ភាគទី២៧

403 8 0
                                    

(វិប្បដិសារី)


រាងកាយតូចរបស់នាងក្រមុំ ត្រូវបានបញ្ចូនមកមន្ទីរពេទ្យទាំងប្រញាប់ប្រញាល់ អ្នកកំលោះរុញតាមរទេះរុញអ្នកជម្ងឺ ដៃរឹងមាំនៅតែកាន់ដៃតូចរបស់នាងក្រមុំជាប់មិនលែង គេថាបើលែងគេនឹងមិនបានជួបនាងក្រមុំតទៅទៀត។
វីល ត្រូវក្រុមគ្រូពេទ្យហាមឃាត់ មិនឲ្យចូលទៅជាមួយអ្នកជម្ងឺ ពេលឃើញថាអ្នកកំលោះនៅតែមិនព្រមលែងដៃរបស់នាងក្រមុំ។ រាងកាយក្រាស់ឈររងចាំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ដោយមានមនុស្សជំនិតនៅការពារ ព្រមទាំងកូនតូចដែរគិតតែពីយំរកម្ដាយមិនឈប់ ហើយក្នុងនាមជាឪពុកអ្នកំលោះមិនមិនភ្លេចមើលថែកូនតូចដូចគ្នា។
“ហ៊ឹកៗ ម៉ាក់ៗ”សម្លឹងយំលាន់ទ្រហឹងពេញមន្ទីរ ទាក់ទាញឲ្យគ្រប់គ្នាត្រូវងាកមកមើលកំលោះតូច ដោយក្ដីអាណិតពេលបានឃើញគេយំរកម្ដាយដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់។
“កុំយំអីកូនសម្លាញ់ អ្នកម៉ាក់នឹងមិនអីនោះទេ អ្នកម៉ាក់មិនទៅណាចោលពួកយើងទេ”វីល ទាញកូនប្រុសទៅឱបលួងលោម តែក៏ត្រូវកំលោះតូចច្រានចេញព្រមទាំងសម្លក់អ្នកកំលោះថ្លែមកវិញ ធ្វើឲ្យគេកាន់តែឈឺចិត្តលើសដើមព្រោះដឹងថាកូនរបស់គេច្បាស់ជាស្អប់គេជាមិនខាន។
“ចេញទៅ ខ្ញុំស្អប់លោកពូ ហ៊ឹក លោកពូជាមនុស្សអាក្រក់ លោកពូធ្វើបាបអ្នកម៉ាក់ ហ៊ឹក ខ្ញុំស្អប់លោកពូ”វ៉ាលែនសៀស៍ នៅតែរុញច្រានឪពុកតែក៏មិនអាចយកឈ្នះអ្នកកំលោះបាន ព្រោះមនុស្សចាស់មានកម្លាំងខ្លាំងជាង។
“ឲ្យប៉ាសុំទោស កូនសម្លាញ់”
“ហ៊ឹកៗ លោកពូមិនមែនប៉ាខ្ញុំទេ លោកប៉ាមិនមែនចិត្តអាក្រក់ដូចជាលោកពូនោះទេ ហ៊ឹក ម៉ាក់ៗ”ក្មេងតូចរៀបរាប់ស្រែករកអ្នកជាម្ដាយ ដែលធ្វើឲ្យអ្នកកំលោះអាណិតកាន់តែខ្លាំង ពេលបានឃើញកូនប្រុសស្ថិតក្នុងសភាពបែបនេះ។
ទោះជាចាប់បានថាកូនប្រុសនិយាយថាខ្លួនជាមនុស្សល្អ តែអ្នកកំលោះក៏មិនបានចាប់អារម្មណ៍អ្វីទាំងអស់ ព្រោះពេលនេះអ្វីដែលគេត្រូវធ្វើគឺមើលថែកូនប្រុស នឹងរងចាំលទ្ធផលរបស់នាងក្រមុំ អ្នកកំលោះឱបកូនប្រុសក្នុងដើមទ្រូងក្នុងចិត្តក៏បន់ស្រន់ សូមឲ្យនាងក្រមុំអាចរួចផុតពីសេចក្ដីស្លាប់បាន។
