ភាគទី១៩

369 9 0
                                    

(វត្តមានជាលើកទីពីរ)


ក្នុងបន្ទប់អាហារ ដែលពោរពេញទៅដោយ ក្លិនឈ្ងុយរបស់អាហារ  សាយភាយពេញបន្ទប់ទាំងមូល អាហារទាំងអស់ត្រូវបានរៀបចំឡើងជាច្រើនមុខតែក៏សម្រាប់តែមនុស្សពីរនាក់តែប៉ុណ្ណោះ រាងក្រាស់ដើរនាំមុខអ្នកជាភរិយាចូលមកក្នុងបន្ទប់អាហារ ទឹកមាំក៏បង្ហាញនៅលើផ្ទៃមុខសង្ហាដែលពោរពេញទៅអំណាច។ រាងកាយតូចដើរមកដល់តុអាហារ ដោយទឹកមុខស្រពោនហាក់មានអ្វីដែលមិនល្អលាក់ទុក្ខនៅក្នុងចិត្ត។ យៀកហ្វី ចូលមកអង្គុយនៅតុអាហារដោយមានអ្នកកំលោះ ជាអ្នកធ្វើតួនាទីជាសុភាពបុរសឲ្យភរិយា ដៃរឹងមាំទាញកៅអីឲ្យនាងក្រមុំ បានចូលអង្គុយបានស្រួល ដោយខ្លួនចូលមកអង្គុយតាមក្រោយក្បែររាងតូច រាងតូចសម្លឹងមើលអាហារនៅលើតុ ដែលគួរឲ្យចង់ញ៉ាំនឹងមានក្លិនឈ្ងុយសម្រាប់គ្រប់គ្នា តែមិនមែនសម្រាប់នាងនោះទេ។ វីល ដួសអាហារដាក់ចូលមាត់ដោយឫកពាធម្មតា កែវភ្នែកកំណាចក៏ងាកមកសម្លឹងមើលនាងក្រមុំដែលគិតតែពីអង្គុយសម្លឹងមិនព្រមញ៉ាំអ្វីសូម្បីតែមួយម៉ាត់។
“ហេតុអីមិនព្រមញ៉ាំ មិនឃ្លានឬអាហារមិនឆ្ងាញ់”វីល សួរនាំរាងតូចចំពោះមុខ ដោយការព្រោះបារម្ភ ព្រមទាំងភ្លក់អាហារគ្រប់មុខនៅលើតុ ព្រោះមិនឃើញនាងក្រមុំប៉ះពាល់អ្វីទាំងអស់ តែគេក៏ត្រូវជ្រួញចិញ្ចើម ព្រោះអាហារសុទ្ធតែរក្សានៅរសជាតិដើម គ្មានមួយមុខដែលប្រែប្រួលនោះទេ អ្នកកំលោះសម្លឹងមុខតូច ដែលពេលនេះឈ្ងោកចុះ ដោយការខ្វល់ខ្វាយព្រោះមួយរយៈនេះរាងតូចមិនសូវញ៉ាំអ្វីទាល់តែសោះរាងកាយក៏ចុះស្គមខុសពីធម្មតាដូចគ្នា។
“គឺខ្ញុំមិនសូវឃ្លាន”
“មិនសូវឃ្លានក៏ត្រូវតែញ៉ាំដែរ បើឈឺគិតយ៉ាងម៉េច”
“ចាស”យៀកហ្វី តបទាំងឱនមុខចុះតូចចិត្តនឹងអ្នកកំលោះ ត្រូវហើយបើនាងឈឺច្បាស់ជានាំទុក្ខដល់គេជាមិនខាន ម្យ៉ាងគេក៏គ្មានពេលមកមើលថែនាងដូចគ្នា ពេលនេះពេលវេលាទាំងអស់សម្រាប់គេ គឺចំណាយទៅលើមិត្តរបស់នាងអស់ហើយ ចំណែកនាងត្រឹមជាតួជំនួសមានសិទ្ធអីទទួលបានការចាប់អារម្មណ៍ពីគេនោះ។ នាងមិនបានខឹងក៏មិនបានគុំកួនអ្នកណាទាំងអស់ នាងក៏សប្បាយចិត្ត ដែលអ្នកកំលោះមានពេលវេលាមើលថែ មិត្តរបស់នាងដែលជិតលាចាកលោកនេះហើយ នាងក៏សប្បាយចិត្តដែរពួកគេបានមើលថែនឹងពេលពេលវេលាសម្រាប់គ្នា មនុស្សទីបីដូចជានាងបានត្រឹមតែលួចអន់ចិត្តសម្លឹងមើលពីចម្ងាយតែប៉ុណ្ណោះ។
យៀកហ្វី អង្គុយមើលអាហារចំពោះមុខ ឆ្លាស់គ្នានឹងអ្នកកំលោះដែលគិតតែពីញ៉ាំមិនខ្វល់ពីនាងទៀត ដៃតូចដួសអាហារ មួយម៉ាត់ដាក់ចូលមាត់ទាំងបង្ខំ មិនមែននាងមិនឃ្លាន តែនាងញ៉ាំមិនបានទៅវិញទេ ត្រឹមអាហារមួយម៉ាត់ដំបូងចូលមកដល់ក្នុងមាត់តូច ប្រត្តិកម្មរបស់នាងក្រមុំក៏កើតឡើងមកភ្លាមៗ។ ដៃតូចលើកមកខ្ទប់មាត់របស់ខ្លួនឯងជាយថាហេតុ ពេលមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែដោលចេញមកវិញ ត្រឹមមួយម៉ាត់ដំបូងសម្រាប់អាហារ ដែលនាងញ៉ាំ រាងកាយតូចស្ទុះចេញពីតុអាហា រទាំងប្រញាប់ប្រញាល់ ធ្វើឲ្យអ្នកំលោះដែលអង្គុយក្បែរនោះទៅជាងឿងឆ្ងល់ ហើយក៏ប្រញាប់តាមទៅមើលរាងតូច។
