ភាគ៣១

144 3 0
                                    

“ ឆ្លាតវ៉ៃ ”

  ដេរ៍ស៊ី យំអស់ចិត្តទើបចុះមកជាន់ខាងក្រោមវិញ តែពេលមកដល់នាងក៏បានឃើញ ឡូវែល នៅអង្គុយធ្វើការនៅលើតុកណ្តាលទូកធ្វើមិនដឹង នាងឈឺចាប់យំស្ទើរស្លាប់ស្ទើររស់ តែគេបែរជាមកអង្គុយធ្វើការដូចជាមិនដឹងរឿងអ្វី នាងពិតជាគ្មានសារះសំខាន់សូម្បីតែបន្តិចទៅក្នុងចិត្តរបស់គេ តែនាងបែរជាចាត់ទុកគេជារបស់សំខាន់បំផុតនៅក្នុងចិត្តទៅវិញ នាងពិតជាល្ងង់ដូចជាពាក្យគេថាមិនខុសទេ ដឹងថាឈឺចាប់ហើយនៅតែមិនឈប់ស្រលាញ់គេទៀត ដឹងថាខ្លួនឯងត្រឹមជាអ្នកដ៏ទៃនៅក្នុងក្រសែភ្នែកគេហើយនៅលួចមានក្តីសង្ឃឹមជាច្រើនដងទៀត ពេលនេះនាងមិនចង់ជួបមុខគេនោះទេ ព្រោះនាងអាចនឹងស្រែកយំម្តងទៀតបើបានឃើញទឹកមុខត្រជាក់គ្មានក្តីមេត្តារបស់គេ។ ដេរ៍ស៊ី ឈរសម្លឹងមើលគេពីក្រោយអស់ចិត្តទើបសម្រេចចិត្តដើរចេញទៅខាងក្រៅ ព្រោះទូកក៏បើកជិះទៅដល់កំពុងផែហើយដែរ នាងនឹងចុះពេលទៅដល់កំពុងផែទោះគេនៅបន្តធ្វើការលើទូកនេះទៀតក៏ដោយ។
   ឡូវែល ដកភ្នែកពីឯកសារលើតុពេលដឹងថានាងដើរចេញទៅខាងក្រៅឈប់ឈរសម្លឹងគេពីក្រោយខ្នងទៀតហើយ។
   « ទូកជិតដល់កំពុងផែហើយតើចៅហ្វាយទៅសណ្ឋាគារវិញឥឡូវនេះទេ? » លៀម ឃើញចៅហ្វាយងាកទៅមើល ដេរ៍ស៊ី ដូចជាមិនមានអារម្មណ៍ចង់ធ្វើការបន្តទៀតទេ ទើបសួរ។
    « ការងារត្រូវធ្វើឲ្យរួចនៅយប់នេះ » ឡូវែល តបជាមួយ លៀម ដោយមិនបានងាកមកមើលមុខរបស់ លៀម ហើយគេក៏ក្រោកឈរឡើងពេញកម្ពស់ដើរចេញទៅតាម ដេរ៍ស៊ី នៅក្បាលទូក។
    ឡូវែល ចេញមកដល់ឃើញនាងនៅឈរឱបដៃរងារងចាំទូកឈប់នៅកំពុងផែ ដើម្បីចុះពីលើទូកទៅសណ្ឋាគារវិញ ហើយអ្នកបើកទូកក៏កំពុងកាច់ចង្កូតត្រៀមចូលកំពុងផែឲ្យ ដេរ៍ស៊ី ផងដែរ។
    « កុំទាន់ចូលទូក ខ្ញុំត្រូវជិះប៉ុន្មានជុំទៀត » ឡូវែល ចូលទៅប្រាប់អ្នកបើកទូក ទើបអ្នកបើកទូកកាច់ង្កូតចេញពីកំពង់ផែវិញ ។
    ដេរ៍ស៊ី ឃើញទូកមិនចូលកំពង់ផែ ទើបរហ័សរត់មករកអ្នកបើកទូក។
    ឌឹប!
