ភាគ២៨

135 5 0
                                    

“ សម្ដីប្រមាថមើលងាយ ”

  ក្រោយពីធ្វើការងាររួចរាល់ហើយ ឡូវែល ក៏ចេញមកខាងក្រៅរកមើល ដេរ៍ស៊ី ព្រោះមុននេះគេភ្លេចប្រាប់នាងរឿងឲ្យនាងត្រៀមខ្លួនទៅអ៊ីតាលីនៅប៉ុន្មានថ្ងៃទៀតនេះ។ ឡូវែល ចេញមកដល់បន្ទប់ទទួលភ្ញៀវក្នុងផ្ទះក៏បានឃើញ ដេរ៍ស៊ីនិងរ៉ូណាន់ កំពុងតែអង្គុយជជែកគ្នាលេងយ៉ាងសប្បាយរីករាយ មើលទៅនាងនិងប្អូនប្រុសរបស់គេកាន់តែជិតស្និទ្ធនឹងគ្នាជារៀងរាល់ថ្ងៃ បើបណ្ដោយបែបនេះតទៅទៀតថ្ងៃណាមួយ រ៉ូណាន់ ច្បាស់ជាអាចនាំ ដេរ៍ស៊ី ចេញពីគេបានដូចបំណងមិនខាន មិនបានទេគេត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីបំបែកប្អូនប្រុសចេញពីនាង គេមិនអាចបណ្ដោយឲ្យប្អូនប្រុសយកនាងចេញពីគេបានទេ។ ឡូវែល ដើរញាប់ជើងចូលទៅរកអ្នកដែលកំពុងអង្គុយសន្ទនាគ្នាដោយស្នាមញញឹម ទើបគេដើរចូលទៅទម្លាក់ខ្លួនអង្គុយជិត ដេរ៍ស៊ី យ៉ាងស្និទ្ធស្នាល។
  « កំពុងនិយាយគ្នារឿងអ្វី? » ឡូវែល សួរទៅកាន់ប្អូនប្រុសនិងដេរ៍ស៊ី ដោយទឹកមុខមាំដូចទម្លាប់។
  « គឺខ្ញុំកំពុងតែនិយាយរឿងកំប្លែងឲ្យអ្នកនាង ដេរ៍ស៊ី ស្តាប់ តើបងចង់ស្តាប់ដែរទេ? » រ៉ូណាន់ សួរបកមកបងប្រុសវិញ។
   « យើងមិនចូលចិត្តស្តាប់រឿងដែលគ្មានប្រយោជន៍ដូចអ្នកខ្លះទេ »
   សម្តីរបស់ ឡូវែល ធ្វើឲ្យ ដេរ៍ស៊ី ងាកមកសម្លឹងមុខគេយ៉ាងលឿន ព្រោះនាងដូចជាកំពុងតែត្រូវគេដៀលចំកណ្តាលមុខ។
   « មនុស្សមិនចូលចិត្តភាពរីករាយដូចលោកនេះប្រាកដជាមិនដឹងពីអត្ថប្រយោជន៍របស់រឿងកំប្លែងហើយ » ដេរ៍ស៊ី ថាឲ្យគេវិញ ព្រោះគេជាអ្នកមកដៀលឲ្យនាងមុន។
   « នាង! » ឡូវែល ងាកមកសម្លឹងមុខនាងដោយកែវភ្នែកកំណាចទាំងគូចាប់ផ្តើមប្រែជាកាចខ្លាំង ធ្វើឲ្យអ្នកគេសម្លឹងចំចាប់ផ្តើមព្រឺឆ្អឹងខ្នង។
   « ពិតមែនហើយ បងប្រុសមិនដឹងទេថារឿងកំប្លែងអាចជួយឲ្យមនុស្សរីករាយជាងមុនបាន ការសើចច្រើនអាចជួយកាត់បន្ថយភាពស្មុគស្មាញក្នុងជីវិត »
   « រ៉ូណាន់ និយាយត្រូវណាស់ ខ្ញុំចូលចិត្តរឿងកំប្លែងរបស់លោក » ដេរ៍ស៊ី ពេញចិត្តនិងសម្តីរបស់ រ៉ូណាន់ ទើបលើកមេដៃឲ្យគេនិងសរសើរគេមិនដាច់ពីមាត់។
   ឡូវែល អស់ពាក្យតបតទើបឈោងដៃឱបចង្កេះតូចមួយក្តាប់ទាញនាងឲ្យមកជិតខ្លួនរបស់គេដើម្បីបង្ហាញប្អូនប្រុសឲ្យដឹងថានាងជារបស់គេ ទោះជា រ៉ូណាន់ ខំព្យាយាមយកចិត្តនាងយ៉ាងណាក៏មិនអាចយកនាងចេញពីគេបានដែរ។ ដេរ៍ស៊ី ចង់ថយចេញពី ឡូវែល វិញ តែនាងរឹតតែចង់ចេញពីគេ គេកាន់តែឱបចង្កេះនាងណែនឡើយ។
