទឹកភ្នែកនៃភាពឈឺចាប់របស់នាងនោះទេ។
“អឺ ខ្ញុំទើបតែនឹកឃើញថាភ្លេចរបស់ បន្តទៀតចុះមិនរំខានអ្នកទាំងពីរទៀតទេ”និយាយចប់ជើងតូចក៏បែរក្រោយរត់យ៉ាងលឿន ស្របពេលដៃតូចក៏លើកមកខ្ទប់មាត់របស់ខ្លួន ដើម្បីទប់ការឈឺចាប់ដែលច្រាលពេញដើមទ្រូង ទឹកភ្នែកស្រក់ចុះមកមួយតំណក់ហើយមួយតំណក់ទៀត ដោយការឈឺចាប់ នាងក្រមុំប្រឹងរត់យ៉ាងលឿន ដោយមិនខ្វល់ពីសំឡេងហៅរបស់អ្នកណាម្នាក់ ដែលកំពុងតែហៅខ្លួនពីក្រោយ។
“យៀកហ្វី យៀកហ្វី”ទាំងពីរនាក់ស្រែកហៅនាងក្រមុំ ដោយការព្រួយបារម្ភព្រោះដឹងថាអ្នកម្ខាងទៀត ច្បាស់ជាយល់ច្រឡំជាងមិនខាន ហើយបើបែបនេះច្បាស់ណាស់ថាប្រាកដជាមានរឿងធំបើមិនប្រញាប់បកស្រាយ។
“ប្រញាប់ទៅតាមលួងទៅ ក្រែងប្រពន្ធតូចចិត្ត ហ៊ឹសៗ”ដេស៊ី ឌឺដងអ្នកចំពោះមុខ ដែលពេលនេះធ្វើមុខតានតឹងចេញមក បញ្ជាក់ថាមិនដឹងត្រូវលួងប្រពន្ធដោយរបៀបណា។
“បងដឹងហើយ ពេលទំនេរបងនឹងឧស្សាហ៍មកលេង ទៅហើយប្អូនស្រី”វីល ញញឹមចេញមកមុននឹងដាច់ចិត្ត និយាយសព្វនាមថ្មីដែលខ្លួនតាំងចិត្តហៅនាងក្រមុំ ក្រោយពេលការពិតគ្រប់យ៉ាងត្រូវលាតត្រដាង អ្នកកំលោះដើរចេញទៅដោយឫកពាធម្មតា តែជំហ៊ានក៏បោះលឿនខុសពីធម្មតា បញ្ជាក់ថាកំពុងតែបារម្ភពីនាងក្រមុំយ៉ាងណា។
“ហ៊ឹស ចាសបងប្រុស យ៉ាប់ណាស់នាងល្អិតនេះ”ដេស៊ី ញញឹមពេញចិត្តនឹងសព្វនាមថ្មី ដែលអ្នកកំលោះហៅខ្លួន ចុងប្រយោគក៏មិនភ្លេចនិយាយទាំងហួសចិត្តដាក់មិត្តសម្លាញ់ ដែលតែងតែអន់ចិត្តគ្រប់រឿង ទាំងមិនទាន់បានស្ដាប់ហេតុផលពីអ្នកដទៃ។
នាងក្រមុំញញឹមហួសចិត្តនឹងគូស្វាមីភរិយាថ្មោងថ្មី ដែលម្នាក់ៗចូលចិត្តប្រកាន់គំនិតត្រូវរៀងខ្លួន ហើយបើបែបនេះតើពេលណាទើបមានក្ដីសុខដូចជាគ្រួសារអ្នកដទៃទៅ តែទោះយ៉ាងអារម្មណ៍នាងពេលនេះគឺមានក្ដីសុខខ្លាំងណាស់ ពេលអ្នកកំលោះដឹងថាបេះដូងខ្លួនឯងមានអ្នកណា ស្រលាញ់អ្នកណាឲ្យប្រាកដ។
