ភាគ៤១

132 6 3
                                    

“ សម្រេចចិត្តចាកចេញ ”

  មន្ទីរពេទ្យសេអ៊ូល

  រ៉ូណាន់ ដើរចូលមកក្នុងបន្ទប់អ្នកជំងឺដែលមានរាងស្តើងនៅគេងបែរមុខទៅមាត់បង្អួតមិនមាត់មិនក តាំងតែពីនាងចេញពីផ្ទះរបស់ ឡូវែល មក។ កាតាបសម្លៀកនិងអីវ៉ាន់របស់នាងក៏ត្រូវ ឡូវែល ផ្ញើរមកដាក់នៅក្បែរជញ្ជាំងក្នុងបន្ទប់អ្នកជំងឺ។ រ៉ូណាន់ កាន់លិខិតលែងលះដែល ឡូវែល បង្ខំឲ្យកូនចៅយកមកឲ្យ ដេរ៍ស៊ី ដើរចូលមកជិត ដេរ៍ស៊ី ទាំងទឹកក្រៀមក្រំមិនចាញ់នាង គេដឹងថានាងឈឺចាប់និងពិបាកទទួលយក តែគេសង្ឃឹមថានាងនឹងអាចជំនះរឿងអាក្រក់ៗទាំងអស់នេះទៅបាន។
   « ដេរ៍ស៊ី! អង្គរក្សរបស់ ឡូវែល យកលិខិតលែងលះមកឲ្យនាង »
   ដេរ៍ស៊ី ងាកមករក រ៉ូណាន់ ហើយប្រឹងក្រោកអង្គុយលើគ្រែយកលិខិតលែងលះក្នុងដៃរបស់ រ៉ូណាន់ មកមើលទាំងក្នុងទ្រូងឈឺចាប់ដូចជាចាប់ហែក នាងនិងគេត្រូវចប់គ្នាទាំងបែបនេះពិតមែនឬ? នាងនៅមិនចង់ជឿទេ ថាពេលវេលាដែលនាងបានរស់នៅក្បែរគេត្រូវបានបញ្ចប់ទៅហើយ ។
   « បើខ្ញុំមិនស៊ីញេ គេច្បាស់ជាមិនអាចរៀបការជាមួយអ្នកនាង យូរ៉ាន់ បានទេឬ? » ដេរ៍ស៊ី សម្លឹងលិខិតក្នុងដៃទាំងលួចមានចិត្តអាត្មានិយមម្តងទៀត ព្រោះនាងពិតជាមិនទាន់ដាច់ពីគេទាំងស្រុងទេ។
   « បើនាងមិនចង់លែងលះ កុំស៊ីញេអី នាងនៅតែជាប្រពន្ធរបស់គេ នាងអាចទៅហាមឃាត់ពិធីមង្គលការរបស់គេបាន ខ្ញុំជួយនាងដណ្តើមគេមកវិញ » រ៉ូណាន់ ជួយបញ្ចេញកំហឹងឲ្យនាង ។
   « ដណ្តើមគេមកវិញមែនទេ? ហិ! បេះដូងរបស់គេនៅនឹងអ្នកផ្សេងទោះខ្ញុំយកគេមកវិញបាន ក៏គង់តែគេទៅរកអ្នកដែលគេស្រលាញ់វិញដែរ » ដំណក់ទឹកថ្លាស្រក់លើលិខិតលែងលះទាំងគ្មានសំឡេងយំចេញមក ព្រមនាងគ្មានសំឡេងសម្រាប់យំទៀតទេ នាងឈឺឡើងឆ្អែតឆ្អន់ យំរហូតអស់ទឹកភ្នែកយំទៅហើយ ពេលនេះនៅសល់តែភាពឈឺចាប់ពេញដើមទ្រូងចង់រំសាយទៅណាក៏មិនបាន ឲ្យតែនឹកឃើញពាក្យសម្តីរបស់គេដែលនិយាយមើលងាយនាង ដេញនាងឲ្យចេញពីជីវិតរបស់គេពេលណា នាងក៏ឈឺចាប់ស្ទើរស្លាប់ភ្លាម នាងគ្រាន់តែស្រលាញ់គេ តែហេតុអ្វីគេស្អប់នាងយ៉ាងនេះ?។
   « ចឹងដោះលែងគេទៅ កាត់ចិត្តពីគេហើយចាប់ផ្តើមជីវិតថ្មីល្អទេ? » រ៉ូណាន់ ព្យាយាមនិយាយលួងលោមនាង ព្រោះពេលឃើញនាងឈឺចាប់បែបនេះគេក៏ឈឺចាប់ដូចគ្នា។
   « ហ៊ឹម...ហ៊ឹក! » ដេរ៍ស៊ី ងក់ក្បាលតបជាមួយ រ៉ូណាន់ ព្រោះនាងអួលដើមករនិយាយមិនចេញបានត្រឹមឱនមុខចុះសម្ងំយំមិនឲ្យលឺសំឡេងចេញមក។
   ក្រាក!