បន្ទាប់ពីរឹងមានះអស់ចិត្ត ក្មេងតូចក៏សម្ងំយំនៅក្នុងដើមទ្រូងរឹងមាំរបស់អ្នកកំលោះ ទោះបីជាមាត់និយាយថាស្អប់មនុស្សចំណាស់ តែពេលបាននៅក្នុងដើមទ្រូងដ៏កក់ក្ដៅរបស់អ្នកកំលោះ ក្មេងតូចបានត្រឹមតែនៅស្ងៀម ដើម្បីសុំភាពកក់ក្ដៅពីគេ វ៉ាលែនសៀស៍ គិតតែពីយំរហូតទាល់តែគេងលក់ក្នុងដើមទ្រូងអ្នកជាឪពុក។
វីល ឱនមើលកូនប្រុសនៅក្នុងរង្វង់ដៃក៏ឃើញថាគេងលក់ទៅហើយ ទើបដៃរឹងមាំលើកមកអង្អែលសក់ក្បាល ទន់ល្មើយរបស់កូនប្រុសតិចៗដោយក្ដីអាណិតស្រលាញ់ ទឹកភ្នែកនៃភាពសោកសៅ ស្ដាយក្រោយក៏ស្រក់ចុះមកពីមនុស្សដែលធ្លាប់តែរឹងមាំដូចជាគេ។ រូបភាពរបស់អ្នកកំលោះធ្វើឲ្យគ្រប់គ្នាដែលនៅទីនេះទៅជាសោកសៅតាម ព្រោះនេះជាលើកទីមួយហើយដែលពួកគេឃើញសភាពសោកសៅរបស់អ្នកកំលោះបែបនេះ។
វីល រងចាំដំណឹងរបស់នាងក្រមុំទាំងចិត្តសោកសៅ អ្នកកំលោះនៅតែអង្គុយស្ងៀមមិនព្រមក្រោកទៅណា ក្នុងចិត្តក៏ខ្វល់ខ្វាយមិនឈប់ ដៃរឹងមាំក៏បីរាងតូចរបស់កូនជាប់ ដៃមិនហ៊ានកម្រើក ព្រោះខ្លាចធ្វើឲ្យកូនតូចភ្ញាក់ដឹងខ្លួន។
វីល បន្តអង្គុយរហូតទាល់តែទ្វារបន្ទប់វះកាត់ ត្រូវបានបើកទើបអ្នកកំលោះស្ទុះក្រោកឈរពេញកម្ពស់ ព្រមទាំងឱបកូននៅក្នុងដៃដដែល រាងខ្ពស់សង្ហាដើរទៅរកលោកគ្រូពេទ្យទាំងតក់ក្រហល់ ក្នុងចិត្តក៏បានតែសង្ឃឹមថានាងក្រមុំនឹងបានផុតពីគ្រោះថ្នាក់។
“លោកគ្រូពេទ្យភរិយារបស់ខ្ញុំយ៉ាងម៉េចហើយ”
“សូមអបអរសាទរ ភរិយារបស់លោកផុតពីគ្រោះថ្នាក់ហើយ”សម្ដីរបស់លោកគ្រូពេទ្យធ្វើឲ្យអ្នកកំលោះញញឹមពព្រាយចេញមក។
“អរគុណណាស់ លោកគ្រូពេទ្យ”វីល និយាយបណ្ដើរញញឹមបណ្ដើរតែមិនទាន់បានប៉ុន្មានផង ស្នាមញញឹមរបស់គេក៏ត្រូវបានរលុបពេលបានឮប្រយោគបន្ទាប់របស់អ្នកម្ខាងទៀត។
“ប៉ុន្តែដោយសារតែអ្នកជម្ងឺ មានការប៉ះពាល់ ត្រង់ផ្នែកក្បាលរាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់សសៃរភ្នែក ដូច្នេះអ្នកជម្ងឺអាចនឹងខ្វាក់មួយរយៈ”