យៀកហ្វី រត់ចេញមកទាំងទឹកភ្នែក នាងក្រមុំគិតតែពីរត់ទាំងមិនដឹងថាពេលនេះខ្លួនរត់មកដល់កន្លែងណានោះទេ ដឹងត្រឹមតែថាពេលនេះនាងមិនចង់ជួបមុខអ្នកកំលោះនោះទេ ជួបឬ តាមពិតទៅគេទៅវិញទេ ដែលមិនចង់ជួបមុខនាង។ ពេលនេះក៏ប្រហែលជាកំពុងតែមានក្ដីសុខ ជាមួយមនុស្សស្រីដែលគេស្រលាញ់ហើយមើលទៅ ដូច្នេះគេម៉េចនឹងមកបារម្ភខ្វល់ខ្វាយពីនាងនោះគ្មានផ្លូវនោះទេ នាងក្រមុំគិតដោយការខូចចិត្តទឹកភ្នែកក៏ស្រក់ចុះមក មិនខ្មាសអ្នកដំណើរតាមផ្លូវ ដែលគ្រប់គ្នាកំពុងតែសម្លឹងមើល មកដោយការងឿងឆ្ងល់ ហើយទឹកភ្នែកក៏កាន់តែស្រក់ចុះ មកមិនឈប់ពេលគិតដល់សម្ដីរបស់អ្នកកំលោះមុននេះ។
“ដេស៊ី ឲ្យបងសុំឳកាសមើលថែអូនប៉ះប៉ូវ សម្រាប់ពេលវេលាដែលនៅសេសសល់តើបានទេ”
“ហ៊ឹកៗ តួនាទីរបស់ឯងអស់ហើយ នាងល្ងង់”យៀកហ្វី ជូតទឹកភ្នែកចេញពីថ្ពាល់ទាល់តែស្ងួត ព្រមទាំងតាំងស្មារតីខ្លួនឯងមុននឹងបោះជំហ៊ានទៅមុខយឺតៗដោយភាពជឿជាក់ តែទោះជានាងប្រឹងព្យាយាមហាមចិត្តខ្លួនឯង យ៉ាងណាក៏ទឹកភ្នែករបស់នាង នៅតែស្រក់ចុះមកមិនឈប់ដដែល ទើបនាងក្រមុំលែងហាមវាតទៅទៀត បានត្រឹមបណ្ដោយទឹកភ្នែក ឲ្យហូរតាមចិត្តដែលកំពុងតែឈឺចាប់នាពេលនេះ។
វីល ដែលពីដំបូងដើរធម្មតា ពេលនេះក៏រត់ចេញមកយ៉ាងលឿន ដើម្បីឲ្យទាន់ដំណើររបស់នាងក្រមុំ តែមើលទៅគេដូចជាមកយឺតទៅហើយ ព្រោះពេលនេះទោះបីជាគេខំប្រឹងរកយ៉ាងណា ក៏នៅតែមិនឃើញនាងក្រមុំដដែល អ្នកកំលោះក្រលេកភ្នែក រកមើលរាងតូចគ្រប់ទីកន្លែង ដោយការព្រួយបារម្ភ។ ទឹកមុខក៏លម្អទៅ ដោយភាពតានតឹងជាប់លើផ្ទៃមុខសង្ហា ដែលអាចឲ្យដឹងថាពេលនេះគេកំពុងតែតានតឹងកម្រិតណា វីល ដើរទៅរកឡានដែលកូនចៅចតក្បែរនោះ ព្រមទាំងបញ្ជាឲ្យចេញដំណើរ យ៉ាងតក់ក្រហល់ ព្រោះបារម្ភពីអ្នកជាភរិយា។
“បើឃើញនឹងមិនរួចខ្លួនទេ យៀកហ្វី”វីល ស្បថចេញមកដោយការធុញទ្រាន់ លាយឡំនឹងភាពខ្វល់ខ្វាយ កែវភ្នែកក៏រេរំពៃរ៍ រកមើលរាងតូចនៅតាមផ្លូវ អ្នកកំលោះនៅតែមិនបោះបង់ឳកាស ក្នុងការរកនាងក្រមុំ ទោះបីជាពេលនេះរកមិនឃើញក៏ដោយ។