    នាងរត់បុកដើមទ្រូងមាំរបស់អ្នកដែលចេញពីកន្លែងអ្នកបើកទូកមួយទំហឹងស្ទើរតែដួលផ្ងារក្រោយតែសំណាងល្អដែលបានដៃមាំស្រវ៉ាឱបចង្កេះតូចមួយក្តាប់របស់នាងជាប់ទាញនាងឲ្យមកផ្កាប់មុខលើដើមទ្រូងរបស់គេវិញ។
    « ឡូវែល! » ដេរ៍ស៊ី ងើបមុខឡើងឃើញគេទើបរហ័សឈានថយចេញពីគេ។
    « នាងមិនអាចទៅសណ្ឋាគារវិញពេលនេះបានទេ »
    « ហេតុអ្វីមិនបាន? »
    « ព្រោះការងារខ្ញុំមិនទាន់រួច »
    « ការងាររបស់លោកមានទាក់ទងអ្វីនឹងខ្ញុំដែរ »
    « មាន! បើនាងទៅនៅពេលនេះ ពួកគេនឹងសង្ស័យមិនខានថាខ្ញុំនៅលើទូកម្នាក់ឯងធ្វើអ្វី ដូច្នេះនាងត្រូវតែនៅទីនេះដើម្បីឲ្យពួកគេយល់ថាពួកយើងកំពុងតែផ្អែមល្ហែមជាមួយគ្នានៅលើទូកតែពីរនាក់ »
    « ចុះហេតុអ្វីលោកមិនយកការងារទៅធ្វើនៅសណ្ឋាគារ? »
    « នៅសណ្ឋាគារគ្មានសុវត្ថិភាពទេ » ឡូវែល តបជាមួយនាងហើយក៏អូសដៃនាងចូលទៅក្នុងទូកវិញ។
    ដេរ៍ស៊ី ដើរតាមគេទៅអង្គុយលើសាឡុនក្បែរតុធ្វើការរបស់គេ ហើយ ឡូវែល ក៏ទៅអង្គុយធ្វើការបន្តទៀត។
    « បើលោក ម៉ារ៍កូ ពិតជានៅពីក្រោយខ្នងនៃការលិចកាប៉ាល់ដឹកទំនិញរបស់ក្រុមហ៊ុនយើងលើកមុនមែន ខ្ញុំនឹងមិនអត់ឱនឲ្យគេទេ ព្រោះមានកម្មករច្រើននាក់ណាស់ដែលបានបាត់បង់ជីវិតដោយសារតែគំនិតស្មោកគ្រោករបស់គេ » ឡូវែល ក្តាប់ក្រដាសបញ្ជីទំនិញមួយចំនួនដែលរកឃើញថាក្លែងក្លាយនៅក្នុងដៃយ៉ាងណែន ហើយពោលឡើងដោយកំហឹងខឹងក្រោធចំពោះដៃគូជំនួញជនជាតិ អ៊ីតាលី មួយរូបនេះជាខ្លាំង។
    « បញ្ជីមួយនេះអ្នកស៊ើបយើងបានយកមកពីក្រុមហ៊ុនរបស់លោក ម៉ារ៍កូ វាជាបញ្ជីសម្ងាត់ដែលនៅក្នុងបន្ទប់ការិយាល័យលោក ម៉ារ៍កូ ក្នុងនេះបានបញ្ជាក់ច្បាស់ថាតួដែលក្រុមហ៊ុនលក់ទំនិញចេញមានច្រើនជាតួលេខដែលទំនិញផលិតបាន នេះជាបញ្ជីកាលពីខែមុន ជាពេលវេលាតែមួយជាមួយការលិចកាប៉ាល់ដឹងទំនិញរបស់ក្រុមហ៊ុនយើង »
    « ក្នុងកាប៉ាល់ដែលលិចប្រហែលគ្មានទំនិញដែលយើងបានបញ្ជាទិញទេ ពួកគេមានចេតនាធ្វើឲ្យកាប៉ាល់ដើម្បីទទួលបានផលចំណេញទ្វេដង មិនអស់ទំនិញហើយបានលក់គុណពីរថែមទៀត តែក្រុមយើងបែរជាត្រូវទទួលខុសត្រូវគ្រប់យ៉ាងធ្វើឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ »
     « ចៅហ្វាយចង់ឲ្យខ្ញុំចាត់ការយកភស្តុតាងទាំងអស់នេះទៅឲ្យប៉ូលីសឥឡូវនេះទេ ដើម្បីបានចាប់ពួកអ្នកជំនួញមានល្បិចស្មោកគ្រោកទាំងអស់នោះឲ្យអស់ »
