ភាគ20

1K 37 0
                                    

ភាគ20
យ៉ូឈីង កាន់កែវទទេស្អាតយកមកដាក់នៅផ្ទះបាយវិញបន្ទាប់ពីលួងលោមអោយ រីហ្សែក ឡើងទៅបន្ទប់របស់គេវិញសិន ថំណែកនាងគឺយកលេសមកលាងកែវដើម្បីរម្ងាប់អារម្មណ៍មួយពេលសិន ព្រោះតែសម្ដីរបស់គេនៅវិលវល់នៅក្នុងចិត្តនាងនៅឡើយ ហើយវាជាហេតុធ្វើអោយនាងពិបាកសម្រេចចិត្តមែនទែន ថាពេលនេះខ្លួនឯងកំពុងតែគិតអ្វីអោយប្រាកដចំពោះគេ ហើយនៅមានសិស្សច្បងដែលនាងមិនបានភ្លេចទៀត តើនាងអាក្រក់ណាស់មែនទេ ដែលមានមនុស្សប្រុសម្នាក់ក្នុងខួរក្បាលដល់ទៅពីរនាក់ ក្នុងពេលតែមួយបែបនេះ?
បើសិស្សច្បងដឹងរឿងដែលកើតឡើងចំពោះនាង តើគេនៅអាចទទួលយកនាងបានតទៅទៀតទេ? ចុះ រីហ្សែក វិញបើគេដឹងថាមនុស្សស្រីតែម្នាក់ដែលគេមានចិត្តលើ បែរជាមានមនុស្សប្រុសម្នាក់ទៀតនៅក្នុងចិត្តមុនគេទៅហើយ តើគេនឹងមានអារម្មណ៍បែបណា គេឈឺចាប់ទទួលយកបានចំពោះរឿងមួយនេះដែរទេ?
ពេលនេះនាងក្លាយជាស្រីដែលជិះទូកពីរក្នុងពេលតែមួយហើយ នាងពិតជាអាក្រក់ខ្លាំងណាស់ ឈីន យ៉ូឈីង...
នាងក្រមុំជេរស្ដីខ្លួនឯងនៅក្នុងចិត្តដោយការស្អប់ខ្ពើម ដែលអាចធ្វើរឿងបែបនេះទៅរួច ទាំងដែលបានស្បថចំពោះខ្លួនឯងហើយថានាងនឹងមិនធ្វើជាមនុស្សបែបនោះ តែមើលអ្វីដែលនាងធ្វើនៅពេលនេះចុះ ការស្បថរបស់នាងវាគ្រាន់តែជាខ្យល់នោះទេ វាមិនអាចយកជាការបានឡើយ
សិស្សច្បងជាមនុស្សតែម្នាក់ដែលនាងចង់មានថ្ងៃអនាគតជាមួយ តែ រីហ្សែក មនុស្សប្រុសតែម្នាក់ដែលគួរអោយអាណិត ជាមនុស្សដែលនាងមាននៅពេលបច្ចុប្បន្ន ដែលមិនអាចបោះបង់ចោលបាន...រវាងពួកគេទាំងពីរតើនាងគិតចំពោះម្នាក់ណាអោយប្រាកដប្រជាទៅ អ្នកណាដែលនៅក្នុងបេះដូងរបស់នាងនៅពេលនេះ?
