ភាគ៣៨

127 3 0
                                    

   “ ការជ្រើសរើសដ៏ឈឺចាប់ ”

   បន្ទប់សួរចម្លើយ

   ឡូវែល ត្រូវប៉ូលីសអ៊ីតាលីឃាត់ខ្លួនឲ្យស្ថិតនៅក្នុងបន្ទប់សួរចម្លើយរហូតដល់ការស៊ើបអង្កេតរកឃើញថាគេគ្មានកំហុសពិតមែនទើបគេត្រូវបានដោះលែងទៅវិញ ប៉ុន្តែក្នុងអំឡុងពេលស៊ើបអង្កេតប៉ុន្មានថ្ងៃនេះគេត្រូវជាប់ឃុំនៅក្នុងបន្ទប់សួរចម្លើយមិនអាចចេញទៅណាបានឡើយ។ កន្លងទៅមួយថ្ងៃមួយយប់ទៅហើយ ប៉ុន្តែ ឡូវែល នៅមិនទាន់ទទួលបានដំណឹងពី លៀម រឿងមេធាវីទៀត បើមានមេធាវីពូកែមកជួយ គេប្រហែលអាចរួចខ្លួនពីការឃុំខ្លួនបាន តែបើគ្មានមេធាវីបែបនេះគេប្រហែលត្រូវនៅទីនេះយូថ្ងៃទៀត ទម្រាំតែប៉ូលីសធ្វើការស៊ើបអង្កេតរួចរាល់។ បើដូចពីមុនគេនៅទីនេះប៉ុន្មានថ្ងៃក៏គេនៅបាន តែពេលនេះវិញត្រឹមមួយថ្ងៃគេនឹកដល់នាងស្ទើរដាច់ខ្យល់ទៅហើយ គេចង់ដឹងថាពេលនេះនាងយ៉ាងម៉េចហើយ នាងដឹងខ្លួនហើយឬនៅ? គេពិតជាចង់ដឹងពីស្ថានភាពរបស់នាងខ្លាំងណាស់ គេបារម្ភពីនាងគ្រប់ដង្ហើមចេញចូលរបស់គេ។
   « តើពេលនេះអូនបានប្រសើរខ្លះហើយឬនៅ ដេរ៍ស៊ី? » ឡូវែល អង្គុយលើកៅអីកណ្តាលបន្ទប់សួរចម្លើយទាំងទឹកមុខព្រួយបារម្ភគិតដល់នារីជាទីស្រលាញ់ដែលកំពុងឈឺគេងនៅមន្ទីរពេទ្យ។ គេគួរតែបាននៅមើលថែនាង ប៉ុន្តែបែរជាត្រូវមកជាប់ឃុំនៅទីនេះព្រោះតែការចោទប្រកាន់ទៅវិញ។
   ក្រាក!
   « មានអ្នកមកសួរសុខទុក្ខ » ប៉ូលីសបើកទ្វាប្រាប់ ឡូវែល ហើយក៏ដើរចេញទៅវិញ ទើប លៀម ដែលមកសួរសុខទុក្ខចៅហ្វាយនាយចូលមកខាងក្នុង។
   « ចៅហ្វាយយ៉ាងម៉េចហើយ? » លៀម យកប្រអប់អាហារមកដាក់នៅលើតុពីមុខចៅហ្វាយនិងសួរដោយទឹកមុខព្រួយបារម្ភ។
   « យើងមិនអីទេ » ឡូវែល ឆ្លើយតបដោយទឹកមុខស្មើធេងពេញដោយភាពតានតឹងដាក់ លៀម។
   « ចៅហ្វាយ ពេលនេះក្រុមហ៊ុន...» លៀម ប្រែជាពិបាកចិត្តខ្លាំងពេលចង់រាយការណ៍ពីស្ថានភាពក្រុមហ៊ុននៅពេលនេះប្រាប់ចៅហ្វាយនាយ ព្រោះគេក៏ដឹងថាចៅហ្វាយរបស់គេស្រលាញ់ក្រុមហ៊ុនខ្លាំងប៉ុណ្ណា ចៅហ្វាយរបស់គេតែងតែលះបង់គ្រប់យ៉ាងដើម្បីអាចឈរនៅតំណែងអ្នកដឹកនាំពូលបាន ប៉ុន្តែពេលនេះត្រូវជនឈ្លានឱកាសទាំងអស់នោះដណ្តើមយកទៅអស់ហើយ។
