ភាគទី១៤ ដៃឯងឈាមហើយ

39 2 0
                                    

      ម៉ោង៩:៣០នាទីយប់ បន្ទាប់ពីមើលសៀវភៅនិងធ្វើលំហាត់ដែលឌីនបានបង្រៀនកាលពីព្រឹកមិញរួចរាល់​ ផ្កាយចាប់ផ្តើមដើរទៅលើមុខបង្អួចសម្លឹងមើលទៅផ្ទៃមេឃនាពេលរាត្រី មេឃស្រឡះល្អណាស់ពោពេញទៅដោយពន្លឺតារារះរាប់រយពាន់ដួង កាលដែលឃើញបែបនេះហើយធ្វើឱ្យនាយយើងញញឹមតិចៗរួចក៏ទម្លាក់ស្នាមញញឹមនោះចុះវិញ ទឹកមុខគេហាក់់បីដូចជាបង្អប់នូវរឿងអ្វីម៉្យាង។ ខ្យល់​ត្រជាក់​ចាប់ផ្តើមបក់មកតិចៗធ្វើឱ្យនាយយើងព្រឺរងាខ្លះៗដែរ នៅស្រៀមមួយសន្ទុះគេក៏ក្រឡេកទៅម្តងទៀតក៏ឃើញថាមានពពកខ្មៅមួយបាននឹងកំពុងតែរសាត់អណ្តែតមកបាំងដួងតារាដែលខំប្រឹងបញ្ចេញពន្លឺទាំងអស់នោះឱ្យក្លាយទៅជាមេឃស្រអាប់ងងឹតសូន្យឈឹង​បន្តិចម្តងៗរហូតដល់បាត់ស្រមោលលែងឃើញពន្លឺ ពេលបានឃើញដូច្នេះទឹកមុខផ្កាយក៏កាន់តែស្រងូតស្រងាត់​ថែមទៀត។
      គេកំពុងគិតរឿងទំនាក់ទំនង​​ គេជាមួយនិងឌីនថាតើវាពិតជាត្រឹមត្រូវឬអត់។ក្តីស្រឡាញ់ដែលកើតឡើងភ្លាមៗហាក់បីដូចជាគេចាប់បង្ខំ ផ្កាយមិនទាន់យល់នៅចិត្តខ្លួនឯងច្បាស់នៅឡើយថាពេលណាទើបខ្លួនឯងព្រមទទួលក្តីស្រឡាញ់ពេញ១០០%។​ កន្លងមក​ដែលទាក់ទងគ្នាគឺ​ដោយសារតែការអាណិតឬក៏យ៉ាងណា? បើរមិនស្រឡាញ់ចុះហេតុអ្វីបានជារាល់ពេលដែលនៅជាមួយឌីនគេមានក្តីសុខ? ឬមួយក៏គេមានអ្វីម៉្យាងដែលនៅក្នុងចិត្តរួចមកហើយ? បើថាក្តីស្រឡាញ់៥០%ចុះ៥០%ទៀតគេទុកឱ្យអ្នកណា? ត្រង់នេះហើយដែលធ្វើឱ្យគេច្របូកច្របល់។
      "ផ្កាយ...ហេតុអ្វី​បានជាគេផ្តល់តម្លៃឱ្យឯងដល់ថ្នាក់នេះ? ឯងសំខាន់ចំពោះគេដល់ថ្នាក់ហ្នឹងហ៎?" នាយយើងចោទ​សំណួរ សួរខ្លួនឯងព្រោះគេឆ្ងល់ ឌីនជាមនុស្សដែលមានឋាន:មានមុខមាត់ គ្រួសារថ្លៃថ្នូរ ហេតុអ្វី​បានជាមកស្រឡាញ់គេជាកូនអ្នកក្រលំបាកទៅវិញ ចរឹកយ៉ាប់ហើយថែមទាំងមុខមិនស្អាតថែមទៀត។