ជើងតូចរត់យ៉ាងលឿន មកបន្ទប់ទឹកដែលនៅក្បែរនោះ ព្រោះមានអារម្មណ៍ថាគ្រប់យ៉ាងនាងទប់លែងចង់បានហើយ បើនាងហ៊ានតែយឺតយ៉ាវជាងនេះរឿងហេតុអាចនឹងកើតឡើងហួសពីការគិតក៏ថាបាន។
អ៊ួក អ៊ួក
ត្រឹមមកដល់កន្លែងគួរសម   រាងតូចក៏ឱនចុះក្អួតយកៗ   មួយទំហឹង រាងក្រមុំប្រឹងក្អួតដើម្បីឲ្យគ្រប់យ៉ាងបានចេញមក តែរាងតូចក្អួតចេញត្រឹមអាហារដែលបានញ៉ាំមុននេះប៉ុណ្ណោះ នាងក្រមុំប្រឹងក្អួត ដើម្បីឲ្យបានធូរស្រាលជាងនេះ ព្រោះពេលនេះអាការធេងធោងចង់ក្អួតរបស់នាងនៅមិនទាន់បានធូរស្បើយនៅឡើយទេ យៀកហ្វី ភ្ញាក់កន្ត្រាក់បន្តិច ពេលត្រូវដៃរឹងមាំរបស់អ្នកណាម្នាក់មកប៉ះនឹងខ្នងរបស់ខ្លួន ដែលគ្មានអ្នកណាក្រៅពីអ្នកកំលោះនោះទេ។
“យ៉ាងម៉េចហើយ”វីល រឹតខ្នងឲ្យនាងក្រមុំតិចៗ ដោយក្ដីអាណិតលាយឡំព្រួយបារម្ភ មែនហើយប៉ុន្មានថ្ងៃហើយ ដែលនាងក្រមុំញ៉ាំអ្វីមិនបាន ហើយថែមទាំងក្អួតចេញមកវិញត្រឹមបានញ៉ាំអាហារមួយម៉ាត់ដំបូង។
“លោកចេញទៅវិញសិនទៅ វាគួរឲ្យខ្ពើមណាស់”ដៃតូចលើកមករុញអ្នកកំលោះឲ្យចេញពីក្នុងនោះ ព្រោះគិតថាក្រោយពេលអ្នកកំលោះបានឃើញហើយនឹងខ្ពើម ញ៉ាំអ្វីមិនបាន ហើយនាងក៏មិនចង់ឲ្យគេ មកឃើញរឿងមិនល្អបែបនេះដែរ អាចនិយាយបានថានាងមិនចង់នាំទុក្ខ ដល់អ្នកកំលោះនោះទេ ត្រឹមគេមិនគំរោះគំរើយនឹងនាងគឺល្អទៅហើយ នាងមិនសុំអ្វីច្រើនជាងនេះនោះទេ។
“កុំរឹង”ដៃតូចដែលប្រឹងលើកមករុញអ្នកកំលោះ ក៏ត្រូវជាប់ឆ្កឹងមួយកន្លែង ដោយសារដៃអ្នកកំលោះ វីល ចាប់ដៃតូចជាប់ ព្រមទាំងសម្លឹងមើលដោយក្រសែភ្នែកកាច បញ្ជាក់ថាអ្នកគ្មានសិទ្ធមកបញ្ជាអ្វីគេទាំងអស់ ហើយក៏ប្រាប់ដល់នាងដែរ ថាគេនឹងមិនទៅណាដូចគ្នា។ យៀកហ្វី មិនបានចាប់អារម្មណ៍នឹងទឹកមុខរបស់អ្នកកំលោះតទៅទៀត ព្រោះពេលនេះអារម្មណ៍ ដែលធ្វើទុក្ខបុកម្នេញនាងក៏ត្រលប់មកទៀតហើយ រាងតូចងាកមកក្អួតម្ដងទៀតដោយមានដៃរឹងមាំជួយរឹត ដើម្បីជួយឲ្យនាងបានក្អួតស្រួលជាងនេះ ដោយគ្មានអាការខ្ពើមសូម្បីតែបន្តិច ខុសពីម្ចាស់រាងកាយ ដែលពេលនេះក្អួតបណ្ដើរក្រែងចិត្តអ្នកកំលោះបណ្ដើរ តែក៏មិនអាចហាមឃាត់គេបាន ព្រោះចរិតរបស់គេគឺបែបនេះឯងយកតែចិត្តខ្លួនឯង។
ក្រោយពីបានធូរស្រាលជាងមុន រាងតូចក៏ព្រមចេញពីបន្ទប់ទឹក ដោយមានដៃរឹងមាំចាំត្រកងជាប់ជានិច្ច គេម៉េចនឹងហ៊ានបណ្ដោយឲ្យនាងដើរដោយខ្លួនឯងបានទៅ បើមុននេះនាងក្អួតសឹងតែមិនសល់អ្វី នៅក្នុងពោះទៅហើយ ថែមទាំងរាងកាយពេលនេះ ក៏ទន់គ្មានកម្លាំងគំហែងទៀតផង បើគេមិនជួយគ្រាទេ ច្បាស់ណាស់នាងប្រាកដជាដួល ងើបទៅណាមិនបានជាមិនខាន។
