ភាគ៤៨

119 2 0
                                    

“ អ្នកវិនិយោគទុន ”

  ការិយាល័យអគ្គនាយិកា

  ដេរ៍ស៊ី អង្គុយមើលឯកសារនៅតុធ្វើការកណ្តាលការិយាល័យធំទូលាយ អស់រយះពេលពីរថ្ងៃហើយដែលនាងចូលមកមើលការងារនៅក្នុងក្រុមហ៊ុន តែនៅមិនទាន់មានអ្នកវិនិយោគទុនណាមួយហ៊ានមកវិនិយោគជាមួយក្រុមហ៊ុនរបស់នាងលើគម្រោងផលិតផលថ្មីលើកនេះទេ ព្រោះការវិនិយោគកន្លងមកសុទ្ធតែខាតបង់ ទើបក្រុមហ៊ុនពិបាករកអ្នកវិនិយោគទុន។
   តុក! តុក!
   « ចូលមក » ដេរ៍ស៊ី ឆ្លើយអនុញ្ញាតហើយក៏លើកឯកសារដែលមើលរួចទៅទុកម្ខាង រួចងាកមកអង្គុយរងចាំលេខាដែលដើរចូលមកញាប់ជើងវិញ។
   « អ្នកនាងប្រធាន មានអ្នកវិនិយោគទុនម្នាក់ទាក់ទងមក គេមានគម្រោងចង់ដាក់វិនិយោគទុនជាមួយគម្រោងថ្មីរបស់ក្រុមហ៊ុនយើងលើកនេះ ប៉ុន្តែគេសុំណាត់ជួបអ្នកនាងដោយផ្ទាល់ជាមុនសិន »
   « ឲ្យខ្ញុំមើលសំណើរបស់គេបន្តិច » ដេរ៍ស៊ី សុំមើលសំណើដែលអ្នកវិនិយោគទុនស្នើរមកពីលេខា ទើបលេខាហុចសាមីដែលកាន់មកក្នុងដៃឲ្យទៅ ដេរ៍ស៊ី ពិនិត្យមើល។
    ម្រាមស្រឡូនបើកសាមីយកក្រដាសខាងក្នុងមកពិនិត្យដោយយកចិត្តទុកដាក់បំផុត។
    « បីពាន់លានវ៉ុន! គេវិនិយោគទុនដល់ទៅបីពាន់លានផងមែនទេ? តែគេសុំចូលរួមធ្វើគម្រោងមួយនេះដោយផ្ទាល់ផងដែរ » ដេរ៍ស៊ី លាន់មាត់ឡើងទាំងបើកភ្នែកធំៗព្រោះមិនចង់ជឿថាមានអ្នកហ៊ានយកលុយច្រើនយ៉ាងនេះមកដាក់ទុនប្រថុយជាមួយក្រុមហ៊ុនដែលខាតបង់ប្រាំឆ្នាំមកហើយ។
    « បើអ្នកនាងចាប់អារម្មណ៍ ខ្ញុំអាចណាត់គេឲ្យជួបអ្នកនាងនៅល្ងាចនេះ »
    « អញ្ចឹងជួយណាត់អ្នកវិនិយោគទុនម្នាក់នេះឲ្យខ្ញុំនៅល្ងាចនេះផង ហើយកុំភ្លេចរៀបចំឯកសារលម្អិតទាក់ទងនឹងគម្រោងលើកនេះឲ្យខ្ញុំផង ខ្ញុំនឹងយកទៅបង្ហាញគេនៅល្ងាចនេះ » ដេរ៍ស៊ី ដាក់ក្រដាសសំណើពីអ្នកវិនិយោគទុនចុះហើយចាត់ចែងឲ្យលេខារៀបចំគ្រប់យ៉ាងឲ្យនាងភ្លាមៗដើម្បីនាងនឹងទៅជួបអ្នកវិនិយោគទុនម្នាក់នោះនៅល្ងាចនេះ ហើយនាងនឹងបញ្ចុះបញ្ចូលឲ្យគេព្រមដាក់ប្រាក់វិនិយោគទុនលើក្រុមហ៊ុននាងឲ្យបាន។

