ភាគទី២៥

429 9 0
                                    

(គ្រប់យ៉ាងបញ្ចប់ស្របពេលបាត់បង់)


“ដេស៊ី នាង..នាងស្លាប់ហើយ”ព្រោះមិនអាចលាក់បាំងការពិតនឹងនាងក្រមុំតទៅទៀត ទើបអ្នកកំលោះប្រាប់ការពិតដល់រាងតូចចំពោះមុខ។
“ហ៊ឹក លោ..លោកថាម៉េច ហ៊ឹក ដេស៊ី អត់ទេ ហ៊ឹក ដេស៊ី នាងអត់ស្លាប់ទេ ហ៊ឹក អត់ទេមិនអាចទេ ហ៊ឹកៗ”ទឹកភ្នែកជាច្រើនតណក់ស្រក់ចុះមកជាហូរហែរ ដៃតូចលូកមកចាប់អ្នកកំលោះ ដើម្បីឲ្យក្បាលតូចក៏គ្រវីមិនឈប់ មិនជឿនូវអ្វីដែលអ្នកកំលោះនិយាយមុននេះ នាងមិនអាចទទួលយកការពិតបាននោះទេ។
យៀកហ្វី យំមិនឈប់ខួរក្បាលក៏រំលឹកដល់អតីតកាល ដែលធ្លាប់មានជាមួយមិត្តសម្លាញ់ នាងក្រមុំទាំងយំទាំងស្រែក ព្រោះមិនជឿអ្វីដែលអ្នកកំលោះនិយាយមុននេះ វីល ទាញរាងតូចមកឱបជាប់ដើមទ្រូងព្រមទាំងលួងលោមនាងក្រមុំដោយក្ដីអាណិត កុំថាតែនាងក្រមុំសូម្បីតែគេពេលនេះក៏ទទួលយកមិនបានដូចគ្នា គ្រាន់តែគេជាមនុស្សប្រុសទើបរឹងមាំជាងនាងបានខ្លះ រាងតូចយំទាល់តែរាងកាយទន់ល្អូក ហើយក៏ដួលសន្លប់ តែសំណាងល្អមានដៃរឹងមាំរបស់អ្នកកំលោះត្រកងទាន់ពេល។
“យៀកហ្វី”វីល ត្រកងរាងតូចជាប់ដៃដោយការភិតភ័យ ដៃរឹងមាំដាក់រាងតូចឲ្យគេងចុះ ហើយខ្លួនក៏ដើរទៅទឹកក្ដៅអ៊ុនៗនឹងកន្សែងមកជូតខ្លួនឲ្យនាងក្រមុំ ប្រហែលមកពីនាងក្រមុំហត់នឿយ រន្ធត់ចិត្តនឹងរឿងមុននេះ ម្យ៉ាងទៀតអ្នកមានផ្ទៃពោះ  ងាយនឹងជាសន្លប់   បើសិនជាជួបរឿងរន្ធត់ចិត្តពេក
នោះ។
វីល ត្រលប់មកវិញព្រមជាមួយរបស់ដែលខ្លួនត្រូវការនៅក្នុងដៃ អ្នកកំលោះជូតសម្អាតរាងកាយតូចថ្នមៗ កែវភ្នែកកំណាចក៏សម្លឹងមើលមុខស្រទន់មិនដាក់ភ្នែកដូចគ្នា គេមិនអាចគិតបានទេថាបើសិនជាថ្ងៃណាមួយត្រូវបាត់បង់នាងក្រមុំតើគេនឹងទៅជាយ៉ាងណា? ចាប់ពីពេលនេះទៅជាសន្យាថានឹងមើលថែរាងតូចឲ្យបានល្អបំផុត នឹងមិនធ្វើឲ្យនាងឈឺចាប់ទៀតនោះទេ ព្រោះពេលនេះការឈឺចាប់របស់នាង ក៏ជាក្ដីទុក្ខវេទនាសម្រាប់គេដូចគ្នា គេនឹងថែរក្សានាងនៅក្នុងរង្វង់ដៃរបស់គេអស់មួយជីវិត នឹងមិនដោះលែងនាងជាដាច់ខាត។

