ភាគ៥៥

123 5 1
                                    

  “ តាមសម្លាប់ ”

   ផាំង! ប្រាវ!
   “ ឆាប់ចេញទៅ ប្រយ័ត្នចៅហ្វាយយើងទ្រាំមិនបានសម្លាប់ពួកឯងអស់ទៅ ”
   សំឡេងឈ្លោះប្រកែកដូចជាមានប៉ះទង្កិចដ៏ថ្នាក់ប្រើដៃប្រើជើងលើគ្នាលឺមកដល់ ដេរ៍ស៊ី ដែលនៅក្នុងផ្ទះ ទើបនាងបើកចេញមកខាងក្រៅរកមើលប្រភពសំឡេង។
   « តើមានរឿងអ្វីកើតឡើង? » ដេរ៍ស៊ី ចោលភ្នែកសម្លឹងទៅទិសដៅដែលលឺសំឡេងឈ្លោះប្រកែកហើយក៏រហ័សចុះដើរទៅមើលយ៉ាងលឿន។

   អ្នកភូមិលើកោះប៉ុន្មានគ្រួសារកំពុងតែឈ្លោះប្រកែកគ្នាជាមួយកូនចៅថៅកែក្រុមហ៊ុននេសាទនៅលើកោះ ដោយពួកគេសុទ្ធតែមានកាំភ្លើងគ្រប់ដៃបាញ់គំរាមអ្នកភូមិឲ្យភ័យខ្លាច ប៉ុន្តែអ្នកភូមិនៅតែមិនព្រមត្រឡប់ទៅផ្ទះសម្បែងរៀងខ្លួនវិញ ព្រោះពួកគេនៅមិនទាន់បានទូកដែលបាត់ត្រឡប់ទៅវិញនៅឡើយ។
   « បើមិនបានទូកមកវិញទេ ពួកយើងមិនត្រឡប់ទៅផ្ទះឡើយ » លោកពូអ្នកនេសាទដែលជួយជីវិតរបស់ ដេរ៍ស៊ី ចេញមកមុខតំណាងឲ្យអ្នកភូមិស្រែកតវ៉ាជាមួយកូនចៅថៅកែក្រុមហ៊ុននេសាទ។
   « ទូករបស់ពួកឯងបាត់ ហេតុអ្វីមករកពីចៅហ្វាយរបស់យើងវិញហា៎? » គេតបមកវិញដោយធ្វើពើជាមិនដឹងរឿងទូករបស់អ្នកភូមិដែលបាត់។
   « តើមានរឿងអ្វី? » ដេរ៍ស៊ី ចូលមកដល់ក៏សួរទៅលោកពូអ្នកនេសាទ ព្រោះចង់ដឹងរឿងដែលនាំឲ្យមានជម្លោះធំក្នុងពេលនេះ។
   « គឺពួកយើងសង្ស័យថាទូកដែលគ្របទុកនោះជាទូករបស់ពួកយើងដែលបាត់ ប៉ុន្តែពួកគេប្រកែកថាមិនមែនទេ ទើបយើងចង់បើកមើលដើម្បីបញ្ជាក់ការពិត ប៉ុន្តែពួកគេមិនព្រមឲ្យយើងមើលទេ »
   « ទូកថៅកែរបស់ពួកយើងទើបតែទិញមក ទុកជួលកម្មករឲ្យទៅនេសាទត្រីឲ្យបានច្រើនទ្វេដងដើម្បីយកទៅឲ្យក្រុមហ៊ុនដែលមកពីសេអ៊ូល មិនអាចឲ្យពួកឯងមើលផ្តេសផ្តាសបានទេ »
    « គ្រាន់តែមើលមិនមានអ្វីខូចខាតទេ ឬក៏ទូកទាំងអស់នេះជាទូកដែលពួកឯងលួចពីអ្នកភូមិពិតមែន ទើបពួកឯងមិនឲ្យមើល » ដេរ៍ស៊ី ចេញមុខមកជួយនិយាយអ្នកភូមិ ធ្វើឲ្យកូនចៅថៅកែក្រុមហ៊ុននេសាទសម្លឹងមើលមុខនាងដោយចម្លែក ព្រោះគេមិនដែលបានឃើញមុខនាងពីមុនមកទេ ស្បែកពណ៌សម្បុររបស់នាងក៏មិនដូចជាអ្នកដែលរស់នៅទីនេះដែរ តើនាងមកពីណា?។