   « ស្ថានភាពរបស់ ដេរ៍ស៊ី យ៉ាងម៉េចហើយ? » ក្នុងចិត្តរបស់គេនៅពេលនេះគ្មានអ្វីសំខាន់ជាងនាងទៀតទេ ទើបគេសួរពីស្ថានភាពរបស់នាង មុនពេលស្តាប់រឿងក្រុមហ៊ុន។
   « អ្នកនាង ដេរ៍ស៊ី នៅតែមិនទាន់ដឹងខ្លួនដដែល តែគ្រូពេទ្យប្រាប់ថានាងនឹងដឹងខ្លួនឆាប់ៗ ប៉ុន្តែកាលពីម្សិលមិញមានអ្នកចូលទៅក្នុងបន្ទប់រកសម្លាប់អ្នកនាង ដេរ៍ស៊ី »
   « ឯងថាម៉េច? មានគេចូលទៅរកសម្លាប់នាងមែនទេ? ហេតុអ្វីយូហើយឯងមិនរាយការណ៍? មិនបានទេ ខ្ញុំត្រូវទៅមើលនាងឥឡូវនេះ » ឡូវែល ស្ទុះក្រោកពេលកៅអីគំហកដាក់ លៀម ទាំងខឹងមួរម៉ៅចំពោះកូនចៅដែលរាយការណ៍យឺតពេល ហើយគេក៏ដើរចេញពីតុកណ្តាលបន្ទប់ចង់សម្រុកចេញទៅរក ដេរ៍ស៊ី នៅមន្ទីរពេទ្យដោយចិត្តព្រួយបារម្ភ ប៉ុន្តែក៏ត្រូវ លៀម រត់មកទាក់មុខរបស់គេយ៉ាងលឿន ព្រោះមិនចង់ឲ្យចៅហ្វាយធ្វើអ្វីឆេវឆាវ។
    « ចៅហ្វាយពេលនេះអ្នកនាង ដេរ៍ស៊ី មិនអីទេ ព្រោះបានអ្នកប្រុសតូចទៅជួយទាន់ពេល ហើយពេលនេះអ្នកនាង ដេរ៍ស៊ី ក៏មានអ្នកប្រុសតូចទៅចាំការពារហើយ ចៅហ្វាយគិតឲ្យល្អ រឿងដែលកើតឡើងអាចជាល្បិចកលរបស់ឃាតករដែលចង់ធ្វើឲ្យចៅហ្វាយខ្លាចទៅជាមនុស្សអាក្រក់ពិតប្រាកដក្នុងភ្នែកមនុស្សគ្រប់គ្នាក៏ថាបាន បើចៅហ្វាយសម្រុកចេញទៅពេលនេះប៉ូលីសច្បាស់ជាសង្ស័យចៅហ្វាយកាន់តែខ្លាំងមិនខាន គេអាចនឹងបញ្ចូលចៅហ្វាយទៅពន្ធនាគារក្នុងបទរល្មើសអុកឡុកប៉ុស្តិ៍ប៉ូលីសក៏ថាបាន »
   ឡូវែល ស្តាប់ការពន្យល់របស់ លៀម ហើយក៏ព្រមស្ងប់អារម្មណ៍បន្តិច មិនមែនគេគិតមិនឃើញពីល្បិចកលរបស់ពួកមនុស្សអាក្រក់ទាំងអស់នោះទេ តែដោយសារគេបារម្ភពីនាងពេកទើបទ្រាំនៅស្ងៀមបែបនេះទៀតមិនបាន។ ឡូវែល ព្រមថយមកអង្គុយនៅកៅអីកណ្តាលបន្ទប់វិញ ទាំងទឹកមុខតានតឹង ព្រោះពួកមនុស្សអាក្រក់ដែលលាក់ខ្លួនដូចជាអណ្តើកក្នុងស្នូកនោះកាន់តែបានចិត្តខ្លាំងណាស់ហើយ ពួកគេមិនហ៊ានចេញមុខមកដោយផ្ទាល់បែរជាប្រើអ្នកសារព័ត៌មាននិងកូនចៅប៉ុន្មាននាក់របស់លោក ម៉ារ៍កូ នោះមកចាត់ការគេទៅវិញ។
