ភាគ០៣

149 4 0
                                    

" នារីតាមចិញ្ចើមផ្លូវ "

ពន្លឺព្រះសូរិយាស្រស់ថ្លានាព្រឹកប្រលឹមជះប៉ះរង្វង់មុខស្រីស្រស់ដែលកំពុងអង្គុយលក់ផ្កានៅក្បែរចិញ្ចើមផ្លូវ ដោយសារតែជាថ្ងៃឈប់សម្រាកទើប ដេរ៍ស៊ី លក់ផ្កាដាច់ជាងរាល់ថ្ងៃ ចំណែកម្ចាស់ហាងដែលអុកឡុកនាងក៏លែងហ៊ានមកអុកឡុកតទៅទៀត ព្រោះតែបាន ឡូវែល ប្រដៅកាលពីម្សិលមិញ។
« នេះបាច់ផ្កាកុលាបរបស់អ្នកនាង »
« អរគុណ »
អតិថិជនខ្លះនៅដែលមិនឲ្យតម្លៃនាង ពួកគេទទួលយកផ្កាពីក្នុងដៃរបស់នាងហើយក៏ទម្លាក់លុយចោលទៅលើដី រួចក៏ដើរចេញទៅបាត់ ដេរ៍ស៊ី មិនអាចធ្វើអ្វីបានក្រៅពីរើសលុយយកមកទាំងឈឺចាប់ ទោះគ្មានអ្នកណាឲ្យតម្លៃការងាររបស់នាងក៏នាងមិនដែលគិតថានឹងឈប់ធ្វើការងារជាអ្នកលក់ផ្កានេះដែរ នាងមិនខ្មាស់គេទេដែលនាងជាអ្នកលក់ផ្កាតាមចិញ្ចើមផ្លូវ ព្រោះការងារមួយនេះជួយចិញ្ចឹមនាងមកប្រាំឆ្នាំទៅហើយ ដោយសារតែការងារមួយនេះទើបធ្វើឲ្យនាងរស់បានមកដល់សព្វថ្ងៃ។
« នៅផ្កា ដេរ៍ស៊ី មួយបាច់ទៀតក៏អស់ហើយ ថ្ងៃឈប់សម្រាកពិតជាលក់អស់លឿនខុសពីធម្មតាមែន » ដេរ៍ស៊ី អង្គុយញញឹមសប្បាយចិត្តដែលលក់ផ្កាអស់លឿន លុយក៏បានច្រើនជាងរាល់ថ្ងៃ។
« នាងរៀបចំបាច់ផ្កាដេរ៍ស៊ីឲ្យខ្ញុំមួយមក យកដូចកាលពីម្សិលមិញណា »
សំឡេងគ្រលរបន្លឺឡើងធ្វើឲ្យ ដេរ៍ស៊ី រហ័សងើបមុខសម្លឹងមើលមុខរបស់ម្ចាស់សំឡេងពិរោះដែលមកបង្ហើយផ្កាដេរ៍ស៊ីមួយបាច់ចុងក្រោយរបស់នាង។
« យកដូចពីម្សិលមិញមែនទេ? ឈប់សិន សុំចាំមួយភ្លែត » ដេរ៍ស៊ី ប្រាប់ឲ្យគេចាំមួយភ្លែតព្រោះគេកម្មង់ឲ្យរៀបចំបាច់ផ្កាដូចជាម្សិលមិញ ដូច្នេះនាងត្រូវយកកូនសៀវភៅកំណត់ហេតុរបស់នាងមកបើករកមើលរូបថតរបស់គេដើម្បីអាចឲ្យនាងដឹងថាបាច់ផ្កាពីម្សិលមិញនោះរៀបចំរបៀបណា តាមធម្មតាបើអ្នកទិញជាអតិថិជនប្រចាំនាងតែងតែថតរូបនិងកត់ចំណាំបាច់ផ្កាដែលគេបានទិញនៅក្នុងសៀវភៅកំណត់ហេតុរបស់នាង តែអថិតិជនរូបសង្ហាដែលកំពុងឈរនៅពីមុខនាងនៅពេលនេះ នាងបើករកមុខរបស់គេក្នុងសៀវភៅកំណត់ហេតុមិនឃើញសោះ។
ឡូវែល ដឹងថានាងច្បាស់ជារករូបថតរបស់គេក្នុងសៀវភៅមិនឃើញទេ ព្រោះកាលពីម្សិលមិញគេមិនបានឲ្យថតរូបទេ តែគេដឹងថានាងបានសរសេរអ្វីទាក់ទងជាមួយគេក្នុងសៀវភៅកំណត់ហេតុរបស់នាង ទើបគេអង្គុយចុះផ្ទៀងមើលសន្លឹកសៀវភៅរបស់នាងដើម្បីប្រាប់នាងថាម្នាក់ណាជាគេ។
« សុំទោសលោក ខ្ញុំ...»