     ភោជនីយដ្ឋានមួយកន្លែង
     ដេរ៍ស៊ី អង្គុយនៅក្នុងបន្ទប់វីអាយភីក្នុងភោជនីយដ្ឋានបែបកូរ៉េមួយកន្លែង រងចាំអ្នកវិនិយោគទុនដែលនាងត្រូវណាត់ជួបយប់នេះ។
    ក្រាក!
    ទ្វាបើកឡើងទើប ដេរ៍ស៊ី រហ័សក្រោកឈរឡើងស្វាគមន៍អ្នកដែលចូលមក ប៉ុន្តែនាងក៏ត្រូវភ្លាំងមួយកន្លែងពេលបានឃើញមុខអ្នកវិនិយោគទុនដែលនាងត្រូវជួបយប់នេះហើយ។
    « គឺលោកទៀតហើយ »
    « សួស្តី ចៃដន្យណាស់ពួកយើងជួបគ្នាទៀតហើយ » ឡូវែល ញញឹមស្រស់ដាក់អ្នកដែលស្រឡាំងគាំងធ្វើអ្វីមិនត្រូវពេលឃើញគេ។
    « លោកមែនទេដែលជាអ្នកចង់វិនិយោគទុនជាមួយក្រុមហ៊ុនរបស់ខ្ញុំនោះ? » ដេរ៍ស៊ី សួរអ្នកដែលចូលមកអង្គុយតុទល់មុខនាងទាំងមានអារម្មណ៍មិនស្រួល ព្រោះគេចេះតែតាមនាងជាប់បែបនេះ នាងមានអារម្មណ៍មិនល្អទេ។
    « ពិតមែនហើយ ខ្ញុំនឹងដាក់វិនិយោគទុនបីពាន់លានជាមួយក្រុមហ៊ុនអ្នកនាង តែខ្ញុំសូមមានចំណែកចូលរួមក្នុងគម្រោងមួយនោះដែរ » ឡូវែល និយាយការងារជាមួយនាងបណ្តើរ ជួយចាប់អាហារដាក់ចានឲ្យនាងបណ្តើរធ្វើដូចជាមនុស្សស្និតស្នាលនឹងគ្នាខ្លាំង តែ ដេរ៍ស៊ី បែរជាមានអារម្មណ៍មិនស្រួលទៅវិញ។
   « លោកដាក់វិនិយោគជាមួយក្រុមហ៊ុនរបស់ខ្ញុំ ព្រោះតែចង់នៅជិតខ្ញុំមែនទេ? » នាងសួរគេត្រង់ៗព្រោះមិនចង់ខាតពេលច្រើន នាងចង់បានអ្នកដែលចង់ធ្វើការជាមួយនាងពិតប្រាកដ តែមិនមែនអ្នកដែលយកការងារធ្វើជាលេសដើម្បីបាននៅក្បែរនាងទេ។
   « នាងនៅគិតថាខ្ញុំជាមនុស្សរោគចិត្តទៀតមែនទេ? » ឡូវែល មិនឆ្លើយសំណួរនាងហើយបែរជាមួយសួរនាងវិញ គេចង់នៅជិតនាងមែន តែគេនៅក្បែរនាងដើម្បីការពារនាង មិនមែនដូចដែលនាងកំពុងគិតថាគេជាមនុស្សរោគចិត្តនោះទេ។
   « បើលោកមិនមែនមនុស្សរោគចិត្តទេ ហេតុអ្វីលោកតាមខ្ញុំរហូតបែបនេះ? » នាងដឹងថាគេមិនមែនពួករោគចិត្តទេ តែនាងគ្រាន់តែឆ្ងល់ថាហេតុអ្វីគេតាមនាងគ្រប់ពេល? ហើយគេនិយាយថាគេជាស្វាមីរបស់នាង ទាំងដែលស្វាមីរបស់នាងបានស្លាប់យូហើយ។
   « ព្រោះខ្ញុំធ្លាប់ស្គាល់អ្នកនាងពីមុនមក ប៉ុន្តែពេលនេះនាងមិនចាំក៏មិនអីដែរ ការវិនិយោគទុនលើកនេះខ្ញុំតាំងចិត្តចង់ធ្វើការងារជាមួយក្រុមហ៊ុនរបស់អ្នកនាង មិនមែនគិតតាមរំខានជីវិតរបស់អ្នកនាងទៀតទេ អ្នកនាងកុំបារម្ភអី » គេបានសម្រេចចិត្តហើយថាមិនព្យាយាមរំលឹកការចងចាំឲ្យនាងឈឺចាប់តទៅទៀតទេ ទើបពេលនេះមានឱកាសឲ្យគេរំលឹកការចងចាំនាងហើយ តែគេបែរជាមិនធ្វើទៅវិញ ព្រោះគេមិនចង់ឲ្យនាងឈឺចាប់ព្រោះតែគេទៀតទេ បើនាងជ្រើសរើសយកការបំភ្លេចគេហើយ គេនឹងគោរពតាមការសម្រេចចិត្តរបស់នាង។
   “ ហេតុអ្វីបានជាគេខុសប្លែក? គេមិនព្យាយាមនិយាយរឿងអតីតកាលទៀតទេ តើមានរឿងអ្វីកើតឡើងចំពោះគេ? ឬគេចង់លេងល្បិចអ្វីទៀតហើយ? ” ដេរ៍ស៊ី អង្គុយសម្លឹងមុខគេដោយការសង្ស័យមិនទុកចិត្ត ព្រោះនាងមិនដឹងទេថាគេចង់លេងល្បិចអ្វីជាមួយនាងឬអត់ ទើបនៅសុខៗគេលែងព្យាយាមរំលឹករឿងអតីតកាលដល់នាងហើយបែរជាចង់មកធ្វើការងារជាមួយនាងបែបនេះ។
   « អ្នកនាងមានអ្វីចង់សួរខ្ញុំទៀតទេ? » ឡូវែល ឃើញនាងសម្លឹងមុខរបស់គេដោយការសង្ស័យបែបនេះ ទើបគេសួរ។
   « អត់មានទេ ខ្ញុំចង់ទៅបន្ទប់ទឹកបន្តិច » ដេរ៍ស៊ី ក្រោកឡើងដើរចេញពីបន្ទប់សំដៅទៅបន្ទប់ទឹកយ៉ាងលឿន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now