ភាគ៣៧

126 5 0
                                    

“ ជាប់ឈ្មោះជាជនរល្មើស ”

  ព្រឹកថ្ងៃថ្មី
  គ្រូពេទ្យប្រចាំការនៅបន្ទប់សង្គ្រោះបន្ទន់ចូលទៅពិនិត្យមើលអាការះអ្នកជំងឺដែលស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរម្តងទៀត បន្ទាប់ពីមិនមានអ្វីខុសប្រក្រតីកើតឡើងចំពោះអ្នកជំងឺនៅក្រោយការវះកាត់ប៉ុន្មានម៉ោងមកនេះទើបលោកគ្រូពេទ្យសម្រេចចិត្តផ្លាស់អ្នកជំងឺទៅបន្ទប់សម្រាកធម្មតាវិញ ព្រោះអាការៈរបស់នាងបានល្អប្រសើរច្រើនហើយ។
  រាងស្តើងគេងសន្លប់មិនដឹងខ្លួននៅលើគ្រែកណ្តាលបន្ទប់អ្នកជំងឺវីអាយភីដោយមានបំពង់អុកស៊ីសែនជាប់ច្រមុះនៅឡើយ។ ទោះជាស្ថានភាពរបស់នាងបានល្អប្រសើរជាងមុនបន្តិចមែន ប៉ុន្តែនាងនៅតែសន្លប់មិនដឹងខ្លួនដូចដើម ទើប ឡូវែល នៅដែលបារម្ភពីនាងពេញបេះដូងដដែល គេមិនអាចសូម្បីតែដើរចេញឆ្ងាយពីនាង ទើបសុខចិត្តមកអង្គុយលើកៅអីគេងដាក់ក្បាលលើគ្រែក្បែរដៃរបស់នាងទាំងអស់កម្លាំង ព្រោះយប់មិញគេមិនបានគេងពេញមួយយប់ ដោយសារតែបារម្ភពីនាង។

  កន្លងទៅជាច្រើនម៉ោង ឡូវែល ភ្ញាក់ពីគេងមកវិញ តែឃើញ ដេរ៍ស៊ី ស្ថិតនៅស្ថានភាពសន្លប់ដូចដើម ធ្វើឲ្យចិត្តរបស់គេកាន់តែបារម្ភខ្លាចនាងមិនដឹងខ្លួនមកវិញបែបនេះរហូត។ តើពេលណាទើបនាងដឹងខ្លួនមកវិញ? គេមិនចង់ឃើញនាងគេងមិនកម្រើកបែបនេះទេ គេនឹកសំឡេងរបស់នាង គេនឹកសំឡេងឈ្លោះប្រកែករបស់នាងនិងគេ តើពេលណានាងព្រមក្រោកមកឈ្លោះប្រកែកជាមួយគេម្តងទៀត?។ ឡូវែល ស្រវ៉ាចាប់ម្រាមស្រឡូនមកដាក់ប៉ះនឹងថ្ពាល់របស់គេទាំងកែវភ្នែកសោកសៅទាំងគូសម្លឹងមុខនាងមិនដាក់ភ្នែក។
   « អូនតែងតែក្រោកពីព្រលឹមរាល់ថ្ងៃ ប៉ុន្តែហេតុអ្វីថ្ងៃនេះអូនគេងយូយ៉ាងនេះហើយនៅមិនព្រមក្រោកទៀត? ឬអូនខ្លាចបងបន្ទោសអូនទៀត ទើបមិនព្រមក្រោកឡើងមកជួបមុខបង ហ៊ឹក! ដេរ៍ស៊ី បងឈប់ខឹងជាមួយអូនហើយ បងឈប់ចង់ឈ្នះអូនទៀតហើយ អូនឆាប់ក្រោកឡើយមក ឆាប់បើកភ្នែកមកសម្លឹងមុខបងដោយក្តីស្រលាញ់ដូចដែលអូនធ្លាប់ធ្វើពីមុនមក » ដំណក់ទឹកថ្លាដែលមិនធ្លាប់ស្រក់ចុះម្តងណាស្រាប់តែស្រក់ចុះមកលើថ្ពាល់របស់គេម្តងមួយតំណក់ៗយ៉ាងឈឺចាប់ខ្លោងផ្សាជាទីបំផុត គេលែងចង់លាក់អារម្មណ៍ដែលមានចំពោះនាងទៀតហើយព្រោះគេខ្លាចគ្មានឱកាសនិយាយចេញមកនៅចំពោះរបស់នាង សូម្បីតែគ្រូពេទ្យក៏ប្រាប់មិនបានថានាងអាចដឹងខ្លួនមកវិញនៅពេលណា នាងអាចនឹងគេងបែបនេះរហូតក៏គេមិនដឹង ទើបគេមិនចង់លាក់ទុកអារម្មណ៍ទាំងអស់នេះក្នុងចិត្តទៀតទេ ព្រោះបេះដូងរបស់គេអាចនឹងប្រេះបែកបើគេបន្តលាក់វាទុកទៀត។