« បើករកម្តងទៀតទៅ ខ្ញុំដឹងថាខ្ញុំមាននៅក្នុងសៀវភៅមួយនេះ » ឡូវែល កាត់សម្តីរបស់ ដេរ៍ស៊ី ដោយសំឡេងសុភាពរាបសារថែមទាំងលោមុខចូលមកកាន់តែជិតនាង ដោយភ្នែករបស់គេនៅសម្លឹងសន្លឹកសៀវភៅដែលនាងបើកឡើងម្តងមួយសន្លឹកៗ។
ដេរ៍ស៊ី បើកសៀវភៅកំណត់ហេតុម្តងទៀតទាំងភ្នែកនៅសម្លឹងមុខស្រស់សង្ហាដែលស្រាប់តែចូលមកកាន់តែជិតនាង។ ហេតុអ្វីបេះដូងរបស់នាងស្រាប់តែលោតញាប់យ៉ាងនេះ? ដេរ៍ស៊ី រហ័សដាស់សតិរបស់ខ្លួនឯងមកវិញហើយដកភ្នែកពីគេឱនទៅមើលសៀវភៅកំណត់ហេតុវិញ។
« គឺមួយនេះហើយ » ឡូវែល ចង្អុលម្រាមដៃលើទំព័រមួយនៅក្នុងសៀវភៅ ធ្វើឲ្យ ដេរ៍ស៊ី បញ្ឈប់ដៃមិនបើកបន្តទៅទំព័រផ្សេងទៀត។
« គឺជាលោក ខ្ញុំសុំទោសដែលចំណាំលោកមិនបាន » ដេរ៍ស៊ី បានអានអក្សរដែលសរសេរនៅក្នុងទំព័រមួយនោះរួចក៏ចំណាំ ឡូវែល បានភ្លាម ទើបនាងរហ័សសុំទោសគេ។ គេជាអ្នកមានគុណរបស់នាង តើនាងអាចភ្លេចគេបានយ៉ាងម៉េចទៅ?។
« បុរសដេរ៍ស៊ីចឹងមែនទេ? »
ភ្លឹប!