    « កុំទាន់ ភស្តុតាងបន្តិចនេះមិនអាចធ្វើអ្វីពួកគេបានទេ យើងត្រូវតែរកភស្តុតាងឲ្យច្រើនជាងនេះនិងច្បាស់លាស់ជាងនេះសិន ទើបអាចចាប់ពួកគេបាន »
    « បាទ »
    ឡូវែល ធ្វើការចប់ងាកទៅមើលម៉ោងលើទូរស័ព្ទដៃក៏ឃើញថាម៉ោងដប់មួយយប់បាត់ទៅហើយ ទើបគេចោលភ្នែកទៅសម្លឹងស្រីក្រមុំដែលអង្គុយចាំគេនៅលើសាឡុនវិញ តែក៏ឃើញថានាងបានគេងលក់នៅលើសាឡុនបាត់ទៅហើយ។
     « ចៅហ្វាយ តើគួរតែចូលទូកឥឡូវនេះទេ? » លៀម ឃើញថាការងារចប់ហើយ ដេរ៍ស៊ី ក៏គេងលក់ទៀត ទើបសួរចៅហ្វាយ។
     « ចូលទូកឥឡូវនេះ » ឡូវែល ឆ្លើយហើយក៏ក្រោកឈរដើរចូលទៅរកស្រីក្រមុំដែលគេងនៅលើសាឡុន ស្របពេលដែល លៀម ក៏ចេញទៅប្រាប់អ្នកបើកទូកនៅខាងក្រៅយ៉ាងលឿន ព្រោះមិនចង់នៅរំខានពេលវេលារបស់ចៅហ្វាយនាយ។
     ឡូវែល ដោះអាវក្រៅដៃវែងជាប់ចំហាយរាងកាយកក់ក្តៅរបស់គេមកគ្របដណ្តប់ឲ្យនាងដោយថ្នមដៃបំផុត ព្រោះមិនចង់ឲ្យនាងត្រូវភ្ញាក់ដោយសារតែការរំខានរបស់គេ។ គេដាក់ខ្លួនអង្គុយចុះក្បែររាងកាយនាង ពេលដែលមកអង្គុយមើលមុខនាងជិតបែបនេះទើបគេបានឃើញស្នាមទឹកភ្នែកដែលនៅដានជាប់នឹងថ្ពាល់របស់នាងច្បាស់ៗធ្វើឲ្យគេដឹងច្បាស់ថានាងយំខ្លាំងប៉ុណ្ណាមុន។
    « ហេតុអ្វីនាងមកស្រលាញ់មនុស្សដូចខ្ញុំទៅវិញ? » ឡូវែល ដឹងថានឹងមិនបានទទួលចម្លើយមកវិញទេ តែគេនៅតែចង់សួរសំណួរមួយនេះចេញមក។ គេនៅអង្គុយសម្លឹងមុខនាងមួយសន្ទុះទ្រាំទើសភ្នែកនឹងស្នាមទឹកភ្នែកលើថ្ពាល់របស់នាងមិនបានទើបគេលូកដៃទៅជូតឲ្យនាងថ្នមៗមិនឲ្យនាងភ្ញាក់ឡើយ។
     « ចៅហ្វាយទូកចូលកំពង់ផែហើយ » លៀម រាយការណ៍ប្រាប់ចៅហ្វាយហើយក៏ដោះអាវក្រៅចេញមូលដៃអាវឡើងបន្តិចដើម្បីត្រៀមខ្លួនបី ដេរ៍ស៊ី ទៅសណ្ឋាគារគេវិញជំនួយចៅហ្វាយ។ លៀម ដើរចូលមកជិតចៅហ្វាយហើយប្រុងលូកទៅរក ដេរ៍ស៊ី ប៉ុន្តែក៏ត្រូវកែវភ្នែកមុតងាកមកសម្លក់គេដូចចង់ស៊ីសាច់គេទាំងរស់។
    « ឯងចង់ធ្វើអ្វី? » ឡូវែល សួរដោយសំឡេងមិនពេញចិត្តជាខ្លាំង ទើប លៀម ថយក្រោយវិញមុននឹងឆ្លើយសំណួរចៅហ្វាយ។
    « ខ្ញុំគិតថាគួរតែបីអ្នកនាង ដេរ៍ស៊ី ត្រឡប់ទៅបន្ទប់វិញ »
    « ថយចេញទៅ » ឡូវែល ដេញគេឲ្យថយចេញឲ្យឆ្ងាយបន្តិចហើយគេលូកដៃបីនាងឡើងមកដោយខ្លួនឯង។
    « នាំផ្លូវ! » គេប្រាប់ទៅកូនចៅដែលរវល់តែឈរភ្លឹកមើលគេ។
    « បា...បាទ » លៀម រហ័សដើរនាំផ្លូវចៅហ្វាយទាំងភ្ញាក់ផ្អើលមិនចង់ជឿនឹងអ្វីដែលគេបានឃើញនៅពេលនេះ ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now