ភាគ២០

154 4 0
                                    

“ លេងសើច ”

ភូមិព្រៃភ្នំ

  ពន្លឺព្រះសូរិយានាពេលព្រឹករះឡើងបំភ្លឺព្រៃប្រឹក្សាឲ្យស្រស់ថ្លាជាថ្មីម្តងទៀត បន្ទាប់ពីភ្លៀងមួយមេធំកាលពីម្សិលមិញ ព្រៃភ្នំក៏ប្រែជាស្រស់បំព្រងខុសធម្មតា អ្នកស្រុកក្នុងភូមិតូចមួយនៅជើងភ្នំនាំគ្នាចូលព្រៃតាំងពីព្រឹកប្រលឹមដើម្បីបេះបន្លែស្រស់ៗបន្ទាប់ពីត្រូវភ្លៀងមួយមេធំយកមកទុកធ្វើម្ហូបសម្រាប់គ្រួសារនិងលក់ដូរខ្លះ។
  ក្លិនអាហារពេលព្រឹកភាយក្លិនឈ្ងុយដល់ច្រមុះរាងក្រាស់ដែលគេងអស់កម្លាំងពេញមួយយប់ តែក៏ត្រូវមកភ្ញាក់ព្រោះតែក្លិនឈ្ងុយរបស់អាហារអ្នកស្រុកព្រៃភ្នំទៅវិញ។ ឡូវែល ក្រោកពីលើគ្រែឬស្សីតូចរល្មមមួយនៅក្នុងផ្ទះខ្ទមតូចរបស់លោកតាដែលជួយគេនិង ដេរ៍ស៊ី ចេញពីព្រៃកាលពីយប់មិញ។ គេប្រឹងក្រោកឈរហើយដើរទាំងឈឺជើងចេញមកខាងក្រៅ ទើបបានឃើញអ្នកដែលធ្វើម្ហូបឲ្យមានក្លិនឈ្ងួយពេញផ្ទះ គេឈរញញឹមញញែមសម្លឹងស្រីក្រមុំដែលអង្គុយបក់ភ្លើងចង្ក្រានដុតឧស មើលទៅនាងដូចជាជំនាញក្នុងការធ្វើម្ហូបដោយប្រើឧបករណ៍បុរាណបែបនេះណាស់ សង្ឃឹមថាម្ហូបរបស់នាងម្តងនេះអាចញុំបានផងទៅចុះ។     
   ឡូវែលកំពុងតែឈរញញឹមភ្លេចខ្លួនសុខៗស្រាប់តែនាងងាកមកឃើញគេ ទើបគេរហ័សប្តូរមកជាមុខមាំវិញ។
   « លោកក្រោកមកឈរនៅត្រង់នេះតាំងពីពេលណា? មិនបានទេ! មិនអាចឈរយូបានទេ តិចរបួសហូរឈាមទៀតទៅ » នាងរហ័សក្រោកមកជួយទប់គេឲ្យអង្គុយចុះ តែគេចង្អុលទៅគ្រែនៅមុខផ្ទះ បញ្ជាក់ថាចង់ទៅអង្គុយនៅគ្រែមុខផ្ទះជិតកន្លែងនាងដាំស្ល ទើបនាងយល់ព្រមជួយគ្រាគេទៅអង្គុយនៅទីនោះ ។
   « ចុះលោកតាទៅណាហើយ? » ឡូវែល ចោលភ្នែករកមើលលោកតាដែលជាម្ចាស់ផ្ទះ។
   « លោកតាចូលព្រៃរកបន្លែនិងសាច់តាំងពីព្រឹកម្លេះ...តើលោកឃ្លានហើយឬនៅ? » ដេរ៍ស៊ី ឆ្លើយសំណួរគេហើយក៏ងាកមកសួរគេវិញ។
   « ប្រាកដជាឃ្លានហើយ » គេឆ្លើយទាំងចោលភ្នែកសម្លឹងសម្លក្នុងឆ្នាំងនាងមិនដាក់ភ្នែក ព្រោះខ្លាចរសជាតិប្រៃពិបាកលេបដូចលើកមុន ។
   ដេរ៍ស៊ី ឃើញគេសម្លឹងសម្លក្នុងឆ្នាំងនាងដោយក្រសែភ្នែកមិនទុកចិត្តស្នាដៃរបស់នាងបែបនេះ ទើបនាងដើរទៅយកក្រដាសកត់ចំណាំនៅលើគ្រែមកឲ្យគេមើល។
   « កុំបារម្ភអីលើកនេះមិនប្រៃទេ ខ្ញុំបានកត់ចំណាំគ្រឿងដែលបានដាក់ច្បាស់ណាស់ លោកអាចញុំដោយទុកចិត្តបាន » នាងប្រាប់គេហើយក៏ដើរទៅដួសសម្លនិងបាយមកដាក់នៅពីមុខគេ។