    « នាងជាអ្នកណា? ហេតុអ្វីក៏ចេះដឹងរឿងគេយ៉ាងនេះ? »
    « ខ្ញុំជាអ្នកណាមិនសំខាន់ទេ សំខាន់ពេលនេះខ្ញុំចង់មើលទូកដែលគ្របទុកទាំងអស់នោះ » ដេរ៍ស៊ី រហ័សដើរសំដៅទៅកន្លែងដែលទូកត្រូវបានគ្របដោយក្រណាត់ខ្មៅមួយផ្ទាំងធំ។ ម្រាមស្រឡូនលូកដៃប្រុងទាញក្រណាត់ចេញទៅហើយ ប៉ុន្តែក៏ត្រូវកូនចៅថៅកែក្រុមហ៊ុននេសាទមកចាប់ដៃនាងទុក។
     « ដៃទន់គួរឲ្យចង់ចាប់ណាស់អូន » គេសម្លឹងមុខនាងយ៉ាងខូចខិល។
     « លែង! » ដេរ៍ស៊ី ព្យាយាមរើចេញពីក្នុងដៃគេ ប៉ុន្តែមិនរួចព្រោះកម្លាំងនាងមិនឈ្នះគេ។
     « បើនាងចង់ចេះដឹងរឿងគេទៅហើយ អញ្ចឹងក៏ខ្ញុំក៏...» គេឱនមុខចូលមកជិតនាងដោយគិតចង់ថើបនាង ប៉ុន្តែ...
   ឌឹប!
   មាឌមាំដួលទៅលើដីដោយតែកណ្តាប់ដៃធ្ងន់របស់ ឡូវែល ដែលចូលមកទាន់ពេល។
   « ឯង...»
   គេខឹងជាមួយ ឡូវែល ទើបដកកាំភ្លើងមករកបាញ់ ឡូវែល តែក៏ត្រូវ ឡូវែល ទាត់កាំភ្លើងឲ្យរបូតពីដៃគេទៅម្ខាងហើយក៏ចាប់ផ្តើមដាល់គេយកមិនសំច្នៃដៃ រហូតត្រូវបែកមុខបែកមាត់សន្លប់បាត់ស្មារតីហើយ ប៉ុន្តែ ឡូវែល នៅតែមិនព្រមឈប់ទៀត ទើប ដេរ៍ស៊ី ចូលទៅហាមឃាត់ ព្រោះបើបណ្ដោយឲ្យ ឡូវែល វាយគេតទៅទៀត គេច្បាស់ជាស្លាប់មិនខាន។
   « បានហើយ ឡូវែល » នាងចាប់ដៃគេទុកហើយហៅឈ្មោះគេដោយសំឡេងស្រទន់ធ្វើឲ្យគេឈប់ដៃហើយក្រោកចេញពីអ្នកដែលគេងសន្លប់លើឆ្នេរខ្សាច់មកទាំងមិននឹកស្មានថាគេបានវាយកូនចៅថៅកែក្រុមហ៊ុននេសាទនោះដល់ថ្នាក់នេះ។
    « នៅមិនបានទេ ឆាប់រត់ទៅ »កូនចៅថៅកែក្រុមហ៊ុននេសាទពីរនាក់ទៀតបានឃើញហេតុការណ៍ដែល ឡូវែល ស្ទើរតែសម្លាប់មេក្រុមរបស់គេហើយ ទើបនាំគ្នារត់ទៅអស់ព្រោះមិនចង់មានសភាពដូចលោកបងរបស់គេ។
     « អូនយ៉ាងម៉េចហើយ? តើមានកើតអ្វីដែរទេ? » ឡូវែល ងាកមកចាប់ស្មាតូចអង្រួនសួរនាងដោយក្តីបារម្ភវិញ។
    « ខ្ញុំមិនអីទេ » នាងប្រឡេះដៃគេចេញឆ្លើយតបទាំងមិនសម្លឹងមុខរបស់គេ ហើយនាងក៏ដើរទៅបើកក្រណាត់ខ្មៅដែលគ្របទូកចេញ។
    « ទូករបស់ពួកយើង នេះជាទូករបស់ពួកយើងពិតមែន » អ្នកភូមិនាំគ្នារត់មកអង្អែលមើលទូករបស់ខ្លួនឯងវិញទាំងក្តីត្រេកអរ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now