ភាគ១០

135 6 0
                                    

“ ចិត្តអាក្រក់គ្មានធម៌មេត្តា ”

  ប្រូស!
  រាងស្តើងត្រូវទម្លាក់នៅលើគ្រែក្នុងបន្ទប់របស់នាង ខណៈពេលដែលអ្នកដែលបីនាងមកកំពុងរៀបចេញទៅខាងក្រៅវិញដោយមិនគិតនិយាយអ្វីមួយម៉ាត់។
  « ឈប់សិន! ហ៊ឹក! ហេតុអ្វី...ហេតុអ្វី? ហ៊ឺ! » នាងមិនដឹងថាគួរតែសួរគេពីរឿងមួយណាមុនទេ ព្រោះមានរឿងច្រើនណាស់ដែលនាងគិតមិនយល់ហើយចង់សួរគេ តាំងពីរឿងដែលគេមិនឲ្យនាងទៅចូលរួមពិធីបុណ្យលោកប៉ា រឿងដែលគេប្រែប្រួលមិនល្អដាក់នាងដូចមុន នាងចង់ឲ្យគេនិយាយអ្វីប្រាប់នាងបន្តិចបានទេ។
  ឡូវែល ងាកក្រោយសម្លឹងស្រីក្រមុំដែលអង្គុយយំនៅលើគ្រែគួរឲ្យអាសូរវិញ គេធ្វើដល់ថ្នាក់នេះហើយនាងនៅគិតមិនយល់ទៀតមែនទេថាកន្លងមកគេមិនដែលស្រលាញ់នាងទេ នាងពិតជាគួរឲ្យធុញពិតមែន ល្ងង់ៗបែបនេះចង់ឲ្យគេយកធ្វើភរិយាពេញមួយជីវិតយ៉ាងម៉េចបាន ត្រឹមតែបីឆ្នាំយូពេកទៅហើយសម្រាប់គេ។
  « គួរឲ្យធុញ! » គេចោលភ្នែកសម្លឹងនាងហើយក៏ពោលឡើងដោយភាពធុញទ្រាន់។
  « គួរឲ្យធុញមែនទេ? ហ៊ឹក! » ដេរ៍ស៊ី ស្ទើរមិនជឿនឹងត្រចៀករបស់ខ្លួនឯងដែលលឺពាក្យសម្តីបែបនេះចេញពីបបូរមាត់របស់បុរសដែលធ្លាប់និយាយថាគេនឹកនាងគ្រប់ពេលគ្រប់នាទី បើមិនបានជួបមុខនាងគេនៅមិនសុខនោះទេ តែគេទើបតែរៀបការជាមួយនាងមិនបានបីថ្ងៃផងគេក៏និយាយថាធុញទ្រាន់ជាមួយនាងបាត់ទៅហើយ តើនេះមែនទេជាទំព័រជីវិតថ្មីដែលនាងសង្ឃឹមថាមានតែសេចក្តីសុខនោះ?។
   « បើមិនចង់ឲ្យខ្ញុំធុញទ្រាន់នឹងនាងខ្លាំងជាងនេះទេ នាងគួរតែស្តាប់តាមសម្តីរបស់ខ្ញុំ » គេសម្លឹងនាងដោយភាពស្អប់ខ្ពើម ពាក្យសម្ដីគ្រប់ម៉ាត់ដែលគេនិយាយមកកាន់នាងសុទ្ធតែធ្វើឲ្យនាងពិបាកទទួលយក។
   « បងខុសប្លែកច្រើនណាស់ដឹងទេ ឡូវែល » នាងសម្លឹងមុខគេដោយយកចិត្តទុកដាក់ពិនិត្យមើលថាគេនៅជា ឡូវែល ដែលនាងធ្លាប់ស្គាល់ឬអត់ ប៉ុន្តែទោះនាងខំមើលយ៉ាងណាក៏នាងយល់ថាគេមិនមែនជា ឡូវែល ពីមុនដែរ។
   « ខ្ញុំមិនបានខុសប្លែកអ្វីទេ តែនាងទេជាអ្នកដែលមិនទាន់ស្គាល់ខ្ញុំច្បាស់ដោយខ្លួនឯង ខ្ញុំគឺបែបនេះមកតាំងពីដើម ចិត្តអាក្រក់គ្មានធម៌មេត្តា បើនាងចង់មានជីវិតសុខស្រួលនៅក្នុងផ្ទះនេះបន្តទៀតនាងគួរតែស្តាប់តាមសម្តីរបស់ខ្ញុំ »
   « ខ្ញុំមិនជឿទេថាបងជាមនុស្សបែបនេះ ឡូវែល ពីមុនបងល្អដាក់ខ្ញុំខ្លាំងណាស់ ហ៊ឹក! » ដេរ៍ស៊ី ចុះពីលើគ្រែមកចាប់ដៃមាំជាប់។
   « ពីមុនខ្ញុំធ្វើល្អដាក់នាងព្រោះតែព្រទ្យសម្បត្តិរបស់នាងតែប៉ុណ្ណោះ ឈប់ល្ងង់គិតថាខ្ញុំមានចិត្តស្រលាញ់ស្រីល្ងង់ដូចជានាងទៀតទៅ » គេប្រឡេះដៃនាងចេញពីដៃរបស់គេដោយចិត្តដាច់បំផុត...ពាក្យសម្តីគ្រប់ម៉ាត់របស់គេមុតជាងកាំបិតទៅទៀតធ្វើឲ្យម្ចាស់បេះដូងតូចឈឺចាប់ដល់រកពាក្យនិយាយមិនចេញ ។
    « បងមិនបានស្រលាញ់ខ្ញុំទេ គ្រប់យ៉ាងដែលបងធ្វើព្រោះទ្រព្យសម្បត្តិលោកប៉ាចឹងមែនទេ? ហ៊ឹក! ស្រីល្ងង់! ងារនេះសមនឹងខ្ញុំខ្លាំងណាស់ ខ្ញុំជាស្រីល្ងង់ ហ៊ឺ! » ដេរ៍ស៊ី ឈានជើងថយក្រោយម្តងមួយជំហានៗយ៉ាងតក់ស្លុតជាមួយការពិតដែល ឡូវែល ប្រាប់នាង។ នាងខំស្រលាញ់គេអស់ពីចិត្ត ខំជឿជាក់លើគេគ្រប់យ៉ាងអស់ពីចិត្តហើយអ្វីដែលនាងទទួលបានមកវិញក៏ជាការឈឺចាប់អស់ពីចិត្តដូចគ្នា បេះដូងរបស់នាងខ្ទេចខ្ទីបានយ៉ាងងាយដោយសារតែពាក្យប្រមាថមើលងាយរបស់គេប៉ុន្មានម៉ាត់នេះ ក្នុងភ្នែករបស់គេ នាងត្រឹមជាស្រីល្ងង់ម្នាក់ដែលឲ្យគេបោកបញ្ឆោតលេងតាមចិត្ត គេមិនដែលខ្វល់ពីអារម្មណ៍របស់នាងឡើយ ទោះនាងមានខួរក្បាលល្ងង់មួយតែនាងក៏ចេះឈឺចាប់ដែរ។
   ផាំង!
   ឡូវែល ដើរចេញទៅខាងក្រៅបន្ទប់ទាញទ្វាបន្ទប់បិទដោយមិនថ្នមដៃហើយគេក៏រហ័សឡើងទៅបន្ទប់របស់គេវិញព្រោះមិនចង់លឺសំឡេងយំសោកបោកខ្លួនរបស់នាង។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now