ភាគ៣៤

148 5 0
                                    

“ បារម្ភពីគេលើសពីបារម្ភខ្លួនឯង ”

  ពន្លឺស្រទន់របស់ព្រះសូរិយានាពេលព្រឹកចាំងប៉ះដងខ្លួនស្រឡូនដែលអង្គុយនៅមុខកញ្ចក់យ៉ាងស្ងៀមស្ងាត់ ជាមួយទឹកមុខស្រពោនខុសធម្មតា។
  ក្រាក!
  រាងក្រាស់ចេញពីបន្ទប់ទឹកមកសម្លឹងមើលស្រីក្រមុំដែលអង្គុយនៅមុខកញ្ចក់ដូចមនុស្សគ្មានវិញ្ញាណ បានឃើញមុខនាងហើយធ្វើឲ្យគេអារម្មណ៍មិនល្អទាំងព្រឹកប្រលឹម។
  « ថ្ងៃនេះខ្ញុំត្រូវទៅចាប់ខ្លួនកាពីទែន ហូលី មកសួរចម្លើយ នាងហាមចេញទៅណាឲ្យសោះ » ឡូវែល លើកអាវមកពាក់បណ្តើរនិយាយជាមួយនាងបណ្តើរ ព្រោះមិនចង់ខាតពេលធ្វើការរបស់គេ យ៉ាងណាថ្ងៃនេះគេត្រូវរកភស្តុតាងចាប់ទោសកំហុសរបស់លោក ម៉ារ៍កូ ឲ្យបាន មុនថ្ងៃចុះកិច្ចសន្យាមកដល់។
   « កុំទៅអី! » ដេរ៍ស៊ី ស្ទុះក្រោកឡើងមកចាប់ដៃមាំដែលរៀបដើរចេញពីបន្ទប់ឲ្យឈប់ នាងសម្លឹងមុខគេដោយកែវភ្នែកព្រួយបារម្ភមិនចង់ឲ្យគេទៅស៊ើបរឿងនោះបន្តទៀត នាងខ្លាចគេនឹងមានគ្រោះថ្នាក់ដល់ជីវិត ព្រោះនាងបានឃើញដោយផ្ទាល់ភ្នែកម្តងហើយថាពួកគេសាហាវប៉ុណ្ណា។
   « លែងដៃ! » គេសម្លឹងមុខនាងហើយក៏ឱនទៅសម្លឹងម្រាមស្រឡូនដែលចាប់ដៃគេទុកដោយក្រសែមិនពេញចិត្តដែលនាងមកធ្វើខ្លួនដូចជាអ្នកគ្រប់គ្រងជីវិតរបស់គេបែបនេះ។
   « ពួកយើងទៅកូរ៉េវិញទៅ ឡូវែល កុំស៊ើបរឿងនោះបន្តទៀតអីបានទេ? ហ៊ឹក! » ដេរ៍ស៊ី ស្រវ៉ាចាប់ដៃគេទុកកាន់តែណែនយំអង្វរគេមិនឲ្យចេញទៅ ព្រោះនាងខ្លាចថាគេទៅហើយនឹងមិនអាចមកវិញបាន នាងពិតខ្លាចខ្លាំងណាស់ តើគេអាចស្តាប់តាមនាងម្តងបានទេ?។
   ឡូវែល ឃើញឫកពានាងប្លែកបែបនេះទើបចាប់ប្រឡេះដៃនាងចេញពីដៃគេហើយគេក៏ចាប់ដៃនាងណែនជំនួសវិញ។ ជើងមាំឈានចូលមកជិតនាងដោយឫកពាឃោឃៅមិនធម្មតា ដូចជាគេមិនបានព្រមចូលមករកនាងព្រោះតែព្រមស្តាប់តាមសម្តីរបស់នាងទេ តែគេដូចជាកំពុងតែធ្វើឲ្យនាងលែងហ៊ានហាមឃាត់គេទុកទៅវិញទេ។
   ឌឹប!
   គេរុញនាងឲ្យផ្ទប់នឹងជញ្ជាំងមួយទំហឹង រាងក្រាស់ច្រត់ដៃនឹងជញ្ជាំងហាមមិនឲ្យនាងគេចទៅណារួចក្រៅពីឈរសម្លឹងមុខកំណាចរបស់គេ។
