ភាគ៥៦

143 6 1
                                    

  “ ស្ទាក់ស្ទើ ”

    ឡូវែល អូសដៃ ដេរ៍ស៊ី រត់កាត់ព្រៃទាំងកណ្តាលយប់ ដោយមានក្រុមឃាតករតាមពួកគេពីខាងក្រោយមិនឈប់ឈរ។
    « ឆាប់មកត្រង់នេះ » ឡូវែល អូសដៃ ដេរ៍ស៊ី ចូលទៅលាក់ខ្លួននៅខាងក្រោយកន្លុកកន្លៀតថ្មនៅជិតរូងភ្នំ។ ប្រអប់ដៃមាំឈោងឱបរាងស្តើងឲ្យមកក្បែរខ្លួន ព្រោះខ្លាចផ្ទាំងថ្មបាំងនាងមិនជិតនឹងធ្វើឲ្យឃាតករតាមមកមើលឃើញនាង។
    « ឆាប់តាមទៅ ឲ្យលឿន »
    ក្រុមឃាតករដែលមានគ្នាបីនាក់រត់កាត់កន្លែងដែល ដេរ៍ស៊ីនិងឡូវែល លាក់ខ្លួនទៅបាត់ឆ្ងាយ ទើប ដេរ៍ស៊ី ងើយសម្លឹងមុខអ្នកដែលឱបនាងណែនដៃ ហើយក៏រុញគេចេញពីនាងមួយទំហឹង។
    « អួយ! » ឡូវែល ស្រែកទាំងឈឺចាប់ឡើង ដៃទប់មុខរបួសនៅនឹងដើមដៃដែលត្រូវនាងរុញត្រូវមុននេះ។
    « តើយ៉ាងម៉េចហើយ? » នាងចូលមកចាប់ដៃគេមើលរបួសវិញទាំងទឹកមុខព្រួយបារម្ភ។
    « បងមិនអីទេ » ឡូវែល តបទាំងកែវភ្នែកស្រទន់ទាំងគូ សម្លឹងមុខអ្នកដែលកំពុងសម្លឹងរបួសនៅនឹងដៃរបស់គេដោយក្តីព្រួយបារម្ភ។ គេមើលដឹងថានាងនៅតែស្រលាញ់គេនិងបារម្ភពីគេ ប៉ុន្តែគេមិនដឹងទេថាហេតុអ្វីនាងមិនព្រមត្រូវគ្នាជាមួយគេវិញ? ព្រោះនាងមិនទាន់ជឿជាក់គេមែនទេ?។
    « នៅឲ្យស្ងៀម ចាំខ្ញុំជួយឃាត់ឈាមឲ្យ » ដេរ៍ស៊ី ប្រាប់គេទាំងភ្នែកនៅសម្លឹងរបួសនឹងដៃរបស់គេមិនដកចេញហើយនាងក៏យកកូនកន្សែងដែលកាន់នៅក្នុងដៃមករុំរបួសឃាត់ឈាមឲ្យគេ រួចទើបនាងដកភ្នែកមកសម្លឹងមុខរបស់គេវិញ ប៉ុន្តែក៏ត្រូវប្រសព្វនឹងកែវភ្នែកពណ៌ត្នោតដែលកំពុងសម្លឹងមកនាងយ៉ាងស្រទន់នោះ។
    ដុក! ដាក់!
