ភាគ៥៧

121 3 0
                                    


“ ឈប់បង្ខំ ”

  នៅលើទូកសង្គ្រោះត្រឡប់មកច្រាំងវិញ
  ប៉ូលីសកំពុងតែស្វែងរកសេវាទូរស័ព្ទដើម្បីទាក់ទងផ្តល់ដំណឹងពីការរកឃើញអ្នកបាត់ខ្លួនទាំងពីរនាក់ឲ្យសាច់ញាតិបានដឹង។
  « មានសេវ៉ាហើយ » លោកប៉ូលីសញញឹមត្រេកអរពេលទូរស័ព្ទមានសេវ៉ាឡើងវិញ ខណៈទូកក៏បើកមកហួសកណ្តាលសមុទ្រជិតដល់ច្រាំងម្ខាងទៀតទៅហើយ។
  « ឈប់សិន លោកប៉ូលីស តើខ្ញុំអាចសុំលោករឿងមួយបានទេ? » ដេរ៍ស៊ី ចេញពីក្នុងទូកមករកលោកប៉ូលីសដោយទឹកមុខព្រួយបារម្ភ ដូចជាកំពុងលាក់បាំងអ្វីនៅក្នុងចិត្តតែម្នាក់ឯង។
  « បាទ បាន អ្នកនិយាយមក »
  « ខ្ញុំអាចសុំឲ្យលោកលាក់រឿងដែលរកឃើញពួកយើងសិនបាន សុំកុំទាន់ផ្សព្វផ្សាយវាជាសាធារណៈអី ចំណែកសាច់ញាតិរបស់ខ្ញុំ ខ្ញុំនឹងប្រាប់ពួកគេតែប៉ុន្មាននាក់ប៉ុណ្ណោះ »
  « ចឹងធ្វើតាមអ្នកនាងទៅចុះ » លោកប៉ូលីសព្រមតាមការស្នើរសុំរបស់ ដេរ៍ស៊ី ហើយទុកទូរស័ព្ទក្នុងហោប៉ៅ រួចដើរចូលទៅក្នុងទូកវិញ ។