ដេរ៍ស៊ី រហ័សបិទសៀវភៅយ៉ាងប្រញាប់ពេលដឹងថា ឡូវែល កំពុងតែសម្ងំអានគ្រប់យ៉ាងដែលនាងបានសរសេរពីគេ។
« ខ្ញុំនឹងរៀបចំផ្កាឲ្យលោកភ្លាម » ដេរ៍ស៊ី ដាក់សៀវភៅចុះទាំងអឹមអៀន ហើយក៏រហ័សរៀបចំបាច់ផ្កាឲ្យគេយ៉ាងផ្ចិតផ្ចង់មិនខុសពីម្សិលមិញ ព្រោះគេជាអតិថិជនដែលពិសេសបំផុតទើបផ្កាដែលនាងរៀបចំឲ្យគេក៏ពិសេសខុសពីអ្នកដទៃដូចគ្នា។
មួយសន្ទុះក្រោយ
« បាច់ផ្ការបស់លោកបានហើយ » ដេរ៍ស៊ី ហុចបាច់ផ្កាដេរ៍ស៊ី យ៉ាងស្រស់ស្អាតទៅឲ្យ ឡូវែល។
« ស្អាតខ្លាំងណាស់ » ឡូវែល សរសើរបាច់ផ្កាតែភ្នែកស្រទន់ទាំងគូសម្លឹងមុខអ្នករៀបបាច់ផ្កាទៅវិញ។
" តើគេកំពុងតែសរសើរបាច់ផ្កាឬក៏សរសើរខ្ញុំទៅ? " ដេសស៊ី ឱនមុខចុះទាំងមុខក្រហមព្រោះកែវភ្នែកទាំងគូរបស់គេបញ្ជាក់ច្បាស់ខ្លាំងណាស់ថាពាក្យសម្តីមុននេះគេមិនមែនសរសើរបាច់ផ្កាទេតែគេសរសើរនាង។
« បាច់ផ្កានេះតម្លៃប៉ុន្មានដែរ? »
« លោកមិនបាច់ឲ្យលុយទេ បាច់ផ្កាមួយនេះខ្ញុំឲ្យលោក » ដេរ៍ស៊ី បដិសេធមិនយកលុយពី ឡូវែល ព្រោះបើប្រៀបនឹងរឿងដែលគេបានជួយនាងកាលពីម្សិលមិញទោះនាងឲ្យបាច់ផ្កាមួយរយបាច់ទៀតក៏សងគេមិនអស់ដែរ គេពិតជាមានគុណលើនាងខ្លាំងណាស់ដឹងទេ។
« អរគុណអ្នកនាងហើយអ៊ីចឹង តែថាអ្នកនាងឈ្មោះអ្វីដែរ? »
« ខ្ញុំឈ្មោះ ដេរ៍ស៊ី »
« ដេរ៍ស៊ី! ស្រស់ស្អាតខ្លាំងណាស់ ស្អាតមិនចាញ់បាច់ផ្កាដេរ៍ស៊ីមួយបាច់នេះទេ » ឡូវែល ប្រើសម្តីផ្អែមសរសើ ដេរ៍ស៊ី មិនដាច់ពីមាត់ថែមទាំងញញឹមយ៉ាងស្រទន់ដាក់នាងមិនឈប់ថែមទៀត។
« ហើយចុះលោកវិញ តើឈ្មោះអ្វីដែរ? »
« ហៅខ្ញុំ ឡូវែល ទៅបានហើយ »
« ឡូវែល ស្តាប់ទៅពិរោះណាស់ »
« ដោយសារតែអ្នកនាងឲ្យបាច់ផ្កាខ្ញុំដោយមិនយកប្រាក់ អ៊ីចឹងឲ្យខ្ញុំអញ្ជើញអ្នកនាងញុំបាយមួយពេលល្អទេ? »
« ខ្ញុំទេដែលគួរតែអញ្ជើញលោកញុំបាយនោះ ព្រោះលោកបានជួយខ្ញុំកាលពីម្សិលមិញ នៅជិតនេះមានហាងមួយកន្លែងអាហារនៅទីនោះឆ្ងាញ់ខ្លាំងណាស់ ឆាប់ទៅៗខ្ញុំជាអ្នកចេញលុយ » ដេរ៍ស៊ី មិននិយាយច្រើនក៏ចាប់អូសដៃរបស់ ឡូវែល សំដៅទៅហាងអាហារក្បែរចិញ្ចើមផ្លូវនៅជិតនោះ ទាំងដែល ឡូវែល មិនទាន់បានឆ្លើយយល់ព្រមជាមួយនាងផង។
ឡូវែល រ៉ូប៊ីនសុន ម្តេចនឹងអាចមកអង្គុយញុំអាហារតាមចិញ្ចើមផ្លូវអន់ៗគ្មានអនាម័យបែបនេះកើតទៅ ប៉ុន្តែដោយសារតែខ្លាចខុសផែនការ ទើបគេព្រមបន្ទាបខ្លួនទៅតាមស្រីក្រីក្រតាមចិញ្ចើមផ្លូវដូចជានាង បើនាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់គេពេលណា គេនឹងសងសឹកជាមួយនាងវិញមិនខានទេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now