   « ប៉ុន្មានថ្ងៃទៀតខ្ញុំត្រូវទៅ អ៊ីតាលី ហើយនាងក៏ត្រូវទៅជាមួយខ្ញុំដែរ ដេរ៍ស៊ី » ឡូវែល ងាកមកសម្លឹងមុខស្រីក្រមុំនៅក្នុងដៃដោយក្រសែភ្នែកផ្ដាច់ការ ហាមមិនឲ្យនាងឆ្លើយបដិសេធចំពោះពាក្យសម្តីរបស់គេឡើយ។
   « ហេតុអ្វីខ្ញុំត្រូវទៅជាមួយលោកដែរ? » នាងដឹងថាមិនអាចឆ្លើយបដិសេធបាន ទើបនាងសួររកហេតុផលដែលនាងត្រូវទៅ អ៊ីតាលី ជាមួយគេវិញ ។
   « គឺព្រោះតែនាងជាភរិយារបស់ខ្ញុំ » ឡូវែល លើកហេតុផលមួយនេះធ្វើឲ្យនាងព្រមស្ងាត់មាត់អស់ពាក្យតវ៉ា ។
   “ តើគេយកខ្ញុំទៅ អ៊ីតាលី ក្នុងនាមជាភរិយារបស់គេមែន ឬគ្រាន់តែយកខ្ញុំទៅដើម្បីយកឈ្នះ រ៉ូណាន់ ទេ ? ” ដេរ៍ស៊ី អង្គុយស្ងៀមមិនហ៊ាននិយាយអ្វីទាំងអស់ ព្រោះមិនថាគេយកនាងទៅក្នុងហេតុផលអ្វីក៏ដោយនាងក៏គ្មានសិទ្ធិបដិសេធស្រាប់ទៅហើយ។
   រ៉ូណាន់ ឃើញនាងដូចមិនចង់ទៅជាមួយបងប្រុសទេ ទើបលូកមាត់ជំនួសនាង។
   « បើនាងមិនចង់ទៅបងមិនគួរបង្ខំនាងទេ »
   « ម៉េចក៏ឯងដឹងថានាងមិនចង់ទៅ? ឬនាងប្រាប់ថាចង់នៅទីនេះជាមួយឯងហើយ ទើបឯងហ៊ាននិយាយបែបនេះ? » ឡូវែល ចាប់ផ្តើមតំឡើងសំឡេងដាក់ប្អូនប្រុសដោយទឹកមុខឃោឃៅភ្លាម។
   « ទោះនាងមិននិយាយអ្វីក៏ខ្ញុំអាចមើលដឹងថានាងមិនចង់ទៅជាមួយបងដែរ » រ៉ូណាន់ ក្រោកឈរឡើងស្រែកដាក់បងប្រុសវិញទាំងតឹងសរសៃក ព្រោះគេស្អប់ភាពផ្ដាច់ការរបស់បងប្រុសបំផុត។
   « នាង! នាងចង់ទៅជាមួយគេឬទៅជាមួយខ្ញុំ? » ឡូវែល ចាប់កដៃតូចណែនទាញកញ្ឆក់ឲ្យនាងក្រោកឈរឡើងជាមួយគេហើយសួរនាងឲ្យច្បាស់លាស់ ថានាងចង់នៅជាមួយអ្នកណា។
    « រ៉ូណាន់ គឺខ្ញុំចង់ទៅជាមួយ ឡូវែល ដោយខ្លួនឯង គេមិនបានបង្ខំខ្ញុំទេ » នាងនិយាយប្រាប់ រ៉ូណាន់ ដើម្បីមិនឲ្យគេឈ្លោះគ្នាជាមួយបងប្រុសដោយសារនាងទេ។
    « ស្តាប់លឺហើយឬនៅ? ថានាងចង់ទៅជាមួយខ្ញុំ មិនមែនឯងទេ » ឡូវែល បញ្ជាក់ប្រាប់ប្អូនប្រុសម្តងទៀតហើយក៏ដឹកដៃនាងឡើងទៅបន្ទប់របស់គេយ៉ាងលឿន មិនឲ្យនាងនៅអង្គុយនិយាយសាសងគ្នាជាមួយប្អូនប្រុសបានទៀតទេ។
    « ពុទ្ធោអើយ! » រ៉ូណាន់ បានត្រឹមស្រែកទាំងឈឺចិត្តព្រោះមិនអាចធ្វើអ្វីបានក្រៅពីឈរមើលបងប្រុសយកនាងចេញពីគេទៅ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now