ភាគទី២០

419 9 0
                                    

(គេត្រូវដឹងការពិតឲ្យបាន)


“ហ៊ឹក កូនម៉ាក់”ដៃតូចលើកមកស្ទាបពោះរបស់ខ្លួនឯងថ្នមៗ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកដោយសប្បាយចិត្ត ត្រូវហើយពេលនេះគ្មានអ្វីអាចឲ្យនាងសប្បាយជាងវត្តមានលើកទីពីររបស់កូនក្នុងផ្ទៃនាពេលនេះនោះទេ។
រាងកាយតូចត្រលប់មកផ្ទះវិញទាំងអស់កម្លាំង ក្នុងដៃក៏មានកាន់ថង់ថ្នាំមកជាមួយដែលសុទ្ធតែជាថ្នាំរក្សាគភ៌ នៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា តែក៏ធ្វើឲ្យនាងក្រមុំបានធូរទ្រូងខ្លះ ព្រោះមិនចាំបាច់ត្រូវឆ្លើយសំនួររបស់អ្នកណារឿងថ្នាំនៅក្នុងដៃរបស់នាង យៀកហ្វី ឡើងមកដល់បន្ទប់ទាំងល្វើយរាងកាយតូចក៏ដាក់ខ្លួនគេងនៅគ្រែមួយរំពេច កែវភ្នែកមូលក្លំសម្លឹងមើលទៅនាឡិកាក៏ឃើញថាម៉ោងប្រាំមួយជាងទៅហើយ ប៉ុន្តែអ្នកកំលោះនៅតែមិនទាន់ត្រលប់មកផ្ទះវិញទៀត។ នាងក្រមុំគិតដោយការព្រួយបារម្ភ តែហើយស្នាមញញឹមចំអកខ្លួនឯងក៏លេចឡើងមក ពេលដឹងថាអ្នកកំលោះពេលនេះកំពុងតែនៅជាមួយអ្នកណា ត្រូវហើយពេលនេះអ្នកកំលោះ កំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ចាស់ក៏ថាបាន ហើយមើលទៅមានតែនាងម្នាក់ប៉ុណ្ណោះ ដែរបារម្ភពីគេចំណែកគេប្រហែលជាមិនទាំងសូម្បីនឹកឃើញឈ្មោះរបស់នាងផង។
“តើម៉ាក់គួរប្រាប់វត្តមានរបស់កូន ដល់លោកប៉ាកូនទេ ហ៊ើយ កូនប្រហែលជាមិនចង់ឲ្យម៉ាក់ លាក់បាំងទេតើត្រូវទេ”ដៃតូចលើកមកអង្អែលពោះរាបស្មើររបស់ខ្លួនថ្នមៗ មុននឹងញញឹមបន្តិច នាងមិនដឹងថាអ្នកកំលោះសប្បាយចិត្តឬក៏អត់ចំពោះដំណឹងមួយនេះទេ      តែយ៉ាងណានាងក៏ត្រូវប្រាប់គេឲ្យបានដឹងក្នុងនាមគេជាឪពុករបស់ក្មេង ហើយបើទោះបីជាគេមិនត្រូវការកូននាងក៏មិនបានថា នាងក៏សុខចិត្តចិញ្ចឹមបីកូនតែម្នាក់ឯងដោយមិនចាំចាច់ត្រូវការជំនួយពីអ្នកកំលោះដូចគ្នា សុំត្រឹមតែគ្រប់យ៉ាងដែលនាងធ្វើគឺកូនរបស់នាងមានក្ដីសុខទៅគឺគ្រប់គ្រាន់ហើយ។