“ក្អួតបែបនេះ ប៉ុន្មានថ្ងៃហើយ ខ្ញុំថាទៅពេទ្យពិនិត្យមើលទៅល្អជាង ថាមិនត្រូវនាងអាចមានកូនក៏ថាបាន”ត្រូវហើយគេមិនដឹងថា ពេលនេះនាងកំពុងតែមានកូនរបស់គេឬក៏អត់នោះទេ តែគេក៏សង្ឃឹមថាការគិតរបស់គេវាជាពិតទៅចុះ ហើយបើនាងពិតជាមានកូនរបស់គេមែន គេក៏សប្បាយហើយវាក៏អាចជាចំណងចងគេនឹងនាងក្រមុំបានមួយជីវិតដូចគ្នា តែទោះជាក្នុងចិត្តសប្បាយរីករាយយ៉ាងណា ក៏អ្នកកំលោះមិនបានបញ្ចេញអាការៈ ឲ្យនាងក្រមុំបានឃើញដែរត្រឹមគិតក្នុងចិត្តតែម្នាក់ឯង ហើយកុំសួរថាហេតុអ្វី? ព្រោះគេជាមនុស្សមាត់រឹងនេះឯង មាត់ខុសពីចិត្ត។
សម្ដីរបស់អ្នកកំលោះធ្វើឲ្យរាងតូច ដែលកំពុងតែដើរមុននេះ ក៏ទៅជាឈប់ស្ងៀមមួយកន្លែង កែវភ្នែកតូចងាកសម្លឹងមើលមកគេ ដោយការចង់ដឹង តែនាងក៏មិនបានឃើញអ្វី ក្រៅពីភាពស្មើធេង នៅលើផ្ទៃមុខមាំសង្ហារបស់គេ។ យៀកហ្វី ក៏ទៅជាស្រពាប់ស្រពោនភ្លាមៗ ព្រោះគិតថាអ្នកកំលោះមិនត្រូវការកូនរបស់នាង ឬអាចត្រូវការកូនតែមិនត្រូវការម្ដាយរបស់កូន។ ត្រូវហើយបើនាងពិតជាមានកូនរបស់គេពិតមែន តើនាងនឹងធ្វើយ៉ាងណា ចាកចេញទៅជាមួយកូនឬក៏ទ្រាំរស់នៅឈឺចាប់បន្តក្នុងជីវិតមួយនេះ បើពិតជាពិបាកជ្រើសរើសយ៉ាងនេះមែន នាងក៏សុំកុំឲ្យមានកូនរបស់គេល្អជាង ព្រោះនាងមិនចង់ឲ្យកូនកើតមកត្រូវលំបាក ដែលមានគ្រួសារដែលមិនចុះសម្រុងនឹងគ្នាបែបនេះទេ។ នាងមិនចង់ឲ្យកូនត្រូវមកឈឺចាប់ ព្រោះរឿងរបស់មនុស្សចាស់ដូចគ្នា ហើយនាងក៏មិនចង់ឃើញគេឈឺចាប់ នៅថ្ងៃណាមួយដែលនាងទ្រាំលែងបាន នឹងចាកចេញពីទីនេះ យៀកហ្វី គិតសោកសៅតែម្នាក់ឯងមុននឹងប្រញាប់សម្រួលទឹកមុខហើយក៏ងាកមកញញឹមស្រស់ដាក់អ្នកកំលោះ។
“មានកូនអីទៅ អាចមកពីខ្ញុំគេងមិនទៀតពេល ញ៉ាំអ្វីមិនសូវបាន ទើបទៅជាឈឺក្រពះក៏ថាបាន លេបថ្នាំសម្រាកបន្តិចក៏អស់អីហើយ”យៀកហ្វី ព្យាយមញញឹមស្រស់ ព្រោះមិនចង់ឲ្យអ្នកកំលោះ ដេញដោលតទៅទៀតនាងខ្លាច ខ្លាចថាបើគ្រប់យ៉ាងក្លាយជាការពិតនាងនឹងពិបាក ពិបាកក្នុងការចាកចេញពីគេ ហើយគេក៏មិនព្រមដោះលែងនាងដោយងាយៗដូចគ្នា ព្រោះអ្វី? ព្រោះនាងពពោះកូនរបស់គេនោះអី។
“ច្បាស់ហើយ”
“ចាស”
“ចឹងចាំខ្ញុំ ជូននាងទៅសម្រាកចុះ”វីល នាំរាងកាយតូចឡើងទៅបន្ទប់សម្រាកដោយការព្រួយបារម្ភ គេដឹងថាពេលនេះនាង កំពុងតែសោកសោ ទោះបីជានាងព្យាយាមញញឹមស្រស់ ឲ្យគេបានឃើញក៏ដោយ តែគ្រប់យ៉ាងក៏នៅតែបង្ហាញច្បាស់លើផ្ទៃមុខតូចដដែល ហើយព្រោះមិនចង់ផ្ដល់សម្ពាធឲ្យនាងកាន់តែច្រើនជាងនេះ ទើបអ្នកកំលោះក៏មិននិយាយអ្វីទៀតក្រៅពីយល់ព្រមតាមនាងក្រមុំ ទាំងក្នុងចិត្តក៏នៅតែសង្ស័យមិនឈប់ដដែល។