“...”វីល នៅស្ងៀមទ្រឹងព្យាយាមទប់ស្មារតីរបស់ខ្លួន កែវភ្នែកមុតស្រួចក៏សម្លឹងគ្រូពេទ្យឆ្លាស់គ្នានឹងផ្ទៃមុនតូចនៅក្នុងដៃ ពេលនេះគេមិនដឹងថានិយាយអ្វីនោះទេ គេមិនដឹងថាគួរសួរអ្វីបន្ត ដឹងត្រឹមថាគេចង់ក្លាយជានាងក្រមុំនាងពេលនេះ គេចង់ឲ្យគ្រប់យ៉ាងធ្លាក់មកលើគេជំនួសនាងក្រមុំវិញ គេចង់ទទួលរងការឈឺចាប់ទាំងនោះជួសនាង។
ទឹកភ្នែកជាច្រើនតំណក់ ស្រក់ចុះមកលើថ្ពាល់តូចរបស់កូនប្រុស ជាថ្មីម្ដងទៀត ដែលអ្នកកំលោះជាព្យាយាមទប់ស្មារតីរបស់ខ្លួន មិនឲ្យរំជើបរំជួលតែគេក៏មិនអាចធ្វើបាន ក្នុងចិត្តក៏គិតខ្វល់ខ្វាយមិនឈប់ ព្រោះខ្លួនទើបភរិយាទៅជាបែបនេះ ពេលនេះក្នុងខ្លួនរបស់គេមានត្រឹមពាក្យវិប្បដិសារីនៅជាប់ខួរជានិច្ច បើគេមិនបង្ខំនាង បើគេស្របតាមនាង នាងក៏មិនជួបរឿងសោកសៅបែបនេះដែរ។
“តើប្រើពេលយូរ ក្នុងការព្យាបាលទេលោកគ្រូពេទ្យ”វីល សួរនាំដោយការចង់ដឹងលាយឡំព្រួយបារម្ភ ព្រោះត្រឹមគិតថានាងមើលមិនឃើញគេក៏វេទនាជួសនាងទៅហើយ ចុះបើនាងមិនអាចមើលឃើញរហូតនោះតើគេត្រូវធ្វើយ៉ាងណាទៅ បែបនោះមែនអ្វីដែលគេអាចជួយនាងបាននោះគឺកែវភ្នែកទាំងគូររបស់គេនេះឯង គេសុខចិត្តខ្វាក់ជំនួសនាងក៏មិនថ្វីសំខាន់ឲ្យតែនាងបានឃើញពិភពលោកមួយនេះបន្តទៀត ព្រោះកន្លងមកនាងលំបាកខ្លាំងណាស់មកហើយ គេក៏មិនចង់ឲ្យនាងមកវេទនាបែបនេះទៀតដែរ។
វីល រងចាំស្ដាប់ចម្លើយរបស់គ្រូពេទ្យទាំងតឹងទ្រូង តែអ្នកចំពោះមុខបែរជាសើចមកកាន់គេវិញធ្វើដូចជាគ្មានរឿងធំដុំអ្វីកើតឡើងអ៊ីចឹង។
“ហ៊ឹសៗ កុំបារម្ភអីអ្នកកំលោះភរិយារបស់លោក អាចមើលមិនឃើញត្រឹមមួយរយៈប៉ុណ្ណោះ ឲ្យតែឧស្សហ៍មកពិនិត្យអាការៈ ឲ្យបានទៀងទាត់លេបថ្នាំទៀងពេល មិនយូរទេនាងអាចមើលឃើញដូចធម្មតាវិញហើយ”លោកគ្រូពេទ្យចំណាស់ប្រាប់អ្នកកំលោះទាំងញញឹម ព្រោះគិតថាមុននេះអ្នកកំលោះរវល់តែភ័យពេកទើមមិនបានចាប់ងារម្មណ៍សម្ដីរបស់ខ្លួន។
