ភាគទី១៣

403 8 0
                                    

(ប្រចណ្ឌ)


យៀកហ្វី អង្គុយសញ្ចឹងគិតយ៉ាងភ្លើតភ្លើន នៅក្នុងបន្ទប់គេងធំទូលាយ នាងក្រមុំដេកអង្គុយ អង្គុយដេករើទៅមកវិញពូក ក្នុងចិត្តក៏កំពុងតែខ្វល់ខ្វាយមិនយល់ពីទង្វើរបស់អ្នកកំលោះ ដែលប្រតិបត្តិមកលើខ្លួន តាំងពីថ្ងៃកើតហេតុរហូតមកដល់ពេលនេះវាកន្លងផុតបួនសប្តាហ៍ទៅហើយ។
“ហ៊ើយ គេមិនបានស្រលាញ់ឯងទេ ឈប់ស្រមើស្រម៉ៃទៅនាងល្ងង់”យៀកហ្វី ដាក់ខ្លួនគេងទាំងអស់សង្ឃឹម ផ្ទៃមុខតូចក៏ប្រែទៅស្រពាប់ស្រពោន រាងកាយតូចរើបម្រាស់ទៅមកមុននឹងក្រោកអង្គុយ ព្រោះដូចជាមានអ្វីម្យ៉ាងដោលចេញមក ហើយពេលនេះវាក៏ច្រាលមកដល់បំពង់.ករបស់នាងដូចគ្នា។
រាងកាយតូចរត់យ៉ាងលឿនទៅបន្ទប់ទឹក ព្រោះបើហ៊ានតែយឺតយ៉ាវច្បាស់ណាស់ថាច្បាស់ជាត្រូវក្អួតដាក់ពូកជាមិនខាន ត្រឹមបានមកដល់បន្ទប់ទឹកភ្លាមនាងក្រមុំក៏ក្អួតយកស្លាប់យករស់តែម្ដង ដៃជើងក៏ចាប់ផ្ដើមទៅជាទន់ព្រោះប្រើកម្លាំងខ្លាំងពេក។ យៀកហ្វី សម្ងំអង្គុយឲ្យប្រាកដថារាងកាយបានរឹងមាំបន្តិច ទើបសម្រេចចិត្តក្រោកចេញពីបន្ទប់ចេញមកវិញ រាងស្ដើងដាក់ខ្លួនអង្គុយនៅលើគ្រែម្ដងទៀតមុននឹងដាក់ខ្លួនគេង តែនាងក៏ត្រូវក្រោកឡើងមកម្ដងទៀតពេលដែលនឹកថាខ្លួនត្រូវទៅសួរសុខទុក្ខមិត្តសម្លាញ់នៅមន្ទីរពេទ្យ ក៏ព្រោះតែនាងខានទៅលេងអ្នកជម្ងឺជាងមួយសប្ដាហ៍ទៅហើយដែរ។ រាងកាយតូចក្រោកចេញពីគ្រែធំទូលាយ ព្រមទាំងរៀបចំខ្លួនដើម្បីទៅមើលមិត្តជាទីស្រលាញ់ ដែរសល់ពេលមិនយូរប៉ុន្មាន នឹងចាកចេញពីពិភពលោកមួយនេះជារៀងរហូតហើយ គិតដល់រឿងនេះទឹកមុខតូចក៏ទៅជាស្រពោនមួយរំពេច ពេលដឹងថាខ្លួននឹងត្រូវបែកពីមិត្តសម្លាញ់ បែកគ្នា បែកជារៀងរហូត។