«ហ៊ើយ!...»យ៉ូឈីង ដកដង្ហើមចេញមកដោយការនឿយណាយ មុននឹងយកកែវទុកដាក់កន្លែងដើមវិញ បែរក្រោយបម្រុងនឹងចាកចេញពីបាយ ក៏វ៉ាក់អើជាមួយមនុស្សម្នាក់សឹងតែលស់ព្រលឹង ជើងដែលឈានដើរក៏ដើរព័ន្ធជើងខ្លួនឯង ទើបធ្វើអោយទ្រេតទៅម្ខាងរកដួលទៅលើទូរដាក់ចានអស់ទំហឹង បើមិនបានដៃក្រាស់របស់មនុស្សម្នាក់នោះចាប់បានទាន់ នាងប្រាកដជាបានដួលបោកនឹងជ្រុងទូរបែកក្បាលមិនខាន
«អរ...អរគុណ...»ទោះបីជាស្អប់អ្នកបានជួយ តែនាងចាំបាច់និយាយអរគុណគេដូចគ្នា មុននឹងដោលចេញពីរង្វង់ដៃរបស់គេ តែមើលទៅអ្នកម្ខាងទៀតដូចជាមានចេតនាឱបនាងកាន់តែណែនជាមុន មិនព្រមដកដៃចេញងាយៗ
«លោកចង់ធ្វើអី?»យ៉ូឈីង បម្រះចេញពីដៃរបស់ រីហ្សាក់ ខ្លាំងៗតែគេមិនព្រមលែងនៅតែរឹតរង្វង់ដៃខ្លាំងជាងមុន
«នាងទៅធ្វើស្អីដាក់ រីហ្សែក ទើបគេព្រមស្ដាប់នាងងាយៗបែបនេះ?»រីហ្សាក់ ប្រើដៃទំនេរម្ខាងទៀតមកចាប់មុខតូចអោយប្រឈមមុខជាមួយ មុននឹងសួរនាងដោយសំឡេងកាច សឹងតែធ្វើអោយរាងស្ដើងទន់ជង្គង់ដួល បើមិនបានរង្វង់ដៃគេឱបជាប់
«លោក...លោកនិយាយស្អីខ្ញុំមិនយល់...»យ៉ូឈីង តបសំឡេងញ័រៗព្យាយាមរើគេចពីដៃដែលចាប់ចង្ការណែននោះ ភ្នែកក៏សម្លក់មុខដែលហើមជាំជាច្រើនចំណុច កន្លែងខ្លះក៏មានបង់បិទរបួស ហើយក៏អត់សមចិត្តមិនបាន ដែរមុខរបស់ប្រុសម្នាក់នេះបែកខ្ទេចមើលសឹងមិនយល់បែបនេះ
«មិនយល់ ឬធ្វើជាល្ងង់អោយប្រាកដ ឆាប់ប្រាប់ភ្លាមមកថានាងធ្វើវាបានដោយរបៀបណា...»
«លោកចង់ដឹងមែនទេ?»យ៉ូឈីង សួរហើយក៏ញញឹមចុងមាត់ដាក់អ្នកម្ខាងទៀតយ៉ាងកំណាច ត្រាប់តាមគេបានយ៉ាងល្អ ទើបធ្វើអោយរាងក្រាស់កាន់តែក្ដៅគគុកជាងមុនទ្វេដង
«...»
«បើលោកចង់ដឹងណាស់ ក៏ទៅរៀនខាងផ្នែកសរសៃប្រសាទទៅ លោកប្រាកដជាដឹងមិនខាន»នាងក្រមុំប្រាប់ហើយក៏រុញគេចេញពីខ្លួនអស់ទំហឹង ពេលដែលគេភ្លេចខ្លួនទើបអាចចេញពីរង្វង់ដៃគួរអោយស្អប់មួយនោះបានសម្រេច ហើយបែរក្រោយបម្រុងរត់គេចពីត្រង់នេះ តែមិនទាន់រត់ទៅណាផងក៏ត្រូវកម្លាំងទាញកញ្ឆក់សក់ពីខាងក្រោយជាប់
«អា៎...អូយ... »យ៉ូឈីង ស្រែកចេញមកដោយការឈឺចាប់ ក្ដោបសក់ដែលត្រូវទាញនោះសឹងតែស្រក់ទឹកភ្នែកចុះមក ងាកទៅសម្លក់មុខអ្នកដែលទាញសក់នាងពេលនេះដោយការចងអាឃាត
«គិតឬថានាងអាចគេចពីយើងបាន?»
