ភាគ៣៣

140 3 0
                                    

“ ខ្ញុំគ្មានថ្ងៃឲ្យនាងរួចផុតពីកណ្តាប់ដៃរបស់ខ្ញុំទេ ដេរ៍ស៊ី ”

  លោក ម៉ារ៍កូ ឈរមើលឡានរបស់ ឡូវែល ចេញទៅផុតកន្ទុយភ្នែកដោយទឹកមុខមិនទុកចិត្ត។
  « សាកសពរបស់អាម្នាក់នោះឯងចាត់ការរៀបរយហើយមែនទេ? » លោក ម៉ារ៍កូ ងាកមកសួរអង្គរក្សដែលឈរក្បែរខ្លួនដោយទឹកមុខព្រួយបារម្ភ។
  « រួចរាល់ហើយ ចៅហ្វាយ »
  « ការងារលើកនេះបើបានសម្រេចពួកយើងនឹងទទួលបានប្រាក់គុណនឹងពីរ ប៉ុន្តែយើងពិតជាបារម្ភខ្លាំងណាស់ ព្រោះមើលទៅ ឡូវែល គេដូចជាចាប់ផ្តើមសង្ស័យពួកយើងហើយ មែនហើយកាយវិការប្រពន្ធរបស់គេមុននេះក៏ចម្លែកដែរ ឯងប្រាកដចិត្តទេថានាងមិនបានឃើញពួកឯងសម្លាប់មនុស្ស »
   « បើចៅហ្វាយមិនទុកចិត្ត ខ្ញុំចាត់ឲ្យមនុស្សទៅតាមមើលនាងក៏បាន បើនាងមានអ្វីគួរឲ្យសង្ស័យនឹងបានចាត់ការទាន់ពេល »
   « គំនិតល្អ » លោក ម៉ារ៍កូ ញញឹមងក់ក្បាលយល់ព្រមជាមួយគំនិតកូនចៅដោយពេញចិត្តជាខ្លាំង។