ពេលអ្នកកំលោះយល់ព្រមតាមខ្លួន មិនដេញដោលអ្វីតទៅទៀត នាងក្រមុំក៏មានអារម្មណ៍ធូរទ្រូង ច្រើនជាងមុនបន្តិច រាងតូចត្រូវអ្នកកំលោះនាំមកដល់បន្ទប់គេង ព្រមទាំងដាក់ឲ្យគេងភ្លាមៗ ព្រោះចង់នាងក្រមុំបានសម្រាកបានគ្រប់គ្រាន់ជាងនេះ ដៃរឹងមាំទាញភួយមកដណ្ដប់ដល់ដើមទ្រូងរបស់រាងតូច។ យៀកហ្វី គិតតែពីសម្លឹងមើលមុខអ្នកកំលោះ ដោយអារម្មណ៍ហេងហាង ព្រោះមើលទៅថ្ងៃនេះអ្នកកំលោះ ហាក់យកចិត្តទុកដាក់ចំពោះនាងខុសពីធម្មតា នាងក្រមុំនៅតែសម្លឹងមើលអ្នកកំលោះ មិនដាក់ភ្នែកទើបត្រូវគេស្ដីឲ្យ។
“ឆាប់គេងទៅ    នៅមើលអីទៀត”វីល    ស្ដីឲ្យនាងក្រមុំដោយស
ម្លេងកាចតែទឹកមុខក៏នៅតែស្មើធេងដដែល។
“អឺ ខ្ញុំអស់អីហើយ លោកប្រញាប់ទៅធ្វើការទៅ យឺតម៉ោងលោកច្រើនហើយ”
“ខ្ញុំនឹងទៅក្រោយនាងគេងលក់ តែកុំគិតថាខ្ញុំបារម្ភពីនាងឲ្យសោះ ដែលខ្ញុំនៅ ព្រោះចង់ឲ្យប្រាកដចិត្តថានាងលេងល្បិចឬក៏អត់តែប៉ុណ្ណោះ”
ឮសម្ដីអ្នកកំលោះ យៀកហ្វី ក៏មិននិយាយអ្វីចេញទៀត អាចឲ្យនាងនិយាយអ្វីបានទៅ នេះនាងក្អួតចំពោះមុខគេ ស្ទើរស្លាប់ស្ទើររស់ទៅហើយ គេនៅថានាងលេងល្បិចទៀត។ ប្រហែលជាទាល់តែនាងស្លាប់ចំពោះមុខគេ តែម្ដងទើបគេព្រមជឿនាងមើលទៅ នាងក្រមុំបែរខ្លួនគេចពីអ្នកកំលោះ ដោយការអន់ចិត្ត ដែលធ្វើឲ្យអ្នកមុខមាំមុននេះ ទៅជាញញឹមពេញចិត្ត បើគេមិននិយាយបែបនេះ ច្បាស់ណាស់នាងក្រមុំប្រាកដជានៅមើលមុខគេ មិនព្រមគេងនោះទេ ទាល់តែនិយាយបែបនេះទើបនាងព្រមគេង។
“ឆាប់គេងទៅ ក្រោកពីគេងចាប់ខ្ញុំឲ្យអ្នកបម្រើ រៀបចំអាហារឲ្យនាង”វីល និយាយដោយប្រយោលតែម្នាក់ឯង តែគេក៏ដឹងថានាងមិនទាន់គេងលក់ដូចគ្នា គ្រាន់តែធ្វើពុតជាគេងលក់ ព្រោះអន់ចិត្តនឹងសម្ដីរបស់គេមុននេះ។
វីល អង្គុយសម្លឹងមើលនាងក្រមុំ យ៉ាងស្ងៀមស្ងាត់ដៃរឹងមាំក៏លើកមកអង្អែលសក់នាក្រមុំថ្នមៗ កែវភ្នែករឹងកំព្រឹសក៏សម្លឹងមើលទៅពោះរាបស្មើរបស់នាងក្រមុំ មុននឹងអង្អែលត្រង់នោះតិចៗ ស្នាមញញឹមមានសុភមង្គលក៏កើតមានលើផ្ទៃមុខមាំសង្ហាដោយមិនដឹងខ្លួន។
“ប៉ាសង្ឃឹមថាកូន នឹងមកនៅជាមួយប៉ាម្ដងទៀត”វីល និយាយទាំងញញឹម រាងកាយក្រាស់នៅតែបន្តអង្គុយយាមនាងក្រមុំ ទាល់តែប្រាកដចិត្តថានាងគេងលក់ហើយ ទើបព្រមងើបចេញទៅធ្វើការ តែមុននឹងចាកចេញអ្នកកំលោះក៏មិនភ្លេចថើបបបូរមាត់ក្រហមព្រឿងៗរបស់នាងដូចគ្នា។
វីល ក៏មិនបានចេញទៅភ្លាមៗ បន្ទាប់ពីបានលួចថើបរាងតូចរួច កាយវិការរបស់គេហាក់ដូចជាមិនចង់ឃ្លាតនឹងនាងក្រមុំទាល់តែសោះ តែយ៉ាណាគេក៏ត្រូវតែធ្វើចិត្តដាច់ចាកចេញទៅដដែល ព្រោះមានការងារជាច្រើនកំពុងតែរងចាំគេ ហើយគេក៏ត្រូវប្រញាប់ជម្រះវាឲ្យរួចរាល់ដូចគ្នា ន្អាលបានចំណាយពេលវេលាដែលមានក្ដីសុខជាមួយនាងក្រមុំ គ្រប់យ៉ាងគេបានរៀបចំទុករួចហើយគ្រាន់តែរងចាំឲ្យមានឳកាសល្អ សម្រាប់ស៊ើប្រាយស៍នាងតែប៉ុណ្ណោះ ហើយគេក៏ជឿជាក់ថាវានឹងមកដល់ក្នុងពេលឆាប់នេះៗដូចគ្នា។