វីល ត្រលប់មកពីធ្វើការម៉ោងដប់ជាងទៅហើយ ក៏ព្រោះតែចង់ឲ្យគម្រោងការណ៍របស់ខ្លួនមកដល់ឆាប់ៗ អ្នកកំលោះត្រូវធ្វើការរបស់ដល់យប់ជ្រៅរាល់យប់ ដែលគេក៏មិនបានមានពេលជាមួយនាងក្រមុំដូចគ្នា ព្រោះពេលមកដល់រាងតូចដ៏គួរឲ្យស្រលាញ់ក៏គេងលក់បាត់ទៅហើយ ហើយយប់នេះក៏ប្រហែលជាមិនខុសពីយប់រាល់ដងដូចគ្នា តែឲ្យគេធ្វើយ៉ាងណាព្រោះគ្រប់យ៉ាងដែលធ្វើនាពេលនេះ គឺដើម្បីមានពេលវេលាបាននៅជាមួយនាងក្រមុំឲ្យបានយូរនៅវិស្សមកាលរដូវក្ដៅដែលនឹងមកដល់ឆាប់ៗនេះ។
វីល ឡើងមកដល់បន្ទប់ កែវភ្នែកមុតស្រួចក៏សម្លឹងរកមើលរាងតូចមុនគេ អ្នកកំលោះញញឹមស្រទន់បន្តិច ពេលបានឃើញរាងស្ដើងរបស់នាងក្រមុំគេងលង់លក់នៅលើគ្រែ រាងកាយក្រាស់ដើរមករកនាងក្រមុំ ព្រមទាំងអង្គុយចុះក្បែររាងតូចថ្នមៗហាក់ខ្លាចរំខានដំណេករាងតូច ដៃរឹងមាំលើកមកអង្អែលសក់ទន់រលោងរបស់នាងតិចៗ មុននឹងឱនចុះថើបថ្ពាល់តូច ដូចរាល់យប់ដែលគេតែងតែធ្វើ។ តែលើកនេះមិនដូចរាល់ដងព្រោះរាងកាយរបស់នាងក្រមុំចាប់ផ្ដើមកម្រើកតិចៗ ពេលមានអារម្មណ៍ដល់ការរំខានរបស់អ្នកណាម្នាក់ មុននឹងកែវភ្នែកឡើងមកក៏បានឃើញរាងក្រាស់កំពុងតែអង្គុយក្បែរខ្លួន យៀកហ្វី សម្លឹងមើលអ្នកកំលោះបន្តិច មុននឹងក្រោកឡើងមកហើយក៏មិនភ្លេចផ្ដល់ស្នាមញញឹមដល់គេ ដែលធ្វើឲ្យអ្នកចំពោះមុខ កាន់តែញាប់ញ័រក្នុងចិត្តលើសដើមហើយភាពស្មុគស្មាញនៅក្នុងរាងកាយរបស់គេក៏រលាយមួយរំពេច។
“មកវិញហើយឬ”មាត់និយាយតែដៃតូច ក៏ជួយស្រាយក្រវ៉ាត.កឲ្យអ្នកចំពោះមុខ ដោយដឹងតួនាទីក្នុងនាមជាភរិយា ម្រាមដៃស្រឡូនដែលកំពុងតែស្រាយក្រវ៉ាត់ឲ្យអ្នកជាស្វាមី ក៏ត្រូវនៅស្ងៀម ពេលត្រូវដៃរឹងមាំរបស់អ្នកកំលោះចាប់ជាប់ ព្រមទាំងក្រសោបដៃតូចណែន ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បាតដៃតូច។
“ខ្ញុំរំខានដំណេកនាងមែនទេ”រាងក្រាស់សួរនាំ ដោយការដឹងខុស ព្រោះបើគេមិនលួចថើបនាង ប្រហែលជារាងតូចមិនភ្ញាក់មកបែបនេះនោះទេ ដៃរឹងកំព្រឹសលើកមកវាសសក់ចេញពីមុខនាងក្រមុំ ហើយគេក៏បានឃើញស្នាមញញឹមស្រទន់របស់នាងក្រមុំកាន់តែច្បាស់។
“រំខានអីទៅគឺខ្ញុំភ្ញាក់មកដោយខ្លួនឯងទេ ហើយលោកញ៉ាំអីហើយឬនៅ”
“រួចហើយ! ឆាប់គេងទៅយប់ជ្រៅហើយ”វីល រុញរាងកាយតូចឲ្យគេងនៅលើគ្រែវិញ ព្រោះគេមិនចង់ឲ្យនាងនៅដល់យប់ជ្រៅ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរបស់នាងក្រមុំ តែរាងស្ដើងក៏មិនព្រមស្ដាប់តាមការបញ្ជាររបស់អ្នកកំលោះងាយៗ ដែលធ្វើឲ្យគេត្រូវជ្រួញចិញ្ចើមដោយការងឿងឆ្ងល់។