   សណ្ឋាគារលំដាប់ផ្កាយប្រាំ

   យូរ៉ាន់ ដើរឱបដៃ ឡូវែល តាំងពីចុះពីលើឡានរហូតចូលមកដល់សណ្ឋាគារ នាងកៀកកើយគេដូចជានាងជាប្រពន្ធរបស់គេ ចំណែកអ្នកជាប្រពន្ធពិតប្រាកដបានត្រឹមដើរនៅខាងក្រោយមើលនាងនិងឡូវែល ផ្អែមល្ហែមជាមួយគ្នា។
   « ឡូវែល ខ្ញុំឃ្លានហើយ ពួកយើងទៅញុំអាហារសិនទៅ » យូរ៉ាន់ បបួល ឡូវែល ដោយធ្វើមុខគួរឲ្យស្រលាញ់។
   « ខ្ញុំក៏ឃ្លានដែរ ចឹងយើងទៅញុំអាហារសិនទៅ » ឡូវែល ញញឹមយល់ព្រមជាមួយ យូរ៉ាន់ ដោយលួចចោលភ្នែកទៅសម្លឹងស្រីក្រមុំដែលឈរដូចជាចំណែកលើសនៅត្រង់នោះ។
   « អញ្ចឹងខ្ញុំសូមឡើងបន្ទប់មុនហើយ » ដេរ៍ស៊ី ងាកមុខចេញពីគេហើយក៏សុំឡើងទៅបន្ទប់សម្រាកមុន ព្រោះមិនចង់នៅធ្វើជាចំណែកលើសនៅត្រង់នេះបន្តទៀត ត្រឹមតែអង្គុយមើលគេនិងយូរ៉ាន់ ផ្អែមល្ហែមជាមួយគ្នាមកតាមផ្លូវនាងក៏យល់ថាឆ្អែតគ្រប់គ្រាន់ទៅហើយ ។
   « អ្នកណាអនុញ្ញាតឲ្យនាងទៅបន្ទប់សម្រាកមុនខ្ញុំ » ឡូវែល ប្រើអំណាចស្រែកបញ្ឈប់ជើងស្រឡូនដែលចង់ដើរឡើងទៅបន្ទប់មុនឲ្យឈប់មួយរំព្រិច។
   «...» ដេរ៍ស៊ី ងាកមកសម្លឹងមុខរបស់គេវិញដោយកែវភ្នែកខឹងខ្លាំងតែនាងប្រឹងអត់ធ្មត់ព្រោះមិនចង់មានរឿងឈ្លោះប្រកែកជាមួយគេទៀតទេ ព្រោះថ្ងៃនេះនាងបានជួបរឿងអាក្រក់មកច្រើនហើយ មិនចង់ជួបអ្វីទៀតទេ។ ដេរ៍ស៊ី មិនខ្ចីតបតជាមួយគេហើយក៏ដើរទៅអង្គុយនៅតុអាហារនៅក្នុងសណ្ឋាគារមុន។
    ឡូវែល តាមសម្លឹងមើលនាងមិនដាក់ភ្នែកហើយក៏ដើរចូលទៅអង្គុយតុអាហារជាមួយនាងដែរ ដោយមាន យូរ៉ាន់ ដើរតាមគេស្អិតដូចតឹកកែ។ ពេលដែលអ្នកទាំងបីចូលអង្គុយតុអាហារហើយ បុគ្គលិកក្នុងសណ្ឋាគារក៏យកបញ្ជីមុខម្ហូបមកដាក់លើតុរងចាំការបញ្ជាទិញរបស់ភ្ញៀវ។
    « ខ្ញុំយកមួយមុខនេះហើយក៏មួយមុខនោះផងដែរ នៅមានអានេះទៀត » យូរ៉ាន់ ហៅអាហារហើយក៏អង្គុយសម្លក់មុខ ដេរ៍ស៊ី ដោយការមិនពេញចិត្ត។
    « ហៅអាហារ! » ឡូវែល អង្គុយឱបដៃស្រែកដាក់ស្រីក្រមុំដែលអង្គុយនៅចំពោះមុខខ្លាំងៗ ពេលឃើញនាងអង្គុយស្ងៀមមិនព្រមហៅអាហារទុកឲ្យបុគ្គលិកឈរចាំជាយូ។
    « ខ្ញុំមិនឃ្លានទេ » ដេរ៍ស៊ី តបមួយៗហើយក៏លើបញ្ជីមុខម្ហូបទៅឲ្យបុគ្គលិកវិញ មិនឲ្យបុគ្គលិកនៅឈររងចាំបន្ត ប៉ុន្តែក៏ត្រូវ ឡូវែល ដណ្តើមយកបញ្ជីមុខម្ហូបពីក្នុងដៃបុគ្គលិកមកវិញ។
    « ខ្ញុំឲ្យនាងហៅ នាងក៏ត្រូវតែហៅ »
    ផាំង!
    គេបោះបញ្ជីមុខម្ហូបមួយទំហឹងនៅលើតុពីមុខរបស់នាងដោយទឹកមុខមិនល្អ។
    « ឆាប់ហៅទៅ! ឬក៏មិនចេះអានភាសាអង់គ្លេសទេ? សូម្បីតែអក្សរអង់គ្លេសក៏មិនចេះដែរមែនទេ? ល្ងង់បែបនេះសោះនៅមានមុខមកតាម ឡូវែល ដល់ អ៊ីតាលី ទៀត ពិតជាធ្វើឲ្យ ឡូវែល ខ្មាស់គេពេកហើយ » យូរ៉ាន់ ឱបដៃនិយាយមើលងាយ ដេរ៍ស៊ី ដោយទឹកមុខពេបជ្រាយស្អប់ខ្ពើម ដេរ៍ស៊ី។
    សម្តីរបស់ យូរ៉ាន់ មិនខុសទេ នាងពិតជាមិនចេះភាសាអង់គ្លេសមែន ដោយសារតែនាងមានខួរក្បាលមិនល្អដូចអ្នកដទៃហើយថែមទាំងរស់នៅតែលតោលខាងក្រៅតែម្នាក់ឯងរាប់ឆ្នាំទៀត ទើបនាងមិនបានចូលរៀនថ្នាក់ភាសាឬក៏ថ្នាក់វិទ្យាល័យអ្វីទេ នាងគឺមិនពូកែនិងឆ្លាតវ៉ៃដូចជាយូរ៉ាន់ឡើយ ហេតុនេះហើយទើប ឡូវែល ធ្លាប់និយាយថាការរៀបការជាមួយនាងគឺជារឿងអាម៉ាស់បំផុតក្នុងមួយជីវិតរបស់គេនេះ ព្រោះមិនថាទៅដល់ទីណាក៏នាងមានតែនាំភាពអាម៉ាស់ឲ្យគេគ្រប់ទីកន្លែង ។
   « ពិតមែនហើយខ្ញុំមិនចេះភាសាអង់គ្លេសទេ » ដេរ៍ស៊ី ប្រឹងទប់ទឹកភ្នែកហើយទទួលស្គាល់ការពិតគ្រប់យ៉ាងទាំងអួលដើមក។
   « មិនគួរមកអង្គុយតុជាមួយនាងទេ ពិតជាខ្មាសគេខ្លាំងណាស់ » យូរ៉ាន់ រអ៊ូទាំងមួរម៉ៅ។
   « សុំទោសផង » ដេរ៍ស៊ី ឱនសុំទោសបុគ្គលិកដែលមកខាតពេលព្រោះតែនាងហើយក៏រហ័សរត់ចេញទៅ។
   « ដេរ៍...! » ឡូវែល ចង់ស្រែកសម្លុតនាងឲ្យត្រឡប់មកវិញ ប៉ុន្តែដឹងច្បាស់ថាមិនអាចឃាត់នាងបានទើបគេបិទមាត់វិញ។
   « ឡូវែល! » យូរ៉ាន់ លូកមកចាប់ដៃគេយកចិត្ត តែក៏ត្រូវគេដកដៃចេញពីនាងយ៉ាងរហ័ស។
   « ខ្ញុំចង់ទៅបន្ទប់ទឹកបន្តិច » ឡូវែល ថាហើយក៏រហ័សក្រោកដើរចេញទៅយ៉ាងប្រញាប់ប្រញាល់។
   « ទៅបន្ទប់ទឹកឬទៅតាមនាងនោះឲ្យប្រាកដទៅ អ្ហើយ! គួរឲ្យធុញណាស់ » យូរ៉ាន់ រអ៊ូរទាំទាំងខឹងទាំងធុញទ្រាន់ពេញទំហឹងជាមួយបរិយាកាសនៅទីនេះ តែនាងមិនព្រមចាញ់ត្រឹមនេះទេ នាងត្រូវតែយក ឡូវែល មកវិញឲ្យបាន នាងមិនព្រមឲ្យគេទៅស្រីអន់ៗដូចជា ដេរ៍ស៊ី បានទេ ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now