វីល សម្លឹងរកមើលឆ្វេងស្ដាំឆ្លាស់គ្នា ហើយមិនមែនមានតែគេនោះទេសូម្បីតែកូនចៅរបស់គេ ក៏តាមរករាងតូចឡើងវិលក្បុងដូចគ្នា ក្នុងចិត្តក៏នឹកព្រួយបារម្ភពីចៅហ្វាយស្រីរបស់ខ្លួន ហើយក៏នឹកអាណិត ព្រោះថាបើអ្នកកំលោះរកអ្នកម្ខាងទៀតឃើញ ប្រាកដណាស់ថានាងនឹងមិនរួចខ្លួននោះទេ ច្បាស់ជាត្រូវទោសធ្ងន់ជាមិនខាន។
កែវភ្នែកមុតស្រួចសម្លឹងតាមដងវិថី ដោយមិនហ៊ានព្រិចភ្នែកព្រោះខ្លាចមិនបានឃើញនាងក្រមុំ តែហើយមិនយូរប៉ុន្មានផ្ទៃមុខដែលតានតឹងក៏លម្អដោយស្នាមញញឹមមកជំនួសវិញ ពេលកែវភ្នែកកំណាចប្រទះឃើញរាងតូចកំពុងតែដើរសោកសៅនៅលើផ្លូវតែម្នាក់ឯងមិនបង្អង់យូរ វីល ក៏បញ្ជាឡានអោ
យឈប់ភ្លាមៗ។
ងឺត
ឡានទំនើបត្រូវជាន់ហ្វ្រាំង ឈប់ទាំងបង្ខំ ដោយកម្រោលដែលធ្វើឲ្យមនុស្សម្នានៅជុំវិញនោះ ត្រូវងាកមកមើលដោយងឿងឆ្ងល់ តែអ្នកដែលភិតភ័យខ្លាំងបំផុតនោះ គឺនាងក្រមុំនេះឯង។ ដែលពេលនេះកំពុងតែឈរភាំង ព្រោះភ័យនឹងឡានដែលមកឈប់ក្បែរ ទាំងតក់ក្រហល់បែបនេះ យៀកហ្វី ងាកសម្លឹងមើលទៅឡានទំនើបកែវភ្នែកក៏បើកធំៗពេលបានឃើញរាងខ្ពស់សង្ហាចុះចេញពីក្នុងឡានមកឈរពីមុខខ្លួន។
“លើឡាន”ដៃរឹងមាំក៏លូកមកចាប់.កដៃតូច ពេលឃើញថារាងតូចប្រឹងរត់គេចពីខ្លួនជាលើកទីពីរ គេអាចភ្លាត់ស្នៀតតែម្ដងប៉ុណ្ណោះ គ្មានលើកទីពីរសម្រាប់គេនោះទេ ហើយបើនាងចង់សាកជាមួយគេ ច្បាស់ណាស់ថានឹងមានរឿងល្អមើលជាមិនខាន។
“ខ្ញុំអាចទៅវិញ ដោយខ្លួនឯងបាន”យៀកហ្វី ប្រឹងបេះដៃចេញពីការចាប់របស់អ្នកម្ខាងទៀត តែក៏មិនបានសម្រេច ព្រោះដៃរឹងមាំចាប់ដៃនាងជាប់ជាពីស្អីទៅទៀត ពេលធ្វើអ្វីមិនបាន នាងក្រមុំក៏ងាកមកសម្លក់គេ ដោយការគ្រឺតក្នាញ់។
វីល សម្លឹងមុខនាងក្រមុំដោយការចង់ឈ្នះនាងវិញដូចគ្នា ហើយទើបតែពេលនេះឯង ទើបគេចាប់អារម្មណ៍ដឹងថា កែវភ្នែកតូចមួយគូនោះគឺខុសពីធម្មតា ដែលមិនចាំបាច់និយាយច្រើន ក៏គេអាចដឹងថានារីតូចចំពោះមុខរបស់គេទើបតែឈប់យំមុនពេល គេរកនាងឃើញនេះឯង។