បន្ទាប់ពីគេងអស់ជាច្រើនម៉ោង    រាងកាយតូចក៏ភ្ញាក់ដឹងខ្លួនម្ដងទៀតនាពេលរាងរសៀលទៅហើយ នាងក្រមុំក្រោកឡើងយឺតៗ ព្រោះនៅមានអាការឈឺក្បាលតិចៗ ដែលអាចមកពីនាងគេងច្រើនពេកក៏ថាបាន កែវភ្នែកស្រទន់ងាកសម្លឹងមើលឆ្វេងស្ដាំ ដើម្បីរកមើលអ្នកណាម្នាក់មុននឹងញញឹមបន្តិចពេលដឹងថាអ្នកកំលោះមិនបាននៅក្នុងបន្ទប់នេះទៀតទេ។ យៀកហ្វី អង្គុយសញ្ចឹងគិតទាំងស្នាមញញឹមតែម្នាក់ឯងយ៉ាងភ្លើតភ្លើន ហើយនាងក៏មិនបានគិតពីអ្នកណាក្រៅពីអ្នកកំលោះដូចគ្នា តែហើតស្នាមញញឹមទាំងប៉ុន្មានក៏ត្រូវរលុបងស់ទៅវិញក្រោយនឹកដល់សម្ដីរបស់អ្នកំលោះកាលពីព្រឹកមិញ។
“ក្អួតបែបនេះប៉ុន្មានថ្ងៃហើយ ខ្ញុំថាទៅពេទ្យពិនិត្យមើលទៅល្អជាង ថាមិនត្រូវនាងអាចមានកូនក៏ថាបាន” ដៃតូចក៏លើកមកស្ទាបពោះរបស់ខ្លួនថើរៗបែបមិនទុកចិត្តប៉ុន្មាន ព្រោះជួនកាលនាងអាចកំពុងតែពពោះកូនរបស់គេដូចអ្នកកំលោះនិយាយក៏ថាបាន។
“ម៉ាក់សប្បាយចិត្តបើកូនមានវត្តមានជាមួយម៉ាក់ម្ដងទៀត តែម៉ាក់ក៏អាណិតកូនដែលកើតមកជាកូនម៉ាក់ កើតមកក្នុងគ្រួសារដែលគ្មានសុភមង្គលពេញលេញ តែបើកូនពិតជាចង់នៅជាមួយម៉ាក់ពិតមែន ម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីផ្ដល់សុភមង្គលឲ្យកូន ទោះជាលោកប៉ាមិនត្រូវការពួកយើងក៏ដោយ”យៀកហ្វី    រៀបរាប់យ៉ាងគួរឲ្យអាណិត    ស្របពេលទឹកភ្នែកមួយតំណក់ក៏
ស្រក់ចុះមកលើកខ្នងដៃសស្អាតរបស់ខ្លួន។
ក្រោយពីបណ្ដោយខ្លួនឯង ឲ្យត្រាំត្រែងនឹងទឹកភ្នែកអស់ជាច្រើននាទី នាងក្រមុំក៏ប្រញាប់ជូតទឹកភ្នែក ឲ្យស្ងួតពីថ្ពាល់របស់ខ្លួនទាំងប្រញាប់ប្រញាប់ រាងកាយតូចសម្រេចចិត្តចោះពីលើគ្រែ ព្រមទាំងរៀបចំខ្លួនដូចជាចង់ចេញទៅខាងក្រៅធ្វើរឿងអ្វីម្យ៉ាង។ យៀកហ្វី ដើរដូចរត់ចុះមកខាងក្រោមព្រមទាំងសម្ដៅទៅគោលដៅរបស់ខ្លួនតែម្ដង ដោយមិនខ្វល់ពីអ្នកណាសូម្បីតែបន្តិច ឫកពាប្រញាប់ប្រញាល់របស់នាងក្រមុំធ្វើ ឲ្យអ្នកដើរចូលមកត្រូវប្រញាប់សួរនាំរាងតូចដោយការចង់ដឹង។
“នេះអ្នកនាង គិតចង់ចេញទៅណាមែនទេ”រ៉េណា ញញឹមស្រស់ដាក់ម្ចាស់ស្រីដោយនាងក្រមុំក៏ញញឹមតបវិញ។
“អឺ ខ្ញុំចង់ចេញទៅក្រៅមួយភ្លែត”យៀកហ្វី ប្រញាប់ឆ្លើយតបយ៉ាងលឿន ព្រោះមិនចង់ឲ្យអ្នកចំពោះសង្ស័យខ្លួនច្រើន ទោះមិនបាច់និយាយក៏នាងអាចដឹងថាអ្នកម្ខាងទៀត កំពុងតែសង្ស័យនឹងឫកពាបស់នាងដូចគ្នា តែនាងក៏មិនបានខឹង ព្រោះដឹងថារាងស្ដើងចំពោះមុខ កំពុងតែបារម្ភពីខ្លួនប៉ុនណា តែឲ្យនាងធ្វើយ៉ាងណា ពេលនេះនាងមិនចង់ប្រាប់អ្វី ដល់អ្នកណាទាំងអស់ ព្រោះនេះគឺជារឿងសម្ងាត់សម្រាប់នាង តែបើដល់វេលាដែរសមរម្យនាងនឹងមិនលាក់អ្នកម្ខាងទៀតនោះទេ។