«លោកឯងចង់យ៉ាងម៉េចជាមួយខ្ញុំអោយប្រាកដ?»ព្រោះតែអស់ការអត់ធ្មត់តទៅទៀតទើបនាងក្រមុំគំហកដាក់គេខ្លាំងៗ ព្យាយាមទាញសក់ខ្លួនឯងមកវិញអស់ទំហឹង ទោះឈឺសឹងតែស្រែកយំចេញមកខ្លាំងៗយ៉ាងណា ក៏នាងត្រូវខាំមាត់ ទាញសក់មកវិញរហូតបានសម្រេច តែក៏មានសក់ជាច្រើនដាច់នៅក្នុងដៃរបស់មនុស្សចិត្តខ្មៅ ឃោរឃៅម្នាក់នោះដូចគ្នា
«ឆាប់ប្រាប់ភ្លាមមកថានាងធ្វើបែបណាទើបបងប្រុសអាចស្ងប់បានស្រួលយ៉ាងនេះ មិនអ៊ីចឹងទេកុំសង្ឃឹមចេញពីត្រង់នេះបានអោយសោះ»
«លោកគិតថាខ្ញុំខ្លាចលោកមែនទេ មនុស្សដូចជាលោកបានត្រឹមតែស្រែកគំរាមសម្លាប់អ្នកដទៃ ដូចមនុស្សឆ្កួតលីលាម្នាក់អ៊ីចឹង ខ្ញុំធ្លាប់ប្រឆប់លោកដែរទេថា អោយទៅមើលខ្លួនឯងនៅក្នុងកញ្ចក់ខ្លះក៏បាន សម្លឹងមើលសភាពខ្លួនឯងនៅពេលនេះខ្លះទៅ ថារូបរាងលោកនៅពេលនេះវាដូចជាអ្វី»
«នាង...»
«ដែលចង់ដឹងពិវិធីធ្វើអោយលោក រីហ្សែក ស្ងប់បានយ៉ាងងាយបែបនេះ ប្រហែលមិនមែនចង់ទៅធ្វើអោយគេឈឺចាប់ជាមួយអតីតកាលម្ដងហើយម្ដងទៀតទេឬ សួរតាមត្រង់ទៅចុះលោកមានបេះដូងអាណិតគេដែលជាបងប្រុសរបស់លោកខ្លះទេ ហេតុអីចូលចិត្តរំឭកដល់អតីតកាលាដែលគេមិនចង់គិតដល់បែបនេះ»យ៉ូឈីង ច្រត់ចង្កេះហើយស្ដីអោយ រីហ្សាក់ ប្រាវៗដោយមិនភ័យខ្លាចតទៅទៀត ព្រោះនាងគិតច្បាស់ហ់យថាមិនអោយនរណាម្នាក់មកធ្វើបាប រីហ្សែក តទៅទៀតឡើយ នាងនឹងការពារគេអោយអស់ពីសមត្ថភាព
«នាងទៅដឹងស្អីទៅ នាងមិនបានស្គាល់គេច្បាស់ ហើយក៏មិនដឹងពីរឿងរ៉ាវអតីតកាលរបស់គេដែរ តើនាងនិយាយអារកាត់វាបានយ៉ាងម៉េច?»រីហ្សាក់ សម្លឹងមុខតូចដោយក្រសែភ្នែកកាច សឹងតែចូលទៅទះអ្នកម្ខាងទៀតអោយបែកមាត់ ដែលព្រហើនមកនិយាយស្ដីបែបនេះដាក់គេ តែដោយសារចង់និយាយរឿងអ្វីម្យ៉ាងជាមួយនាង ទើបត្រូវរំងាប់អារម្មណ៍ក្ដៅក្រហាយមួយឡែកសិន ពេលនិយាយចប់ចឈគិតគូរពីនាងតាមក្រោយទៀត
«ខ្ញុំមិនចាំបាច់ត្រូវដឹង ត្រឹមតែបានឃើញទង្វើរបស់អ្នកដែលធ្វើនៅក្នុងភូមិគ្រឹះដែលអស្ចារ្យពីខាងក្រៅមួយនេះហើយ ខ្ញុំក៏ដឹងទៅហើយថាវាបែបណានោះ»
«កុំជឿជាក់ជាមួយអ្វីដែលខ្លួនឯងគិតពេក ជួនកាលរឿងខ្លះនាងអាចនឹកស្មានវាមិនដល់ផងក៏ថាបាន»
«អ៊ីចឹងឬ?»
«យល់ល្អចាកចេញពីគេអោយហើយទៅមុនពេលគ្រប់យ៉ាងវាហួសពេល ពេលបានដឹងរឿងមួយនោះដែលគេខំប្រឹងលាក់បាំងវារហូតកើតទៅជាឆ្កួត»
«ចាកចេញឬ?ចាកចេញពី រីហ្សែក ដើម្បីទៅធ្វើជាស្រីរបស់លោកបន្តមែនទេ?»នាងក្រមុំញោចចុងមាត់ញញឹមចេញមកដោយការប្រមាថ
«នាងគិតថាខ្ញុំរងចាំទទួលកាកសំណល់ដូចជានាងមែនទេ?»
