ភាគ៥៩

110 2 0
                                    

“ ពេលវេលារីករាយដ៏ខ្លី ”

  ថ្ងៃថ្មី
  « ហាសហា »
  សំឡេងសើចក្អាកក្អាយនៅខាងក្រៅផ្ទះធ្វើឲ្យ ដេរ៍ស៊ី ដើរចេញមកមើល ទើបបានឃើញកំលោះទាំងបីនាក់កំពុងតែរៀបចំតុអាហារនិងដាក់អាំងសាច់នៅលើឆ្នេរខ្សាច់ដោយទឹកមុខសប្បាយរីករាយ។
  « អ្នកម៉ាក់! » ដេលលី ដែលនៅអង្គុយលើកៅអីក្រឡេកឃើញ ដេរ៍ស៊ី ទើបប្រញាប់ចុះពីកៅអីរត់មកអូសដៃអ្នកម៉ាក់ទៅតុអាហារ។
  « ឆាប់អង្គុយចុះមក » ឡូវែល ជួយទាញកៅអីឲ្យរាងស្តើងអង្គុយចុះនៅតុអាហារ។
  « តើមានកម្មវិធីអ្វីមែនទេ? » ដេរ៍ស៊ី សួរទៅគ្រប់គ្នាដោយទឹកមុខងឿងឆ្ងល់។
  « គឺកម្មវិធីអបអរការត្រឡប់មកវិញដោយសុវត្ថិភាពរបស់ ដេរ៍ស៊ីនិងឡូវែល នឹងហើយ » រ៉ូណាន់ ដែលនៅឈរអាំងសាច់និយាយឡើងដោយទឹកមុខរីករាយ។
  « មិនចាំបាច់ធ្វើដល់ថ្នាក់នេះក៏បានដែរ? » ដេរ៍ស៊ី និយាយឡើងទាំងក្រែងចិត្ត។
  « តាមពិតទៅពួកយើងមិនដែលបានញុំអ្វីជុំគ្នាឲ្យរីករាយម្តងទេ ទើបខ្ញុំផ្តើមគំនិតឲ្យរៀបចំការជួបជុំញុំអាហារនៅលើឆ្នេរមាត់សមុទ្រនេះឡើង » ឡូវែល និយាយដោយស្នាមញញឹមមានក្តីសុខ ព្រោះគ្រប់គ្នាបានឆ្លងកាត់រឿងអាក្រក់មកជាមួយគ្នាច្រើនហើយ គួរណាស់តែមានពេលវេលាល្អជាមួយគ្នាម្តង ដើម្បីទុកជាការចាំចងនៅថ្ងៃក្រោយ ពេលដែលបែកគ្នាទៅ។
  « ពិតមែនហើយ ពួកយើងមិនដែលបានជួបជុំគ្នាបែបនេះមែន អញ្ចឹងថ្ងៃនេះយើងគួរតែផឹកឲ្យសប្បាយម្តង » រ៉ូណាន់ ដើរមកកាន់ទុកអាហារលើកដបស្រាបើកចាក់ដាក់គ្រប់កែវមួយរំព្រិច។
  « លើកកែវឡើង » ឡូវែល លើកកែវឡើងជល់ជាមួយប្អូនប្រុស ហើយបងប្អូនទាំងពីរនាក់ក៏ផឹកផ្ដាច់មួយកែវម្នាក់បើកឆាកមុនគេ។
  « វ៉ាវ! តើអ្នកទាំងពីរត្រូវគ្នាតាំងពីពេលណាមក? » ដេរ៍ស៊ី ចំហរមាត់សួរទៅ រ៉ូណាន់និងឡូវែល ដែលនៅឈរចំពោះមុខនាងទាំងភ្ញាក់ផ្អើល។
  «...» ឡូវែលនិងរ៉ូណាន់ ងាកសម្លឹងមុខគ្នា។
  « គឺកាលពីយប់មិញ » លៀម ដែលនៅឈរប្រែសាច់ ឆ្លើយជំនួសចៅហ្វាយនាយទាំងពីរនាក់ ធ្វើឲ្យ ឡូវែលនិងរ៉ូណាន់ ងាកទៅសម្លឹងមុខរបស់គេព្រមគ្នា។