“ចឹងសុំចាំមួយភ្លែតនាងខ្ញុំសុំទៅផ្លាស់សម្លៀកបំពាក់សិន”
“អោ ហើយនេះនាងផ្លាស់ធ្វើអី”
“គឺខ្ញុំត្រូវទៅជាមួយអ្នកនាងនឹងណា”រ៉េណា ញញឹមស្រទន់ដាក់នាងក្រមុំព្រមទាំងរៀបដើរចេញ ដើម្បីផ្លាស់សម្លៀកបំពាក់តែក៏ត្រូវ យៀកហ្វី ឃាត់ដំណើរព្រមទាំងសើចតិចៗ ចេញមកនឹងឫកពាព្រួយបារម្ភរបស់អ្នកចំពោះមុខ។
“ហ៊ឹសៗ   មិនបាត់នោះទេ   ខ្ញុំទៅម្នាក់ឯងបាន”ដៃតូចចាប់ដៃអ្នកម្ខាងទៀតជាប់ ព្រមទាំងអង្អែលតិចៗ ហាក់ចង់ឲ្យអ្នកចំពោះមុខបានស្ងប់អារម្មណ៍ខ្លះ។
“មិនបានទេ”
“ត្រូវតែបាន នេះខ្ញុំធំហើយ ហើយក៏អាចមើលថែខ្លួនឯងបានដូចគ្នា គ្មានអីត្រូវឲ្យបារម្ភនោះទេ”
“តែ...”
“គ្មានតែអីទាំងអស់ ឆាប់ទៅធ្វើការរបស់នាងវិញទៅ ខ្ញុំទៅហើយ”ថាហើយ យៀកហ្វី ក៏ប្រញាប់ចាកចេញ ព្រោះមិនចង់ឲ្យអ្នកម្ខាងទៀតសួរនាំដេញដោលអ្វីខ្លួនទៀត ព្រោះនាងក៏មិនអាចឲ្យចម្លើយអ្វីបានដូចគ្នា។
រ៉េណា ឈរមើលម្ចាស់ស្រីដើរចេញទៅទាំងងឿងឆ្ងល់ នាងក្រមុំសម្លឹងមើលទាល់តែរាងស្ដើងទៅបាត់ផុតពីភ្នែក មុននឹងបែរខ្លួនត្រលប់ទៅធ្វើការរបស់ខ្លួនវិញ មុននឹងរាងតូចទៅបុកនឹងអ្នកណាម្នាក់ ដែលឈរពីក្រោយខ្នងនាងតាំងពីពេលណាក៏មិនដឹង។
“អូយ ពុទ្ធោអើយអ៊ំ លេងមកស្ងាត់ៗបែបនេះ ខ្ញុំលស់ព្រលឹងស្លាប់ហើយ”រ៉េណា លើកដៃមកស្ទាបទ្រូងខ្លួនឯងដោយការភិតភ័យ មិនឲ្យនាងភ័យយ៉ាងម៉េចបើអ្នកម្ខាងទៀត លេងមកដោយមិនប្រាប់ដំណឹងមុនបែបនេះ។
“នៅក្មេងសោះ ព្រលឹងតិចម្ល៉េះ តែថាអ្នកនាងទៅណា”ចុងប្រយោគមេការចំណាស់ក៏សួរនាំនាងក្រមុំ ដោយការចង់ដឹងមិនខុសពី អ្នកចំពោះមុខប៉ុន្មាន។
“មិនដឹងដែរអ៊ំ ឮប្រាប់ថាចង់ចេញទៅខាងក្រៅ”ដៃតូចលើកមកអេះក្បាលខ្លួនឯងបែបងឿងឆ្ងល់មិនបាត់។
“ហើយម៉េចក៏មិនទៅជាមួយអ្នកនាងឮលោក វីល្លៀម ប្រាប់ថាមិនស្រួលខ្លួនផង បណ្ដោយឲ្យទៅតែម្នាក់ឯងបែបនេះ បើអ្នកនាងមានរឿងអីច្បាស់ជាងាប់ទាំងអស់គ្នាមិនខានទេនាង”
“អោ អ៊ំគឺអ្នកនាងជាអ្នកមិនឲ្យខ្ញុំ ទៅជាមួយដោយខ្លួនឯងទេ ខ្ញុំនេះក៏បារម្ភពិគាត់ដូចគ្នា”រ៉េណា ញញឹមខ្សោះចេញមកដាក់មនុស្សចំណាស់ ត្រូវហើយមិនមែនមានតែគ្រប់គ្នានោះទេដែលបារម្ភពិនាងក្រមុំ សូម្បីតែនាងក៏បារម្ភដូចគ្នាតែនាងអាចធ្វើអ្វីបានបើអ្នកម្ខាងទៀតរឹងរូសសឹងអី។
“យើងដឹងហើយ ទៅធ្វើការរបស់នាងវិញទៅ”មនុស្សចំណាស់និយាយដេញរាងតូចបន្ទាប់ពីអស់កិច្ចការជាមួយនាងក្រមុំ ដែលរាងតូចក៏ចាកចេញទៅតាមសម្ដីបញ្ជារបស់មេការដូចគ្នា រាងកាយចំណាស់បានត្រឹមតែឈរមើលទិសដៅដែល យៀកហ្វី ចាកចេញទៅដោយអារម្មណ៍ព្រោះបារម្ភ មុននឹងចាកចេញទៅធ្វើការរបស់ខ្លួនវិញដូចគ្នា។