    បេះដូងរបស់នាងចាប់ផ្តើមលោតញាប់ញ័រព្រោះតែកែវភ្នែករបស់គេទៀតហើយ ហេតុអ្វីនាងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានគ្រប់ពេលដែលនៅជិតគេ? នាងមិនអាចឲ្យគេគ្រប់គ្រងអារម្មណ៍របស់នាងបែបនេះបន្តទៀតទេ នាងត្រូវតែតាំងស្មារតីឲ្យរឹងមាំដើម្បីគេចពីក្រសែភ្នែករបស់គេ។
    « រួចរាល់ហើយ » ដេរ៍ស៊ី រហ័សគេចភ្នែកពីគេហើយមកអង្គុយផ្អែកខ្នងនឹងផ្ទាំងថ្មងើយសម្លឹងទៅផ្ទៃមាឃដែលមានពន្លឺដួងផ្កាយដ៏ស្រស់ស្អាតវិញ ព្រោះពេលនេះជុំវិញខ្លួននាងមានតែភាពងងឹត ពន្លឺតែមួយគត់ដែលនាងអាចមើលឃើញនៅពេលនេះគឺពន្លឺដួងតារាដែលរះនៅលើផ្ទៃមាឃនាពេលរាត្រី។
     « ពួកយើងខានមើលផ្កាយជាមួយគ្នាបែបនេះយូហើយ » ឡូវែល ងើយសម្លឹងទៅលើផ្ទៃមេឃមើលដួងផ្កាយតាម ដេរ៍ស៊ី ដោយស្នាមញញឹមយ៉ាងមានក្តីសុខ ទិដ្ឋភាពនាពេលនេះកំពុងធ្វើឲ្យគេនឹកឃើញដល់ពេលវេលាកាលពីប្រាំឆ្នាំមុន ពេលដែលគេនិងនាងវង្វេងក្នុងព្រៃហើយត្រូវបានលោកតាម្នាក់ជួយ ហើយគេនិងនាងក៏បានទៅស្នាក់នៅផ្ទះលោកតានៅឯព្រៃភ្នំ កាលនោះហើយដែលគេបានចំណាយពេលអង្គុយមើលផ្កាយជាមួយនាងជាលើកដំបូង គេចាំបានថាពន្លឺផ្កាយនៅពេលនោះគឺភ្លឺខ្លាំងនិងស្រស់ស្អាតដូចជាពេលនេះអញ្ចឹង ។
     « បើមានពោតស្ងោរក្តៅៗញុំច្បាស់ជាល្អ » ដេរ៍ស៊ី និយាយហើយញញឹមស្រស់ឡើង មិនដឹងយ៉ាងម៉េចទេ ពេលដែល ឡូវែល រំលឹកដល់រឿងមើលផ្កាយជាមួយគ្នា នាងក៏នឹកឃើញដល់ពោតស្ងោរក្តៅៗដែលនាងបានញុំនៅពេលនោះ ប្រហែលមកពីអាកាសធាតុត្រជាក់ទេដឹង ទើបនាងនឹកឃើញរបស់ញុំក្តៅៗ ប៉ុន្តែពេលនេះទោះគ្មានពោតស្ងោរក្តៅៗក៏នាងមានអារម្មណ៍ថាកក់ក្តៅដែរដោយគ្រាន់តែនឹកឃើញដល់គ្រាមួយនោះ ។
     « ពោតស្ងោរលោកតានាពេលនោះគឺល្អបំផុត » ឡូវែល តបជាមួយនាងដោយស្នាមញញឹមមានក្តីសុខ គេមានអារម្មណ៍កក់ក្តៅនិងមានក្តីសុខខ្លាំងពេលនឹកឃើញដល់អនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នាកាលពីមុន។ ទោះបីជាគេនិងនាងបានឆ្លងកាត់រឿងរ៉ាវអាក្រក់ៗជាច្រើនធ្វើឲ្យបេះដូងគេឈឺចាប់និងសោកសៅខ្លាំងប៉ុណ្ណា ប៉ុន្តែពេលវេលាដែលគេនិងនាងបាននៅជាមួយគ្នាតែងតែជាការចងចាំដល់កក់ក្តៅសម្រាប់បេះដូងរបស់គេជានិច្ច។
     «...» ដេរ៍ស៊ី ញញឹមស្រាលៗចេញមកលើផ្ទៃមុខ   ព្រោះរឿងរ៉ាវអតីតកាលបានធ្វើឲ្យនាងឈឺចាប់ហើយក៏មានអារម្មណ៍ល្អក្នុងពេលតែមួយ ។
