ភាគ២២

1.5K 71 2
                                        

«អួយ...ព្រះនាង!! ក៉ំហៅខ្ញុំបងអី?!» អ្នកបម្រើនោះក៏ចង់ចូលទៅខ្ទប់មាត់ ថេហ្សា ដែរតែមិនហ៊ាន បានត្រឹមតែងាកឆ្វេងស្តាំខ្លាចមានមនុស្សដើរកាត់។
«ហេតុអី?»
«ខ្លួនជាព្រះនាង បន្ទាបខ្លួនហៅអ្នកបម្រើថា បង! តើម្ចាស់ចៅរកមនុស្សស្រីមកត្រូវឬក៏ខុសទៅណ៎?!!» សុកៗក៏លេចមុខម្ចាស់ក្សត្រីធំចេញមក ដោយកាន់ផ្លិតបក់ភើយៗ និងដៀងភ្នែកសម្លក់ថ្លែរទៅកាន់ ថេហ្សា ទៀត! នេះច្បាស់ជាស្តាប់ឮអស់ហើយនូវពាក្យដែល ថេហ្សា និយាយ។ អ្នកបម្រើ ដែលនៅជិត ថេហ្សា ក៏ឱនក្បាលគោរពជិតដល់ជើងទៅហើយ ធ្វើអោយ ថេហ្សា ប្រហោងពោះបន្តិចដែរ នាងក៏ឱនក្បាលគោរពម្ចាស់ក្សត្រីបន្តិច។
«...ម្ចាស់...ម្ចាស់យាយ...គ្រាន់តែហៅ បង តើខុសដែរមែនទេ?!» ថេហ្សា ដាច់ចិត្តក៏សួរ គ្រាន់តែហៅ បង ក៏ខុសដែរ នាងដូចជាមិនបានធ្វើខុសអីផង យ៉ាងណាហៅ បង ឬប្អូន ជាទម្លាប់របស់មនុស្សទៅហើយ។
«ប្រហើន!!! ហ៊ានតម្លើងឬក មកវាយស្មើយើងផងមែនទេ?» ម្ចាស់ក្សត្រីទះផ្លិតផាប់ និងស្រែកស្តីអោយ ថេហ្សា យ៉ាងកំរោល ធ្វើអោយនាងចង់លេចនោមទៅហើយ ឱនក្បាលចុះទាំងភ័យខ្លាចមិនហ៊ានប្រសព្វភ្នែកនឹងទ្រង់ទេ។ «...ក៉ំស្មានតែក្លាយជាព្រះនាងនៀគ ចង់ធ្វើអ្វីបានស្រេចចិត្តនោះ!! ហើយក៉ំស្មានតែមានស្វាមីជាអ្នកអង្គម្ចាស់មកការពារ ចង់តម្លើងឬក តម្លើងពារ ប្រែពីក្អែកមកជាហង្សនោះ យ៉ាងណាក៏ធ្វើមិនបាន គង់តែថ្ងៃណាមួយមេហង្សនឹងកាច់បំបាក់ស្លាបអោយធ្លាក់ទៅបាតដីភ្លាមៗ! ចាំទុកទៅ?!» ចប់សម្តី ម្ចាស់ក្សត្រីក៏យាងចេញទៅបាត់ទៅដោយមានអ្នកបម្រើអមសងខាង ទុកអោយ ថេហ្សា ស្ពឹកមុខយ៉ាងកំសត់ នាងប្រែពីស្ងួត ទៅស្ងៀមម្តង មិនស្តី ក៏កំពុងតែអួលដើមកពិបាកលេព ព្រោះតែសម្តីម្ចាស់ក្សត្រីទាំងប៉ុន្មានម៉ាត់គឺជាពាក្យមើលងាយសុទ្ធសាធ និងជាន់ពន្លិចនាងដល់ដី ទាំងដែលនាងមិនបានខុសអ្វីសោះ។
«ព្រះនាងឈប់តូចចិត្តទៅ!! ម្ចាស់ក្សត្រីតែប៉ុន្នឹងឯង យូរៗទៅនឹងទម្លាប់ហើយ» អ្នកបម្រើក៏និយាយឡើង។
«បងចង់និយាយថា យូរៗទៅទ្រង់នឹងដៀលខ្ញុំទម្លាប់ តើមែនទេ?»
«អួយ...មិនមែនទេ!!!»

ទីកន្លែងដែលហំព័ទ្ធទៅដោយពណ៌ក្រហមជ៉ំទិស មានតែក្រហមច្រាបឈាមយ៉ាងកំណាច ហាក់ដូចជាទីកន្លែងពិឃាតយកមនុស្សមកដាក់ទារណ្ឌកម្មយ៉ាងអ៊ីចឹង មានតែស្នូរសសៀងគួចខ្យល់ល្វើយៗតាមវេហា ហាក់ជាមន្តអាគម្តនរណាម្នាក់ដែលកំពុងបញ្ចេញមហិរិទ្ធិយ៉ាងអស្ចារ្យ ជាន់លើទីខ្ពស់លើបល្ល័ង្កក្បាលខ្មោចយ៉ាងស្ងប់សុខ និងកំពុងតែតាំងកាយសម្មាធិ។
«ម្ចាស់គ្រូ» ស្នូរសំឡេងគ្រលរធំ ហៅទៅអ្នកដែលនៅខាងលើខ្ពស់ពីជាយដី ដែលកំពុងប្រើកាយអណ្តែតអណ្តូងតាំងសម្មាធិ ក៏ត្រូវដាច់ភ្លាមៗ រួចក៏ងាកមើលទៅមនុស្សដែលបានហៅ។
«មានការអី?» បុរសវ័យចំណាស់មានពុកមាត់វែងដល់ពោះ ស្លៀកខ្មៅមួយឈុត និងរង្វង់ភ្នែកក្រហមយ៉ាងកំណាចដែលអង្គុយលើបល្ល័ង្កក្បាលខ្មោចក៏សួរទៅមនុស្សដែលមកកាត់ចង្វាក់នេះ។
«ពេលនេះ គឺជិតដល់ពេលដែលពួកយើងប្រារព្ធពិធីហើយ! ស្រីក្រម៉ំព្រហ្មចារី ជាស្រីពៅតែម្នាក់គត់ក្នុងលោហិតមួយនេះ! អ្អាស៎ហាហាហាហា!!!» គេប្រែមកសើចយ៉ាងកំណាចជាងបិសាចជញ្ជក់ឈាមទៅទៀត បុរសដែលបបូរមាត់ខ្មៅក្រឹប ស្លៀកខ្មៅមួយតួប្រាណ ដែលឈរក្រោមបុរសចំណាស់ដែលនៅលើបល្ល័ង្ក និយាយទាំងអំណាច ទាំងឃោឃៅ ហាក់ជាមានន័យលើនារីណាម្នាក់ដែលជាក្រម៉ំព្រហ្មចារី និងជាឱកាសម្យ៉ាងដែលត្រូវត្របាក់យកអ្វីមួយមកជារបស់ខ្លួនឆាប់ៗនេះ។
«ពិតជាល្អណាស់!!! អ្អា៎សហាហាហា...អ្អា៎ហាហាហា...!!!!» សំឡេងសើចបន្ទរពីគ្នាយ៉ាងក្អាកក្អាយរវាងបុរសវ័យចំណាស់ និងបុរសនៅចំពោះមុខ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now