   ដេរ៍ស៊ី នៅឈរខាងក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធ កែវភ្នែកពេញដោយក្តីព្រួយបារម្ភសម្លឹងទឹកសមុទ្រពណ៌ខៀវស្រងាត់មិនដាក់ភ្នែក ដូចនាងកំពុងតែគិតពីរឿងមួយមិនឈប់។
   « ហេតុអ្វីនៅឈរទីនេះ? » ឡូវែល ដើរមកពីខាងក្រោយសួរទៅអ្នកដែលឈរសម្លឹងទឹកសមុទ្រដោយទឹកមុខក្រៀមក្រំ។
    « គ្រាន់តែចង់ទទួលបានខ្យល់អាកាសបរិសុទ្ធបន្តិចប៉ុណ្ណោះ » ដេរ៍ស៊ី ងាកមកតបជាមួយគេវិញដោយសំឡេងធម្មតាមិនគំរោះគំរើយដាក់គេដូចមុនឡើយ ទើប ឡូវែល ញញឹមស្រាលៗចេញមកបន្តិច ព្រោះគេមិនដែលគិតទេថារវាងគេនិងនាងអាចមានឱកាសនិយាយគ្នាតាមសម្រួលបែបនេះបាននោះ ព្រោះតាំងពីដើមមកបើមិនមែនគេជាអ្នកគំរោះគំរើយដាក់នាង ក៏ជានាងដែលគំរោះគំរើយដាក់គេ ទើបធ្វើឲ្យគ្រប់ពេលដែលគេនិងនាងនិយាយជាមួយគ្នាធ្វើឲ្យក្នុងចិត្តរបស់គេធ្ងន់ដូចជាមានដុំថ្មរាប់លានគីឡូសង្កត់ពីលើ ប៉ុន្តែពេលដែលប្តូរមកនិយាយគ្នាស្រួលៗបែបនេះ ក្នុងចិត្តរបស់គេក៏ប្រែជាធូរស្រាលខ្លាំងណាស់។
   « អ្ហើយ...ស្តាយណាស់ ដែលមិនបានទៅលាលោកពូអ្នកមីងដែលនៅលើកោះមុននឹងចេញមក » ឡូវែល ចោលភ្នែកសម្លឹងកោះឆ្ងាយដាច់កន្ទុយភ្នែកទាំងដកដង្ហើមធំ។
   « ក្រោយពីដោះស្រាយរឿងគ្រប់យ៉ាងរួច ពួកយើងត្រឡប់ទៅនិយាយអរគុណពួកគាត់ម្តងទៀតល្អទេ? » ដេរ៍ស៊ី ដកភ្នែកពីផ្ទៃសមុទ្រហើយងាកមកសួរយោបល់ ឡូវែល ដោយស្នាមញញឹមស្រស់ស្រាយរបស់នាងដូចពីមុន ធ្វើឲ្យ ឡូវែល ងាកមកសម្លឹងមុខនាងឡើងភ្លឹក ប៉ុន្តែគេក៏សម្រួលអារម្មណ៍វិញ ពេលដឹងថានាងមិនស្រួលចិត្តពេលឃើញគេសម្លឹងនាងដោយក្រសែភ្នែកបែបនេះ។
   « ល្អណាស់ ប៉ុន្តែ ដេរ៍ស៊ី ត្រូវសន្យាសិនមកថានឹងព្រមទៅទីនេះជាមួយខ្ញុំម្តងទៀតដើម្បីអរគុណលោកពូអ្នកមីងនេសាទ » ឡូវែល លើកកូនដៃឡើងញញឹមញាក់ភ្នែកដាក់ ដេរ៍ស៊ី ដើម្បីឲ្យនាងធ្វើការសន្យាជាមួយគេ ព្រោះគេខ្លាចពេលរឿងគ្រប់យ៉ាងដោះស្រាយចប់ហើយនាងក៏រត់ទៅបារាំងភ្លេចពាក្យដែលនាងនិយាយថ្ងៃនេះ។
    « សន្យាក៏បាន » ដេរ៍ស៊ី លើកកូនដៃថ្ពក់ជាមួយដៃរបស់គេ ព្រោះនាងអាចយល់មូលហេតុគ្រប់យ៉ាងដែលធ្វើឲ្យគេទាមទារយកពាក្យសន្យាពីនាង ទោះនាងខឹងជាមួយគេយ៉ាងណា តែនាងមិនដល់ថ្នាក់ធ្វើជាមនុស្សមិនដឹងគុណអ្នកដទៃដើម្បីគេចពីគេនោះទេ។
    « ពិតមែនហើយ មុននេះប៉ូលីសប្រាប់ខ្ញុំថានាងមិនឲ្យផ្សព្វផ្សាយរឿងដែលយើងទាំងពីរនាក់នៅមានជីវិតទៅខាងក្រៅទេ តើមានរឿងអ្វីមែនទេ? » ឡូវែល សួរនាងដោយការសង្ស័យ។
     « រឿងនោះខ្ញុំមិនទាន់អាចប្រាប់លោកនៅពេលនេះបានទេ »
     « មិនចង់និយាយក៏មិនអីដែរ ប៉ុន្តែបើនាងត្រូវការអ្នកជួយពិភាក្សាអាចនិយាយប្រាប់ខ្ញុំបាន » ឡូវែល ញញឹមស្រស់ដាក់នាងហើយក៏ងាកទៅឈរសម្លឹងផ្ទៃសមុទ្រវិញ។
   ដេរ៍ស៊ី ឈរមើលស្នាមញញឹមលើផ្ទៃមុខរបស់គេពីចំហៀងដោយអារម្មណ៍ចម្លែក។ ការផ្លាស់ប្តូរអាកប្បកិរិយានិងពាក្យសម្តីដែលគេនិយាយមកកាន់នាងធ្វើឲ្យនាងហាក់ចម្លែកអារម្មណ៍បន្តិច តើគេលែងគិតចង់ត្រូវគ្នាជាមួយនាងហើយមែនទេ? គេឈប់និយាយរឿងរវាងនាងនិងគេចាប់តាំងពីឡើងទូកមកម្លេះ ឬក៏គេគិតយល់ហើយថារវាងគេនិងនាងពិតជាមិនអាចទៅរួចមែន ប៉ុន្តែហេតុអ្វីនាងហាក់មានអារម្មណ៍សោកសៅយ៉ាងនេះពេលគេលែងតាមអង្វរនាងដូចពីមុន?។
   ឡូវែល ឈរសម្លឹងផ្ទៃសមុទ្រហើយញញឹមចេញមកយ៉ាងមានក្តីសុខ ការដែលអាចឈរនៅជិតនាងបាន អាចនិយាយជាមួយនាងដោយពាក្យសម្តីធម្មតាបានមានអារម្មណ៍ល្អជាងការដែលត្រូវនាងជេរស្តីបន្ទោសទៅទៀត។ បើគេនៅតែបន្តមានះចង់ឲ្យនាងត្រឡប់ទៅដូចដើមជាមួយគេទាំងនាងមិនចង់តទៅទៀត មិនមែនមានតែគេទេដែលនឿយហត់និងឈឺចាប់ ប៉ុន្តែនាងក៏ននឹងឈឺចាប់ហើយមានអារម្មណ៍ថាហត់នឿយដូចគ្នាដែរ គេបានសម្រេចចិត្តហើយ គេនឹងមិនបង្ខំនាងឲ្យព្រមទទួលយកគេទៀតទេ ព្រោះព្រហ្មខិលិតហាក់បានកំណត់រួចទៅហើយថាគេនិងនាងមិនអាចរស់នៅជាមួយគ្នាបានឡើយ គ្រប់ពេលដែលគេនិងនាងនៅក្បែរគ្នា មានតែរឿងរ៉ាវអាក្រក់ៗកើតឡើងមិនឈប់ ទើបគេសម្រេចចិត្តទទួលយកការពិតគ្រប់យ៉ាងនៅពេលនេះ ហើយរស់នៅដោយគ្មាននាងតទៅទៀត ទោះគេនៅតែស្រលាញ់នាងក៏ដោយ ប៉ុន្តែគេមិនបង្ខំចង់ឲ្យនាងមកនៅជិតគេទៀតទេ ត្រឹមតែដឹងថានាងមានក្តីសុខក៏គ្រប់គ្រាន់ហើយ ចាប់ពីពេលនេះទៅគេនឹងនៅក្បែរនាងក្នុងនាមជាមិត្តម្នាក់តែប៉ុណ្ណោះ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now