   « ដេរ៍ស៊ី បងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងណាស់ គ្រប់យ៉ាងដែលបងធ្វើចំពោះអូនកន្លងមកព្រោះបងមិនហ៊ានទទួលស្គាល់អារម្មណ៍របស់ខ្លួនឯង បងខ្មាស់ខ្លួនឯងដែលទៅស្រលាញ់មនុស្សស្រីដែលល្ងង់ដូចជាអូនទាំងដែលខ្លួនឯងធ្លាប់ស្អប់មនុស្សស្រីដែលល្ងង់បែបនេះខ្លាំងណាស់ ប៉ុន្តែពេលនេះបងបានដឹងហើយថាបងស្រលាញ់អូន ហើយរស់នៅដោយខ្វះអូនមិនបានទេ បងមិនខ្វល់ថាអូនមានជំងឺភ្លេចភ្លាំងឬមានខួរក្បាលមិនល្អមិនអាចជួយមុខជំនួញគ្រួសាររបស់បងឲ្យរីកចម្រើនបាន តែត្រឹមមានអូននៅក្បែរបង ចាំជួយលើកទឹកចិត្តបងពីក្រោយខ្នងក៏គ្រប់គ្រាន់ហើយ បងច្បាស់ជាអាចដឹកនាំក្រុមហ៊ុនបានយ៉ាងល្អបើមានអូននៅចាំលើកទឹកចិត្ត ដេរ៍ស៊ី អូនបានលឺពាក្យសម្តីរបស់បងនៅពេលនេះទេ បើអូនកំពុងស្តាប់ បងសុំឲ្យអូនក្រោកមកធ្វើជាកម្លាំងចិត្តឲ្យបងបន្តទៀតបានទេ? » ឡូវែល រៀបរាប់ពីអារម្មណ៍របស់ខ្លួនឯងប្រាប់នាងទាំងមិនដឹងថានាងអាចស្តាប់លឺសម្តីរបស់គេឬក៏អត់ទេ តែគេសង្ឃឹមថាអំណាចនៃក្តីស្រលាញ់ដែលគេមានចំពោះនាងនឹងជួយឲ្យនាងមានអារម្មណ៍ដឹងពីក្តីស្រលាញ់របស់គេហើយជួយជាកម្លាំងចិត្តឲ្យនាងព្រមដឹងខ្លួនមកជួបគេម្តងទៀតផងចុះ។
   ក្រាក!
   « ចៅហ្វាយ! » លៀម ចូលមកឈរនៅក្បែរមាត់ទ្វាព្រោះមិនចង់ចូលទៅជិតរំខានចៅហ្វាយ។
   « មានការអ្វីឆាប់និយាយមក » ឡូវែល តបជាមួយកូនចៅទាំងភ្នែកនៅសម្លឹងមុខនារីជាស្រលាញ់ដដែល។
   « គឺគ្នាយើងបានដំណឹងរបស់កាពីទែន ហូលី ហើយ »
   « តើពេលនេះគេនៅឯណា? »
   « គេបានរត់ទៅកូរ៉េវិញហើយ »
   « កូរ៉េមែនទេ? គេហ៊ានរត់ទៅកូរ៉េដែលជាកន្លែងពេញដោយភ្នែកច្រមុះរបស់យើងបែបនេះ គេច្បាស់ជាមានទីបង្អែកធំនៅទីនោះចាំជួយមិនខាន ប្រាប់គ្នាយើងឲ្យស៊ើបបន្តទៀត »
  « បាទ » លៀម ឱនគោរពចៅហ្វាយបន្តិចហើយប្រុងដើរចេញទៅវិញ។
  « ឈប់សិន! ផ្កាដេរ៍ស៊ីដែលខ្ញុំឲ្យឯងទៅរកទិញបានហើយឬនៅ? » ឡូវែល ងាកទៅសួរ លៀម ។
  « ពិតមែនហើយ ខ្ញុំភ្លេចយកចូលមកឲ្យចៅហ្វាយ » លៀម នឹកឃើញរឿងផ្កាដេរ៍ស៊ី ដែលចៅហ្វាយឲ្យទិញមកឲ្យហើយក៏រហ័សរត់ទៅឱបបាច់ផ្កាដេរ៍ស៊ី ចូលមកក្នុងបន្ទប់។
  « ទុកលើសាឡុននឹងហើយ ទុកឲ្យយើងជាអ្នករៀបចំដោយខ្លួនឯង » ឡូវែល ញញឹមស្រស់ស្រាយពេលបានឃើញផ្កាដេរ៍ស៊ីដែល លៀម ទិញមកឲ្យតាមបញ្ជាហើយ។