«ខ្ញុំម៉េចនឹងអាចដឹងបានទៅ បើមនុស្សដែលបញ្ជូនខ្ញុំមកទីនេះគឺជាលោកមិនអ៊ីចឹង?»
សម្ដីចាក់ចំចណុចរបស់នាងធ្វើអោយទឹកមុខញញឹមកំណាចមានប្រៀបមុននេះទៅជាគាំង តែត្រឹមមួយភ្លែតប៉ុណ្ណោះ គេក៏ធ្វើទឹកមុខអោយធម្មតាមកវិញតែ យ៉ូឈីង បានឃើញវាទៅហើយទើបកាន់តែបង្ហាញស្នាមញញឹមប្រមាថដាក់គេបានកាន់តែខ្លាំង
«បញ្ជូននាងមកទីនេះបាន ខ្ញុំក៏អាចបញ្ជូននាងចេញវិញបាន ដោយសភាពគ្មានខ្យល់ដង្ហើមដែរ...»រីហ្សាក់ លោមកខ្សឹបតិចៗដាក់ក្បែរត្រចៀកតូច មុននឹងដកខ្លួនចេញទៅវិញសម្លឹងមុខនាងដោយក្រសែភ្នែក ដែលឃោរឃៅបំផុត
«ខ្ញុំប្រហែលជាខ្លាចខ្លាំងណាស់ពេលបានឮបែបនេះ បើអស់អ្វីដែលចង់និយាយហើយខ្ញុំសុំខ្លួនត្រលប់ទៅវិញសិនហើយ ព្រោះចេញមកយូរគួរសមបែបនេះ រីហ្សែក ប្រាកដជាចេញមករកមិនខាន»យ៉ូឈីង មានចេតនានិយាយដល់មនុស្សម្នាក់ដែលនាងគិតថាមានឥទ្ធិពលបំផុតនៅទីនេះ ហើយក៏ញញឹមយ៉ាងស្រស់ដាក់គេជាលើកចុងក្រោយ មុននឹងបែរក្រោយដើរចេញទៅម្ដងទៀត ដោយម្ដងនេះនាងជឿថាគេមិនឃាត់ឃាំងដោយវិធីថោកទាបបែបនោះម្ដងទៀតឡើយ
«ខ្ញុំនឹងរងចាំមើលថានាងនឹងមានអំណួតដល់ពេលណា បន្ទាប់ពីការបង្ហាញខ្លួនរបស់ម្ដាយរបស់គេ ដែលនឹងមកទីនេះរយៈដ៏ខ្លីខាងមុខនេះ...»
ជើងដែលបោះជំហានទៅរកជណ្ដើរទៅជាអាក់បន្តិចពេលឮសម្ដីរបស់គេ តែក៏មិនបានចាប់អារម្មណ៍អ្វីច្រើនទៀត ក៏ដើរឡើងទៅខាងលើដើម្បីទៅរកមនុស្សម្នាក់ ដែលពេលនេះអាចកំពុងរងចាំនាងចូលទៅរកក៏ថាបាន ដូច្នេះហើយនាងមិនគួរចំណាយពេលឥតប្រយោជន៍ ជាមួយមនុស្សថោកទាបគ្មានភាពជាសុភាពបុរសនៅក្នុងខ្លួនម្នាក់នេះឡើយ

ដៃតូចរុញទ្វារបន្ទប់របស់ រីហ្សែក ចូលទៅខាងដោយទម្ងន់ជើងស្រាលៗបំផុត ពេលឃើញថានៅខាងក្នុងមិនបានបើកភ្លើងឬវាំងននបំភ្លឺ ទើបគិតថាម្ចាស់បន្ទប់ប្រហែលជាត្រូវការសម្រាក ហើយក៏មិនចង់រំខានគេច្រើន គ្រាន់តែដើរចូលទៅមើលរបៀបរៀបរយបន្តិចនឹងចេញទៅផ្ទះផ្កាវិញ តែមិនទាន់បានដើរចូលទៅតកគ្រែដេកធំរបស់គេផង ក៏ត្រូវរង្វង់ដៃរឹងមាំមួយគូឱបពីក្រោយណែន តាមដោយខ្យល់ដង្ហើមក្ដៅៗភាយមកប៉ះក ទើបដឹងថាពេលនេះគេកំពុងដាក់មុខលើស្មារបស់នាង
«ហេតុអីក៏ទៅយូរដល់ថ្នាក់នេះ?»