“បាទ ខ្ញុំអរគុណលោកគ្រូពេទ្យម្ដងទៀត”មិននិយាយតែមាត់ វីល នៅឱនក្បាល ចំពោះអ្នកដែលបានជួយសង្គ្រោះ ជីវិតភរិយារបស់ខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ ទឹកមុខរបស់អ្នកកំលោះនាពេលនេះ ក៏បានប្រសើរឡើងវិញបន្តិច វីល ឱនមើលកូនប្រុសដែលគិតតែពីគេងនៅក្នុងដៃមុននឹងឱនមកថើបបន្តិច។
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ពេញមួយយប់អ្នកកំលោះមិនបានគេង វីល គិតតែពីអង្គុយសម្លឹងនាងក្រមុំ ដែលគិតតែពីគេងស្ងៀមនៅលើគ្រែមិនកម្រើកទៅណា ដៃរឹងមាំក្ដោបដៃតូចជាប់មិនលែង ព្រមទាំងឱនមកថើបតិចៗស្នាមញញឹមសោះកក្រោះ ក៏បង្ហាញនៅលើផ្ទៃមុខមាំសង្ហាជា កែវភ្នែកមុតស្រួចសម្លឹងមើលនាងក្រមុំឆ្លាស់គ្នានឹងកូនប្រុស ដែលកំពុងតែគេងស្ងៀមនៅលើគ្រែមួយទៀត។
រាងកាយតូចរបស់កូនប្រុសកម្រើកតិចៗ បញ្ជាក់ថាអ្នកម្ខាងទៀតកំពុងតែភ្ញាក់ពីដំណេកដូចគ្នា វីល សម្លឹងមើលកូនប្រុសដែលបើកភ្នែកឡើងតែក៏មិនព្រមកម្រើកទៅណា រាងខ្ពស់ស្រលះព្រមក្រោកចេញពីកន្លែងរបស់ភរិយាព្រមទាំងដើរទៅរកកូនប្រុសតូច ដែលពេលនេះក៏សម្លឹងមើលមកគេដូចគ្នា។
“ភ្ញាក់ហើយឬ កូនសម្លាញ់ ជុប”វីល សួរនាំកូនប្រុសព្រមទាំងឱនមកថើបថ្ពាល់តូចដើម្បីស្វាគមន៍នាព្រឹកថ្ងៃថ្មី ទង្វើរបស់អ្នកកំលោះធ្វើឲ្យក្មេងតូចសម្លឹងមើលមកគេដោយការងឿងឆ្ងល់ ព្រោះមិ្សលមិញអ្នកចំពោះមុខមិនមែនមនុស្សបែបនេះទេ ជាមនុស្សដែរអាក្រក់ធ្វើបាបម៉ាក់របស់គេ តែថ្ងៃនេះបែបជាមកធ្វើល្អដាក់គេទៅវិញ មិនមែនទេតាំងពីជួបដំបូងអ្នកកំលោះមិនដែរធ្វើបាបគេនោះទេ។
ក្មេងតូចសម្លឹងមើលមុខអ្នកកំលោះមុននឹងស្ទុះងើបឡើង ព្រមទាំងចុះទៅរកអ្នកម្ដាយ ដែលកំពុងតែស្ដូងស្ដឹងនៅលើគ្រែមួយទៀត ក្បែរគ្រែរបស់ខ្លួន ដែលធ្វើឲ្យអ្នកកំលោះ ប្រញាប់ដើរតាមព្រោះខ្លាចកូនប្រុសរត់ដួល ហើយក៏ដើម្បីឃាត់ក្មេងតូចមិនឲ្យរំខាននាងក្រមុំដូចគ្នា។
“ម៉ាក់ៗ”ដៃតូចចាប់អង្រួនដៃរបស់អ្នកម្ដាយចិត្តៗ តែទោះជាគេប្រឹងអង្រួនយ៉ាងណា ក៏អ្នកម្ខាងទៀតនៅតែមិនព្រមភ្ញាក់ មកនិយាយជាមួយខ្លួនដូចរាល់ដងដែរ កូនតូចងាកមកមើលមុខអ្នកកំលោះ ដោយកាយវិការចង់យំចេញមក។