  « ឯងត្រូវការមួយកែវដែរទេ? » រ៉ូណាន់ រហ័សកាន់កែវស្រាទៅឲ្យ លៀម ផឹក ដើម្បីមិនឲ្យគេនិយាយរឿងអាម៉ាស់របស់គេកាលពីយប់មិញប្រាប់ ដេរ៍ស៊ី ។
  « ខ្ញុំកាន់តែចង់ដឹងហើយថាយប់មិញមានអ្វីកើតឡើងរវាងអ្នកទាំងពីរ » ដេរ៍ស៊ី ងាកមកសម្លឹងមុខរបស់ ឡូវែល រកចម្លើយវិញ ធ្វើឲ្យគេខ្មាស់អៀនរហូតលើកស្រាផឹកអស់មួយកែវទៀតមិនដឹងខ្លួន។
  « ព្រោះលោកពូ រ៉ូណាន់ ផឹកស្រាស្រវឹងហើយយំឱបលោកពូ ឡូវែល » ដេលលី ដែលនៅអង្គុយមិនមាត់ជាយូស្រាប់តែនិយាយឡើងធ្វើឲ្យគ្រប់គ្នាងាកទៅមើលមុខក្មេងតូចដោយក្តីភ្ញាក់ផ្អើល។
  « ដេលលី ហេតុអ្វីបានជាឯងដឹង? » រ៉ូណាន់ រហ័សមកសួរ ដេលលី ដែលបានដឹងអាថ៍កំបាំងរបស់គេ។
  « ដេលលី បានឃើញកាលពីយប់មិញ ពេល ដេលលី ចុះមកយកទឹកញុំ លោកពូ រ៉ូណាន់ ដេកយំននៀលនៅលើឥដ្ឋពេលលោកពូ ឡូវែល ប្រាប់ថា សុំទោស » ដេលលី និយាយហែកកេរ្តិ៍ រ៉ូណាន់ គ្មានសល់ ធ្វើឲ្យ រ៉ូណាន់ លើកដៃទប់មុខទាំងខ្មាស់គេឯងជាខ្លាំង។
  « តើលោកបាននិយាយរឿងគ្រោះថ្នាក់របស់លោកប៉ាអ្នកម៉ាក់លោកប្រាប់គេហើយមែនទេ? » ដេរ៍ស៊ី ឱនទៅសួរ ឡូវែល ព្រោះនាងដឹងថា រ៉ូណាន់ តែងយល់ច្រឡំលើបងប្រុសរហូតមក ហើយតែងតែគិតថាបងប្រុសរបស់គេជាមនុស្សអាត្មានិយមកាត់តាមលោកប៉ារបស់គេ ប៉ុន្តែបើគេដឹងពីមូលហេតុដែលនាំឲ្យ ឡូវែល ត្រូវធ្វើជាមនុស្សអាត្មានិយមបែបនោះ គេច្បាស់ជាយល់ពីបងប្រុសរបស់គេមិនខាន គេច្បាស់ជាដឹងថា ឡូវែល ត្រូវទ្រាំរស់នៅក្នុងភាពឯកានិងឈឺចាប់វេទនាប៉ុណ្ណា។
   « ខ្ញុំបាននិយាយប្រាប់គេកាលពីយប់មិញ ប៉ុន្តែគេស្រវឹងខ្លាំងណាស់ ខ្ញុំមិនដឹងថាគេចាំបានឬអត់ទេ » ឡូវែល ឱនមកតបជាមួយ ដេរ៍ស៊ី វិញតិចៗមិនឲ្យ រ៉ូណាន់ នៅជិតនោះលឺ ប៉ុន្តែគេនៅតែលឺដដែល។
   « ខ្ញុំចាំបានគ្រប់យ៉ាង បងប្រុស...ហ៊ឹក! បងប្រុសដ៏កំសត់របស់ខ្ញុំ មឹកមួយនេះខ្ញុំជូនបង ឆាប់ហាមាត់ទៅ! » គេធ្វើចរិកដូចកូនក្មេងយកមឹកមកបញ្ចុកបងប្រុសទាំងបង្ខំ មិនឲ្យបងប្រុសរបស់គេបានត្រៀមខ្លួនសោះ ទើប ឡូវែល ត្រូវហាមាត់ញុំមឹកដែលប្អូនយកមកទាំងក្តៅ។
   « នេះក្តៅណាស់! ឯងចង់សម្លាប់បងមែនទេ? » ឡូវែល ស្រែកឲ្យប្អូនប្រុសដោយលេងសើចទៅវិញ។
   « ចង់បានមួយទៀតទេ? ហាសហា »