   « ត្រឹមបានគេងជាមួយខ្ញុំម្តង នាងចង់ប្រើសិទ្ធិជាភរិយាបញ្ជាខ្ញុំតាមចិត្តហើយមែនទេ? ខ្ញុំចង់ស៊ើបរឿងក្តីនេះបន្តឬអត់មានអ្វីពាក់ព័ន្ធនឹងនាង ឬនាងខ្លាចខ្ញុំចាប់អាកម្លោះអង្គរក្សនោះដាក់គុក? » ឡូវែល ឱនមុខឃោឃៅដាក់អ្នកដែលមានបំណងល្អចំពោះគេ។
   « ខ្ញុំប្រាប់ប៉ុន្មានដងហើយថាខ្ញុំមិនដែលស្គាល់អង្គរក្សម្នាក់នោះទេ ហ៊ឹក! ខ្ញុំនិយាយទៅនេះក៏ព្រោះតែមានបំណងល្អចំពោះលោកប៉ុណ្ណោះ » ដេរ៍ស៊ី ប្រឹងបកស្រាយឡើងតឹងសរសៃក ទឹកភ្នែករហេមរហាមពេញថ្ពាល់តែគេហាក់មិនយកត្រចៀកមកស្តាប់សម្តីរបស់នាងសោះ។
   « បំណងល្អមែនទេ? ខ្ញុំមិនត្រូវការបំណងល្អពីនាងទេ » ឡូវែល ញោចមាត់ញញឹមដាក់នាងយ៉ាងឃោឃៅហើយក៏ច្រាននាងឲ្យដួលទៅលើឥដ្ឋ។
   ប្រូស!
   « នៅក្នុងបន្ទប់នេះរងចាំខ្ញុំមកវិញ ហាមនាងចេញទៅទាក់ទងប្រុសណាទៀត បើឲ្យខ្ញុំដឹងថានាងលួចចេញទៅខាងក្រៅ ខ្ញុំនឹងចាត់ការនាងឲ្យដូចជាយប់មិញអញ្ចឹង » ឡូវែល ស្រែកគំរាមនាងយ៉ាងឈាមត្រជាក់ហើយក៏រហ័សចេញទៅ ព្រោះថ្ងៃនេះគេត្រូវតែចាប់កាពីទែន ហូលី មកសួរចម្លើយឲ្យទាល់តែបាន ទោះជាអ្នកណាក៏មិនអាចហាមឃាត់គេបានដែរ គេត្រូវតែយកមនុស្សអាក្រក់ដែលធ្វើឲ្យក្រុមហ៊ុនរបស់គេស្ទើរតែដួលរលំនិងបានសម្លាប់ជីវិតកម្មកររាប់រយនាក់នៅលើកាប៉ាល់មកដាក់ទោសឲ្យបាន។ តាមពិតក្នុងចិត្តគេដឹងច្បាស់ថានាងហាមឃាត់គេមិនឲ្យទៅស៊ើបរឿងនេះបន្តព្រោះតែបារម្ភពីគេ ប៉ុន្តែគេមិនអាចធ្វើជាមនុស្សកំសាកបានទេ ព្រោះបើគេនៅតែខ្លាច ពួកមនុស្សអាក្រក់ទាំងអស់នោះនឹងបានចិត្តមិនខាន។
   « កុំទៅ...ឡូវែល! » ដេរ៍ស៊ី រហ័សក្រោករត់ទៅតាមក្រោយ ឡូវែល តែក៏ត្រូវគេចាក់សោទ្វារបន្ទប់សណ្ឋាគារជាប់មិនអាចឲ្យនាងចេញទៅតាមគេបាន។
   « បើកទ្វា...ឡូវែល! ហ៊ឹក! » ដេរ៍ស៊ី ប្រឹងស្រែកហៅគេទាំងទឹកភ្នែកហូរជោកថ្ពាល់ នាងពិតជាបារម្ភពីគេខ្លាំងណាស់ ហេតុអ្វីគេមិនស្តាប់តាមនាងម្តង?។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now