មនុស្សម្នាជាច្រើន ធ្វើដំណើរទៅមកតាមដងវិធីមិនដាច់គ្នា  អាគារទំនើបឈរខ្ពស់ត្រដែតកណ្ដាលទីក្រុង ទាក់ទាញក្រសែភ្នែកអ្នកដំណើរ ឲ្យងាកមើលដោយខានមិនបាន ព្រោះតែភាពល្អប្រណីតរបស់តួអាគារទាំងមូល ហើយក៏ជាភាពទាក់ទាញដល់ភ្ញៀវជាច្រើន ឲ្យមកធ្វើការជ្រើសរើសរថយន្ដដែលខ្លួនពេញចិត្តនៅទីនេះ។ នៅក្នុងបន្ទប់ធ្វើការដែលមានម្ចាស់ក្រុមហ៊ុនរូបសង្ហាដែលកំពុងតែអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់ បន្ទប់ទាំងធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ ព្រមទាំងមានតែភាពត្រជាក់ស្រេងពីចំហាយម៉ាស៊ីនត្រជាក់ នឹងភាពស្ងប់ឈឹងរបស់ម្ចាស់បន្ទប់។ វីល ប្រមូលអារម្មណ៍ទាំងអស់របស់ខ្លួនមកផ្ដោតលើការងារចំពោះមុខ អ្នកកំលោះតាំងចិត្តធ្វើការដោយមិនគិតពីអ្វីទាំងអស់ ហើយគេក៏សម្ងំនៅតែក្នុងបន្ទប់ ដោយមិនព្រមចេញទៅណារហូតទាល់តែមានសំឡេងរំខានពីខាងក្រៅលាន់ឮឡើងមក។
តុក តុក
វីល ងើបមុខពីឯកសារដោយការធុញទ្រាន់ ពេលបានឮខសំឡេងគោះទ្វារបន្លឺនៅខាងក្រៅ ទឹកមុខមិនពេញចិត្តរបស់គេ បង្ហាញថាអ្នកម្ខាងទៀតកំពុងតែរំខានពេលវេលារបស់ខ្លួន អ្នកកំលោះសម្រួលទឹកមុខរបស់ខ្លួនឲ្យមកជាធម្មតាវិញ មុននឹងអនុញ្ញាតឲ្យអ្នកខាងក្រៅបានចូលមកខាងក្នុង។
“ចូលមក”
រាងខ្ពស់សង្ហារបស់ ម៉េតទីន ដើរចូលមកទាំងប្រញាប់ប្រញាល់ពេលបានទទួលការអនុញ្ញាតពីចៅហ្វាយនាយរបស់ខ្លួន ដៃរឹងមាំដាក់ឯកសារនៅតុរបស់អ្នកកំលោះ មុននឹងរៀបរាប់នូវអ្វីដែលខ្លួនបានស៊ើបដឹង តាមបញ្ជារបស់ចៅហ្វាយ។
“ចៅហ្វាយ ខ្ញុំដឹងថាអ្នកណាជាអ្នកលបបាញ់ចៅហ្វាយថ្ងៃមុនហើយទាន”កំលោះសង្ហារាយការណ៍ត្រឹមប៉ុណ្ណឹងក៏បង្អាក់សម្ដីរបស់ខ្លួន ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ដូចដើម ព្រោះមិនចង់រំខានការងាររបស់ចៅហ្វាយ ក៏ព្រោះតែអ្នកចំពោះមុខ នៅតែឈ្ងោកមុខពិនិត្យឯកសារបស់ខ្លួន មិនព្រមដកភ្នែកចេញទៅណា។
ត្រឹមបានឮសម្ដីរបស់កូនចៅ វីល ក៏ទម្លាក់ប៊ិចនៅក្នុងដៃចុះកែវភ្នែកដែរត្រួតពិនិត្យឯកសារមុននេះ ក៏ងើយមកសំឡេងមុនមនុស្សជំនិត ដៃរឹងកំព្រឹសទាញឯកសារដែលអ្នកម្ខាងទៀតយកមកឲ្យគេមុននេះ អ្នកកំលោះបើកមើលដោយការពិចារណា រាងខ្ពស់សង្ហាក៏ក្រោកឈរពេញកម្ពស់ព្រមទាំងដើរទៅអង្គុយនៅលើសាឡុងកណ្ដាលបន្ទប់ធ្វើការ។
