ភាគ៣២

459 44 1
                                    

#ភរិយារាត្រី ភាគ៣២:
«អូនចេះខូចព្រោះតែបងហ្នឹង កុំមករអ៊ូរទាំពេក អូននៅស្ងៀមៗមិនកើតទេ អូនខ្លាចស្រីនោះហក់ឡើងគ្រែជិះបង អូនខូចបន្តិចមែន តែអូនមិនល្ងង់ទេ បងយល់ដែរទេ លោកប្តី...?»ផ្អែមក៏ចេះ រំអួយក៏ចេះ បើលេងល្បិចវិញ បោកកុហកលេងទឹកមុខឲ្យមួយឆ្ងាញ់ ស្រីណាហ៊ានមកជិតដណ្តើមមនុស្សរបស់គេ ស្រីនោះនឹងត្រូវអាម៉ាស់ ចាំតែមើលទៅ។
«បាទ...» ជុងហ្គុក ញញឹមយ៉ាងមានមោទនៈភាព ស្របពេលចាប់ទាញប្រអប់ដៃតូចៗមកថើមខ្សឺតៗ ឃើញមុខ នាយតូច ក៏នឹកចង់ប្រាប់រឿងមួយ៖
«បងមានដំណឹងមួយចង់ប្រាប់អូន»
«...?»ថេយ៉ុង លើកចិញ្ចើមទាំងទឹកមុខមានចម្ងល់
«ពីរថ្ងៃទៀត បងត្រូវទៅចូលរួមកម្មវិធីសម្ពោធសណ្ឋាគាថ្មីរបស់នេស៍ មិត្តរបស់បង»រាងក្រាស់ និយាយទាំងស៊កដៃម្ខាងឱបចង្កេះតូចមួយក្តាប់ និងអង្អែលថ្នមៗ
«ហើយយ៉ាងម៉េច?»ថេយ៉ុង តបដោយក្រសែភ្នែកគួឲ្យស្រឡាញ់
«បងនឹងនាំអូនទៅជាមួយ»ប្រុសកំលោះញញឹមស្រស់ពេញវង់ភ័ក្រ គេចង់នាំនាយតូចឲ្យទៅស្គាល់ពិភពលោកខាងក្រៅ ពិភពលោករបស់គេដែល នាយតូចពុំធ្លាប់បានដឹង បានឃើញ នឹងបានទៅជួបមនុស្សជុំវិញខ្លួនដែលគេគួរតែស្គាល់។
«មាននាងទេ?»ថេយ៉ុង សួរភ្លាមៗមិនចាំស្អែក បើនាំនាងទៅពិតមែន គឺអស្ចារ្យណាស់ គេពិតជាមិនខ្លបខ្លាចរអាពិតមែន ឬធ្វើបែបហ្នឹងទាល់តែលែងមានវត្តមាន នាយតូច នៅទីនេះទៀត?
«បងទុកនាងចោលមិនបានទេ»ចម្លើយយ៉ាងអាត្មានិយម បន្លឺចូលពេញត្រចៀក ថេយ៉ុង បានស្តាប់ឮពាក្យដែលមិនចង់ឮ ត្រឹមប៉ុន្មានឃ្លានេះ ប្រៀបដូចកាំបិតមកចាក់ចំកណ្តាលទ្រូងរាប់ពាន់កាំបិត...
«អូនស្តាប់មិនច្រឡំទេ មែនទេ?»ថេយ៉ុង ចាប់ផ្តើមបាត់បង់ទំនុកចិត្យដែលធ្លាប់មានលើគេ ខណៈនោះ ក៏រំសាយដៃគេចេញពីចង្កេះ មុននឹងឈានជើងថយចេញបួនប្រាំជំហ៊ាន ទោះកាយព្យាយាមឃ្លាតឆ្ងាយពីគេ ប៉ុន្តែកែវភ្នែកនៅសម្លឹងគេមិនព្រិច
«បងក៏បានពន្យល់អូនពីថ្ងៃមុនរួចហើយ ថានាងនឹងជួបរឿងអ្វីខ្លះ បើសិននាងនៅឆ្ងាយពីភ្នែកបង»ជុងហ្គុក នៅតែប្រើភាសាសុភាពបុរសគួរឲ្យស្អប់របស់គេចេញមក រហូតនាយតូចសឹងតែមិនអាចទ្រាំឈរស្តាប់ គេនិយាយហាក់ដូចនាងសំខាន់ខ្លាំងណាស់សម្រាប់គេ តំណែងមួយនោះត្រូវបានជំនួសដោយនាងហើយមែនទេ? ចុះម្នាក់នេះ? ម្នាក់ដែលកំពុងតែឈរស្តាប់សម្តីដ៏អាត្មានិយាយចេញពីមាត់គេ នៅមានតម្លៃក្នុងកែវភ្នែកគេដែរទេ? គេមិនយល់ ឬយល់ហើយតាំងចិត្តមិនអើពើ?ជាទង្វើអ្វី?ហេតុអីគេធ្វើឫកពារគួរឲ្យស្អប់ម្ល៉េះ?