   « ដេរ៍ស៊ី! » អ្នកស្រី ស៊ូរីន បើកទ្វារត់ចូលមកអង្គុយលើគ្រែក្បែរក្មួយស្រីក្រោយបានទទួលដំណឹងគ្រប់យ៉ាងហើយ។
   « លិខិតលែងលះ! » អ្នកស្រី ស៊ូរីន លាន់មាត់ឡើងពេលឃើញលិខិតលែងលះនៅក្នុងដៃរបស់ក្មួយស្រី។
   « អ្នកមីង...ហ៊ឹក! » ដេរ៍ស៊ី ងើបមុខហៅអ្នកមីង ស៊ូរីន ទាំងទឹកភ្នែកជោកថ្ពាល់។
   « ក្មួយគិតលែងលះជាមួយគេពិតមែនឬ? »
   « ហ៊ឹក...ខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងលែងលះជាមួយគេ ខ្ញុំមិនចង់រស់នៅជាមួយមនុស្សដែលមិនឃើញតម្លៃរបស់ខ្ញុំតទៅទៀតទេ » ដេរ៍ស៊ី ជូតទឹកភ្នែកចេញតបទៅអ្នកស្រី ស៊ូរីន វិញ ព្រោះនាងយល់ថាឈឺចាប់ឆ្អែតគ្រប់គ្រាន់ហើយនាងមិនចង់ឈឺជាងនេះទៀតទេ។
   « ក្មួយសម្រេចចិត្តត្រឹមហើយ » អ្នកស្រី ស៊ូរីន ឯកភាពចំពោះការសម្រេចចិត្តរបស់ក្មួយស្រី ហាក់ដូចជាបានដឹងរឿងអាក្រក់ៗដែល ឡូវែល បានធ្វើដាក់ក្មួយស្រីច្បាស់ណាស់។
   « អ្នកមីងដឹងរឿងអ្វីមកមែនទេ? » រ៉ូណាន់ សួរភ្លាមពេលឃើញទឹកមុខអ្នកស្រី ស៊ូរីន ដូចជាមានរឿងលាក់បាំង។
   « តើជារឿងអ្វី? » ដេរ៍ស៊ី ក៏សង្ស័យដូចគ្នា ព្រោះអ្នកមីង ស៊ូរីន ឯកភាពលឿនបែបនេះច្បាស់ជាដឹងអ្វីមកមិនខាន។
   « គឺ...គឺមួយរយៈមុនខ្ញុំបានជួបនឹងលេខាផ្ទាល់ខ្លួនរបស់លោកប៉ារបស់ក្មួយ ដេរ៍ស៊ី គេប្រាប់ខ្ញុំថាគេលាឈប់ពីការងារដោយសារតែ ឡូវែល ឲ្យគេលាឈប់ ព្រោះគេបានដឹងរឿងដែល ឡូវែល បានធ្វើដាក់ក្មួយនិងបងប្រុស ដេលប៊ឺត »
   « ឡូវែល បានធ្វើអ្វីដាក់លោកប៉ានិងខ្ញុំទៅអ្នកមីង? » ដេរ៍ស៊ី សួរទាំងអន្ទះសារចង់ដឹងរឿងគ្រប់យ៉ាងឲ្យបានច្បាស់  ទាំងដែលបេះដូងរបស់នាងកំពុងតែឈឺចាប់ឡើងស្ពឹកអស់ព្រោះតែគេ។
   « ឡូវែល ជាអ្នកដែលធ្វើឲ្យក្មួយនិងលោកប៉ាមិនបានជួបគ្នាជាលើកចុងក្រោយ តាមពិតបើពេលដែលគេរកក្មួយឃើញហើយនាំក្មួយមករកបងប្រុស ដេលប៊ឺត ក្មួយក៏បានជួបនឹងលោកប៉ាហើយ ឪពុកកូនដែលបែកគ្នារាប់ឆ្នាំច្បាស់ជាបាននិយាយសួរសុខទុក្ខគ្នា តែគេបែរជារៀបចំគម្រោងឲ្យក្មួយរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគេជាមុនសិនទើបនាំក្មួយមកជួបត្រឹមតែសាកសពរបស់បងប្រុស ដេលប៊ឺត ប៉ុណ្ណោះ ហ៊ឹក...