ព្រោះឃើញនាងចង់ឈ្នះចាញ់នឹងខ្លួន ទើបរាងក្រាស់កញ្ជក់នាងក្រមុំ ឲ្យចូលមកក្នុងរង្វង់ដៃរបស់ខ្លួនទាំងតក់ក្រហល់ ធ្វើឲ្យអ្នកមិនបានតាំងខ្លួនដូចជា យៀកហ្វី ត្រូវជ្រមិលចូលទៅក្នុងដើមទ្រូងរបស់អ្នកកំលោះ ដោយមិនដឹងខ្លួន។ នាងក្រមុំរើបម្រាស់ក្នុងដើមទ្រូងរឹងមាំ ដោយការងរង៉ក់ នាងមិនចង់ឲ្យអ្នកកំលោះ មកប៉ះពាល់ខ្លួនប្រាណនាងនោះទេ មិនមែននាងស្អប់ខ្ពើមគេតែមកពីរាល់ពេល ដែលនាងតាំងចិត្តថាខឹងគេគឺតែមិនបានសម្រេចគ្រប់ពេល បាននៅក្បែរអ្នកកំលោះ ដូចជាពេលនេះអ៊ីចឹង ទាំងដែរមុននេះខឹងគេច្បាស់ណាស់ តែពេលនេះបែរជាលែងខឹងគេទៅវិញ ត្រឹមអ្នកម្ខាងទៀតមកតាមហៅប៉ុណ្ណឹងសោះ ចិត្តរបស់នាងក៏ទន់ល្អូកទៅហើយ។
“បើមិនព្រមទៅតាមសម្រួល ខ្ញុំនឹងរំលោភនាងនៅទីនេះ ឲ្យគ្រប់គ្នាបានឃើញជាមិនខាន”វីល និយាយគំរាមរាងស្ដើង ហើយវាក៏បានផល ពេលអ្នកព្យាយាមរើបម្រាស់មុននេះ នៅស្ងៀមមិនកម្រើកទៅណាទៀត។ អ្នកកំលោះឱនមើលរាងតូចក្នុងរង្វង់ដៃ មុននឹងញោចញញឹមបន្តិច មិនចាំយូរដៃរឹងមាំចាប់ទាញនាងក្រមុំ ឲ្យដើរមកតាមខ្លួនបានយ៉ាងងាយ ឆ្លៀតពេលដែរសាមីខ្លួនកំពុងតែភ្លឹកនឹងសម្ដីរបស់គេមុននេះ។
យៀកហ្វី ដឹងខ្លួនម្ដងទៀតពេលត្រូវអ្នកកំលោះ នាំចូលមកក្នុងឡានបាត់ទៅហើយ តែក៏មិនអាចធ្វើអ្វីបានក្រៅពីអង្គុយស្ងៀម ដោយការខឹងចិត្ត ដែលចេះតែចាញ់ប្រៀប អ្នកចំពោះមុខមិនឈប់។ យៀកហ្វី អង្គុយសម្លឹងមើលទៅខាងក្រៅកញ្ចក់ឡាន ដោយមិនខ្វល់ពីអ្នកកដែលនៅក្បែរខ្លួន នាងក្រមុំសម្លឹងភ្លឹកព្រោះមិនដឹងថាខ្លួន កំពុងតែសម្លឹងមើលអ្វីឲ្យប្រាកដ ឃើញនាងក្រមុំស្ងៀមស្ងាត់ អ្នកំលោះក៏មិននិយាយអ្វីក្រៅពីស្ងប់ស្ងៀមទៅតាមនាង តែកែវភ្នែកមុខស្រួច ក៏សម្លឹងមើលមុខស្រទន់របស់ភរិយា មិនព្រមដកភ្នែកចេញទៅណា។