      ខ្យល់ត្រជាក់​បក់មកម្តងទៀតផ្កាយក៏បិទបង្អួចរួចដើរទៅកន្លែងគេងវិញ ដើរជិតដល់គេក៏ហួសដើរទៅជិតតុរៀន គេទាញយកខ្សែរកដែលមានបន្តោងរូបផ្កាយតែបាក់មួយចំហៀងនោះ មកមើលរួចដកដង្ហើមធំមួយរំពេច។
      "សង្ឃឹមថា សុបិនថ្ងៃក្រោយឯងមកធ្វើឱ្យយើងសប្បាយទៅចុះ" គេញញឹមស្ងួតរួចយកខ្សែកនោះដាក់ព្យួរវិញហើយដើរទៅគេងបាត់ទៅ។
       ងាកមកមើលភូមិគ្រឹះត្រកូល ចក្រីវង្ស យើងវិញបន្ទាប់ពីភាពអ៊ូអរកាលពីព្រឹកមិញបានបញ្ចប់ នៅរាត្រីនេះភូមិគ្រឹះនេះក៏ត្រឡប់មកស្ថិតក្នុងសភាពស្ងប់ស្ងាត់ដូចធម្មតាវិញ​។ យប់ជ្រៅណាស់ទៅហើយបន្ទប់ជាន់លើដែលជាបន្ទប់របស់ឌីននៅមិនទាន់បិទភ្លើងនៅឡើយទេ។ ស្ថិតក្នុងសភាពខោអាវគេងយប់នាយកំលោះឈរមាត់បង្អួចដើម្បីស្រូបយកខ្យល់អាកាស យប់នេះឌីនគេគេងមិនលក់ទេ​​​ព្រោះចិត្តកំពុងគិតរឿងសង្សារ កន្លង​មកផ្កាយធ្វើដូចជាធម្មតាៗចំពោះគេហាក់បីដូចជាគ្មានអារម្មណ៍រំភើបអ្វីសោះនៅពេលដែលឌីននៅក្បែរ​ ម៉្យាងទៀតដូចជាសោះគក្រោះយ៉ាងមិចមិនដឹងទេ ចំណែកឯការបារម្ភសុខទុក្ខ​វិញ បើឌីនមិនខលទៅគេក៏ខលមកដែរ ហើយមិនដែលនិយាយពាក្យផ្អែមជាមួយសូម្បីតែម្តង។
      "តើឯងចិត្តស្រឡាញ់យើងដូចដែលយើងស្រឡាញ់ឯងវិញដែរអត់" ឌីន​គិតក្នុងចិត្តម្នាក់ឯងគេពិតជាឆ្ងល់ត្រង់ចំណុចនេះណាស់ ហេតុអីបានជាផ្កាយជាមនុស្សពិបាកយល់ចិត្តបែបនេះ?
      ~តុក~តុក~តុក~ សំឡេងគោះទ្វា
      "បងឌីន! គេងនៅហ្នឹង?" ឃាវុទ្ធស្រែកសួរ
      "...!" ឌីនមិនមាត់ក៏ដើរមកបើកទ្វាឃើញថាឃាវុទ្ធកំពុងឈរឱបភួយខ្នើយនៅមុខបន្ទប់
      "ខ្ញុំដេកជាមួយបងមួយយប់បានអត់" និយាយរួចឃាវុទ្ធដើរចូលបន្ទប់បងប្រុសសំដៅទៅគ្រែដេក។
      ឌីនបិទទ្វាវិញរួចដើរទៅអង្គុយលើពូក យកដៃអង្អែលក្បាលប្អូនថ្នមៗរួចនិយាយ៖
      "ឯងសុបិនអាក្រក់ទៀតហើយមែនទេ?"
      "បាទបង"​ ឃាវុទ្ធដកដង្ហើមធំៗ
      "កុំគិតច្រើនណា គេងចុះជិតបងលែងអីហើយ" នាយកំលោះនិយាយរួចបង្វែប្អូនឱ្យដាក់ខ្លួនដេក ឃាវុទ្ធគេឧហ្សាហ៍សុបិនអាក្រក់ណាស់ឱ្យតែសុបិនបែបនេះគឺគេមកសុំបងប្រុសដេកជាមួយហើយ។
      "បងឌីន!"
