ផ្ដើមរឿង

5.2K 108 0
                                    

អាកាសធាតុនារដូវរងារក្នុងប្រទេសចិនធ្វើអោយមនុស្សជាច្រើនសម្ងំស្ងៀមនៅក្នុងផ្ទះ ព្រោះថានេះជាថ្ងៃឈប់សម្រាកគ្មាននរណាចង់ចេញទៅណាមកណាឡើយ កាន់តែមានព្យុះព្រិលធ្លាក់មកទៀតពួកគេកាន់តែលាក់ខ្លួននៅក្នុងភួយ នៅក្នុងបន្ទប់ម៉ាស៊ីនកម្ដៅ
តែខុសប្លែកអ្វីពីក្មេងស្រីតូចម្នាក់ ដែលប្រឹងទប់ខ្លួនជាមួយនឹងខ្យល់ត្រជាក់ដល់បេះដូង ខំដើរទៅមុខបន្តទាំងពេលនេះវាយប់ជ្រៅណាស់ទៅហើយ តែនាងបែរជាហ៊ានចេញមកក្រៅតែម្នាក់ឯងទៅវិញ
ឈីន យ៉ូឈីង ស្រីតូចម្ចាស់រាងតូចស្ដើងដែលកំពុងដើរកាត់ខ្យល់ ជាក្មេងកំព្រាដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង នៅជនបទតែពេលរៀនចប់នាងក៏ត្រូវមកបន្តការសិក្សានៅក្នុងក្រុងបន្ថែមទៀត ដើម្បីអនាគតនឹងដើម្បីជួយក្មេងៗនៅក្នុងមណ្ឌលជាមួយគ្នា ដោយមានការជួយជ្រុំជ្រែងពីប្រធានមណ្ឌលទើបនាងអាចមកបន្តការសិក្សាបាន ទោះបីជាការជួយនោះមិនគ្រប់គ្រាន់សម្រាប់ការរៀន តែនាងក៏ប្រឹងតស៊ូរហូតរៀនមកដល់ឆ្នាំចុងក្រោយនេះ
នាងតូចប្រឹងដើររហូតមកដល់បន្ទប់ស្នាក់នៅតូចរបស់ខ្លួន ដែលខាងសាលាជួយទំនប់បម្រុងអោយ សម្រាប់សិស្សនិសិត្សដែលខ្វះខាត។
បន្ទប់ស្នាក់របស់សិស្សៗដែលខ្វះខាតគ្មានអ្វីអស្ចារ្យទេ វាជាបន្ទាប់ស្នាក់ដែលធ្វើជាបន្ទប់តូចៗជាប់ៗគ្នាជាជួរ ធ្វើពីទូរកុងតាន័ររៀបចេញជាពីរជួរយ៉ាងវែង នៅប្រឡោះកណ្ដាលក៏ជាសួន មានផ្កាតូចៗតែពេលនេះវាគ្របដណ្ដប់ដោយព្រិលអស់ទៅហើយ
«វ៉ាវ...ត្រជាក់ខ្លាំងណាស់...»នាងតូចត្រដុសដៃខ្លួនឯងទៅមកជាច្រើនដង ទើបទាញកូនសោចេញពីហោប៉ៅអាវរងារចាស់ៗរបស់ខ្លួន មកចាក់បើកបន្ទប់។
តែត្រឹមទ្វាររបើកភ្លាមក៏មានមនុស្សម្នាក់រត់ចូលមកដណ្ដើមចូលទៅក្នុងបន្ទប់របស់នាងមុន មុននឹងទាញនាងចូលទៅខាងក្នុងជាមួយ។ ដៃធំបិទមាត់តូចជិតមិនអោយនាងស្រែក ប្រើរាងកាយរបស់ខ្លួនសង្កត់នាងជាប់នឹងទ្វារ មុននឹងប្រើដៃម្ខាងទៀតចុចសោបិទជិត ត្រចៀកក៏ផ្ទៀងស្ដាប់សកម្មភាពនៅខាងក្រៅ ខណៈនាងតូចស្លុតមិនទាន់បានសតិមកវិញនៅឡើយ បានតែឈរស្ងៀមបើកភ្នែកធំៗនៅមួយកន្លែង រហូតខ្យល់ដង្ហើមក្ដៅឧណ្ឌៗរបស់មនុស្សម្នាក់នោះ ភាយមកប៉ះសក់តាមដោយក្បាលធ្ងន់ៗរបស់គេផ្អេកមកលើស្មារបស់នាង ចំណែកដៃដែលបិទមាត់នាងមុននេះក៏រអិលធ្លាក់បាត់
គេកើតអី?