“ដឹងរឿងនេះ យូរប៉ុនណាហើយ”សុខៗអ្នកកំលោះ ក៏និយាយឡើងទម្លាយភាពស្ងៀមស្ងាត់ តែក៏មិនបានធ្វើឲ្យរាងតូច ភ្ញាក់ផ្អើលសូម្បីតែបន្តិចហាក់ដឹងមុនថាអ្នកកំលោះនឹងសួរខ្លួនពីរឿងនេះដូចគ្នា។
នាងក្រមុំនៅតែបន្តនៅស្ងៀម មិនមែននាងមិនបានឮសំនួរររបស់អ្នកកំលោះនោះទេ តែនាងកំពុងតែពិចារណា ថាគួរនិយាយទៅកាន់អ្នកម្ខាងទៀតវិញរបៀបណា ព្រោះបើទោះបីជានាងនិយាយអ្វី ក៏អ្នកកំលោះមិនដែរជឿនាងដដែលនឹង ទើបរាងតូចជ្រើសរើសនិយាយកុហកអ្នកចំពោះមុខ ដែលធ្វើឲ្យអ្នកម្ខាងទៀតភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថារឿងមកដល់ដំណាក់កាលនេះទៅហើយនាងនៅតែមិនព្រមប្រាប់ការពិតដល់គេទៀត។
“ខ្ញុំដឹងយូរហើយ តែព្រោះមិនចង់ឃើញពួកលោកមានក្ដីសុខ ទើបខ្ញុំលាក់បាំងការពិត”
“ហ៊ឹសៗ នាងកុហកមិនសមនោះទេ យៀកហ្វី”វីល អស់សំណើចព្រមទាំងសើចចេញមកហាក់ចំអកឡកឡើយឲ្យរាងតូចចំពោះមុខ។
យៀកហ្វី មិននិយាយអ្វីក្រៅពីខាំមាត់ខ្លួនឯង ពេលត្រូវអ្នកកំលោះតាមទាន់ល្បិចបែបនេះ មើលទៅមិនថារឿងអ្វីនោះទេនាងគឺគ្មានថ្ងៃបានឈ្នះគេជាដាច់ខាត។
“ដេស៊ី ប្រាប់ការពិតដល់ខ្ញុំអស់ហើយ”
“បើដឹងការពិតហើយ មកសួរខ្ញុំធ្វើអីទៀត”
“ព្រោះចង់ពិសោធន៍នាង តែពេលនេះក៏ដឹងហើយ ថានាងមិនដែលស្មោះត្រង់នឹងខ្ញុំនោះទេ ស្រីប៉ិនកុហក”វីល ឌឺដងរាងតូច ព្រោះខឹងនឹងនាងដែលកុហកខ្លួនទាំង គេមិនយល់ថាហេតុអីក៏នាងចូលចិត្តធ្វើអ្វីឲ្យគេយល់ច្រឡំបែបនេះ ទាំងដែលគ្រប់រឿងនាងមិនមែនជាអ្នកខុស តែក៏ចូលចិត្តរែកពន់ដាក់ខ្លួនជានិច្ច។
“ខ្ញុំគ្មានហេតុផលអី ត្រូវស្មោះត្រង់ ជាមួយមនុស្សដូចលោកទេ”យៀកហ្វី បញ្ឈឺឌឺដងអ្នកកំលោះវិញបានយ៉ាងសមចិត្ត ហើយក៏ប្រញាប់បែបមុខចេញព្រោះមិនចង់ប្រឈមមុខ ជាមួយអ្នកម្ខាងទៀតយូរជាងនេះ នាងមិនដឹងទេថាហេតុអីខ្លួនឯងហ៊ាននិយាយពាក្យបែបនេះ ទៅកាន់អ្នកកំលោះ ទាំងដែលក្នុងចិត្តមិនបានសូម្បីតែគិត ដឹងត្រឹមតែថាមួយរយៈនេះអារម្មណ៍របស់នាងឆេវឆាវខ្លាំងណាស់ហើយក៏ប្រែប្រួលខុសពីធម្មតាដូចគ្នា។