   « តើស្ថានភាពក្រុមហ៊ុនពេលនេះយ៉ាងម៉េចហើយ? » ឡូវែល សួរទៅកាន់ លៀម ដោយទឹកមុខតានតឹង។
   « ក្រុមហ៊ុនប្រកាសដកឈ្មោះចៅហ្វាយចេញពីអ្នកដឹកនាំហើយ ពេលនេះអ្នកដឹកថ្មីគឺជាប្រធានគ្រប់គ្រង កាលពីមុន »
   « ឆាប់រកវិធីឲ្យយើងចេញពីទីនេះឲ្យបានលឿនបំផុត ព្រោះយើងមិនព្រមឲ្យជនឆ្លៀតឱកាសទាំងនោះយកចំណេញលើក្រុមហ៊ុនរបស់លោកប៉ាបានច្រើនជាងនេះទេ »
   « បាទ » លៀម ទទួលបញ្ជាចៅហ្វាយហើយក៏រហ័សចេញទៅវិញ ប៉ុន្តែមកដល់មាត់ទ្វា ស្រាប់តែទ្វាដែលបិទជិតមុននេះក៏បើកចំហរឡើងដោយម្រាមស្រឡូនរបស់ យូរ៉ាន់។
   « ឡូវែល! » យូរ៉ាន់ រត់កាត់មុខ លៀម ចូលទៅឱប ឡូវែល ទាំងក្តីបារម្ភ។
   « យូរ៉ាន់ នាងមកបានយ៉ាងម៉េច? » ឡូវែល ព្យាយាមទាញដៃស្រឡូនដែលឱបកគេចេញទាំងងឿងឆ្ងល់ពីវិធីដែលនាងចូលមកទីនេះបានយ៉ាងងាយស្រួលបែបនេះ។
   « យូរ៉ាន់ មកជាមួយពូ » លោក យ៉ុនស៊ុក បន្លឺសំឡេងឡើងមកពីមាត់ទ្វាធ្វើឲ្យ ឡូវែល ងាកទៅមើលលោកទាំងភ្ញាក់ផ្អើល។
   « លោកពូ »
   « យូរ៉ាន់ ចេញទៅខាងក្រៅសិនទៅ ប៉ាមានរឿងសំខាន់ចង់និយាយជាមួយ ឡូវែល តែពីរនាក់ »
   « ចាស » យូរ៉ាន់ ឆ្លើយយល់ព្រមហើយក៏ចេញទៅខាងក្រៅជាមួយ លៀម ទុកឲ្យក្នុងបន្ទប់ទាំងមូលមានតែលោក យ៉ុនស៊ុកនិងឡូវែល អង្គុយទល់មុខគ្នា។
   « ឯងប្រាកដជាបានដឹងរឿងក្រុមហ៊ុនហើយមែនទេ? ពេលនេះក្រុមហ៊ុនមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឯងនិងខ្ញុំទៀតទេ តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃទាំងស្រុង »
   « ខ្ញុំយកក្រុមហ៊ុនមកវិញនៅពេលខ្ញុំចេញពីទីនេះទៅ » ឡូវែល ក្តាប់ដៃណែនខឹងសម្បារជាខ្លាំងពេលដឹងថាក្រុមហ៊ុនរបស់គេគ្រួសារ រ៉ូប៊ីនសុន កំពុងតែធ្លាក់ទៅក្នុងដៃអ្នកដទៃ។
   « ពូមិននិយាយច្រើនទេ ព្រោះឯងខ្លួនឯងក៏ដឹងហើយថាក្រុមហ៊ុនមិនអាចយកមកក្រោមការគ្រប់គ្រងរបស់ឯងវិញបានដោយងាយទេ របស់ដែលបាត់បង់ហើយមិនអាចយកមកវិញបានដោយងាយទេ»
