ភាគ២១

159 4 0
                                    

“ មនុស្សផ្ដាច់ការ ”

  ពន្លឺភ្លើងទានចេញពីផ្ទះខ្ទមឬស្សីកណ្តាលព្រៃភ្នំ បង្ហាញឲ្យឃើញវត្តមានកម្លោះក្រមុំមួយគូកំពុងអង្គុយនៅលើគ្រែខាងមុខផ្ទះរងចាំផ្លូវលោកតាម្ចាស់ផ្ទះត្រឡប់មកពីព្រៃវិញ។
  « យប់ណាស់ហើយ ហេតុអ្វីលោកតានៅមិនទាន់មកវិញទៀត? » ដេរ៍ស៊ី រអ៊ូម្នាក់ឯងដោយក្តីបារម្ភ។
  « ខ្ញុំឃើញអ្នកផ្ទះនៅជិតនេះក៏មិនទាន់ត្រឡប់មកវិញដូចគ្នា ប្រហែលជាទម្លាប់របស់អ្នកភូមិដែលចូលចិត្តនៅក្នុងព្រៃដល់យប់ជ្រៅ » ឡូវែល តបជាមួយនាងវិញ ។
  « យប់ណាស់ហើយ ហេតុអ្វីលោកមិនចូលទៅក្នុងផ្ទះ? » នាងងាកមកមើលមុខគេដោយចម្លែកក្នុងចិត្ត ព្រោះមួយថ្ងៃនេះគេដូចជាតាមនាងជាប់រហូត នាងទៅណាក៏គេទៅតាម។
  « ខ្ញុំមិនទាន់ងងុយទេ » គេតបជាមួយនាងទាំងងើយសម្លឹងទៅលើផ្ទៃមាឃដែលពោលពេញដោយផ្កាយរាប់លានដួង ព្រោះតែនៅក្នុងព្រៃភ្នំគ្មានអំពូលបំភ្លឺច្រើនដូចទីក្រុងទើបអាចឲ្យគេមើលឃើញផ្កាយកាន់តែច្រើន។
  « នៅទីនេះមានផ្កាយច្រើនណាស់ ពេលសម្លឹងកាន់តែយូរបែបនេះមានអារម្មណ៍ដូចជាផ្កាយទាំងអស់កំពុងហ៊ុមព័ទ្ធនៅជុំវិញខ្លួនរបស់យើង » ដេរ៍ស៊ី ងើយមើលផ្កាយតាម ឡូវែល ហើយនិយាយឡើងដោយស្នាមញញឹមហាក់មានក្តីសុខពេញបេះដូង។
  « ខ្ញុំដូចជាកាន់តែចូលចិត្តទីនេះហើយ »
  « លោកចូលចិត្តទីនេះ? » នាងងាកទៅសម្លឹងមុខគេដោយភ្ញាក់ផ្អើល ព្រោះមនុស្សដែលឡូយឆាយនិងគិតតែពីទ្រព្យសម្បត្តិមាសប្រាក់ដូចជាគេម្តេចនឹងអាចចូលចិត្តកន្លែងដែលគ្មានអ្វីបែបនេះបាននោះ។
  « យ៉ាងម៉េចខ្ញុំចូលចិត្តទីនេះមិនបានមែនទេ? » គេលោមុខចូលមកជិតនាងសួរឡើងពេលឃើញនាងធ្វើមុខចម្លែកបែបនេះ។
  « មិនមែនមិនបានទេ គ្រាន់តែខ្ញុំគិតថាលោកមិនហ៊ានលះបង់ទ្រព្យសម្បត្តិរបស់លោកទាំងអស់ហើយមកប្រើជីវិតសាមញ្ញានៅទីនេះទេ »
  « ហេតុអ្វីថាខ្ញុំមិនហ៊ាន? នាងប្រហែលមិនដឹងទេថាខ្ញុំជាប្រភេទមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីរបស់ដែលខ្លួនឯងស្រលាញ់ចូលចិត្ត ខ្ញុំធ្លាប់លះបង់តំណែងជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនលោកប៉ាហើយទៅប្រថុយបើកក្រុមហ៊ុនផ្ទាល់ខ្លួន ពេលនោះលោកប៉ាស្ទើរតែកាត់ការខ្ញុំចោលទៅហើយ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ខ្ញុំបានរើសចេញពីផ្ទះ លះបង់ជីវិតជាកូនអ្នកមានហើយទៅប្រើជីវិតបែបប្រថុយប្រថាននៅខាងក្រៅ ដើម្បីតែចង់បង្កើតក្រុមហ៊ុនមួយដែលខ្លួនឯងស្រលាញ់បំផុត ហើយចុងក្រោយខ្ញុំក៏ធ្វើបាន »