វីល សម្លឹងមើលនាងក្រមុំ ទាំងហួសចិត្តគេមិននឹកស្មានថានាងហ៊ាននិយាយពាក្យនេះចេញមក ពេលឃើញរាងតូចបែរខ្លួនចេញ អ្នកកំលោះក៏នៅស្ងៀមមិននិយាយអ្វីបន្ត សម្ដីដែលចង់និយាយទាំងប៉ុន្មាន ក៏បានត្រឹមតែលាក់ទុកនៅក្នុងចិត្តតែម្នាក់ឯង តែកុំគិតថានាងនិយាយពាក្យនេះចេញមកហើយគេព្រមដោះលែងនាងចេញពិគេដោយងាយៗនោះ ចាប់ពីពេលនេះទៅមិនថាមានរឿងអីនោះទេគេមិនព្រមដោះលែងនាងចេញពីជីវិតគេជាដាច់ខាត គេនឹងឃុំនាងទុកក្នុងរង្វង់ដៃគេអស់មួយជីវិត។ បន្ទាប់ពីអាចគេចពីការឈ្លោះគ្នាជាមួយអ្នកកកំលោះរយចមក យៀកហ្វី ក៏បានតែសម្ងំស្ងៀមមើលទៅទេសភាពខាងក្រៅរបស់ខ្លួនបន្តទៀត តែនាងក៏ភ្ញាក់ស្មារតីមកវិញពេលដឹងថាផ្លូវមួយនេះមិនមែនជាផ្លូវទៅផ្ទះ រាងតូចងាកមកសម្លឹងអ្នកកំលោះតែហើយក៏ប្រញាប់ងាកមុខចេញពេលឃើញគេកំពុងតែសម្លឹងមើលមកខ្លួន។
“នេះមិនមែនជាផ្លូវទៅផ្ទះទេ”
“ហើយយ៉ាងម៉េច”វីល មិនបានឆ្លើយតបនាងក្រមុំតែក៏ជ្រើសរើសសួរបកទៅនាងវិញ ដែលធ្វើឲ្យរាងស្ដើង ត្រូវងាកមកសម្លក់គេដោយការខឹងចិត្ត តែនេះហើយទើបជាហេតុផលរបស់គេ ព្រោះបើគេមិននិយាយបែបនេះម៉េចនឹងបានសម្លឹងមុខនាងចំម្ដងទៀតទៅ។
“ខ្ញុំចង់ទៅផ្ទះ”
“មិនបានទេ ត្រូវជូននាងទៅហើយត្រលប់មកវិញ ខាតពេលវេលាខ្លាំងណាស់ ខ្ញុំថានាងមកចាំខ្ញុំនៅក្រុមហ៊ុនក៏មិនទាស់ខុសអីដែរ”អ្នកកំលោះនិយាយឲ្យតែបានៗ ទាំងដែលការពិតគឺគេនេះឯង ជាអ្នកបញ្ជាកូនចៅឲ្យនាំមកក្រុមហ៊ុន ព្រោះគេចង់មានពេលក្បែរនាងក្រមុំ ឲ្យបានច្រើនជាងនេះនោះអី តែគេមិនបានដឹងទេថាសម្ដីមុននេះរបស់គេ ធ្វើឲ្យរាងតូចអន់ចិត្តខ្លាំងប៉ុនណា។
“សម្រាប់ឯងគេគ្មានពេលនោះទេនាង     យៀកហ្វី” រាងតូចគិតដោយ