«ខ្ញុំឃើញវារត់មកផ្លូវនេះច្បាស់ណាស់ ហេតុអីក៏បាត់ស្រមោលលឿនម្ល៉េះ?»
«វាកំពុងត្រូវរបួសរត់មិនបានឆ្ងាយទេ»
«តែពេលនេះងងឹតខ្លាំងណាស់យើងគួរធ្វើបែបណាល្អទៅ?»
«មេឃក៏កំពុងដាក់ខ្យល់មកកាន់តែខ្លាំងដូច បន្តិចទៀតព្យុះនឹងមកដល់មិនខាន ខ្ញុំថាពួកយើងគួរទៅវិញសិនទៅល្បង ទោះវាអស្ចារ្យមកពីណាក៏មិនអាចទប់ទល់ជាមួយព្យុះព្រិលនាពេលនេះបានដែរ ខ្លួនរបស់វាក៏ត្រូវរបួសដូចគ្នា វាមិនអាចទ្រាំបានដល់ថ្ងៃស្អែកទេ»
«ល្អ ពួកយើងត្រលប់ទៅវិញសិនទៅថ្ងៃស្អែកគឺត្រូវតែចេញតាមរកវាអោយឃើញ ហើយសម្លាប់ចោលទៅកុំទុកវាអោយនៅរស់បន្ត យល់ទេ?»
«បាទពួកយើងយល់ហើយល្បង»
«ល្អឆាប់ចាកចេញទៅ...»
សំឡេងមនុស្សជាច្រើននិយាយឆ្លើយឆ្លងគ្នាខ្សឹបៗនៅមុខបន្ទប់របស់ យ៉ូឈីង ធ្វើអោយដៃដែលគិតចង់រុញច្រានមនុស្សដែលឈ្លានពានម្នាក់នោះចេញ ក៏ប្ដូរមកជួយទប់ខ្លួនរបស់គេអូសចេញពីមុខទ្វារនេះ ហើយទម្ងន់ខ្លួនដែលទម្លាក់មកលើនាងទាំងអស់បែបនេះ បញ្ជាក់បានថាគេម្នាក់នេះអាចសន្លប់បាត់ទៅហើយ ហើយក៏ប្រហែលជាមនុស្សតែម្នាក់ដែលប្រុសៗទាំងនោះកំពុងរកក៏ថាបាន ទើបនាងចាំបាច់ត្រូវជួយទោះមិនដឹងថាគេជាមនុស្សល្អឬអាក្រក់ក៏ដោយ សំខាន់នាងអាចជួយសង្គ្រោះគេសិនទៅគឺវាគ្រប់គ្រាន់ហើយ
យ៉ូឈីង អូសមនុស្សខ្លួនធំកាត់ភាពងងឹតមកឈប់ត្រង់គ្រែតូចរបស់ខ្លួនដែលនៅជិតនោះ ទើបប្រញាប់ដាក់គេទៅលើគ្រែទាំងដកដង្ហើមដង្ហក់ មុននឹងរត់មកផ្អឹបត្រចៀកនិងទ្វារស្ដាប់សកម្មភាពនៅខាងក្រៅ លុះពេលមិនបានឮអ្វីហើយក៏ប្រញាប់ដើរមករកគ្រែវិញ ដោយមិនចាំបាច់ប្រើមានភ្លើងបំភ្លឺ ក៏នាងអាចដើរបានដូចមើលឃើញគ្រប់យ៉ាងអ៊ីចឹង តែដើម្បីមកអាការៈរបស់ គេ នាងចាំបាច់ត្រូវតែបើកអំពូលតូចមួយដែលនៅក្បាលគ្រែ
ភ្លើងពណ៌ពងមាន់បំភ្លឺឡើងព្រាលៗព្រោះជាអំពូលតូច មានពន្លឺមិនសូវខ្លាំងប៉ុន្មាន។ ឈីន យ៉ូឈីង សម្លឹងមើលអ្នកដេកផ្អាប់មុខនៅលើគ្រែបន្តិច ក៏ដើរចេញទៅស្រវារកប្រអប់ថ្នាំពេទ្យ យកមកដាក់នៅក្បែរគ្រែ មុននឹងចាប់ផ្ដើមមើលអាការៈរបស់អ្នកជម្ងឺនៅចំពោះមុខ
