ភាគ៤៦

140 5 0
                                    

" ជួបគ្នាម្តងទៀត "

ឡានទំនើបពណ៌ខ្មៅមួយគ្រឿងកំពុងរត់កាត់លើផ្លូវដោយល្បឿនលឿន ខណៈអ្នកអង្គុយក្នុងឡានកំពុងមើលឯកសារធ្វើប្រងើយ។
« កម្មវិធីនៅក្រុមហ៊ុន ដេលប៊ឺត ចាប់ផ្តើមនៅព្រឹកនេះហើយ ចៅហ្វាយមិនគិតទៅចូលរួមបន្តិចទេ » លៀម សួរទៅកាន់ចៅហ្វាយនាយដែលអង្គុយនៅខាងក្រោយ។
« យ៉ាងណាក៏យើងគ្មានគម្រោងវិនិយោគទុនជាមួយក្រុមហ៊ុន ដេលប៊ឺត ដែរ មិនចាំបាច់ចូលរួមនាំឲ្យខាតពេលទេ » ឡូវែល តបទាំងភ្នែកនៅសម្លឹងឯកសារក្នុងដៃយ៉ាងយកចិត្តទុកដាក់។
« ជើងយន្តហោះមកពីបារាំងចុះចតហើយ អ្នកវិនិយោគទុនប្រហែលមកដល់ហើយ ខ្ញុំនឹងបន្ថែមល្បឿន » លៀម រាយការណ៍ព័ត៌មានមានដែលទទួលមកពីប្រលានយន្តហោះហើយក៏បន្ថែមល្បឿនឡាន ព្រោះមិនចង់ឲ្យខកខាតពេលណាត់របស់ចៅហ្វាយនិងអ្នកវិនិយោគទុនជនជាតិបារាំង។