  « បាទ » លៀម លាចេញទៅវិញទាំងងឿងឆ្ងល់បន្តិច ព្រោះយល់ថាចៅហ្វាយរបស់គេដូចជាប្លែកៗតាំងពី ដេរ៍ស៊ី ត្រូវបាញ់ជិតស្លាប់ជិតរស់មក សូម្បីតែផ្កាដេរ៍ស៊ីដែលចៅហ្វាយមិនដែលយកភ្នែកមើលក៏ចៅហ្វាយប្រាប់ឲ្យគេទៅទិញទាំងព្រឹកហើយពេលបានមកក៏ញញឹមត្រេកអរខុសធម្មតាថែមទៀត ធ្វើឲ្យគេមិនងឿងឆ្ងល់មិនបានទេ សង្ស័យដឹងខ្លួនថាស្រលាញ់គេហើយទេដឹង?។
  « នៅមើលអីទៀតឆាប់ចេញទៅ » ឡូវែល ឃើញ លៀម នៅឈរភ្លឹកមាត់ទ្វាសម្លឹងមើលគេដោយកែវភ្នែកងឿងឆ្ងល់ទើបគេស្រែកសម្លុតដេញដោយសំឡេងកាចដូចរាល់ដងធ្វើឲ្យ លៀម រហ័សចេញទៅលែងហ៊ានងាកក្រោយ។
  ឡូវែល យកកន្រ្តៃមករៀនកាត់ផ្កាជាលើកដំបូងដើម្បីរៀបចំដាក់ថូផ្កាក្នុងបន្ទប់ ព្រោះនាងចូលចិត្តផ្កាដេរ៍ស៊ី ទើបគេគិតថារៀបចំសម្រាប់នាងជាពិសេស ទុកពេលដែលនាងដឹងខ្លួនឡើងនឹងមានអារម្មណ៍ល្អនៅពេលឃើញផ្កាដេរ៍ស៊ីពេញបន្ទប់។
  « អួយ! » ឡូវែល កាត់ខុសទងផ្កាមកកាត់ត្រូវដៃខ្លួនឯងទើបរហ័សយកក្រដាសមកជូតឈាមលើមុតរបួសដែលដាច់បន្តិចហើយក៏កាន់កន្រ្តៃកាត់បន្ត ត្រឹមរបួសបន្តិចនេះទុកជាអ្វីទៅ? បើប្រៀបធៀបនឹងការលះបង់ដែលនាងមានចំពោះគេគឺលើសនេះមួយពាន់ដង ត្រឹមរបួសបន្តិចនេះមិនអាចធ្វើឲ្យគេឈឺស្មើអ្វីដែលនាងឈឺនោះទេ ចាប់ពីពេលនេះទៅគេនឹងធ្វើគ្រប់យ៉ាងសម្រាប់នាង គេនឹងលះបង់គ្រប់យ៉ាងចំពោះនាងមិនឲ្យនាងលះបង់តែម្ខាងទៀតទេ។
  « បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូនទោះជាលំបាកប៉ុណ្ណាក៏ដោយ ដេរ៍ស៊ី » ឡូវែល ចោលភ្នែកសម្លឹងស្រីក្រមុំដែលគេងនៅលើគ្រែដោយកែវភ្នែកស្រទន់ហើយក៏ចោលភ្នែកមកសម្លឹងទងផ្កានៅក្នុងដៃវិញដោយស្នាមញញឹម។ គេរីករាយនឹងការកាត់ទងផ្ការៀបចំដាក់ថូពេញទំហឹង ទោះបីជាការងារមួយនេះមិនសមនឹងគេក៏ដោយ គេធ្លាប់មិនចូលចិត្តនឹងការងារតូចតាចទាំងអស់នេះ ប៉ុន្តែពេលនេះគេបែរមានចិត្តចង់ធ្វើវាខ្លាំងពេលគិតដល់នាង។
   ឡូវែល កាត់ទងផ្ការួចដាក់រៀបចំក្នុងថូយកទៅដាក់នៅលើតុក្បែរក្បាលដំណេករបស់នាងហើយក៏យកទៅដាក់នៅតាមទីតាំងផ្សេងៗទៀត ធ្វើឲ្យក្នុងបន្ទប់ទាំងមូលពេញដោយថូផ្កាដេរ៍ស៊ី។
   « អូនច្បាស់ជាសប្បាយចិត្តខ្លាំងមិនខានបើក្រោកមកបានឃើញផ្កាដេរ៍ស៊ីទាំងអស់នេះនៅក្នុងបន្ទប់ » ឡូវែល អង្គុយចុះលើកៅអីក្បែរនាងហើយចាប់ដៃនាងណែនដោយស្នាមញញឹម។
   ក្រាក!