“អាចង្រៃនោះជាអ្នកណា”វីល សួរព្រមទាំងមើលព័ត៌មាននៅក្នុងដៃរបស់ខ្លួន រូបថតរបស់សត្រូវជាច្រើនសន្លឹក ត្រូវលើកមកមើលដោយការពិចារណា តែអ្នកកំលោះព្យាយាមមើលហើយមើលទៀត តែក៏នៅតែមិនដែលស្គាល់មនុស្សនៅក្នុងរូបដដែល អាចថាមកពីមនុស្សម្នាក់ទៀតមិនមែនជាដៃគូរបស់ខ្លួនទើបគេមិនបានយកចិត្តទុកដាក់ឬចងចាំអ្នកម្ខាងទៀតទៀត។
“អាម្នាក់នេះឈ្មោះ សាន់ឆូ កាលពីប៉ុន្មានខែមុនធ្លាប់មកសុំចចារធ្វើជំនួញជាមួយចៅហ្វាយដែរ តែក៏ត្រូវចៅហ្វាយបដិសេធទើបវាគុំនឹងចៅហ្វាយព្រមទាំងជួលមនុស្សឲ្យលបបាញ់ចៅហ្វាយបែបនេះ”
“ហ៊ឹស”វីល្លៀម មិនបានតបតអ្វីក្រៅពីសំឡេងសើចចំអកអ្នកម្ខាងទៀត រូបភាពមុខមាត់អ្នកម្ខាងទៀតក៏ផុសក្នុងខួរក្បាល ដ៏របស់គេសារជាថ្មី ហើយម្ដងនេះគេក៏ចាំបានគ្រប់យ៉ាងថាខ្លួនបានជួបអ្នកម្ខាងទៀត កែវភ្នែកមុតស្រួចក៏មានពន្លឺដ៏គួរអោតខ្លាចចេញមក ដែរមានបញ្ជាក់ច្បាស់ណាស់ថាគេកំពុងតែគិតអ្វី។
វីល សម្លឹងមើលរូបថតនៅក្នុងដៃ ដៃរឹងមាំក៏ខ្ញាំរបស់នៅក្នុងដៃដោយកំហឹង ធ្វើឲ្យខ្ទេចខ្ទីដល់ថ្នាក់គ្មានសល់សភាពដើម ឲ្យមើលតទៅទៀត កាកសំណល់ក៏ ត្រូវរាងកាយរឹងមាំគប់ចោលទៅក្នុងធុងសម្រាម ដែលនៅក្បែរនោះ ចុងមាត់ក៏ញោចញញឹមចេញមកបន្តិច ដែលជាស្នាមញញឹមពោរពេញទៅដោយល្បិចកលនឹងភាពកំណាចព្រមគ្នា។
“អាន់ត្រេ នៅឯណា ហៅគេមកជួបយើង”អ្នកកំលោះបញ្ជាកូនចៅមុននឹងក្រោកឈរពេញកម្ពស់ម្ដងទៀត តែគេមិនបានដើរទៅតុធ្វើការរបស់ខ្លួននោះទេ តែគេក៏ជ្រើសរើសដើរទៅជញ្ជាំងកញ្ចក់ ព្រមទាំងសម្លឹងមើលទៅខាងមុខដោយអារម្មណ៍សប្បាយ ត្រូវហើយគេច្បាស់ជាសប្បាយ ព្រោះបានកម្ទេចអ្នកម្ខាងទៀតដោយដៃរបស់គេផ្ទាល់ គេក៏មិនចង់ធ្វើឲ្យអ្នកណាវេទនាដែរ។ តែមកពីអ្នកម្ខាងទៀត ជ្រើសរើសលេងជាមួយគេដោយខ្លួនឯងតែប៉ុណ្ណោះ ដូច្នេះគេមានតែធ្វើតាមសុំណូមពររបស់សត្រូវតែប៉ុណ្ណោះ ហើយគេនឹងធ្វើឲ្យអ្នកម្ខាងទៀត ដឹងថាការសាកល្បងធ្វើសង្គ្រាម ជាមួយគេចុងក្រោយវានឹងទទួលបានលទ្ធផលបែបណា។