«បងធ្វើចឹង បងដែលគិតដល់អារម្មណ៍អូនខ្លះទេ?» នាយតូច សួរត្រង់មិនបញ្ឆៀង ពិតជាចង់ហែកទ្រូងវះយកបេះដូងគេមកមើល ឬគេគ្មានបេះដូងទេ? នឹកឡើង ច្រមុះឆួលៗ ក្រហាយភ្នែកចង់យំ តែខំលេបទឹកភ្នែកវិញ ឈរសម្លឹងគេទាំងភ្នែកក្រហម
«សុំទោស...ដែលមួយរយៈនេះបងធ្វើឲ្យអូនមានអារម្មណ៍មិនល្អមកលើបងច្រើនពេកហើយ»
«ហ្ហឹស៎ ជុងហ្គុក...» នាយតូច សើចបែបហួសចិត្ត នឹងពាក្យ សុំទោស ពីរម៉ាត់របស់គេ។ ពិតជាគួរឲ្យអស់សំណើចណាស់ ឬគេគិតថា ត្រឹមពាក្យសុំទោស អាចស្រោចស្រង់អារម្មណ៍ល្អៗមកវិញបាន? មិនដឹងថាត្រូវនិយាយអ្វីបន្តទៀតទេ នាយតូចបានត្រឹមតែឈរក្តាប់ដៃឃាត់ទប់អាម្មណ៍កុំឲ្យកញ្ជ្រោល និងជ្រួលច្រាល់ទឹកភ្នែកចេញមក យំមិនចេញទេ ព្រោះទ្រូងខាងឆ្វេងអួលណែនអស់ហើយ អារម្មណ៍ល្អសុខៗ ឲ្យតែរំលឹកដល់ស្រីម្នាក់នោះ មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃក្នុងកែវភ្នែកគេបន្តិចសោះ។ ចំណែកជុងហ្គុក ឃើញភ្នែក នាយតូច ឡើងក្រហម ក៏រហ័សដើរចូលទៅជិត ប្រុងទាញកាយតូចមកឱបលួង តែត្រូវម្ចាស់រាងកាយ លើកដៃច្រានទ្រូងហាប់ណែននោះចេញ ហើយគេចមុខពីគេ និងចុះទៅខាងក្រោម តាមកាំជណ្តើរ នាយតូច ក្តាប់ដៃគក់ទ្រូងដែលកំពុងតែអួលណែនបណ្តើរ ទឹកភ្នែកនៃការអន់ចិត្តក៏ស្រក់តក់ៗ ឃាត់លែងឈ្នះ ពិតជាខកចិត្ត ខកបំណងនឹងគេខ្លាំងណាស់។
«ថេ...»សំឡេងស្រែកហៅពីជាន់ខាងលើមក ហាក់ស្លន់ស្លោខ្លាំងណាស់ ខណៈជើងមាំចុះត្បាញ់មកតាមដំណើរ នាយតូច យ៉ាងលឿន រហូតទាល់តែតាមទាន់ ហើយចាប់កញ្ឆក់កាយតូចមកឱបណែនជាប់ទ្រូង ដៃអង្អែលខ្នងផង ឱនថើបសក់ផង តែនាយតូចគិតតែយំ និងព្យាយាមរុញច្រានគេចេញ៖
«ឈប់មករំខានខ្ញុំ អ្ហឹក៎ៗ...ចេញទៅ ហ្ហឹក៎ៗៗ»អារម្មណ៍ខឹង ស្អប់ អន់ចិត្ត ខកបំណង វាលាយឡំគ្នាក្នុងពេលតែមួយ ទ្រាំលែងបានហើយ ក៏ពន្លែងទឹកភ្នែក បណ្តោយឲ្យហូរមកតាមអំពើចិត្តតែម្តង ឯជុងហ្គុក មិនធ្លាប់ឃើញ នាយតូច បែបនេះពីមុនមក គេហាក់ភ័យស្លន់ស្លោ បេះដូងលោតបុកទ្រូងប៊ឹបៗ ព្យាយាមឱបឲ្យជាប់មិនឲ្យរបូត ទោះបី ថេយ៉ុង ខំប្រឹងច្រានគេចេញក៏ដោយ។
«អន់ចិត្តនឹងបងទៀតហើយ...ឥឡូវបងព្រមតាមអូនគ្រប់យ៉ាង អូនឲ្យបងធ្វើអ្វីក៏បាន ឲ្យតែអូនឈប់ខឹងឈប់អន់ចិត្តនឹងបង»ជុងហ្គុក លួងលោមដោយការព្រមសម្របតាមទាំងអស់ ភ្លាមនោះ នាយតូចក៏រៀបរាប់ទាំងអណ្តឺតអណ្តក
«អូនចង់ដើរចេញពីបង...ដោះលែងអូនទៅ»កាន់តែឮពាក្យនេះ កាយតូច កាន់តែត្រូវគេឱបរឹតណែនជាងមុន
«ក្មេងឆ្កួត បងស្រឡាញ់អូន ហេតុអីអូននិយាយបែបហ្នឹង...»
«អូនហត់...»

To be continued💕

ភរិយារាត្រីWhere stories live. Discover now