ការខូចចិត្តតែម្នាក់ឯង ហើយក៏មិនបាននិយាយាអ្វីតទៅទៀត យៀកហ្វី រក្សាភាពស្ងៀមស្ងាត់របស់ខ្លួនបានល្អ រហូតធ្វើឲ្យអ្នកកំលោះទៅជាងឿងឆ្ងល់នឹងឫកពាប្លែកៗរបស់រាងតូចចំពោះមុខ។
“ហេតុអីមិននិយាយ”
“និយាយជាមួយខ្ញុំ ក៏ធ្វើឲ្យខាតពេលវេលាលោកដែរ អូយ”
“យៀកហ្វី”វីល កញ្ឆក់រាងតូចឲ្យចូលមករកខ្លួន មួយទំហឹងអ្នកកំលោះច្របាច់ដើមដៃតូចខ្លាំង គេមិនបានខឹងដែលនាងឌឺគេតែទឹកមុខឌឺដងរបស់នាងធ្វើឲ្យគេគ្រឺតក្នាញ់នាងទៅវិញទេ។
វីល ឱនមករករាងតូចបម្រុងនឹងថើបទៅហើយ តែឡានទំនើបក៏ចាប់ហ្វ្រាំងឈប់ មុនពេលគេបានធ្វើអ្វីនាងក្រមុំ អ្នកកំលោះរុញរាងតូចចេញពីខ្លួនដោយការសោកស្ដាយ មុននឹងរៀបចំខ្លួនឯងជាថ្មី ដើម្បីចូលទៅក្នុងក្រុមហ៊ុន តែក៏មិនភ្លេចអូសរាងតូច ដែលជាភរិយាឲ្យចូលទៅជាមួយ។
យៀកហ្វី ត្រូវអ្នកជាស្វាមីដឹកដៃចូលមកក្នុងក្រុមហ៊ុនទាំងបង្ខំ រាងតូចដើរបណ្ដើរឱនមុខចុះបណ្ដើរ ព្រោះខ្មាសនឹងក្រសែភ្នែកជាច្រើនគូ ដែលកំពុងតែសម្លឹងមើលមក នាងក្រមុំដើរបៀតខ្លួននឹងអ្នកកំលោះជាប់ ព្រោះមិនទម្លាប់នឹងការដែលត្រូវគេមើលមកបែបនេះ នេះជាលើកទីមួយសម្រាប់នាងហើយដែលបានមកក្រុមហ៊ុនជាមួយគេ តាំងពីពួកនាងរៀបការរួចមក។
កាយវិការរបស់នាងក្រមុំធ្វើឲ្យអ្នកកំលោះអស់សំណើច ដែលរាងតូចដើរអែបគេយ៉ាងជាប់ហាក់ខ្លាចអ្វីម្យ៉ាងអ៊ីចឹង មិននិយាយក៏គេអាចដឹងថានាង កំពុងតែភ័យខ្លាចនឹងក្រុមគ្នាដែលកំពុងសម្លឹងមកពួកគេ ដៃរឹងមាំប្ដូរពីចាប់មកជាឱបរាងតូចវិញម្ដង ថែមទាំងទាញនាងក្រមុំឲ្យមកកាន់តែ រាងកាយរបស់ខ្លួនថែមទៀត ហាក់ចង់បញ្ជាក់គ្រប់គ្នាថាគេមានម្ចាស់បេះដូងរួចហើយ ហើយចង់ប្រាប់ឲ្យគ្រប់គ្នាចឹងថាគ្មានអ្នកណាអាចយកនាងក្រមុំចេញពីគេបានទេ។
កាយវិការហួងហែងរបស់អ្នកកំលោះ ចំពោះនាងក្រមុំធ្វើឲ្យគ្រប់គ្នា សម្លឹងមើលមកដោយការច្រណែនរាងតូច ដែលមានស្វាមីទាំងសង្ហា ទាំងស្រលាញ់ហួងហែង ប្រពន្ធបែបនេះ។