“បាទទាន”ម៉េតទីន ទាញទូរស័ព្ទដៃរបស់ខ្លួន តេទៅរកមិត្តរួមក្រុមតាមបញ្ចារបស់ចៅហ្វាយ   ហើយរងចាំមិនយូរប៉ុន្មានកំលោះសង្ហា   អាន់ត្រេ   ក៏ដើរ
ចូលមកតាមការហៅរបស់ចៅហ្វាយ។
អាន់ត្រេ ដើរចូលមកដោយឬកពាអង់អាចសង្ហាមិន ចរិតលក្ខណៈរបស់អ្នកកំលោះ មិនខុសពីចៅហ្វាយនាយប៉ុន្មាននោះទេ ក៏ព្រោះតែចរិតឃោឃៅមួយនេះរបស់គេនេះឯង ទើបអ្នកកំលោះតែងតែឲ្យគេធ្វើរឿងដែរឃោឃៅសមនឹងចរិតរបស់គេ កំលោះសង្ហាដើរចូលមកព្រមទាំងងាកមើលមិត្តសម្លាញ់ដែលសង្ហាមិនខុសពីខ្លួនប៉ុន្មានដែរឈរនៅក្បែរនេះ។
“ចៅហ្វាយ”កែវភ្នែកកំណាច សម្លឹងមើលផែនខ្នងរបស់ចៅហ្វាយ ឆ្លាស់គ្នានឹងឯកសារនៅលើតុ ទឹកមុខងឿងឆ្ងល់ក៏កើតមានលើផ្ទៃមុខមាំសង្ហាជាលើកដំបូង។
“យើងមិនចង់ឃើញវា នៅទឹកដីអេស្ប៉ាញទៀតទេ”វីល បញ្ជាដោយនៅតែបែរខ្នងដាក់អ្នកម្ខាងទៀតដដែល តែគេក៏ជឿថាមនុស្សរបស់គេក៏បានយល់ពីអ្វី ដែលគេចង់និយាយ ព្រោះអ្នកម្ខាងទៀត ធ្វើការជាមួយគេយូរឆ្នាំមកហើយ ដូច្នេះគ្មានអ្វីដែលកូនចៅរបស់គេមិនយល់ពីអ្វីដែលគេចង់បញ្ជានោះទេ។
“បាទទាន”អាន់ត្រេ ទាញឯកសារនៅលើតុមកពិនិត្យមើល ដោយស្នាមញញឹម ក៏ព្រោះតែបន្តិចទៀតគេនឹងមានរឿងសប្បាយ ដែលត្រូវធ្វើទៀតហើយ តែគួរឲ្យស្ដាយដែរចៅហ្វាយរបស់គេ ត្រឹមមិនចង់ឃើញមុខអាម្នាក់នោះនៅទឹកដីមួយនេះ មិនមែននៅលើពិភពលោកមួយនេះមិនចឹងទេគ្រប់យ៉ាងច្បាស់ជាសប្បាយជាងនេះមិនខាន។
បន្ទាប់ពីទទួលបញ្ជាពីអ្នកកំលោះរួចមក កំលោះសង្ហាទាំងពីរក៏ចាកចេញដោយមិននៅរំខានពេលផ្ទាល់ខ្លួនរបស់ចៅហ្វាយ ចំណែក វីល ក៏ត្រលប់មកអង្គុយធ្វើការរបស់ខ្លួន តែលើកនេះការតាំងចិត្តរបស់គេបែរជាមិនអាចស្ងប់សុខដូចកាលពីដំបូង ទោះបីជាគេព្យាយាមប្រមូលអារម្មណ៍យ៉ាងក៏មិនអាចស្ងប់ចិត្តបាន ក៏ព្រោះតែពេលនេះខួរក្បាលរបស់គេពោរពេញទៅដោយមុខស្រទន់តូចរបស់នាងក្រមុំទៅហើយ។ អ្នកកំលោះព្យាយាមច្រានផ្ទៃមុខស្រទន់ចេញពីខួរក្បាលរបស់ខ្លួន តែគ្រប់យ៉ាងកាន់តែយ៉ាប់ព្រោះគេកាន់តែព្យាយាមមិនគិតពីនាង រូបភាពរបស់នាងក្រមុំក៏កាន់តែជ្រៀតចូលមកក្នុងខួរក្បាលរបស់គេខ្លាំងលើសដើម។