រាងស្ដើងចុះពីលើតាក់ស៊ី មកឈប់នៅមុខមន្ទីពេទ្យសម្ភពមួយកន្លែង នាងក្រមុំឈរសម្លឹងឈ្មោះមន្ទីរពេទ្យ ហើយក៏ដកដង្ហើមធំដោយការតានតឹង មុននឹងជើងតូចបោះជំហ៊ានចូលមកខាងក្នុង នាងក្រមុំដើរដោយឫកពាទាន់ភ្លន់ ថ្នមៗព្រោះខ្លាចរំខានដល់អ្នកដទៃ ផ្ទៃមុខតូចក៏លម្អដោយស្នាមញញឹមពេលបានឃើញ ទារកតូចៗមុខមាត់គួរឲ្យស្រលាញ់ នឹងស្ដ្រីមានផ្ទៃពោះជាច្រើនដែររងចាំពិនិត្យផ្ទៃពោះ។ យៀកហ្វី ដើរមកឈប់ពីមុខបន្ទប់ធ្វើតេស្តការមានផ្ទៃពោះ នាងក្រមុំមិនបានចូលទៅខាងក្នុងភ្លាមៗ បានត្រឹមតែឈរភ័យញ័រដៃញ័រជើងនៅខាងក្រៅបន្ទប់ បន្ទាប់ពីសម្រួលអារម្មណ៍ខ្លួនឯងបានរួចហើយ ដៃតូចក៏បើកទ្វារចូលមកខាងក្នុងបន្ទប់ដោយភិតភ័យមិនទាន់បាត់។
“សួស្ដី អ្នកម៉ាក់”អ្នកគ្រូពេទ្យរូបស្រស់ញញឹមដាក់នាងក្រមុំ ដែលធ្វើឲ្យរាងតូចញញឹមចេញមកបានធូរចេញជាងមុនខ្លះ
“ចាសសួស្ដី”យៀកហ្វី ញញឹមស្រទន់តបវិញហើយបន្ទប់ទាំងមូលក៏ប្រែទៅជាស្ងប់ស្ងាត់ពេលនាងក្រមុំមិនបាននិយាយអ្វី អ្នកកំលោះគ្រូពេទ្យក៏បានតែញញឺមសម្លឹងមើលអ្នកចំពោះមុខដែលកំពុងតែញ័រនិយាយអ្វីចេញ។
នាងក្រមុំទៅជាទាក់ទើរ      មិនដឹងថានិយាយអ្វី     មិនមែនទេគឺនាងនិយាយមិនចេញទៅវិញទេ បំពង់.ករបស់នាងពេលនេះ ដូចជាមានអ្វីម្យ៉ាងមកញ៉ុកនៅក្នុងនេះអ៊ីចឹង គ្រប់សម្ដីដែលនាងចង់និយាយក៏ស្រាប់តែមិនអាចនិយាយចេញមកបាន អាចមកពីនេះជាលើកទីមួយសម្រាប់នាងទើបនាងទៅជាភ័យនិយាយអ្វីមិនចេញបែបនេះ យៀកហ្វី សម្លឹងមើលគ្រូពេទ្យដោយឫកពាខ្មាសអៀនមិនឲ្យនាងខ្មាសយ៉ាងម៉េច បើអ្នកម្ខាងទៀតកំពុងតែសម្លឹងមើលមកនាងក្នុងន័យបង្អាប់បែបនេះនាងខ្មាសទើបចម្លែក។
“អឺ ខ្ញ..ខ្ញុំចង់ធ្វើតេស្តទឹកនោម”យៀកហ្វី និយាយចេញមកឲ្យតែបានៗព្រោះតែពេលនេះ នាងកំពុងតែញាប់ញ័រភ័យខុសពីធម្មតា ហើយនាងក៏មិនដឹងថានិយាយអ្វីដូចគ្នា ទើបនិយាយអ្វីដែលខ្លួនគិតថាងាយស្រួលនឹងឲ្យអ្នកចំពោះមុខស្ដាប់យល់ពីសម្ដីរបស់នាង។
“ហ៊ឹស ប្រហែលជាលើកដំបូងសម្រាប់អ្នកនាងហើយ ទើបបានជាភ័យដល់ថ្នាកនេះ”គ្រូពេទ្យក្រមុំនិយាយបង្អាប់នាងក្រមុំ ព្រោះទាំងសើចចេញមកតិចៗ ព្រោះបើមើលតាមឫកពាបស់អ្នកចំពោះមុខ ប្រាកដណាស់មិនបាច់និយាយក៏ដឹងថានេះជាលើកទីមួយសម្រាប់នាងក្រមុំទៅហើយ។
“អឺ ចាស”យៀកហ្វី ទៅជាញញឹមខ្សោះពេលអ្នកម្ខាងទៀតនិយាយចំៗបែបនេះ ផ្ទៃមុនតូចឱនចុះបន្តិចព្រមទាំងក្រហមតាំងពី.កដល់ផ្ទៃមុខតូច បញ្ជាក់ថានាងកំពុងតែអៀននូវសំណួររបស់អ្នកគ្រូពេទ្យមុននេះ។
ពេលបានឃើញទឹកមុខអៀនប្រៀន របស់អ្នកម្ដាយវ័យក្មេង អ្នកគ្រូពេទ្យបានត្រឹមតែសើចគ្រវីក្បាលហួសចិត្ត មុននឹងទាញយករបស់អ្វីម្យ៉ាងហុចមកឲ្យនាងក្រមុំ ដែលពេលនេះគិតតែពីអង្គុយឈ្ងោកមុខមិនព្រមជាប់។