      "បាទ​"
      "បងទាក់ទងជាមួយបងផ្កាយយូរហើយនៅ?" ឃាវុទ្ធនិយាយតិចៗ
​      "បានប្រហែល២ខែហើយ" ឌីនញញឹមតិចៗគេរាងចម្លែកចិត្តខ្លះដែរសុខៗប្អូនមកសួររឿងបែបនេះ
      "បងត្រូវមើលថែគេឱ្យល្អណា" នាយតូចយើងងាកមុខមើលបងប្រុសទាំងញញឹម "មើលទៅបងផ្កាយគាត់ជាមនុស្សល្អណាស់"
      "ចំពោះបងមិនជាបញ្ហាទេ តែខ្លាចតែចំពោះគេ..." នាយយើងនិយាយទាំងដកដង្ហើមធំរួចទម្លាក់ខ្លួនដេកបែមុខដាក់ប្អូន
      "ចំពោះគាត់យ៉ាងម៉េច? ខ្ញុំឃើញទឹកមុខបងផ្កាយបង្ហាញមកអាចបញ្ជាក់បានថាគាត់ស្រឡាញ់បងខ្លាំង" ឃាវុទ្ធនិយាយទាំងធ្លាក់ត្របកភ្នែកទំនងជាងងុយខ្លាំងហើយមើលទៅ
      "បានហើយអាល្អិត ខ្លួននៅក្មេងទេហេតុអីក៏ដឹងម៉្លេះ?" ឌីនសើចតិចៗរួចទាញភួយមកដណ្ដប់ឱ្យប្អូន "គេងទៅណា"
      ស្អែកឡើង
      បន្ទាប់ពីលេងបាល់រួចដារីដើរមកសម្រាកមួយសន្ទុះ ឃាវុទ្ធក៏យកទឹកត្រជាក់មកឱ្យគេផឹកដូចសព្វមួយដង​។
      "ទិញមកច្រើនអ៊ីចឹងយើងហូបមិនអស់ទេ" ដារីនិយាយបណ្តើររើយកទឹកក្នុងថង់មកផឹកឃើញថាមានទឹកភេសជ្ជ:ឡើងជិត១០ដប នេះគេទិញឱ្យដារីម្នាក់ឯងឬក៏ទិញចែកឱ្យមនុស្សមួយសាលាទេដឹងបានជាច្រើនយ៉ាងនេះ។
      "ឯងមិនដែលប្រាប់យើងផងថាចូលចិត្តភេសជ្ជ:ប្រភេទ​អី អ៊ីចឹងយើងក៏ទិញមកទាំងអស់តែម្តងទៅ"
     "ទិញតែទឹកមកក៏បានដែរ យ៉ាងម៉េចខ្លាចយើងមិនដឹងថាឯងសម្បូរលុយមែន?"ដារីញាក់ចិញ្ចើម​
      "លេងបាល់បែកញើសអ៊ីចឹងគួរតែផឹក​​ ភេសជ្ជៈ​ប៉ូវកម្លាំងទើបបាន" ឃាវុទ្ធទាញថង់មករើសយកទឹក ប៉ូកាស្វេត ហុចឱ្យដារី
      "អរគុណ​"
      "និយាយាអ៊ីចឹង ថ្ងៃប្រកួតបាល់ថ្ងៃណាដែរ?" ឃាវុទ្ធសួរព្រោះមិនដឹង
      "ប្រហែលជាខ្ទង់ខែ៦" ដារី​ងាកមកមើលមុខឃាវុទ្ធ​ "ណែ!ប្រាប់ឱ្យហើយថ្ងៃហ្នឹង ប្រសិនបើឯងមិនទៅមើលឱ្យកម្លាំងចិត្តយើងទេ យើងនឹងខឹងឯងមិនខាន"
      "មិនបាច់បារម្ភទេ យើងត្រៀមបំពង់ក ស្រែកហើយៗ" ឃាវុទ្ធអស់សំណើច "គេមិនប្រកួតនៅសាលាយើងទេហ៎?"
      "អត់ទេ គេឱ្យទៅប្រកួតនៅសាលាផ្សេង"
      "អ៎​ ស៊ូៗ​"​
      "យើងគិតទៅត្រឡប់ទៅវិញហើយ" ដារីងើបដើរដេញធ្វើហី
      "អេ​! ចាំផងមើល" ឃាវុទ្ធស្ទុះរៀបចំភេសជ្ជ:ដាក់ចូលថង់វិញរួចប្រញាប់ដើរតាម​ គេហួសចិត្តតិចៗដែរនេះចង់ទៅក៏ទៅភ្លាមហ៎? គ្មានយល់អារម្មណ៍អ្នកតាមសោះ។
      "យើងគិតថាឯងមិនបាច់តាមយើងពេកក៏បានដែរ" ដារីនិយាយព្រមទាំងគប់សំបកដបដែលគេផឹកអស់ហើយមកក្រោយធ្វើមិនដឹង
      "ណែ! ឯងឡប់ទេអី មកក្រវែងសម្អាមចោលផ្តេសផ្តាស់អ៊ីចឹង ធុងមានមិនដាក់" ឃាវុទ្ធឈរស្តីឱ្យប្រាវៗ
      "កាចជាងគ្រូវិន័យទៀតណ៎" ដារីអស់សំណើចរួចងាកមកក្រោយ "ឯងរើសដាក់ឱ្យផង" និយាយរួចគេក៏ដើរទៅមុខបន្ត
      "ឯង​ទៅណា​?" ឃាវុទ្ធស្រែកសួរ​
      "ទៅបន្ទប់ទឹក យ៉ាងម៉េច​ចង់ទៅតាមមែន?"