   « ខ្ញុំធ្វើឲ្យលោកប៉ាអ្នកម៉ាក់ខកបំណងទៀតហើយមែនទេ? » ឡូវែល ឱនមុខចុះដោយមានអារម្មណ៍ខុសចំពោះលោកប៉ានិងអ្នកម៉ាក់ដែលបានស្លាប់ទៅជាខ្លាំង ព្រោះគេធ្លាប់សន្យាថានឹងមើលថែក្រុមហ៊ុនឲ្យបានល្អ តែពេលនេះគេក៏មិនអាចធ្វើបាន គេពិតជាមិនបានការមែន។
   « តែមិនមែនថាគ្មានវិធីសោះនោះទេ ទោះបីពេលនេះខ្ញុំនិងឯងមិនមានអំណាចធំនៅក្នុងក្រុមហ៊ុនក៏ពិតមែន តែក៏ជាអ្នកដែលមានអំណាចបន្ទាប់នៅក្នុងក្រុមហ៊ុនផងដែរ បើយើងទាំងពីរនាក់រួមដៃគ្នាច្បាស់ណាស់ថាក្រុមហ៊ុនត្រូវតែធ្លាក់នៅក្នុងដៃរបស់ឯងវិញមិនខាន »
   « ពូចង់មានន័យថា...» ឡូវែល សម្លឹងមុខលោក យ៉ុនស៊ុក ដូចជាអាចស្មានដឹងថាវិធីដែលលោក យ៉ុនស៊ុក កំពុងតែនិយាយនៅពេលនេះហើយ។
   « ឯងគួរតែរៀបការជាមួយ យូរ៉ាន់ ដើម្បីរួមភាគហ៊ុនរបស់យើងទាំងពីរនាក់បញ្ចូលគ្នាហើយយកក្រុមហ៊ុនត្រឡប់មកវិញ »
   « ប៉ុន្តែ...» ឡូវែល ចង់ប្រកែកបន្តិចមិនចង់ប្រកែកបន្តិច ធ្វើឲ្យចិត្តរបស់គេកាន់តែច្របូកច្របល់មិនដឹងរើសយកជម្រើសមួយណាហើយបោះបង់ចោលមួយណានោះទេ គេមិនអាចសម្រេចចិត្តបានភ្លាមៗទេ គេមិនចង់លែងលះជាមួយ ដេរ៍ស៊ី ព្រោះគេស្រលាញ់នាងទៅហើយ គេមិនចង់ធ្វើជាមនុស្សអាត្មានិយមដូចពីមុនទៀតទេ។
   « ឯងភ្លេចរឿងកាលពី៥ឆ្នាំមុនហើយមែនទេ? ថ្ងៃនោះលោកប៉ារបស់ឯងបាននិយាយអ្វីខ្លះមុនពេលគាត់ស្លាប់ទៅ » លោក យ៉ុនស៊ុក រំលឹករឿងកាលពីអតីតកាលដើម្បីដាស់ស្មារតីរបស់ ឡុវែល ឡើងវិញ ព្រោះលោកមិនចង់ឲ្យគេសម្រេចចិត្តខុសម្តងទៀត។
   « រឿងកាលពី៥ឆ្នាំមុន ខ្ញុំមិនដែលភ្លេចទេ » កែវភ្នែករបស់គេប្រែជាក្រហមឆ្អៅដក់ជាប់ដំណក់ទឹកថ្លាពេញដោយក្តីឈឹចាប់ពេលនឹកឃើញដល់ហេតុការណ៍នៅថ្ងៃនោះ ថ្ងៃដែលធ្វើឲ្យគេមានអារម្មណ៍សោកស្តាយនិងមានអារម្មណ៍ថាខុសមកដល់ថ្ងៃនេះ គ្មានថ្ងៃអាចបំភ្លេចបានអស់មួយជីវិតរបស់គេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Wo Geschichten leben. Entdecke jetzt