សំឡេងគ្រលរខ្សឹបសួរ មុននឹងកម្លាំងរឹតត្រង់ចង្កេះតូចកាន់តែបន្ថែមទ្វេដង ដូចខ្លាចថាបើគេហ៊ានតែរសាយរង្វង់ដៃតែបន្តិច នាងនឹងរលាយបាត់ខ្លួនទៅអ៊ីចឹង
«ខ្ញុំទៅលាងកែវទុក ហើយក៏បានជួប ឈឺសស៊ូរិ ក៏និយាយគ្នាលេងបន្តិចសិនមុននឹងឡើងមកវិញ»យ៉ូឈីង និយាយកុហកព្រោះមិនចង់អោយអ្នកម្ខាងទៀតដឹងថានាងបានទៅជួបអ្នកណា ហើយបានស្ដាប់ឮរឿងអ្វីមកខ្លះនោះឡើយ
«ពិតមែនឬ?»
«ត្រូវហើយ ឬថាលោកមិនជឿ?»
«អត់ទេ ខ្ញុំងងុយពួកយើងទៅគេងទៅ»
«អា៎...»នាងក្រមុំស្រែកឧទានតិចៗ មុននឹងស្រវាឱបករឹងមាំក្នុងភាពងងឹត ពេលត្រូវគេចាប់បីភ្លាមៗដោយមិនអោយសញ្ញាជាមុន
«ភ្ញាក់ឬ?»អ្នកកំលោះសួរដោយមានស្នាមញញឹមនៅលើមុខសង្ហារ មុននឹងដើរទៅរកគ្រែហើយដាក់នាងអោយដេកនៅលើនោះ ដោយមានគេដាក់ខ្លួនក្បែរមិនព្រមទៅណាឆ្ងាយ...
ព្រោះថា...បន្តិចទៀតរវាងពួកគេគឺគ្មានពេលវេលាបែបនេះតទៅទៀតឡើយ ដូច្នេះហើយការរក្សាពេលវេលាល្អៗជាមួយគ្នាអោយបានច្រើនបំផុត គឺវាជាការចងចាំដ៏ល្អ...
«កើតអីហេតុអីសុខៗក៏ធ្វើអ្វីចម្លែកៗបែបនេះ?»យ៉ូឈីង បែរមុខទៅរកអ្នកដេកក្បែរ មុននឹងប្រែខ្លួនដេកផ្អៀងសម្លឹងមុខសង្ហារកាត់ភាពងងឹត ដែលនាងសាំជាមួយវាបំផុតទើបអាចមើលឃើញទឹកមុខរបស់គេពេលនេះ...គេកំពុងតែភ័យខ្លាចនិងឈឺចាប់...តើមានអ្វីកើតឡើងចំពោះគេទៀតហើយមែនទេ?
«គ្មានអ្វីច្រើនទេ ប៉ុន្តែ...»
«ប៉ុន្តែអ្វីឬ?»
«ប៉ុន្តែចាប់ពីពេលនេះទៅ រវាងពួកយើងគឺមិនដូចដើមទៀតឡើយ...»ដៃក្រាស់លើកមកអង្អែលមុខរលោងតិចៗ ពេលនិយាយប្រយោគមួយនេះចេញមក ដោយនៅក្នុងសំឡេងបង្គាប់ការឈឺចាប់បំផុត ដែលវាជាការឈឺចាប់ដែលមិនអាចប្រាប់នាងបាន
«លោកនិយាយពីអីខ្ញុំមិនយល់នោះទេ...»យ៉ូឈីង ស្រវាចាប់ដៃក្រាស់ដែលអង្អែលថ្ពាល់ សួរនាំដោយសំឡេងញ័រៗ ឈឺចាប់ដោយប្រាប់មិនត្រូវចំពោះអ្វីដែលបានឮ
នេះគេចង់ផ្ដាច់ទំនាក់ទំនងស្រពិចស្រពិលមួយនេះមែនទេ ផ្ដាច់វាដោយមិនទាន់បានចាប់ផ្ដើមឬ?
«ចាប់ពីពេលនេះទៅតំណែងរបស់នាងផ្លាស់ប្ដូរហើយ ឈីន យ៉ូឈីង...»

ទណ្ឌកម្មបេះដូង(ចប់)Donde viven las historias. Descúbrelo ahora