ភាគបញ្ចប់

262 6 1
                                    

“ ការចាប់ផ្តើមគ្រួសារជាថ្មី ”

  មួយខែក្រោយមក
  មណ្ឌលកុមារកំព្រា
  ដេរ៍ស៊ី រ៉ូណាន់ លៀម បាននាំ ដេលលី មកមណ្ឌលកុមារកំព្រាដែល ដេរ៍ស៊ី ធ្លាប់រស់នៅពីមុន ព្រមជាមួយអំណោយនិងសម្ភារៈមួយចំនួនទៀត ចែកដល់ក្មេងៗដែលខ្វះខាត។
  « ម៉ាក់ៗ ពីមុនរស់នៅទីនេះមែនទេ? » ដេលលី ចាប់អង្រួនដៃអ្នកម៉ាក់សួរពេលឃើញក្មេងនៅទីនេះខ្វះខាតរបស់របបច្រើនមិនដូចនាងដែលមានគ្រប់សព្វ ។
  « ចាស ម៉ាក់ធ្លាប់រស់នៅទីនេះ ទើបម៉ាក់នាំកូនឲ្យមកមើលថាមានក្មេងជាច្រើនដែលរស់នៅខ្វះខាត កូនត្រូវរៀនចេះចែករំលែកដល់អ្នកដែលខ្វះខាតណា »
   « ចាស អញ្ចឹង ដេលលី ទៅយកនំនៅក្នុងឡានមកឲ្យពួកគេ » ដេលលី និយាយហើយក៏រត់ទៅឡានយកនំមកចែកក្មេងៗ ហើយក៏លេងជាមួយក្មេងនៅក្នុងមណ្ឌលយ៉ាងសប្បាយរីករាយ ធ្វើឲ្យ ដេរ៍ស៊ី ឈរញញឹមយ៉ាងមានក្តីសុខពេលឃើញកូនស្រីចេះបែបនេះ ប៉ុន្តែភ្លាមៗនាងក៏ប្រែជាសោកសៅមួយរំព្រិច ពេលនឹកដល់ ឡូវែល បើពេលនេះគេនៅទីនេះដែរ មិនដឹងល្អយ៉ាងណាទេ គេនឹងបានឃើញថាកូនស្រីរបស់គេចិត្តល្អប៉ុណ្ណា ប៉ុន្តែស្តាយណាស់ដែលគេមិនអាចនៅទីនេះមើល ដេលលី ជាមួយនាងបាន ព្រោះកន្លងផុតទៅមួយខែហើយគេនៅតែបាត់ដំណឹងសូន្យដដែល នាងព្យាយាមបន្លំខ្លួនឯងរាល់ថ្ងៃមិនឲ្យនឹកដល់គេ នាងព្យាយាមប្រាប់ខ្លួនឯងមិនឲ្យអស់សង្ឃឹម ទោះបីជាគ្រប់គ្នាបានប្រាប់នាងថាគេស្លាប់បាត់ហើយក៏ដោយ ប៉ុន្តែនាងនៅតែបន្តរងចាំរាល់ថ្ងៃ ។
   « ដេរ៍ស៊ី ស្អែកជាថ្ងៃចូលរៀនដំបូងរបស់ ដេលលី មែនទេ? ខ្ញុំនឹងដាក់ច្បាប់មួយព្រឹកនៅក្រុមហ៊ុន ដើម្បីជូននាងនិងដេលលី ទៅសាលារៀន »
   « អរគុណណាស់ រ៉ូណាន់ មានលោកទៅជាមួយ ដេលលី ប្រហែលជាមិនសូវខ្លាចសាលាទេ » ដេរ៍ស៊ី ញញឹមចេញមកទាំងមិនសូវស្រស់ដាក់គេ នាងក្រៀមក្រំបែបនេះស្ទើរតែគ្រប់ពេលតាំងពី ឡូវែល បាត់ខ្លួនទៅ។