     « អូននៅចាំពាក្យសម្តីដែលបងបាននិយាយនៅយប់នោះបានទេ? » គេងាកមកសួរនាង ទើប ដេរ៍ស៊ី នឹកឃើញដល់ពាក្យសម្តីដែលគេនិយាយនៅពេលនោះ។
  ” ខ្ញុំដូចជាកាន់តែចូលចិត្តទីនេះហើយ ”
  “ លោកចូលចិត្តទីនេះ? ”
  “ យ៉ាងម៉េចខ្ញុំចូលចិត្តទីនេះមិនបានមែនទេ? ”
   “ មិនមែនមិនបានទេ គ្រាន់តែខ្ញុំគិតថាលោកមិនហ៊ានលះបង់ទ្រព្យសម្បត្តិរបស់លោកទាំងអស់ហើយមកប្រើជីវិតសាមញ្ញានៅទីនេះទេ ”
   “ហេតុអ្វីថាខ្ញុំមិនហ៊ាន? នាងប្រហែលមិនដឹងទេថាខ្ញុំជាប្រភេទមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីរបស់ដែលខ្លួនឯងស្រលាញ់ចូលចិត្ត ខ្ញុំធ្លាប់លះបង់តំណែងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនលោកប៉ាហើយទៅប្រថុយបើកក្រុមហ៊ុនផ្ទាល់ខ្លួន ពេលនោះលោកប៉ាស្ទើរតែកាត់ការខ្ញុំចោលទៅហើយ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ខ្ញុំបានរើសចេញពីផ្ទះ លះបង់ជីវិតជាកូនអ្នកមានហើយទៅប្រើជីវិតបែបប្រថុយប្រថាននៅខាងក្រៅ ដើម្បីតែចង់បង្កើតក្រុមហ៊ុនមួយដែលខ្លួនឯងស្រលាញ់បំផុត ហើយចុងក្រោយខ្ញុំក៏ធ្វើបាន
   « យូហើយខ្ញុំចាំមិនបានទេ » នាងធ្វើពុតជាចាំមិនបានទាំងដែលនាងនៅចាំសម្តីរបស់គេនៅយប់នោះបានគ្រប់យ៉ាង ពាក្យសម្ដីដែលគេនិយាយថាចង់រស់នៅដោយប្រើជីវិតសាមញ្ញាជាអ្នកព្រៃភ្នំ ប៉ុន្តែនាងមិនជឿទេថាគេអាចរស់នៅបែបនោះបាន ព្រោះកន្លងមកនាងបានឃើញស្រាប់ហើយថាគេមិនហ៊ានលះបង់គ្រប់យ៉ាងដូចដែលពាក្យគេធ្លាប់និយាយទេ។
   « បងធ្លាប់ជាមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីរបស់ដែលខ្លួនឯងស្រលាញ់ ប៉ុន្តែពេលនេះបងគ្រាន់តែជាមនុស្សកំសាកម្នាក់ប៉ុណ្ណោះ ព្រោះប្រាំឆ្នាំមុនបងបានជ្រើសរើសយកក្រុមហ៊ុនហើយបោះបង់អូនចោល បងគ្មានសិទ្ធសូម្បីតែធ្វើតាមបេះដូងរបស់ខ្លួនឯង ទោះជាដឹងថានោះជាជម្រើសដល់ឆ្កួតឡប់ក៏បងនៅតែជ្រើសរើសយកវាដោយមិនស្ទាក់ស្ទើរ ព្រោះតែបងជាមនុស្សកំសាក »
  « ហេតុអ្វី...ហេតុអ្វីលោកប្រែទៅជាមនុស្សកំសាក? » ដេរ៍ស៊ី ងាកមកសួរគេទាំងកែវភ្នែករលីងរលោងពេញដោយក្តីឈឺចាប់ ពេលលឺគេស្តីបន្ទោសខ្លួនឯងបែបនេះ។