លោកប៉ាក្មួយស្រែករកក្មួយគ្រប់ពេល គ្រាន់តែសង្ឃឹមថានឹងបានជួបមុខកូនស្រីម្តងទៀតមុនពេលស្លាប់ តែដោយសារភាពលោភលន់របស់ ឡូវែល ធ្វើឲ្យលោកប៉ាក្មួយចាកចេញទៅទាំងមិនបានជួបមុខកូនស្រីម្តងទៀត ហ៊ឺ » អ្នកស្រី ស៊ូរីន រៀបរាប់ទាំងយំស្រណោះអាណិតដល់បងប្រុសដែលស្លាប់ទៅបិទភ្នែកមិនជិតព្រោះសូម្បីតែមុខកូនស្រីដែលខ្លួនចង់ជួបជាយូក៏មិនអាចជួបបាន នឹកឃើញពេលណាក៏ធ្វើឲ្យនាងជាប្អូនឈឺចាប់ខ្លោចចិត្តរកពាក្យមកបរិយាយមិនឃើញទេ។
   « លោកប៉ា...ហ៊ឹក! ព្រោះតែគេទើបខ្ញុំមិនបានជួបលោកប៉ាមុនពេលដែលគាត់ស្លាប់ គេអាក្រក់ខ្លាំងណាស់ តែខ្ញុំបែរជាមើលឃើញមនុស្សអាក្រក់បែបនោះថាជាទេវបុត្រជិះសេះសទៅវិញ គេបោកប្រាស់ខ្ញុំ ហើយថែមមិនឲ្យខ្ញុំនិងលោកប៉ាបានជួបគ្នាថែមទៀត ហ៊ឹក! » ដេរ៍ស៊ី ទាំងខឹងទាំងឈឺចាប់ស្ទើរស្លាប់ ព្រោះបើអ្នកដទៃជាអ្នកធ្វើមិនអីទេ តែនេះជាបុរសដែលនាងស្រលាញ់និងតែងតែគិតថាគេជាមនុស្សល្អមករហូត តែពេលបានដឹងរឿងអាក្រក់ដែលគេបានធ្វើចំពោះនាងនិងលោកប៉ាហើយធ្វើឲ្យនាងឈឺចិត្តដូចស្លាប់ទាំងរស់ នាងមិនដែលគិតទេថាគេអាចធ្វើបែបនេះទៅរួច ហើយគេនៅសោយសុខលើគំនរទ្រព្យរបស់លោកប៉ានាងដោយមិនមានអារម្មណ៍ខុសចំពោះលោកប៉ារបស់នាងនិងនាងបន្តិចសោះ។
   « ឡូវែល...បងប្រុសអាត្មានិយមគិតតែពីខ្លួនឯង ខ្ញុំនឹងទៅប្រដៅគេសងសឹកឲ្យនាង ដេរ៍ស៊ី » រ៉ូណាន់ ស្ទុះក្រោកឈរឡើងក្តាប់ដៃណែនដោយកំហឹង ព្រោះគេជាប្អូនមិនអាចទ្រាំមើលបងប្រុសធ្វើរឿងអាក្រក់បែបនេះបន្តទៀតបានទេ។
   « កុំទៅអី...ហ៊ឹក! ខ្ញុំមិនចង់ពាក់ព័ន្ធជាមួយគេតទៅទៀតទេ » ដេរ៍ស៊ី ចាប់ដៃ រ៉ូណាន់ ទុកសម្លឹងមុខគេដោយកែវភ្នែកអង្វរករ នាងបានស្រេចចិត្តដើរចេញពីគេហើយ បើនាងនៅតែចង់សងសឹកជាមួយគេ ចិត្តរបស់នាងក៏នឹងនៅតែជាប់ជំពាក់ជាមួយគេគ្មានថ្ងៃអាចដករួចនោះទេ ចិត្តគុំកួន ក្តីស្រលាញ់និងភាពឈឺចាប់ដែលនាងមានចំពោះគេនឹងតាមធ្វើបាបនាងអស់មួយជីវិត ដូច្នេះហើយទើបនាងសម្រេចចិត្តមិនសងសឹកជាមួយគេហើយក៏មិនពាក់ព័ន្ធនឹងគេទៀតដែរ នាងនឹងបំភ្លេចគេចោល។