   « អត់ទេ យើងចាប់យកខ្លួនឯងក៏បាន ដេរ៍ស៊ី ដេលលី ចង់បានអ្វីខ្លះទេ? »
   « ដេលលី ចង់បានមឹកដូចលោកពូដែរ »
   « អញ្ចឹងចាំពូចាប់អាធំជាងគេឲ្យ ដេលលី ណា » ឡូវែល ចាប់មឹកដែលអាំងឆ្អិនដាក់ចានឲ្យ ដេលលី ចំណែក លៀម ក៏ចាប់គ្រឿងសមុទ្រនិងសាច់ដែលឆ្អិនផ្សេងទៀតមកដាក់លើតុ ហើយពួកគេក៏អង្គុយញុំអាហារជុំគ្នាដោយមិនប្រកាន់ឋានៈទៀតឡើយ។
   « ញុំឲ្យច្រើនៗណា » ឡូវែល ចាប់សាច់ដាក់ចានរបស់ ដេរ៍ស៊ី និង ដេលលី ជាមួយស្នាមញញឹមស្រាលៗលើផ្ទៃមុខស្រស់សង្ហារបស់គេ។
   « អរគុណ » ដេរ៍ស៊ី ញញឹមអរគុណគេហើយក៏ដួសសាច់ដែល ឡូវែល ចាប់ដាក់ឲ្យក្នុងចានមកញុំ។
   « ពួកយើងគួរតែថតរូបជុំគ្នាទេ? » រ៉ូណាន់ សួរឡើង។
   « ថ្ងៃលិចរល្មម យើងទៅថតនៅមាត់សមុទ្រល្អទេ? » ដេរ៍ស៊ី ញញឹមស្រស់សួរយោបល់គ្រប់គ្នា។
   « ល្អណាស់ » ឡូវែល ញញឹមយល់ព្រម។
   « ចឹងខ្ញុំទៅយកកាំមេរ៉ាមក » លៀម រហ័សរត់ទៅយកកាំមេរ៉ានៅក្នុងផ្ទះ ចំណែក ឡូវែល ក៏លើកព ដេលលី រត់ទៅមាត់សមុទ្រយ៉ាងសប្បាយរីករាយ ធ្វើឲ្យ ដេរ៍ស៊ី ដើរបណ្តើរសម្លឹងមើលគេលេងជាមួយ ដេលលី បណ្តើរទាំងញញឹមមិនឈប់។
   ខ្យល់បរិសុទ្ធ សំឡេងទឹករលកនិងផ្ទៃមាឃពណ៌ក្រហមមានពពកតិចៗយ៉ាងស្រស់ស្អាតនាពេលនេះ ធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅនិងមានក្តីសុខជាខ្លាំង ជាពិសេសពេលបានលឺសំឡេងសើចរបស់ ឡូវែលនិងដេលលី ដែលកំពុងដេញប្រលែងគ្នានៅក្បែរមាត់សមុទ្រ ធ្វើឲ្យនាងមិនចង់ឲ្យពេលវេលាមួយនេះកន្លងផុតទៅទេ បើសិនជាពេលវេលាអាចឈប់នៅត្រឹមនេះជារៀងរហូតច្បាស់ជាល្អ ប៉ុន្តែវាមិនអាចទៅរួចទេ ព្រោះពេលវេលាដែលរីករាយតែងតែខ្លីជានិច្ចសម្រាប់មនុស្សគ្រប់គ្នា ប្រៀបដូចជាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតដែលបង្ហាញខ្លួនឡើងតែមួយភ្លែតហើយបាត់ទៅ ដោយជំនួសមកវិញនូវភាពងងឹតសោកសៅនិងឯកា តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីយប់ងងឹតដ៏ឯកាមួយនោះបានកន្លងផុតទៅ យើងនឹងបានឃើញពីភាពស្រស់ស្អាតនៅពិភពលោកមួយនេះម្តងទៀតនៅក្នុងថ្ងៃថ្មី។
   « មួយ ពីរ បី »
   គ្រឹប!