      "អឺ​...មិនព្រមប្រាប់ពីដំបូងមកខំដើរតាម" ឃាវុទ្ធរអ៊ូតិចៗ "ឱ្យលឿនទៅយើងចាំ"​ និយាយរួចនាយតូចយើងក៏រើសសំបកដបដែលដារីគប់ចោលអម្បាញ់មិញ​ទៅដាក់ធុងសម្អាម រួចដើរទៅសាលាវិញ។​
​​     នៅតាមផ្លូវរវល់តែក្រឡេកឆ្វេងឆ្នាំភ្លេចមើលក្រោមគេដើរសុខៗក៏ស្រាប់តែបុកនឹងស្អីក៏ដឹង
      "អូយ​!" ឃាវុទ្ធ​លាន់មាត់ស្រែក "អ្នកណាគេមកទុកកង់ស្អីកណ្តាលផ្លូវហ្នឹង?" គេក្រវីក្បាលរួចដើរទៅមុខបន្តតែដូចជាមិនអស់ចិត្ត គេក្រឡេកមកមើលកង់នេះម្តងទៀត "កង់​!​ ចង់ជិះដល់ហើយនៀក​ តែមិនចេះផង"​ ឃាវុទ្ធឈរគិតមួយសន្ទុះក៏លាន់មាត់ "ទៅឱ្យដារីបង្រៀនសិន" ឃាវុទ្ធញញឹមតិចៗគេងាកមើលឆ្វេងស្តាំឃើញថាមិនមានអ្នកណាទេ គេក៏ទាញកង់នោះបណ្តើរទៅមុខធ្វើមិនដឹង។​
        ចាំមួយសន្ទុះធំទើបឃើញដារីដើរចេញមក គេប្រញាប់លើកដៃឡើងជាសញ្ញាឱ្យដារីដើរមករកគេ។
      "ទៅយកកង់អ្នកណាមកហ្នឹង?" ដារីអស់សំណើច
      "យើងមិនដឹង ឃើញគេទុកចោល ឯងចេះជិះអត់?"
      "ចេះតើ"
      "ល្អហើយអ៊ីចឹងយើងចង់ចេះជិះបង្រៀនយើងបន្តិចមកណា" ឃាវុទ្ធស្ទុះមកអង្រួនដៃដារី
      "មិនល្អទេហី ប្រយ័ត្ន​ដួលទៅ"
      "វាមិនស្លាប់ទេទៅ ឱ្យលឿន" ឃាវុទ្ធនៅតែជជែសចង់រៀនជិះដដែល ឃើញថាប្រកែកយ៉ាងណាក៏មិនឈ្នះ ដារីក៏សម្រេចចិត្តបង្រៀនគេជិះតែម្តងទៅ។​​
      ដំបូងគេជិះឱ្យឃាវុទ្ធមើលសិន បន្ទាប់មកគឺដល់វេនឃាវុទ្ធជិះខ្លួនឯង។
      "បែបហ្នឹងមែនទេ?" ឃាវុទ្ធរៀនជិះតិចៗគេមិនទាន់លើកជើងម៉្ខាងទៀតដាក់លើឈ្នាន់ធាក់នៅឡើយទេ​​គឺថា​ ជើងម្ខាងជាន់ដីជើងម្ខាងនៅលើឈ្នាន់ ហើយគេខំធាក់កញ្ឆឹកៗទៅមុខតិចៗ។
      "ឯងជិះបែបហ្នឹង? ឆ្នាំក្រោយបានចេះ" ដារីអស់សំណើច "ឯងលើកជើងឡើងទាំងសងខាងទៅ"
      "យ៉ាងម៉េច​ទៅ?" ឃាវុទ្ធរកនឹងដាក់ជើងម្ខាងទៀតឡើង កង់វាក៏រេរាតែកាច់ចុះកាច់ឡើងទើបគេសម្រេចចិត្តទម្លាក់ជើងចុះវិញ បើមិនទម្លាក់ទេអាចនឹងដួល។
      "យ៉ាប់មែន មើលចាំយើងទប់" ដារីស្ទុះមកទប់កែបកង់ខាងក្រោយដើម្បីឱ្យវាមានលំនឹងជាងមុនបន្តិច ​"មើលសាកដាក់ជើងម្ខាងទៀតឡើងមើល រួចសម្លឹងភ្នែកទៅមុខកុំមើលក្រោម"