ដៃតូចចាប់ទាញអាវសឺមីពណ៌ខ្មៅចេញពីរាងក្រាស់ដោយមិនបង្អង់យូរ សម្លឹងមើលខ្នងហាប់ណែនដោយសាច់ដុំ ដោយកែវភ្នែកត្រួតពិនិត្យ ដៃក៏ដេញតាមឆ្អឹងជំនីនីមួយៗយ៉ាងយកចិត្តទុកដាក់ ពេលដឹងថាមិនមានអ្វីប៉ះពាល់ផ្នែកខាងក្រោយទេ នាងក៏ចាប់ប្រែគេអោយបែរមុខមករកជាប្រញាប់ មុននឹងស្បថចេញមកតិចៗពេលឃើញមុខរបួសដែលត្រូវចាក់
ត្រឹមតែមើលដោយភ្នែកទទេនាងក៏អាចដឹងភ្លាមថារបួសរបស់គេ ត្រូវចាក់ដោយកាំបិទទំហំប៉ុណ្ណា សភាពមុខរបួសធ្វើអោយនាងដឹងថាវាមុតជ្រៅដល់ណា
«ខ្ញុំមិនដឹងថាលោកជាមនុស្សល្អឬអាក្រក់ទេ តែជួយអ្នកជម្ងឺវាជាវិទ្យាជីវៈរបស់គ្រូពេទ្យម្នាក់»
នាងក្រមុំនិយាយខ្សឹបៗជាមួយអ្នកដែលសន្លប់ រួចក៏ចាប់ផ្ដើមរៀបចំឧបករណ៍សម្រាប់ជួយជីវិតរបស់គេភ្លាម តែព្រោះរបួសរបស់គេវាមុតជ្រៅខ្លាំងណាស់ អាចទៅដល់ពោះវៀនទើបនាងគ្រាន់តែសង្គ្រោះបឋមសម្រាប់គេសិន ហើយចាំបញ្ជូនគេចេញពីទីនេះ
«គួរតែរកសិស្សច្បង ក្វាង អោយជួយ»
មិនរងចាំយូរនាងក៏ស្ទុះងើបភ្លាម តែក៏ភ្ញាក់សឹងតែផ្ញារក្រោយពេលជើងត្រូវដៃរបស់មនុស្សដែលគិតថាសន្លប់បាត់នោះ ចាប់ជាប់
«លោ...លោក...»យ៉ូឈីង ស្លុតសឹងតែនិយាយមិនចេញ បានតែចង្អុលមុខអ្នកដែលបើកភ្នែកធំៗសម្លឹងមុខនាងពេលនេះ ដោយបេះដូងដែលសឹងតែគាំងនៅមួយកន្លែង
គេស្លាប់ហើយឬក៏យ៉ាងម៉េច?
«នាង...ទេពធីតា...»
បបូរមាត់ក្រាស់ក្រៀមស្ងួតបន្លឺសំឡេងខ្សេវៗសឹងតែស្ដាប់មិនបាន ដូចមនុស្សកំពុងមមើមមាយ មុននឹងសន្លប់ទៅវិញបាត់ទៅ ដែលអាការៈរបស់គេសឹងតែធ្វើអោយ យ៉ូឈីង គាំងបេះដូងស្លាប់
«ជាអាការៈមមើមមាយសោះ ភ័យសឹងស្លាប់ទៅហើយ»នាងក្រមុំលើកដៃមករឹតទ្រូង ដោយទឹកមុខដែលស្លេកដូចក្រដាស ប្រុសម្នាក់នេះអាចធ្វើអោយនាងគាំងបេះដូងស្លាប់បានលឿនណាស់
«បានហើយ យ៉ូឈីង អស់ពេលភ័យហើយបើទុកយូរគេអាចស្លាប់មែនក៏ថាបាន»
នាងក្រមុំដាស់តឿននឹងហៅស្មារតីដែលត់ចេញអស់ពីខ្លួនមុននេះ អោយត្រលប់មកវិញ មុននឹងរត់ចេញពីក្នុងបន្ទប់ទៅគោះទ្វារបន្ទប់អ្នកនៅក្បែរ ដែលជាសិស្សច្បងដែលរៀនចប់នៅឆ្នាំនេះដូចជានាងដែរ គ្រាន់តែគេរៀនផ្នែកវិជ្ជបណ្ឌិត នាងរៀនផ្នែកជម្ងឺទូទៅប៉ុណ្ណោះ
តុកៗ...តុកៗ...