   ភូមិគ្រឹះរ៉ូប៊ីនសុន
   ដេរ៍ស៊ី ឆ្លៀតចូលផ្ទះរបស់ ឡូវែល ជាមួយ រ៉ូណាន់ បន្តិច បន្ទាប់ពីចេញពីមណ្ឌលកុមារកំព្រាមក។ នាងដើរមើលបន្ទប់ធ្វើការរបស់ ឡូវែល ដែលនៅរៀបចំដូចដើម ព្រោះ រ៉ូណាន់ ក៏មិនជឿដែលថាបងប្រុសរបស់គេស្លាប់ហើយ ទើបគេបញ្ជាឲ្យអ្នកបម្រើក្នុងផ្ទះមើលថែបន្ទប់ធ្វើការរបស់បងប្រុសគេយ៉ាងល្អ សូម្បីតែបន្ទប់គេងរបស់ ឡូវែល ក៏គ្មានអ្វីផ្លាស់ប្តូរដែរ។ ដេរ៍ស៊ី លើករូបថតដែលគេថតឲ្យនាងកាលនៅសណ្ឋាគារ អ៊ីតាលី មកមើល ហើយក៏ញញឹមឡើងទាំងកែវភ្នែកដក់ជាប់ដំណក់ទឹកថ្លា។ គេនៅតែទុករូបថតគ្រប់ប៉ុស្តិ៍របស់នាង តែនាងបែរជាគ្មានរូបថតរបស់គេមួយសន្លឹកសោះ។ ចេញពីបន្ទប់ធ្វើការរបស់គេ នាងក៏ដើរមកកាន់សួនខាងក្រោយផ្ទះ ហើយអ្វីដែលធ្វើឲ្យនាងញញឹមទាំងទឹកភ្នែកស្រក់ជោកថ្ពាល់នោះ គឺសួនផ្កាដេរ៍ស៊ី រីកស្គុះស្គាយពេញសួន។
   “ ផ្ទះរបស់ ដេរ៍ស៊ី ”
   ដេរ៍ស៊ី ឃើញស្លាកអក្សរដែលគេសរសេរហើយធ្វើឲ្យនាងយំកាន់តែខ្លាំង នាងធ្លាប់យកដើមផ្កាដេរ៍ស៊ីពីមណ្ឌលកុមារកំព្រាមកដាំនៅក្នុងសួននេះ តែក៏ត្រូវគេស្រោចទឹកលើសចំនួនធ្វើឲ្យដើមផ្ការបស់នាងទន់អស់ ហើយគេក៏ព្យាយាមយកដើមផ្កាដែលទន់ទាំងនោះទៅដាក់ក្នុងថូផ្កាមួយ។ នាងធ្លាប់ប្រាប់គេថាដើមផ្កាដេរ៍ស៊ីមួយដើមនោះប្រៀបដូចជាផ្ទះរបស់នាង ព្រោះនាងតែងតែនឹកផ្ទះទើបនាងយកដើមផ្កា ដេរ៍ស៊ី ពីមណ្ឌលកុមារកំព្រាមកដាំ ហើយនាងមិននឹកស្មានថាគេបង្កើតផ្ទះឲ្យនាងនៅទីនេះទេ។
   « ឡូវែល...ហ៊ឹក! អរគុណសម្រាប់គ្រប់យ៉ាង ហ៊ឺ! អរគុណបងណាស់ » ដេរ៍ស៊ី សម្លឹងសួនផ្កាដេរ៍ស៊ីដែល ឡូវែល ដាំឡើងដើម្បីនាង ហើយអរគុណដល់គេទាំងទឹកភ្នែកដោយក្តីរំភើបលាយឡំនឹងអារម្មណ៍សោកសៅដែលគេមិនអាចនៅទីនេះស្តាប់លឺពាក្យអរគុណរបស់នាងបាន។
  នាងអរគុណចុះហើយប៉ះស្រទាប់ផ្កាដេរ៍ស៊ីថ្នមៗស្រម៉ៃដល់ពេលដែលគេដាំផ្កាទាំងអស់ដើម្បីរងចាំចាំនាងត្រឡប់មកវិញ អារម្មណ៍របស់គេនាពេលនោះច្បាស់ជាមិនខុសពីអារម្មណ៍របស់នាងនៅពេលនេះទេ ព្រោះនាងក៏កំពុងតែអង្គុយសម្លឹងផ្កាទាំងអស់នេះរងចាំគេត្រឡប់មកវិញដែរ។
  « ឡូវែល បងបានរងចាំអូនប្រាំឆ្នាំ ប៉ុន្តែអូនប្រហែលជាត្រូវរងចាំបងបែបនេះអស់មួយជីវិត » នាងញញឹមស្រាលៗដោយក្តីឈឺចាប់នឹករលឹក ព្រោះពេលខ្លះនាងក៏គ្មានសង្ឃឹមថាគេនៅមានជីវិតដែរ ប៉ុន្តែនាងនៅតែរងចាំគេ ទោះគេមិនត្រឡប់មកវិញក៏ដោយ នាងនឹងចងចាំគេអស់មួយជីវិត។

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now