   រូបថតជុំជួបពេញដោយស្នាមញញឹមជាច្រើនសន្លឹកត្រូវបានថតជាប់ជាមួយទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត ធ្វើឲ្យម្នាក់ៗចង់ចងចាំពេលវេលាមួយនេះជារៀងរហូត។ ក្រោយពីថតរូបរួច រ៉ូណាន់ លៀម និងដេលលី ក៏ទៅញុំអីនិងប្រលែងគ្នាលេងបន្ត ចំណែក ឡូវែលនិងដេរ៍ស៊ី ក៏នៅអង្គុយលើឆ្នេរខ្សាច់សម្លឹងផ្ទៃមេឃស្ងប់ស្ងាត់ព្រោះតែព្រះសូរិយាចាកចោលឆ្ងាយ។
   « ពិភពលោកហាក់ដូចជាស្ងប់ស្ងាត់ណាស់នៅត្រង់នោះ » ដេរ៍ស៊ី លើកដៃចង្អុលទៅជើងមាឃម្ខាងទៀត។
   « ផ្ទៃមាឃស្ងប់ស្ងាត់ហាក់ដូចជាគ្មានអ្វីសោះនៅលើពិភពលោកមួយនេះ ប៉ុន្តែការពិតមានរឿងជាច្រើនដែលបានកើតឡើត »
   « ខ្ញុំតែងតែមានអារម្មណ៍ថាពិភពលោកនេះរញេរញៃខ្លាំងនៅពេលដែលជីវិតរបស់ខ្ញុំជួបបញ្ហាមិនចេះចប់ មានអារម្មណ៍ដូចជាខ្លួនឯងជាចំណុចកណ្តាលនៅភពផែនដី ដែលត្រូវជួបបញ្ហាម្តងហើយម្តងទៀត ប៉ុន្តែតាមពិតទៅពិភពលោកមួយនេះមិនបានវិលដើម្បីយើងម្នាក់ឯងទេ ហើយយើងក៏មិនមែនជាចំណុចកណ្តាលនៅភពផែនដីដែលត្រូវឲ្យគ្រប់គ្នាមកចាប់អារម្មណ៍ដែរ មនុស្សគ្រប់គ្នានៅលើផែនដីមួយនេះសុទ្ធតែជួបបញ្ហាដូចយើង ហេតុនេះហើយខ្ញុំនឹងក្រោកឈរឡើងហើយទប់នឹងបញ្ហាគ្រប់យ៉ាងឲ្យដល់ទីបំផុត អ្នកដទៃអាចវាយបំបែកបញ្ហាទាំងអស់បាន ខ្ញុំក៏អាចធ្វើបានដូចគ្នា » ដេរ៍ស៊ី ស្ទុះក្រោកឈរឡើងហើយស្រែកដោយការតាំងចិត្តខ្លាំងៗ ធ្វើឲ្យអ្នកដែលអង្គុយងើយសម្លឹងមើលនាងហើយសើចតិចៗដោយក្តីរីករាយដែលឃើញនាងព្រមក្រោកឈរតតាំងនឹងបញ្ហាបែបនេះ។
   « មិនថាបញ្ហានោះធំប៉ុណ្ណាទេ ខ្ញុំនឹងជួយវាយបែកវាជាមួយនាង » ឡូវែល ក្រោកឈរឡើងឈរទន្ទឹមនាងហើយពោលឡើងដោយកែវភ្នែកស្រស់ថ្លាទាំងគូសម្លឹងមុខនាងផ្តល់ទំនុកចិត្តពេញទំហឹងឲ្យនាង។