«អ្នកណាមកគោះទ្វារទាំងយប់នេះ»
សំឡេងគ្រលរធំបន្លឺឡើងដោយការមួម៉ៅដែលមានអ្នកមករំខានដំណេក ធ្វើអោយអ្នកឈររួញខ្លួននៅខាងក្រៅមានសង្ឃឹម ប្រឹងញញឹមរងចាំទ្វារបើក
«នាងច្រម៉ក់ ឈីងឈីង មកគោះទ្វារស្អីទាំងយប់អាធ្រាត្របែបនេះ?»ក្វាង ម៉ងកាន បើកទ្វារមកសម្លក់មុខអ្នកគើទ្វារហៅទាំងកណ្ដាលយប់ ដោយទឹកមុខក្ដៅក្រហាយ ពេញមួយថ្ងៃនេះគេសឹងតែមិនបានដេកទៅហើយ ដោយសារតែអ្នកជម្ងឺច្រើនសម្រុកចូលមន្ទីរពេទ្យ ដែលគេចុះទៅត្រេនជាលើកចុងក្រោយ ទើបតែបានបិទភ្នែកមិនបានបីម៉ោងផងក៏ត្រូវនាងល្អិតនេះមករំខានម្នាក់ទៀត
«សិស្សច្បងស្លៀកពាក់ទៅ»
«និយាយឆ្កួតស្អីខ្ញុំមិនបានស្រាតទេ ស្លៀកពាក់ធម្មតាទេតើ»
«មិនបានមានន័យបែបនោះ ខ្ញុំចង់ប្រាប់អោយសិស្សច្បងស្លៀកពាក់ក្រាស់ៗជាងនេះទៅ»
«មកគោះទ្វារទាំងយប់បែបនេះដោយសារតែចង់ប្រាប់អោយស្លៀកពាក់ក្រាស់? »
«មិនមែនទេ គឺខ្ញុំមានរឿងអោយសិស្សច្បងជួយ សូមអង្វរស្លៀកពាក់អោយក្រាស់ជាងនេះបន្តិចហើយទៅបន្ទប់ខ្ញុំ»
«ចង់បបួលចង់បងឡើងបន្ទប់ទាំងយប់ព្រោះថ្ងៃនេះមានព្យុះព្រិលមែនទេ?»ក្វាង ម៉ងកាន និយាយទាំងអស់សំណើចតិចៗតែក៏ព្រមទាញអាវក្រៅក្បែរនោះមកពាក់ ហើយដើរតាមការអូសដៃរបស់នាងរហូតមកដល់បន្ទប់ ដែលភ្លឺព្រាលៗ
«យ៉ាងម៉េចមកដល់បន្ទប់ហើយ ចង់ធ្វើស្អីទៀត?»
«គឺនៅត្រង់នោះ»យ៉ូឈីង ធ្វើមុខហត់ចិត្តជាមួយការលេងសើចរបស់គេបន្តិច ក៏ចង្អុលទៅលើគ្រែរបស់ខ្លួន ដែលមានអ្នកជម្ងឺខ្លួនធំដេកនៅត្រង់នោះ
«នេះ...»ម៉ងកាន ទៅជាចំហមាត់ធ្លុងពេលឃើញថានៅក្នុងបន្ទប់មួយនេះមិនមែនមានតែគេនិងនាងច្រម៉ក់ យ៉ូឈីង តែមានមនុស្សមាឌធំម្នាក់ទៀតកំពុងដេកស្ងៀមនៅលើគ្រែ មើលតាមសភាព នឹងឈាមដែលនៅប្រលាក់តាមមុខមាត់ និងគ្រែហើយគេក៏ទាយចេញមិនពិបាកថាប្រុសម្នាក់នោះប្រាកដជារងរបួស អាចធ្ងន់ធ្ងរខ្លាំងទៀតផង
«មានន័យថាម៉េចនាងល្អិត?»ម៉ងកាន សម្រួលអារម្មណ៍តក់ស្លុតមុននេះ ងាកមករកអ្នកឈរធ្វើមុខញឹមៗដាក់ដោយការរករឿង
«គឺ...គឺគេជាអ្នកជម្ងឺណាសិស្សច្បង»
«ជាអ្នកជម្ងឺ តែហេតុអីមកនៅក្នុងបន្ទប់របស់នាងទៅវិញ ឈីងឈីង ប្រាប់មកថាមានរឿងអីកើតឡើង?»