“នេះអ្នកនាងយករបស់នេះ ទៅពិនិត្យទៅ”ប្រដាប់ពិនិត្យផ្ទៃពោះ ក៏ត្រូវបានហុតមកចំពោះមុខនាងក្រមុំ ដៃតូចក៏ប្រាប់លូកយកទាំងប្រញាប់ប្រញាល់ដែលធ្វើឲ្យអ្នកគ្រូពេទ្យរូបស្អាតកាន់តែអស់សំណើចនឹងនាងកាន់តែខ្លាំង។
“ចាស”យៀកហ្វី   ប្រញាប់ងើបចេញពីកៅអី   ដើម្បីធ្វើរឿងដែលខ្លួន
កំពុងតែទទឹងរងចាំ តែក៏ត្រូវអ្នកគ្រូពេទ្យរូបស្អាតហៅបង្អាក់ដំណើរ។
“ឈប់សិន អ្នកនាងចេះពីវិធីពិនិត្យហើយឬនៅ”
“...”គ្មានការឆ្លើយតបអ្វី ក្រៅពីការគ្រវីក្បាលពីនាងក្រមុំ ដែលធ្វើឲ្យអ្នកចំពោះមុខញញឹមព្រមទាំងដើរមករករាងតូច ដើម្បីណែនាំវិធីប្រើប្រាស់តាមពិតក្នុងប្រអប់ក៏មានពាក្យណែនាំ រួចហើយដែរគ្រាន់តែក្នុងនាមជាគ្រូពេទ្យម្នាក់គឺនាងមានតួនាទី ណែនាំនឹងមើលខុសត្រូវអ្នកជម្ងឺរបស់ខ្លួនឯងបែបនេះហើយ។
“ជាដំបូងអ្នកនាងបត់ជើងដាក់នៅក្នុងកែវមួយនេះ បន្ទាប់មកក៏យកទឹកនោមរបស់អ្នកនាងបន្តក់ទៅលើបន្ទះមួយនេះ រងចាំប្រហែលជា៥នាទី លទ្ធផលនឹងចេញមកហើយ ហើយបើមានគំនូសក្រហមពីរបញ្ជាក់ថាអ្នកនាងមានផ្ទៃពោះ”
“ចាស អរគុណអ្នកគ្រូពេទ្យ”
“ចាសមិនអីទេ ជូនពរឲ្យមានសំណាងល្អ”អ្នកគ្រូពេទ្យក្រមុំញញឹមស្រទន់ ព្រមទាំងនិយាយជូនពរនាងក្រមុំ ព្រោះមិនថាអ្នកម្ដាយរូបណាទេតែងតែចង់ឲ្យកូនមានវត្តមាននៅជាមួយខ្លួនជានិច្ច។
យៀកហ្វី ញញឹមស្រទន់តបវិញព្រមទាំងដើរមកបន្ទប់ទឹកដើម្បីធ្វើតេស្តរបស់ខ្លួន នាងក្រមុំធ្វើតាមការណែនាំរបស់គ្រូពេទ្យមុននេះ ហើយពេលនេះនាងក៏កំពុងតែអង្គុយចាំលទ្ធផលដូចគ្នានាងក្រមុំរងចាំដោយចិត្តអន្ទះសា កែវភ្នែកតូចក៏សម្លឹងមើលម៉ោងនៅក្នុងដៃមិនឈប់ ព្រោះពេលវេលារយៈពេល៥នាទីតែវាប្រៀបដូចជាមួយឆ្នាំសម្រាប់នាងយ៉ាងអ៊ីចឹង ហើយនៅទីបំផុតពេលវេលាដ៏តានតឹងសម្រាប់នាងក្រមុំក៏បានកន្លងផុត។
យៀកហ្វី បិទភ្នែកមិនហ៊ានសម្លឹងមើលរបស់ដែលខ្លួនកាន់នៅក្នុងដៃ មុននេះនាងពិតជាអន្ទះសាចង់ដឹងលទ្ធផលខ្លាំងណាស់តែពេលនេះ ពេលដែលការពិតកំពុងតែឈានចូលមកដល់ នាងក្រមុំបែរជាគ្មានចិត្តក្លាហានក្នុងការមើលវាទៅវិញ។ យៀកហ្វី ដកដង្ហើមធំម្ដងហើយម្ដងទៀត ដើម្បីធ្វើចិត្តឲ្យក្លាហាន ក្នុងការពិនិត្យមើលលទ្ធផលនៅក្នុងដៃ ដៃតូចបើកឡើងម្ដងបន្តិចៗ ស្របពេលកែវភ្នែកថ្លាយង់ក៏បើកឡើងព្រមគ្នា ហើយលទ្ធផលនៅក្នុងដៃក៏ធ្វើឲ្យនាងក្រមុំទៅជាភ្ញាក់ផ្អើលដូចគ្នា។
“ហ៊ឹក កូនម៉ាក់”ដៃតូចលើកមកស្ទាបពោះរបស់ខ្លួនឯងថ្នមៗ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកដោយសប្បាយចិត្ត ត្រូវហើយពេលនេះគ្មានអ្វីអាចឲ្យនាងសប្បាយជាងវត្តមានលើកទីពីររបស់កូនក្នុងផ្ទៃនាពេលនេះនោះទេ។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now