ព្រឹកថ្ងៃថ្មី រាងតូចរបស់ស្រ្ដីមានផ្ទៃពោះ ព្រមជាមួយរាងកាយមាំសង្ហារបស់អ្នកកំលោះដើរចូលមកក្នុងភូមិគ្រឹះ កណ្ដាលក្រុងមួយកន្លែង ភូមិគ្រឹះទាំងមូលពោរពេញទៅដោយមនុស្សអ៊ូរអរ តែមិនមែនមកអបអរសប្បាយរីករាយអ្វីទាំងអស់ ទឹកមុខភ្ញៀវដែលបានមកចូលរួម សុទ្ធតែមានទឹកមុខស្រពាប់ស្រពោន ក្នុងផ្ទះទាំងមូលរៀបចំសម្រាប់កម្មវិធីកាន់ទុក្ខ ដល់អ្នកដែលទើបតែស្លាប់ ម្នាក់ៗមានតែភាពក្រៀមក្រំ សូម្បីតែនាងក្រមុំពេលនេះក៏ក្រៀមក្រំមិនខុសពីគ្រួសារសពប៉ុន្មានដែរ ក៏ព្រោះនាងក៏ដូចជាគ្រួសារមួយនេះដូចគ្នា។ រាងតូចចូលមកខាងក្នុងអមដោយទឹកមុខសោកសៅ កែវភ្នែកក៏សម្លឹងមើលទៅរូបថតរបស់អ្នកស្លាប់ រូបថតដែលពោរពេញដោយស្នាមញញឹម តែម្ចាស់រូបដែលលែងមានវត្តមាននៅលើលោកនេះទៀតហើយ តែទោះជាអ្នកម្ខាងទៀតលែងមានហើយក៏ដោយ តែនាងក៏នៅតែជាការចង់ចាំរបស់អ្នកគ្រប់គ្នា នៅទីនេះជានិច្ច។
“ហ៊ឹក ខ្ញុំសូមចូលរួមរំលែកទុក្ខផង អ៊ំប្រុស”ព្រោះខ្លាចនាងក្រមុំយំដល់ថ្នាក់សន្លប់ដូចកាលពីយប់មិញទៀត ទើបអ្នកកំលោះប្រញាប់ចូលមកត្រកងនាងក្រមុំនៅក្នុងរង្វង់ដៃរឹងមាំ  កែវភ្នែករឹងកំព្រឹសក៏សម្លឹងមើលនាងក្រមុំដោយ
ការព្រួយបារម្ភ។
“ដេស៊ី ទៅបានសុខហើយ កុំកើតទុក្ខច្រើនពេកអី បើនាងដឹងច្បាស់ជាមិនស្ងប់ចិត្តនោះទេ ម្យ៉ាងនាងក៏ត្រូវថែសុខភាពខ្លួនឯងដូចគ្នា”ដេកូ រៀបរាប់ប្រាប់នាងក្រមុំដោយការព្រួយបារម្ភ ទាំងដែលខ្លួនក៏កើតទុក្ខមិនខុសពីអ្នកចំពោះមុខដូខគ្នា។
រាងតូចមិនបាននិយាយអ្វីទៀត តែក៏បែរខ្លួនទៅរកមឈូសរបស់អ្នកស្លាប់ដោយមានអ្នកកំលោះត្រកងក្នុងរង្វង់ដៃជាប់មិនលែង នាងក្រមុំដើរមកឈប់ពីមុខមឈូស ព្រមទាំងសម្លឹងមើលរូបថតចំពោះមុខ មុននឹងញញឹមខ្សោះចេញមក គ្រប់យ៉ាងនៅពេលនេះហាក់បញ្ឈប់គ្រប់យ៉ាងពេលលែងមានវត្តរបស់អ្នកម្ខាងទៀត មិនមែនមានតែនាងក្រមុំនោះទេ សូម្បីតែអ្នកកំលោះក៏សោកសៅមិនខុសពីនាងដូចគ្នា រឿងហេតុកើតឡើងភ្លាមៗសឹងតែគេមិនអាចទទួលយកបានទៅហើយ។
“ហ៊ឹក សូមឯងទៅឲ្យបានសុខ បើមានជាតិក្រោយពិតមែនសូមឲ្យពួកយើងក្លាយជាមិត្តនឹងគ្នាម្ដងទៀត ហ៊ឹក ហើយសង្ឈឹមថាឯងមិនអភ័ព្វដូចជាជាតិនេះទៀតឲ្យសោះ ហ៊ឹក”ដៃតូចលើកមកអង្អែលរូបថតមិត្តសម្លាញ់ទាំងអារម្មណ៍រវើរវាយមិននៅក្នុងខ្លួន។