ប្រលានយន្តហោះ
ង៉ក់!
ឡានទំនើបពណ៌ខ្មៅឈប់នៅមុខប្រលានយន្តហោះ ហើយ លៀម ក៏រហ័សចេញមកបើកទ្វាឡានឲ្យចៅហ្វាយចេញមកខាងក្រៅ។
ឡូវែល ឈរជ្រែងខោប៉ៅក្បែរឡានចោលភ្នែកមុតមាំសម្លឹងរកមើលអ្នកវិនិយោគទុនជនជាតិបារាំងដែលគេត្រូវណាត់ជួប បានបន្តិចក៏មានបុរសជនជាតិបារាំងពីរនាក់ដើរចេញពីក្នុងចំណោមមនុស្សជាច្រើនចូលមករកគេ។
« សួស្តី លោកគឺ ឡូវែល រ៉ូប៊ីនសុន មែនទេ? » បុរសជនជាតិបារាំងម្នាក់សួរមកកាន់ ឡូវែល។
« បាទគឺខ្ញុំ លោកគឺអ្នកវិនិយោគទុនមែនទេ? រីករាយដែលបានស្គាល់លោក សូមអញ្ជើញ » ឡូវែល និយាយរាក់ទាក់ដាក់អ្នកវិនិយោគហើយក៏លើដៃនាំផ្លូវអ្នកវិនិយោគទៅហាងក្បែរនោះដែលគេបានកក់ទុកជាពិសេសព្រោះអ្នកវិនិយោគទុនប្រាប់ថាចង់និយាយគ្នានៅក្បែរប្រលានយន្តហោះ។
ឡូវែល ដើរកាត់មនុស្សម្នាជាច្រើនចេញទៅ ជាមួយអ្នកវិនិយោគទុនជនជាតិបារាំង។
" អ្នកនាង ដេរ៍ស៊ី សូមអញ្ជើញខាងនេះ "
សំឡេងអ្នកបើកឡានហៅឈ្មោះ ដេរ៍ស៊ី ពីចំហៀង ធ្វើឲ្យ ឡូវែល រហ័សងាកមកតាមប្រភពសំឡេងវិញ ទើបបានឃើញផែនខ្នងតូចបន្តិចហើយនាងក៏ចូលទៅក្នុងឡានបាត់។
« ដេរ៍ស៊ី! » ឡូវែល រហ័សរត់ទៅតាមឡានដែលគេឃើញមនុស្សស្រីដូចជានាងចូលទៅមុននេះយ៉ាងលឿន ប៉ុន្តែក៏មិនទាន់ ព្រោះឡានបើកចេញទៅបាត់ហើយ។
« ចៅហ្វាយមានរឿងអ្វីមែនទេ? » លៀម រត់មកតាមចៅហ្វាយសួរដោយក្តីបារម្ភ។
« មុននេះខ្ញុំបានឃើញ ដេរ៍ស៊ី ណា » ឡូវែល នៅឈរសម្លឹងផ្លូវដែលឡានមុននេះចេញទៅទាំងមិនអស់ចិត្ត ទោះគេមិនប្រាកដចិត្តថាជានាង តែនារីដែលគេបានឃើញខ្នងបន្តិចមុននេះពិតជាដូចនាងខ្លាំងណាស់ តើអាចទេដែលនាងត្រឡប់មកកូរ៉េវិញ? ប្រាំឆ្នាំហើយដែលគេមិនបានជួបនាង តើនាងពិតជាមកវិញដែរទេ?។
« ចៅហ្វាយស្រវាំងភ្នែកទេដឹង? អ្នកនាង ដេរ៍ស៊ី ទៅបាត់ដំណឹងប្រាំឆ្នាំហើយ នៅសុខៗនាងនៅទីនេះបានយ៉ាងម៉េច? » ដេរ៍ស៊ី ទៅបាត់ប្រាំឆ្នាំគ្មាននរណាម្នាក់ដែលដឹងឡើយថានាងទៅនៅទីណា ទើប លៀម មិនជឿទេថានៅសុខៗនាងអាចត្រឡប់មកវិញនោះ ទាំងដែលប្រាំឆ្នាំហើយនាងមិនដែលបង្ហាញមុខម្តងផង នាងប្រហែលជាស្អប់ចៅហ្វាយរបស់គេរហូតទៅរស់នៅក្រៅប្រទេសលែងមកកូរ៉េវិញអស់មួយជីវិតទៅហើយ នាងប្រហែលបំភ្លេចចៅហ្វាយរបស់គេហើយរៀបការជាមួយអ្នកផ្សេងសាងគ្រួសារថ្មីនៅប្រទេសផ្សេងបាត់ទៅហើយក៏មិនដឹង។
« ឲ្យសោឡានមក » ឡូវែល មិនអស់ចិត្តទេ ព្រោះប្រាំឆ្នាំទៅហើយ គេមិនដែលបានជួបអ្នកណាដែលស្រដៀងនាងយ៉ាងនេះទេ គេបានទៅធ្វើការងារក្រៅប្រទេសច្រើនដងទៅសឹងតែគ្រប់ប្រទេសតែគេក៏មិនដែលបានជួបអ្នកដែលមើលទៅស្រដៀលនាងបែបនេះដែរ នេះជាលើកទីមួយដែលគេបានឃើញមនុស្សដែលស្រដៀងនាងខ្លាំង គេត្រូវទៅមើលឲ្យច្បាស់ថាជានាងពិតមែនឬអត់?។ ឡូវែល យកសោឡានពី លៀម ហើយក៏ឡើងឡានបើកចេញទៅយ៉ាងលឿន។
« ចៅហ្វាយ ហើយចុះអ្នកវិនិយោគទុននេះវិញ? » លៀម ស្រែកសួរអ្នកដែលបើកឡានចេញទៅទាំងដឹងច្បាស់ថានឹងមិនទទួលបានចម្លើយមកវិញទេ ប៉ុន្តែគេនៅតែសួរព្រោះមិនដឹងថាគួរចាត់ការចំពោះអ្នកវិនិយោគទុនទាំងពីរនាក់នេះយ៉ាងម៉េច។
« ចៅហ្វាយអើយចៅហ្វាយ ក្រែងថាភ្លេចនាងហើយមែនទេ? ហេតុអ្វីគ្រាន់តែឃើញអ្នកដែលស្រដៀងក៏ប្រញាប់ទៅតាមយ៉ាងនេះ? » លៀម ឈររអ៊ូរទាំម្នាក់ឯងហួសចិត្តចំពោះចៅហ្វាយនាយហើយទើបងាកមកដោះស្រាយជាមួយអ្នកវិនិយោគទុនដែលឈររងចាំគេវិញ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Donde viven las historias. Descúbrelo ahora