    ដេរ៍ស៊ី យកប៊ិកនៅលើតុក្បែរក្បាលគ្រែមកហើយចាប់លិខិតលែងលះមកដាក់លើភ្លៅធ្វើការស៊ីញេលែងលះជាមួយគេភ្លាមៗដោយមិនស្ទាក់ស្ទើរទៀតឡើយ។
   « ចាប់ពីពេលនេះទៅយើងមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតទេ ឡូវែល! ខ្ញុំបានធ្វើតាមបំណងរបស់លោកហើយសង្ឃឹមថាលោកនឹងសប្បាយចិត្ត » ដេរ៍ស៊ី សម្លឹងលិខិតលែងលះក្នុងដៃហើយទើបហុចទៅឲ្យ រ៉ូណាន់ វិញ។
    « អីវ៉ាន់របស់ក្មួយឲ្យមីងយកទៅផ្ទះមុនទេ? » គ្រប់យ៉ាងរវាង ដេរ៍ស៊ីនិងឡូវែល បានបញ្ចប់អស់ហើយ ក៏ដល់ពេលដែល ដេរ៍ស៊ី ត្រូវត្រឡប់ទៅផ្ទះពិតប្រាកដរបស់ខ្លួនឯងវិញដែរ ទើបអ្នកស្រី ស៊ូរីន សួររឿងអីវ៉ាន់របស់នាងដែលត្រូវ ឡូវែល ឲ្យគេជញ្ជូនមកទុកនៅក្នុងបន្ទប់នេះ។
    « អ្នកមីងខ្ញុំមិនចង់នៅ កូរ៉េ ទៀតទេ បីថ្ងៃទៀត ឡូវែល គេរៀបការហើយ មុនថ្ងៃរៀបការរបស់គេមកដល់ខ្ញុំចង់ចាកចេញពីប្រទេស កូរ៉េ » ដេរ៍ស៊ី ចាប់ដៃអ្នកស្រី ស៊ូរីន ដោយកែវភ្នែកពេញដោយទុក្ខកង្វល់ បើឲ្យនាងរស់នៅប្រទេសកូរ៉េមើល ឡូវែលនិងយូរ៉ាន់ រៀបការជាមួយគ្នា នាងច្បាស់ជាដាច់ខ្យល់ស្លាប់មិនខាន នាងចង់បំភ្លេចគេ ទើបចង់ទៅកន្លែងដែលគ្មានអ្នកណារំលឹកដល់ឈ្មោះរបស់គេឲ្យនាងលឺទៀត។
    « តែក្មួយជាអ្នកស្នងមរតក ត្រូវនៅមើលមុខជំនួញរបស់លោកប៉ា »
    « ខ្ញុំមានជំងឺភ្លេចភ្លាំងមិនអាចគ្រប់គ្រងមុខជំនួញរបស់លោកប៉ាបានទេ គ្រប់យ៉ាងខ្ញុំប្រគល់ឲ្យអ្នកមីងគ្រប់គ្រងហើយ »
    « បើក្មួយសម្រេចចិត្តហើយមីងក៏មិនអាចហាមក្មួយបានដែរ ប៉ុន្តែតើក្មួយចង់ទៅរស់នៅប្រទេសណា? » អ្នកស្រី ស៊ូរីន ចាប់ដៃក្មួយស្រីយល់ព្រមចំពោះការចង់ចាកចេញទៅរស់នៅក្រៅប្រទេសរបស់នាង តែនាងក៏ឆ្លៀតសួរពីប្រទេសដែលក្មួយស្រីចង់ទៅរស់នៅ ព្រោះការដែលទៅរស់នៅប្រទេសគេមិនងាយស្រួលទេ។