“កុំរំខានអ្នកម៉ាក់អី អ្នកម៉ាក់់កំពុងតែគេង”វីល លើកបីកូនប្រុសក្នុងដៃព្រមទាំងនិយាយលួងលោម ព្រោះមិនចង់ឲ្យកូនប្រុសតូចចិត្តជាងនេះ។
“តែហេតុអី អ្នកម៉ាក់មិនព្រមក្រោក”
“អ្នកម៉ាក់ហត់ ទើបគេងយូរបែបនេះ”វីល ព្យាយាមបកស្រាយគ្រប់យ៉ាងប្រាប់កូនប្រុសតែគេក៏មិនអាចបញ្ឈប់ការឆ្ងល់របស់កូនប្រុសបានដូចគ្នា។
“ចុះពេលណា ទើបអ្នកម៉ាក់ភ្ញាក់”ក្មេងតូចសួរអ្នកកំលោះ ព្រមទាំងឱប.កអ្នកកំលោះជាប់ គេមិនដឹងថាហេតុអីទេបានជានៅជាមួយអ្នកកំលោះ ធ្វើឲ្យគេកក់ក្ដៅយ៉ាងនេះ ទើបកូនតូចបានត្រឹមនៅស្ងៀមមិនរើបម្រាស់ដូចកាលពីដំបូង ព្រោះពេលបាននៅក្នុងរង្វង់ដៃរបស់អ្នកម្ខាងទៀត វាកក់ក្ដៅដូចជានៅក្នុងរង្វង់ដៃឪពុកចឹង គេក៏ចង់បានឪពុកដូចជាអ្នកកំលោះអ៊ីចឹង មើលទៅឡួយអស្ចារ្យ តែគួរឲ្យស្ដាយអ្នកម្ខាងទៀត បែរជាធ្វើបាបអ្នកម៉ាក់របស់គេ ព្រោះបើជាលោកប៉ារបស់គេនឹងមិនធ្វើបាបម៉ាក់គេនោះទេ ម៉ាក់គេនិយាយហើយថាប៉ារបស់គេជាមនុស្សល្អមិនមែនអាក្រក់បែបនេះទេ។
“អ្នកម៉ាក់នឹងភ្ញាក់ ពេលឈប់ហត់នឿយ”ព្រោះគេក៏មិនដឹងថានាងក្រមុំ នឹងដឹងខ្លួនពេលណាដូចគ្នា ទើបចេះតែនិយាយឲ្យតែបានៗព្រោះគិតថាកូនតូចមិនសូវយល់ន័យប៉ុន្មាន។
ទាំងពីរនាក់ប៉ាកូន សម្លឹងមើលមកនាងក្រមុំតែម្នាក់ វីល សម្លឹងមើលមកកូនប្រុសដែលដាក់នៅជិតមុខរបស់ខ្លួនបំផុត គេមានអារម្មណ៍ថាកក់ក្ដៅពេលបានបីកូនប្រុសបែបនេះ គេសប្បាយចិត្តដែលកូនរបស់គេមិនបានស្អប់ខ្ពើមគេរហូតមិនចង់ឲ្យគេចូលជិត។
“ម៉ោះ ចាំប៉ានាំកូនទៅងូតទឹកណា”វីល បីកូនតូចទៅបន្ទប់ទឹកដើម្បីចាត់ការសម្អាតខ្លួនឲ្យកូនប្រុស ព្រមទាំងខ្លួនឯងព្រមគ្នា ព្រោះតាំងពីយប់មកគេមិនទាន់បានសម្អាតខ្លួនប្រាណ សូម្បីតែបន្តិចនៅមិនបានដេកពួនទៀត តែរឿងនេះមិនមែនជាបញ្ហាសម្រាប់គេនោះទេ រឿងចំពោះមុខដែលគេត្រូវខ្វល់នាពេលនេះគឺការមើលថែនាងក្រមុំនឹងកូនប្រុសទើបជារឿងសំខាន់។

ភ្លើងគំនុំឃុំបេះដូងWhere stories live. Discover now