   « បងប្រុស! បងប្រុសមានរឿងហើយ » រ៉ូណាន់ រត់ចូលមកដោយសភាពស្លន់ស្លោទឹកមុខស្លេកស្លាំងធ្វើឲ្យ ឡូវែល ស្ទុះក្រោកពីកៅអីងាកទៅរកគេដោយភ័យព្រួយតាមគេដែរ។
   « តើមានរឿងអ្វី? » ឡូវែល សួរទៅប្អូនប្រុសដោយទឹកមុខមុឺងម៉ាត់មិនឲ្យភាពភ័យស្លន់ស្លោមកគ្រប់គ្រងគេបានឡើយ។
   « គឺកូនចៅលោក ម៉ារ៍កូ ដែលចាប់ខ្លួនកាលពីម្សិលមិញ បានសារភាពថាបងប្រុសជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាង » រ៉ូណាន់ ប្រាប់បងប្រុសទាំងព្រួយបារម្ភខ្លាំងចំពោះការចោទប្រកាន់របស់ជនរល្មើសទាំងអស់នោះ។
   « ចៅហ្វាយ! » លៀម ចូលមកតាមក្រោយដោយទឹកមុខតានតឹងហើយវត្តមានរបស់ប៉ូលីសអ៊ីតាលី ក៏ចូលមកដល់។
   « លោកឈ្មោះ ឡូវែល រ៉ូប៊ីនសុន មែនទេ? »
   « បាទ គឺខ្ញុំ » ឡូវែល ឆ្លើយដោយមិនស្ទាក់ស្ទើរព្រោះគេមិនបានធ្វើអ្វីខុស ទើបគេមិនចាំបាច់ត្រូវខ្លាចអ្វីឡើយ។
   « ពួកយើងជាប៉ូលីសដែលស៊ើបរឿងក្តីរបស់លោក ម៉ារ៍កូដែលបានស្លាប់កាលពីម្សិលមិញ តាមចម្លើយសារភាពដែលទទួលបាន លោកជាមនុស្សតែម្នាក់ដែលគួរឲ្យសង្ស័យបំផុត ទើបពួកយើងមកនាំខ្លួនលោកទៅប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការសាកសួរ »
   ឡូវែល មិនរត់គេចហើយក៏មិនប្រកែកតវ៉ាអ្វីដែរ គេឈរស្ងៀមលើកដៃឲ្យប៉ូលីសដាក់ខ្នោះដៃគេតាមសម្រួល ព្រោះគេដឹងថាត្រឹមចម្លើយសារភាពរបស់ជនរល្មើសមិនអាចធ្វើឲ្យគេមានទោសបានទេ ម្យ៉ាងទៀតគេក៏ចង់ដឹងថាអ្នកដែលនៅពីក្រោយខ្នងលោក ម៉ារ៍កូ ទៀតនោះជាអ្នកណា ប៉ុន្តែគេក៏មិនអាចមើលងាយសត្រូវបានដែរ ទើបគេសម្លឹងមុខរបស់ លៀម ផ្តល់សញ្ញាឲ្យ លៀម ទៅរកមេធាវីពូកែមកចាំជួយគេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now