រាងកាយតូចដើរតាមអ្នកកំលោះ ចូលមកក្នុងបន្ទប់ធ្វើការ ផ្ទៃមុខមូលក្រឡង់ទៅជាខ្មូរមួយរំពេច ខឹងចិត្តដែលមិនអាចយកឈ្នះអ្នកចំពោះមុខបាន យៀកហ្វី អង្គុយនៅលើសាឡុង ដោយមិនខ្វល់ពីម្ចាស់បន្ទប់សូម្បីតែបន្តិច ដៃតូចបើកសៀវភៅមកមើលកែការអផ្សុករបស់ខ្លួន។
“ចង់ញ៉ាំអីទេ ខ្ញុំឲ្យមនុស្សយកមកឲ្យ”វីល សួរនាំរាងតូចដោយការព្រួយបារម្ភ ព្រោះមើលទៅអ្នកម្ខាងទៀត មិនទាន់បានញ៉ាំអ្វីនៅឡើយទេ។
“ចង់ទៅផ្ទះ”យៀកហ្វី តបព្រមទាំងងាកមកសម្លឹងគេ ដោយកាយវិការឌឺដង ដែលធ្វើឲ្យអ្នកកំលោះគ្រឺតក្នាញ់ ចង់តែចាប់ប្រដៅឲ្យបានរាងចាលម្ដង តែគេក៏បានត្រឹមតែគិត តែក៏មិនព្រមចាញ់ រាងតូចដោយងាយៗដូចគ្នា ហើយប្រាកដណាស់ ថាអ្នកកំលោះក៏និយាយឌឺដងនាងក្រមុំវិញ បានយ៉ាងពេញចិត្ត។
“ផ្ទះមិនរត់ មិនបាច់ភ័យ”និយាយតែប៉ុណ្ណឹង រាងក្រាស់ក៏ឱនមុខចុះធ្វើការងាររបស់ខ្លួនបន្តទៀត ដោយធ្វើពុតជាមិនខ្វល់ពីនាងក្រមុំ រាងតូចបានត្រឹមតែសម្លឹងមុខគេ ដោយឫកពាជ្រេញឬក ហើយក៏ងាកមកអានសៀវភៅនៅក្នុងដៃរបស់ខ្លួនបន្តទៀត។
វីល អង្គុយសម្លឹងរាងតូចពីតុធ្វើការរបស់ខ្លួន យ៉ាងស្ងៀមស្ងាត់បំផុត មុននឹងញញឹមចេញមកបន្តិច ពេលឃើញអាការៈងោកងុយរបស់នាងក្រមុំឡើងមក តែគេក៏មិនបាននិយាយអ្វី ក្រៅពីរងចាំដល់រាងតូចគេងលក់ទើបដើរមករក។
“ថ្នាក់គេងបែបនេះហើយ ក៏នៅតែគួរឲ្យស្រលាញ់”វីល ញញឹមសម្លឹងនាងក្រមុំបន្តិច មុននឹងលើកបីរាងតូចអ្នកជាភរិយានៅក្នុងដៃ ជើងរឹងមាំក៏បោះជំហ៊ានសម្ដៅទៅបន្ទប់សម្រាកផ្ទាល់ខ្លួន ដែលមាននៅក្នុងបន្ទប់ធ្វើរបស់គេ អ្នកកំលោះដាក់រាងកាយតូចចុះទៅលើគ្រែ យ៉ាងថ្នមដៃបំផុត ព្រោះខ្លាចធ្វើឲ្យនាងភ្ញាក់ រាងកាយខ្ពស់សង្ហាឱនចុះ មកជំពិតថ្ពាល់ក្រហមព្រើងៗដោយការពេញចិត្ត មុននឹងបង្ខំចិត្តចេញមកធ្វើការ ដែលនៅសេសសល់របស់ខ្លួនវិញទាំងសោកស្ដាយ ព្រោះមិនចង់ដកភ្នែកចេញពីមុខស្រទន់។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now