“អឺ ខ្ញុំមានរឿងចង់ប្រាប់ដល់លោក”យៀកហ្វី ស្ទាក់ស្ទើរបន្តិចព្រោះមិដឹងថាគួរផ្ដើមនិយាយបែបណាទើបល្អ ដៃតូចក៏លើកមកអង្អែលពោះរបស់ខ្លួនតែអ្នកកំលោះមិនបានចាំអារម្ភនឹងឫកពាបស់នាងក្រមុំ ក៏ព្រោះតែពេលនេះកែវភ្នែកមុតស្រួចកំពុងតែសម្លឹងមើលផ្ទៃមុខតូចមិនព្រមដកចេញទៅណា។
“ចឹងក៏ឆាប់និយាយមក”
យៀកហ្វី កាន់តែញាប់ញ័រនៅក្នុងចិត្ត ពេលបានឮសម្ដីអនុញ្ញាតរបស់អ្នកកំលោះ នាងមិនដឹងថាក្រោយពេលប្រាប់ដំណឹងនេះដល់អ្នកកំលោះ គេនឹងមានអារម្មណ៍បែបណានោះទេ តែនាងក៏បានតែសង្ឃឹមថាអ្នកកំលោះអាចនឹងសប្បាយចិត្តដូចជានាងដែរ។
“អឺ    ខ្ញ..ខ្ញុំមាន...”សម្ដីទាំងប៉ុន្មានក៏ត្រូវកាត់ផ្ដាច់    ពេលមានសំឡេងរំខានទូរស័ព្ទរបស់អ្នកកំលោះតេចូលមក ធ្វើឲ្យនាងក្រមុំដកដង្ហើមធំបន្តិចព្រោះអាចឲ្យនាងមានពេលយូរបន្តិច ក្នុងការរៀបពាក្យនិយាយប្រាប់គេ។
វីល ទាញទូរស័ព្ទមកនិយាយ ទាំងកែវភ្នែកក៏មិនព្រមដកចេញពីផ្ទៃមុខស្រទន់ យៀកហ្វី សម្លឹងមើលផ្ទៃមុខមាំសង្ហា ដែរពេលនេះមើលទៅហាក់ដូចជាតានតឹងនឹងរឿងអ្វីម្យ៉ាង នាងក្រមុំរងចាំអ្នកកំលោះសន្ទនាចប់ដោយចិត្តស្ងប់ស្ងាត់បំផុត នៅក្នុងចិត្តក៏ទន្ទេញពាក្យ ដែលចង់និយាយប្រាប់អ្នកម្ខាងទៀតជាច្រើនលើកច្រើនសារ តែហើយនាងក្រមុំក៏ត្រូវភាំងបន្តិច ពេលបានឮសន្ទនាប្រយោគចុងក្រោយរបស់អ្នកកំលោះ ដែរមើលទៅហាក់ដូចជាបន្ទាន់នឹងរឿងអ្វីម្យ៉ាង។
“អូខេ ខ្ញុំនឹងប្រញាប់ទៅឥលូវ”ក្រោយបញ្ចប់ប្រយោគរួចរាល់ វីល ក៏ស្ទុះក្រោកឡើងភ្លាមៗ យ៉ាងតក់ក្រហល់ធ្វើឲ្យរាងតូចត្រូវក្រោកឡើងមកតាមគេដូចគ្នា។
“មានរឿងអីមែនទេ”
“មុននេះខាងមន្ទីរពេទ្យតេមកប្រាប់ថា ដេស៊ី កំពុងមានអាការៈធ្ងន់ធ្ងរដូច្នេះទើបខ្ញុំត្រូវទៅមើលនាងឥលូវនេះ យប់ជ្រៅហើយនាងឆាប់សម្រាកទៅមានរឿងអីចាំស្អែកចាំនិយាយគ្នាបន្តទៀត ជុប”វីល និយាយរៀបរាប់តែម្នាក់ឯងយ៉ាងហូរហែរ ព្រមទាំងឱនមកថើបថ្ងាសនាងក្រមុំមួយខ្សឺត មុននឹងបែរខ្លួនចាកចេញពីបន្ទប់ទាំងប្រញាប់ប្រញាល់ ធ្វើឲ្យអ្នកមើលដូចជានាងក្រមុំបានត្រឹមឈរអន់ចិត្តតែម្នាក់ឯង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now