   « ប៉ុន្តែនេះមិនដូចគ្នាទេ »
   « មិនដូចគ្នាយ៉ាងម៉េច ខ្ញុំអាចបង្កើតវាបានហើយក៏អាចបោះបង់វាបានដែរ នាងដែលលឺទេថាបើចង់បានក្តីសុខត្រូវតែមានការលះបង់ បើខ្ញុំចង់រស់នៅប្រើជីវិតសាមញ្ញានៅទីនេះ ខ្ញុំក៏ត្រូវលះបង់ក្រុមហ៊ុននិងគ្រប់យ៉ាងចោល »
   « លោកគិតចង់រស់នៅទីនេះពិតមែនឬ? »
   « អត់ទេ! »
   « អ្ហា៎! បើអត់ទេ ចាំបាច់រៀបរាប់ច្រើនយ៉ាងនេះធ្វើស្អីទៅ? »
   « គឺខ្ញុំចង់ឲ្យនាងដឹងនោះអី »
   « ខ្ញុំមែនទេ? » ដេរ៍ស៊ី លើកដៃចង្អុលមុខខ្លួនឯងដោយមុខងឿងឆ្ងល់ ព្រោះនៅសុខៗគេនិយាយរឿងលះបង់អ្វីនេះឲ្យនាងស្តាប់ធ្វើអ្វីទៅ។
   « គ្មានអ្វីទេ! » គេងាកមុខចេញឈប់និយាយតជាមួយនាងទៀត ព្រោះគេក៏មិនហ៊ានសន្យាថាគេអាចលះបង់គ្រប់យ៉ាងដើម្បីនាងបានដែរ ចាប់តាំងពីលោកប៉ានិងអ្នកម៉ាក់របស់គេស្លាប់មកគេមិនបានក្លាហានដូចពីមុនទៀតទេ ព្រោះមានរឿងខ្លះដែលធ្វើឲ្យគេមានអារម្មណ៍ខុសចំពោះលោកប៉ានិងអ្នកម៉ាក់របស់គេគ្រប់ពេល។
   « លោកតាមកវិញហើយ! » ដេរ៍ស៊ី ក្រឡេកឃើញលោកតាម្ចាស់ផ្ទះមកវិញ ទើបរហ័សក្រោកទៅទទួលលោកតា។
   « យប់នេះតាទៅគេងនៅផ្ទះមិត្ត ពួកឯងគេងនៅផ្ទះនេះពីរនាក់ទៅណា ហើយនេះតាមានពោតស្ងោរមកផ្ញើរពួកឯងដែរ » លោកតាឆ្លៀតយកពោតមកផ្ញើរអ្នកទាំងពីរហើយក៏ត្រឡប់ទៅគេងនៅផ្ទះមិត្តវិញ ព្រោះផ្ទះរបស់លោកតាតូចមិនអាចគេងបីនាក់បានទេ ណាមួយលោកតាខ្លាចរំខានពួកគេទាំងពីរនាក់ផង។
    « អរគុណលោកតា អួយ! ក្តៅ! » ដេរ៍ស៊ី មិនដឹងថាពោតស្ងោររបស់លោកតាក្តៅទើបកាន់មិនប្រយ័ត្នធ្វើឲ្យរលាកដៃ។
    « ប្រយ័ត្នផង! » ឡូវែល រហ័សយកពោតពីដៃរបស់នាងមកទុកលើគ្រែហើយឱនទៅចាប់ដៃនាងមកផ្លុំតិចៗ។
  ដេរ៍ស៊ី ត្រូវភ្លាំងភ្លឹកសម្លឹងកាយវិការរបស់គេមិនដាក់ភ្នែក គេនៅពេលនេះធ្វើឲ្យនាងនឹកឃើញ ឡូវែល ពីមុន។ ឡូវែល ដែលតែងតែជួយនាង បារម្ភពីនាង ពីមុនគឺគេទន់ភ្លន់ដាក់នាងបែបនេះ បើគេប្រែទៅជាបែបនេះវិញរហូតមិនដឹងជាល្អយ៉ាងណាទេ។
  ឡូវែល ឃើញនាងស្ងាត់មាត់ទើបងើបមកសម្លឹងមុខនាងវិញ ពេលបានឃើញនាងសម្លឹងមើលគេដោយកែវភ្នែកស្រទន់បែបនេះ គេក៏រហ័សលែងដៃហើយដកខ្លួនថយពីនាង។
  « ពោតនេះគួរឲ្យចង់ញុំណាស់ » គេបន្លប់ទៅអង្គុយញុំពោតធ្វើមិនដឹង ហើយក៏មិនសួរនាំពីដៃរបស់នាងដែលរលាកមុននេះទៀតដែរ ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now