ភាគ៥៨

113 3 0
                                    

  “ គ្រោះថ្នាក់កាលពី១០ឆ្នាំមុន”

   ដេរ៍ស៊ី រុំរបួសឲ្យ ឡូវែល រួចនាងក៏រៀបចំរបស់របបដាក់ចូលប្រអប់ថ្នាំវិញ ចំណែក ឡូវែល ក៏លើកអាវមកពាក់ ប៉ុន្តែក៏ត្រូវ ដេរ៍ស៊ី ចាប់ដៃគេទុក។
   « ឈប់សិន អាវនេះប្រឡាក់ឈាមហើយមិនអាចពាក់ទៀតបានទេ ចាំខ្ញុំទៅយកអាវ រ៉ូណាន់ មកឲ្យលោក » ដេរ៍ស៊ី ប្រាប់គេហើយក៏រហ័សក្រោកដើរទៅបន្ទប់របស់ រ៉ូណាន់។
   ឡូវែល ទម្លាក់អាវនៅក្នុងដៃទៅលើសាឡុនទាំងទឹកមុខសោកសៅ គេមានអារម្មណ៍ច្រណែននិងខូចចិត្តគ្រប់ពេលដឹងថានាងស្និតស្នាលជាមួយបុរសដទៃ ទោះម្នាក់នោះគឺជាប្អូនប្រុសរបស់គេក៏ដោយ ។ មើលទៅ រ៉ូណាន់និងដេរ៍ស៊ី ពិតជាស្និតស្នាលនឹងគ្នាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ដេលលី ក៏ចូលចិត្ត រ៉ូណាន់ ខ្លាំងណាស់ដែរ ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងដូចជាអ្នកដទៃម្នាក់សម្រាប់ពួកគេ។
   « អាវរបស់ រ៉ូណាន់ ខ្ញុំគិតថាលោកអាចពាក់ត្រូវព្រោះបងប្អូនលោកមានមាឌនិងកម្ពស់ប្រហាក់ប្រហែលគ្នាទេ » ដេរ៍ស៊ី កាន់អាវដើរចូលមករក ឡូវែល ហើយក៏ហុចអាវឲ្យគេ ទាំងមានអារម្មណ៍ថាគេដូចជាកំពុងតែក្រៀមក្រំខុសពីប៉ុន្មាននាទីមុននេះឆ្ងាយណាស់ តើមានរឿងអ្វីមែនទេ? ឬក៏គេគិតរំលឹករឿងពីមុនមកទៀតហើយ។
    « អរគុណ » ឡូវែល លូកដៃយកអាវពីនាងទាំងទឹកមុខមិនល្អ ហើយគេយកអាវមកពាក់ដោយមិននិយាយអ្វីទៀតឡើយ។
     ពេលដែលគេនៅស្ងៀមមិននិយាយអ្វីបែបនេះ នាងក៏មិនដឹងថាគួរនិយាយអ្វីដូចគ្នា ទើបធ្វើឲ្យនាងចាប់ផ្តើមធ្វើខ្លួនមិនត្រូវព្រោះរវាងនាងនិងគេជាមិត្តក៏មិនមែន ជាសត្រូវក៏មិនចំសត្រូវ សូម្បីតែនាងខ្លួនឯងពេលនេះក៏មិនដឹងដែលថានាងនិងគេកំពុងស្ថិតក្នុងទំនាក់ទំនងបែបណាឲ្យប្រាកដ។ គេមិនរំលឹករឿងអតីតកាល នាងក៏មិនរំលឹកដូចគ្នា ព្រោះប្រហែលជាទុកគ្រប់យ៉ាងឲ្យកន្លងហួសទៅតាមពេលវេលាបែបនេះល្អសម្រាប់នាងនិងគេបំផុត។
     « លោកចង់បានកាហ្វេមួយកែវទេ ខ្ញុំទៅឆុងឲ្យ » ដេរ៍ស៊ី មិនដឹងនិយាយពីអ្វី ទើបសួរគេរឿងកាហ្វេ។
     « មិនបាច់ទេ ព្រោះខ្ញុំត្រឡប់ទៅវិញឥឡូវហើយ »
     « អា៎! ក្រែងលោកថាស្នាក់នៅទីនេះមែនទេ? » នាងភ្ញាក់ផ្អើលបន្តិច ព្រោះដំបូងគេប្រាប់នាងថានឹងមកស្នាក់នៅទីនេះ ប៉ុន្តែពេលនេះគេស្រាប់តែផ្លាស់ប្តូរចិត្តភ្លាម ទើបធ្វើឲ្យនាងភ្ញាក់ផ្អើលបន្តិចហើយនាងកំពុងតែគិតថាខ្លួនឯងមានធ្វើអ្វីខុសឬអត់ ទើបគេប្តូរចិត្តបែបនេះ។
     « ខ្ញុំបានគិតមើលហើយ ខ្ញុំមិនគួរស្នាក់នៅទីនេះរំខាននាងទេ ខ្ញុំទៅស្នាក់នៅសណ្ឋាគារល្អជាង » ឡូវែល និយាយហើយក៏ក្រោកឈរឡើងដើម្បីចេញពីផ្ទះលំហែនេះ។
     « ឈប់សិន! » ដេរ៍ស៊ី ប្រញាប់មកទាក់មុខគេ ហើយពេលគេងាកមកសម្លឹងមុខនាងចំៗចាំស្តាប់ហេតុផលដែលនាងទាក់មុខគេនៅពេលនេះ នាងក៏ចាប់ផ្តើមធ្វើខ្លួនមិនត្រូវ ប៉ុន្តែនាងក៏ព្យាយាមសម្រួលអារម្មណ៍ហើយនិយាយហេតុផលប្រាប់គេ។
     « បើលោកទៅស្នាក់នៅសណ្ឋាគារ រឿងដែលពួកយើងត្រឡប់មកវិញច្បាស់ជាត្រូវគេដឹងហើយ »
     « កុំបារម្ភអី ខ្ញុំអាចបើកបន្ទប់ដោយប្រើឈ្មោះ លៀម បាន » ឡូវែល តបហើយក៏ដើរជៀសនាងចេញទៅ។
      « លោកមិនចង់ដឹងទេឬ? ថាហេតុអ្វីបានជាខ្ញុំឲ្យគ្រប់គ្នាលាក់ដំណឹងរបស់ពួកយើងទាំងពីរនាក់? » ដេរ៍ស៊ី ពោលឡើងពីខាងក្រោយខ្នង ធ្វើឲ្យ ឡូវែល ត្រូវឈប់ដំណើរហើយងាកមករកនាងវិញដោយទឹកមុខចង់ដឹង ព្រោះគេក៏សង្កេតឃើញយូហើយថានាងដូចជាមានអ្វីកំពុងតែលាក់បាំង។
       « តើនាងត្រូវការជំនួយពីខ្ញុំដែរទេ? » ឡូវែល មើលដឹងថានាងកំពុងតែត្រូវការជំនួយពីគេ ទើបនាងដាច់រំលឹករឿងនេះមកកាន់គេម្តងទៀត។
       «...» ដេរ៍ស៊ី សម្លឹងមុខគេដោយទឹកមុខព្រួយបារម្ភនិងភ័យខ្លាច ហើយនាងក៏ង៉ក់ក្បាលដាក់គេតិចៗ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Tempat cerita menjadi hidup. Temukan sekarang