រាងខ្ពស់សង្ហារបស់អ្នកកំលោះក្រោកឈរពេញកម្ពស់ ផ្ទៃមុខសង្ហាក៏ពោរពេញទៅដោយភាពមួម៉ៅ ហើយនៅទីបំផុតការតាំងចិត្តរបស់គេ ក៏ត្រូវបែកខ្ញែកខ្ទេចខ្ទីគ្មានសល់ កែវភ្នែកកំណាចក៏សម្លឹងមើលគ្រប់យ៉ាង នៅជុំវិញខ្លួនដោយភាពតានតឹង ជើងរឹងមាំក៏បោះជំហ៊ានចេញពីបន្ទប់ធ្វើការរបស់ខ្លួន ទាំងប្រញាប់ប្រញាល់ ប្រាកដណាស់ថាមិនបាច់និយាយ ក៏អាចដឹងបានដែរថាអ្នកកំលោះទៅណា អារម្មណ៍របស់គេច្របូកច្របល់ ព្រោះនាងក្រមុំរហូតដល់ធ្វើអ្វីមិនកើតច្បាស់ណាស់ថាគ្រប់យ៉ាង នាងត្រូវតែជាអ្នកទទួលខុសត្រូវ ហើយគេនឹងទាមទារពីនាងរហូតទាល់តែសមចិត្តរបស់គេ។
វីល ត្រលប់មកដល់ភូមិគ្រឹះដោយទឹកមុខញញឹមមានល្បិច ព្រោះបំណងរបស់ខ្លួនជិតបានសម្រេច តែស្នាមគ្រប់យ៉ាងត្រូវរលាយសូន្យស្នាមញញឹមដែរមានមុននេះក៏រលុបបាត់ ជំនួសមកវិញនូវភាពកំណាចលម្អផ្ទៃមុខមាំសង្ហា គ្រប់យ៉ាងដែលគេគិតទុកត្រូវខកបំណង។ ក៏ព្រោះតែពេលនេះរាងកាយតូចដែលគេស្រមើស្រម៉ៃមុននេះគ្មានវត្តមាននៅទីនេះទៅវិញ វីល តាមរកនាងក្រមុំដោយការមួម៉ៅ ហើយគ្រប់យ៉ាងកាន់តែធ្វើឲ្យគេមួម៉ៅ ពេលដែលសួរអ្នកណាក៏គ្មានអ្នកដឹងពិនាងក្រមុំទាល់តែសោះ។ រាងក្រាស់បញ្ឈប់សកម្មភាពតាមរកនាងក្រមុំដោយត្រលប់មករកចាំនាងក្រមុំនៅបន្ទប់ទទួលភ្ញៀវវិញ វីល រងចាំអ្នកម្ខាងទៀតដោយអារម្មណ៍ស្ងប់បំផុត គ្រប់យ៉ាងហាក់បញ្ជាក់ថាអ្នកកំលោះកំពុងតែមានចិត្តត្រជាក់។ តែមិនមានអ្នកណាដឹងទេថាខាងក្នុងរបស់គេពេលនេះកំពុងតែក្ដៅសឹងតែឆេះទៅហើយ ភាពស្ងប់ស្ងាត់របស់អ្នកកំលោះធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងផ្ទះទាំងមូលក៏មានអារម្មណ៍ភ័យខ្លាចខុសពីធម្មតា ម្នាក់ៗក៏មានអារម្មណ៍ថាខ្វល់ចិត្តជំនួសនាងក្រមុំមិនដឹងថាពេលត្រលប់មកវិញត្រូវប្រឈមមុខជាអ្នកកំលោះបែបណា តែគ្រប់យ៉ាងបានបញ្ជាក់ច្បាស់ណាស់ ថាអ្នករងទុក្ខធំគឺនាងក្រមុំនេះឯង។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now