  ស្នាមញញឹមស្រស់ស្រាយមានក្តីសុខខុសធម្មតារបស់គេ ធ្វើឲ្យបេះដូងរបស់នាងប្រែជាកក់ក្តៅទ្វេដង នាងចង់ឃើញគេញញឹមបែបនេះនិងចង់ឃើញគេមានក្តីសុខដូចថ្ងៃនេះរហូតទៅ នាងសង្ឃឹមថាទៅថ្ងៃមុនគេនឹងមិនឈឺចាប់ម្តងទៀតទេ ទោះជាគ្មាននាងនៅក្បែរគេក៏ដោយ។
   « អរគុណណាស់ មែនហើយរឿងរបស់យើងទាំងពីរនាក់...» ដេរ៍ស៊ី ឱនមុខចុះបន្តិច ពេលរំលឹកដល់រឿងរវាងនាងនិងគេ។
   «...» ឡូវែល ឈរចាំស្តាប់នាងទាំងបេះដូងលោតញាប់ភិតភ័យខ្លាចនាងនឹងព្យាយាមដេញគេឲ្យចេញពីជីវិតរបស់នាងទៀត។ ពេលនេះគេមិនទាមទារអ្វីពីនាងទៀតទេ សូមត្រឹមតែអាចមានឱកាសនិយាយជាមួយនាងបានដោយគ្មានពាក្យគំរោះគំរើយបែបនេះក៏គ្រប់គ្រាន់ហើយ  សូមនាងកុំដេញគេឲ្យចេញពីនាងទៀតអី សុំអង្វរ។
   « រឿងរបស់យើងទាំងពីរនាក់កាលពីមុន តើអាចដោះស្រាយឲ្យច្បាស់លាស់នៅពេលរឿងគ្រប់យ៉ាងបញ្ចប់បានទេ? » ដេរ៍ស៊ី សម្លឹងមុខរបស់គេទាំងកែវភ្នែកច្បាស់លាស់ធ្វើឲ្យ ឡូវែល មានការភ័យខ្លាចនិងស្ទាក់ស្ទើរបន្តិច ប៉ុន្តែគេក៏មិនបដិសេធជាមួយនាង ព្រោះកាលដែលជួបមុខគ្នាក្នុងទំនាក់ទំនងមិនច្បាស់លាស់បែបនេះ មិនបានធ្វើឲ្យនាងនិងគេស្រួលចិត្តនោះទេ រឿងរវាងនាងនិងគេគួរតែទទួលបានការបញ្ចប់មួយ មិនថាជាការបញ្ចប់បែបណាគេក៏នឹងត្រៀមចិត្តទទួលយក ព្រោះគេជាអ្នកដែលបង្កើតរឿងរ៉ាវទាំងអស់នោះមកដោយខ្លួនឯង។
  « យល់ព្រម នៅពេលរឿងរ៉ាវគ្រប់យ៉ាងបានបញ្ចប់ហើយ សូមឲ្យពួកយើងបាននិយាយគ្នាពីរឿងរបស់យើងម្តងទៀតតាមបែបចាស់ទុំ មិនត្រូវប្រើអារម្មណ៍រៀងខ្លួនទៀតទេ » ឡូវែល សម្លឹងមុខនាងហើយនិយាយឡើងដោយភាពប្រាកដប្រជាដូចគ្នា ធ្វើឲ្យនាងនិងគេមើលទៅចាស់ទុំជាងមុននៅពេលនេះ ហើយក៏ចេះគ្រប់គ្រងអារម្មណ៍រៀងខ្លួនច្រើនជាមុនដូចគ្នា ព្រោះគ្មាននរណាម្នាក់ធ្វើឲ្យអារម្មណ៍ពិតរបស់ខ្លួនត្រូវដៃគូម្ខាងទៀតមើលដឹងឡើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now