   « លើកនេះខ្ញុំជឿនាងម្តងចុះ » គេដាក់ក្រដាសកត់ចំណាំចុះហើយលើកស្លាបព្រាមកភ្លក់ទឹកសម្លរបស់នាង។
    « រសជាតិយ៉ាងម៉េចដែរ? » នាងផ្ទៀងភ្នែកសម្លឹងមើលប្រតិកម្មរបស់គេហើយសួរដោយចង់ដឹង។
    « មិនឆ្ងាញ់ទេ តែអាចញុំបាន » គេមិនសរសើរហើយគ្រាន់តែឆ្លើយហីៗទាំងមិនហ៊ានមើលមុខនាងចំ។
    ដេរ៍ស៊ី មិនជឿចម្លើយចេញពីមាត់របស់ ឡូវែល ទេ ទើបយកស្លាបព្រាមកភ្លក់ខ្លួនឯង ។
    “ រសជាតិឆ្ងាញ់តើ ហេតុអ្វីថាមិនឆ្ងាញ់? ” នាងងើបសម្លឹងមុខ ឡូវែល ដែលកំពុងញុំញាប់មាត់ទាំងលួចគិតក្នុងចិត្តម្នាក់ឯង។
    « ថែមមួយចានទៀតមក » គេញុំតែមួយភ្លាមអស់សម្លរលីងទើបលើកចានឲ្យនាងដួលឲ្យមួយចានទៀត។
    « អស់ហើយ! » ដេរ៍ស៊ី ឆ្លើយខ្លីៗហើយក៏យកចានពីក្នុងដៃរបស់គេទៅទុកធ្វើប្រងើយ ព្រោះតែនាងចង់ដេញជើងមនុស្សមាត់ខុសពីចិត្តដូចជា ឡូវែល ។
    « តែខ្ញុំឃើញសម្លនៅពេញឆ្នាំងតើ! » ឡូវែល ស្រែកទាំងហួសចិត្តដាក់នាង ព្រោះមនុស្សកំពុងតែញុំឆ្ងាញ់មកឈប់ឲ្យញុំពាក់កណ្តាលទីបែបនេះអ្នកណាទ្រាំបាន។
    « សម្លមិនឆ្ងាញ់ ខ្ញុំយកទៅចាក់ចោលឥឡូវហើយ »
    « ហាមចាក់ចោល! » ឡូវែល ស្ទើរស្ទុះចុះពីលើគ្រែពេលលឺនាងថាចង់ចាក់ចោល។
    ដេរ៍ស៊ី ងាកមកសម្លឹងមុខរបស់គេ នាងនៅស្ងៀមកំពុងតែចាំស្តាប់ហេតុផលដែលគេមិនព្រមឲ្យនាងចាក់សម្លចោល បើគេនិយាយត្រូវចិត្តនាង នាងនឹងទុកឲ្យគេញុំបន្ត បើមិនត្រូវចិត្តទេនាងនឹងចាក់ចោល។
    « គឺ...គឺថា...» ឡូវែល នៅរដាក់រដុកនិយាយមិនចេញ គ្រាន់តែពាក្យសរសើរម្ហូបរបស់នាងមួយម៉ាត់សោះ ធ្វើឲ្យបបូរមាត់របស់គេរឹងហាមាត់និយាយមិនរួច...គេពិតខ្មាស់នាងខ្លាំងរាល់ពេលដែលចង់សរសើរនាង។
    « គឺ...» ដេរ៍ស៊ី បន្ទរតាមគេហើយដៃកាន់ឆ្នាំងលើកឡើងត្រៀមចាក់ចោលជាស្រេច។
    « គឺម្ហូបរបស់នាងឆ្ងាញ់ណាស់ កុំចាក់ចោលអី » គេនិយាយលឿនៗហើយក៏គេចមុខចេញពីនាង។
    « និយាយតែប៉ុណ្ណឹងក៏ពិបាកដែរ » ដេរ៍ស៊ី រអ៊ូរទាំដាក់គេទាំងញញឹមញញែមសប្បាយចិត្តដែលគេព្រមនិយាយថាម្ហូបនាងឆ្ងាញ់ ហើយក៏យកចានមកដួសសម្លឲ្យគេ។
    គេញុំបាយបន្តទាំងមិនហ៊ានមើលមុខរបស់នាង ព្រោះខ្មាស់នឹងរឿងមុននេះ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now