  « ព្រោះបងជាអ្នកធ្វើឲ្យលោកប៉ាអ្នកម៉ាក់ស្លាប់ ព្រោះតែភាពរឹងទទឹងរបស់បងកាលពីមុនបានធ្វើឲ្យលោកប៉ានិងអ្នកម៉ាក់ត្រូវសម្លាប់ ហ៊ឹក! មុនពេលលោកប៉ាស្លាប់ ពាក្យចុងក្រោយដែលគាត់និយាយមកបងគឺឲ្យបងជួយមើលក្រុមហ៊ុនឲ្យបានល្អ ទោះបីជាត្រូវលះបង់អ្វីក៏ដោយ គ្រប់ពេលដែលក្រុមហ៊ុនមានបញ្ហាបងតែងតែមានអារម្មណ៍ខុសកាន់តែធ្ងន់ ឈឺចាប់កាន់តែខ្លាំង មានអារម្មណ៍ដូចជាកំពុងតែធ្លាក់នរកទាំងរស់អញ្ចឹង បងមិនអាចសូម្បីតែមានពេលវេលាសម្រាប់ជីវិតរបស់ខ្លួនឯង បងធ្វើការឲ្យក្រុមហ៊ុនដូចជាទាសករទាំងយប់ទាំងថ្ងៃ ទោះបីជាខ្លួនឯងត្រូវវេទនាប៉ុណ្ណាក៏បងគ្មានសិទ្ធិតវ៉ាដែរ ព្រោះបងបានជំពាក់លោកប៉ានិងអ្នកម៉ាក់ ហ៊ឺ! » ឡូវែល និយាយរៀបរាប់ទាំងអួលដើមក ទឹកភ្នែកស្រក់ចុះមកម្តងមួយតំណក់ៗយ៉ាងឈឺចាប់បំផុត ហើយនេះគឺជាមូលហេតុដែលគេក្លាយជាមនុស្សកំសាកមិនហ៊ានធ្វើគ្រប់យ៉ាងបេះដូងរបស់ខ្លួនឯង។
   « ហ៊ឹក...ហេតុអ្វីក៏រស់នៅបែបនោះ? បើលោកប៉ាអ្នកម៉ាក់លោកដឹងថាលោករស់នៅបែបនេះ តើគាត់នឹងមានអារម្មណ៍បែបណា? គាត់នឹងមានអារម្មណ៍ខុសធ្ងន់ជាងលោករាប់លានដង មានអារម្មណ៍ឈឺចាប់លើសលោករាប់លានដង គាត់អាចនឹងបន្ទោសខ្លួនឯងរាល់ថ្ងៃព្រោះគិតថាខ្លួនឯងជាអ្នកធ្វើឲ្យកូនប្រុសត្រូវរស់នៅយ៉ាងវេទនាបែបនេះ ហ៊ឺ! » ដេរ៍ស៊ី ថាឲ្យគេញាប់មាត់ដូចជាអ្នកម៉ាក់កំពុងតែស្តីបន្ទោសកូនប្រុស នាងយំបណ្តើរនិយាយពន្យល់គេបណ្តើរធ្វើដូចជានាងជាម្តាយរបស់គេនៅក្នុងពេលនេះ។ នាងពិតជាខឹងនិងឈឺចាប់ក្នុងពេលតែមួយ ហេតុអ្វីបានជាគេលាក់រឿងទាំងអស់នេះតែម្នាក់ឯងយូយ៉ាងនេះ? តើសុបិន្តអាក្រក់ដែលគេមានរាល់យប់កន្លងមកក៏ព្រោះតែរឿងនេះដែលមែនទេ? ហេតុអ្វីបានជាគេល្ងង់យ៉ាងនេះ? នាងពិតជាខឹងជាមួយគេខ្លាំងណាស់។ នាងតែងតែឃើញថាគេជាមនុស្សលោភលន់ ជាមនុស្សអាត្មានិយមដែលធ្វើគ្រប់យ៉ាងដើម្បីតែប្រយោជន៍របស់ខ្លួនឯង តែពេលនេះនាងបានដឹងពីមូលហេតុដែលធ្វើឲ្យគេក្លាយជាមនុស្សប្រភេទនោះហើយ ពិតជាធ្វើឲ្យនាងឈឺចិត្តខ្លាំងណាស់។
    ឡូវែល ឈោងទៅទាញនាងមកឱបក្នុងរង្វង់ដៃយ៉ាងណែន បេះដូងដែលកំពុងឈឺចាប់ក៏បានធូរស្រាលបន្តិចពេលបានស្តាប់ពាក្យសម្តីរបស់នាងនិងឱបនាងបែបនេះហើយ។ តាំងពីដើមមកមិនដែលមានអ្នកណាប្រាប់គេបែបនេះទេ ទើបគេតែងតែរស់នៅតាមពាក្យសន្យានោះរហូត ប៉ុន្តែពេលនេះពាក្យសម្តីរបស់នាងធ្វើឲ្យគេមានអារម្មណ៍ធូស្រាលបន្តិច ទោះជាមិនអាចជួយគេបានទាំងស្រុងក៏ដោយ។
    « អរគុណណាស់ » គេពោលអរគុណនាងហើយក៏ឱបនាងកាន់តែណែនឡើង ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now