“សូមអូនទៅឲ្យបានសុខ បងសន្យាថានឹងមើលថែ យៀកហ្វី ឲ្យបានល្អកុំបារម្ភអី” វីល និយាយក្នុងចិត្តហាក់មិនចង់ឲ្យអ្នកណាម្នាក់បានដឹងពីរឿងក្នុងចិត្តរវាងខ្លួននឹងអ្នកស្លាប់ គេធ្លាប់សន្យាជាមួយនាងក្រមុំរួចហើយថានឹងមើល នារីនៅក្នុងរង្វង់ដៃឲ្យល្អបំផុតហើយគេក៏មិនបានធ្វើព្រោះសន្យានោះទេ តែគេធ្វើព្រោះបេះដូងរបស់គេដូចគ្នា។
តាមផ្លូវធ្វើដំណើរត្រលប់មកវិញ នៅឡានទាំងមូលមានតែសភាពស្ងប់ស្ងាត់ព្រោះគ្មានអ្នកណាម្នាក់និយាយអ្វីសូម្បីតែមួយម៉ាត់ វីល បែរមុខចេញទៅខាងក្រៅព្រមទាំងបិទភ្នែកហាក់ចង់នៅស្ងាត់ស្ងៀមតែម្នាក់ឯង ត្បិតតែគេមិនបានឃើញផ្ទៃមុខតូច នាពេលនេះតែកេក៏អាចដឹងថានាងកំពុងតែកើតទុក្ខដូចគ្នា តែដែលគេមិននិយាយអ្វីព្រោះចង់ឲ្យនាងនៅស្ងប់ស្ងាត់ខ្លះ ពេលនេះគេក៏កំពុងតែលំបាក ស្មុគស្មាញខ្លាំងមិនខុសពីនាងដូចគ្នា ព្រោះក្នុងចិត្តរបស់គេពេលនេះកំពុងតែគិតខ្វល់ខ្វាយពីរាងតូចដល់ថ្នាក់គិតអ្វីផ្សេងមិនចេញទៅហើយ។
យៀកហ្វី មិនបានងាកចេញទៅណាឆ្ងាយ គឺនាងសម្លឹងមើលផ្ទៃមុខមាំសង្ហារបស់អ្នកកំលោះនេះឯង ហើយក៏បានឃើញទឹកមុខសោកសៅលើផ្ទៃមុខមាំរបស់គេបានច្បាស់ដូចគ្នា គេប្រហែលជាកំពុងតែកើតទុក្ខព្រោះការបាត់បង់មនុស្សជាទីស្រលាញ់ ត្រូវហើយនាងដឹងថាអ្នកកំលោះនៅស្រលាញ់មិត្តរបស់នាង តែនាងក៏មិនបានខឹងដូចគ្នា ព្រោះចិត្តស្រលាញ់គឺមិនអាចហាមឃាត់បាននោះទេ ដូចជាចិត្តស្រលាញ់ដែលនាងមានជំនួសគេអ៊ីចឹង តែគួរឲ្យស្ដាយដែលគេមិនអាចស្រលាញ់នាងវិញសូម្បីតែមួយភាគរយ។
“យើងគួរតែដល់ពេលចាកចេញហើយកូនសម្លាញ់ ពេលនេះអស់តួនាទីរបស់ពួកយើងហើយ ហើយទីនេះមិនសាកសមនឹងពួកយើងដូចគ្នា ម៉ាក់នឹងនាំកូនទៅកន្លែងដែលមានតែយើងពីរនាក់ ហើយម៉ាក់សន្យាថានឹងមើលថែកូនឲ្យបានល្អ ធ្វើឲ្យកូនមានក្ដីសុខបំផុតក្នុងលោកមួយនេះ” ដៃតូចលើកមកអង្អែលពោះរបស់ខ្លួនទាំងចិត្តសោកសៅ ព្រមទាំងផ្អែកក្បាលនឹងកញ្ចក់ឡានដោយទឹកមុខសោកសៅ ទោះជានាងធ្លាប់សន្យាជាមួយមិត្តសម្លាញ់ថានឹងមើលថែអ្នកកំលោះ តែពេលនាងក៏ដឹងហើយថានាងមិនគួរនៅត្រាំត្រែងទៀតនោះទេ ទោះបីជាលោកមួយនេះលែងមានមិត្តរបស់នាងក៏អ្នកកំលោះគ្មានថ្ងៃយកភ្នែកមើលនាងដូចគ្នា ដូច្នេះនាងក៏គួរតែដល់ពេលចាកចេញដូចគ្នា ចាកចេញទៅកន្លែងដែលគ្មានអ្នកណាស្គាល់ គ្មានដឹងពីវត្តមានរបស់ពួកនាង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now