«កុំនិយាយធ្វើដូចខ្ញុំជាអ្នកសម្លាប់គេបានទេ ខ្ញុំមិនបានធ្វើបែបនោះទេ តែពេលនេះខ្ញុំថាយើងគួរយកគេទៅមន្ទីរពេទ្យសិនទៅ»
«នៅខាងក្រៅមានព្យុះព្រិលកំពុងធ្លាក់ខ្លាំង ពេលនេះក៏ពាក់កណ្ដាលយប់ហើយ ឯងគិតថាអាចយកគេចេញទៅបានទេ?»
«មុខរបួសរបស់គេមុតដល់ពោះវៀនបើនៅតែទុកយូរទៀតគេប្រាកដជាស្លាប់មិនខាន គេត្រូវការវះកាត់នៅពេលនេះ»
«ឆ្កួតមែន...»ម៉ងកាន ញីសក់ខ្លួនឯងឡើងសម្បោងដូចសំបុកមាន់ ភ្នែកក៏សម្លឹងមើលមុខស្លេកស្លាំងរបស់អ្នកជម្ងឺ ហើយក៏ត្រូវធ្វើការសម្រេចចិត្តភ្លាមៗ ទោះមិនដឹងថាប្រុសសង្ហារមុខមាត់ស្អាតបាតម្នាក់នេះជាអ្នកណា តែក្នុងនាមគេជាពេទ្យមិនអាចទុកអ្នកជម្ងឺចោលដោយមិនរវល់បានទេ
«សិស្សច្បងអាការៈរបស់គេមិនល្អទេ សម្ពោធឈាមគេចុះខ្សោយហើយ»យ៉ូឈីង លើកប្រដាប់ស្ដាប់ដាក់ក្បែរបេះដូងរបស់គេ ហើយក៏ធ្វើមុខលំបាកចិត្ត ងាកមកមើលអ្នកឈរក្រោយខ្នង
«ឆ្កួតអើយ អោយវាអ៊ីចឹងឡើង នៅបន្អប់បងគ្មានឧបករណ៍គ្រប់គ្រាន់ទៀត ជម្រើសមានតែមួយទេគឺយកគេទៅពេទ្យអីឡូវនេះ»
«ខ្ញុំជួយសិស្សច្បង»យ៉ូឈីង ចូលទៅជួយទប់អ្នកជម្ងឺភ្លាមពេល ម៉ងកាន លើកអ្នកម្ខាងទៀតអៀវ
«ឈីងឈីង នៅទីនេះហើយ ហើយក៏សម្អាតគ្របលយ៉ាងអោយអស់ទៅ ចូលមកមុននេះបងឃើញដានឈាមនៅខាងក្រៅ មុខបន្ទប់របស់ ឈីងឈីង ដែរសម្អាតអោយស្អាតយល់ទេ បងមិនដឹងថាមនុស្សម្នាក់នេះជាអ្នកណាមកពីណាទេ តែយ៉ាងណាក៏ដោយកុំនាំបញ្ហាអោយខ្លួនឯងនៅពេលក្រោយអី យល់ទេ?»
«ចាស សិស្សច្បង»
«ល្អបងទៅហើយ»
វាចាចប់គេក៏ចាកចេញទៅយ៉ាងលឿន ព្រោះថាអ្នកនៅលើខ្នងគេកំពុងតែខ្សោយមែនទែនហើយ បើយឺតជាងនេះទៀតប្រាកដជាបានស្លាប់មែនទែន
យ៉ូឈីង ឈរសម្លឹងមើលកាត់ភាពងងឹតទៅស្រមោលរបស់ពួកគេដោយការព្រួយបារម្ភ តែពេលនឹកដល់សម្ដីរបស់ ក្វាង ម៉ងកាន ហើយនាងក៏ចាប់ផ្ដើមសម្លឹងមើលទៅមាត់ទ្វារវិញ ហើយក៏ឃើញមានដានឈាមពិតមែន ទើបប្រញាប់ចាត់ការអោយរួចរាល់ មិនអោយមានសល់ស្លាកស្នាមអ្វីនៅម្ដុំនេះ។

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now