      "ទប់ឱ្យស្រួលណា" ឃាវុទ្ធដាក់ជើងម្ខាងទៀតឡើងលើឈ្នាន់រួចធាក់តិចៗ ឃើញថាមានដារីជួយទប់អ៊ីចឹងកង់មិនសូវរេរាដូចមុន ធាក់ទៅមុខបានបន្តិចដារីក៏បន្ថែមកម្លាំងកង់ដោយរត់េពីខាងក្រោយ។
      "ឃើញទេស្រួលជិះសឹងអីហើយ គ្មានស្អីពិបាកផង" ដារីនិយាយផងខំប្រឹងរុញផង
      "មែនតើ តែឯងហាមលែងណាទប់ឱ្យជាប់" ឃាវុទ្ធខំប្រឹងនិយាយតែភ្នែកប្រឹងសម្លឹងទៅមុខឥតព្រិច គេរាងភ័យៗបុកពោះខ្លះៗដែរព្រោះកង់ចាប់ផ្តើមលឿនទៅៗ។
      "យើងលែងហើយណា" ដារីស្រែកឡើង
      "ទេ...អាឆ្កួត ចង់ឱ្យយើងដួសមែន?" ឃាវុទ្ធប្រញាប់ស្រែកតបវិញព្រោះថា កង់កំពុងតែលឿនបើគេលែងប្រហែលជាដួលមែនហើយ។
      "យើងហត់ណាស់រត់តាមឯង" ដារីប្រលែងដៃ​ចេញរួចរត់តាមវិញ
      "អត់ទេ​..."ឃាវុទ្ធស្រែកស្របពេលដារីប្រលែងដៃ តែថាសម្លេងគេបានបាត់ទៅវិញដោយសារតែពេលនេះកង់មិនដួលដូចអ្វីដែលគេគិតទេ។​ "យេ​! យើងចេះជិះកង់ហើយ"
      "អើ! ឆ្លាតដែរតើឯងនេះ" ដារីស្រែកទាំងដង្ហក់​ៗគេឈប់រត់ហើយដើរតាមវិញបែបជាហត់ខ្លាំងហើយមើលទៅ
  ​    "ដារី​ចង់ឈប់ធ្វើម៉េចទៅ?" ឃាវុទ្ធស្រែកសួរព្រោះថា គេជិះជិតដល់របងសាលាហើយ
      "ចាប់ហ្រ្វាំងៗ ចាប់កន្លែងដៃកងហ្នឹង" ដារីស្ទុះរត់ទៅយ៉ាងលឿន
      "ហ្រ្វាំងចាប់មិនសុីទេ" ឃាវុទ្ធខំប្រឹងចាប់តែជើងវិញខំធាក់ទៅមុខទៀត យី!បែបជាភ័យខ្លាំងឡើងរង្វេងអស់ហើយមើលទៅ
      "គេចៗ គេចចេញវិញ" ដារីស្រែកព្រោះកង់ជិះបុកនឹងរបងសាលាហើយ
      "ជួយយើងផង" ឃាវុទ្ធស្រែកឡើងខ្លាំងៗ គេប្រឹងកាច់ចង្កូតកង់ឱ្យគេចចេញពីរបងសាលាក៏បណ្តាលឱ្យបុកនឹងធុងសម្អាមដែលនៅក្បែរនោះមួយទំហឹង
      "អ្ហើយ​!" ដារីស្ទុះមកលើកឃាវុទ្ធ
      "អូយ​! ឈឺដៃ"គេស្រែកខ្លាំងៗព្រោះថាកង់បានដួលសង្កត់ដៃរបស់គេ
       នាយតូចយើងឈឺឡើងក្រហមមុខអស់ហើយ
      "ឈាម​! ដៃឯងឈាមហើយ" ដារីស្រែកព្រោះកែងដៃឃាវុទ្ធដួលអម្បាញមិញមិនដឹងជាប៉ះនឹងអ្វីទេបានជាហូរឈាមច្រើនដល់ថ្នាក់នេះ
      "ឈាម!" ឃាវុទ្ធគ្រាន់តែឃើញថាដៃខ្លួនឯងឈាមគេស្រឡាំងកាំងដួលសន្លប់មួយរំពេច
     

រឿង ផ្កាយក្រោមមេឃ (រឿងពេញ)Where stories live. Discover now