    « ខ្ញុំមិនដឹងទេ »
    « ទៅអ៊ីតាលីវិញល្អទេ? » រ៉ូណាន់ ចូលមកក្នុងបន្ទប់វិញ បន្ទាប់ពីយកលិខិតលែងលះឲ្យអង្គរក្សដែលនៅចាំខាងក្រៅរួច។
    « ខ្ញុំនិងឡូវែល ធ្លាប់ទៅទីនោះ បើខ្ញុំទៅរស់នៅទីនោះខ្ញុំច្បាស់ជានឹកដល់គេទៀតមិនខាន »
    « អញ្ចឹងទៅកន្លែងដែលខ្ញុំធ្លាប់រស់នៅពីមុនទៅល្អទេ? » រ៉ូណាន់ ញញឹមនាំភាពរីករាយមកឲ្យនាងជាស្រេចដោយគ្រាន់តែរំលឹកដល់កន្លែងដែលគេធ្លាប់រស់នៅពីមុនមក។
    « តើជាកន្លែងណា? »
    « ទីក្រុងប៉ារីសប្រទេសបារាំង កាលពីខ្ញុំឈ្លោះគ្នាជាមួយគ្រួសារ ខ្ញុំក៏រត់គេចទៅរស់នៅទីនោះជាច្រើនឆ្នាំ ទីក្រុងប៉ារីសជាកន្លែងដ៏ស្រស់ស្អាតសាកសមបំផុតសម្រាប់អ្នកចង់ព្យាបាលផ្លូវចិត្ត »
    « ប៉ារីសមែនទេ? »
    « ក្មួយទៅទីនោះក៏ល្អ ព្រោះអ្នកមីងមានផ្ទះមួយនៅទីនោះដែរ ក្មួយអាចរស់នៅផ្ទះរបស់មីងបាន »
    « ខ្ញុំ...ខ្ញុំនឹងទៅប៉ារីសនៅថ្ងៃស្អែក » ដេរ៍ស៊ី ធ្វើការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ។
    « អញ្ចឹងខ្ញុំទៅរៀបចំឯកសារព្យាបាលដើម្បីងាយស្រួលពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសបារាំង »
    « ឈប់សិន! លោកគិតទៅតាមខ្ញុំដែរឬ រ៉ូណាន់? » ដេរ៍ស៊ី ហៅនាយកំលោះដែលរហ័សរហួនទៅរៀបចំឯកសារឲ្យនាងដូចជាគេក៏កំពុងតែចង់ទៅតាមនាងដែរ។
    « ខ្ញុំក៏មានផ្ទះនៅប៉ារីសដែរ ខ្ញុំមិនមែនទៅតាមអ្នកនាងទេ តែខ្ញុំទៅផ្ទះរបស់ខ្ញុំវិញ គ្រាន់តែទៅដំណាលអ្នកនាងតែប៉ុណ្ណោះ » រ៉ូណាន់ មិនអាចនិយាយថាគេទៅតាមនាងបានទេ ព្រោះនាងច្បាស់ជាហាមគេមិនឲ្យទៅតាមនាងទេ ទើបគេនិយាយថាគេទៅផ្ទះរបស់គេនៅប៉ារីសវិញ។
    « បើសម្រេចចិត្តហើយ អញ្ចឹងអ្នកមីងទៅត្រៀមសំបុត្រយន្តហោះឲ្យណា »
    « អរគុណអ្នកមីងណាស់ » ដេរ៍ស៊ី ឱបអ្នកមីង ស៊ូរីន ពោលពាក្យអរគុណជាលើកចុងក្រោយព្រោះចាប់ពីពេលនេះទៅនាងនឹងមិនអាចជួបអ្នកមីងបានទៀតទេ ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now