ភាគ28

860 39 0
                                    

ភាគ28
«ធ្វើស្អី?»
សំឡេងពោរពេញដោយអំណាចរបស់មនុស្សម្នាក់ គំហកខ្ទរធ្វើអោយដៃរបស់ រ៉ូហ្សា ដែលគិតចង់យកប៉ាន់តែដែលមានទឹក្ដៅនៅក្នុងនោះ ស្រោចលើ យ៉ូឈីង ត្រូវបញ្ឈប់ដៃយ៉ាងលឿន មុននឹងងាកទៅរកអ្នកចំណូលថ្មី ដោយធ្វើមុខមិនត្រូវ ដែលគេបានមកឃើញរូបភាពកាចសាហាវរបស់នាងនៅពេលនេះ ទាំងដែរមិនទាន់បានចាប់ផ្ដើម តែនាងបែរជាធ្វើអោយមានកំហុសមុនទៅហើយ
«ឮខ្ញុំសួរដែរទេ?» រីហ្សែក ចូលមកឈរក្បែរខ្លួនរបស់ យ៉ូឈីង ដែលនៅស្លុតចិត្តមិនទាន់បាត់ តែពេលមានចំហាយកក់ក្ដៅដែលសាំទម្លាប់មកនៅក្បែរ នាងក្រមុំក៏ងើបមុខសម្លឹងមើលគេទាំងញញឹមមានសង្ឃឹម
«គឺគ្មានអ្វីច្រើនទេ ស្រីបម្រើម្នាក់នេះធ្វើខុសទើបគួរតែត្រូវដាក់ទោស»ម៉ាដាមជួយចេញមុខនិយាយជំនួស រ៉ូហ្សា ដែលនៅភ័យមិនទាន់បាត់នៅឡើយ មុននឹងស្រវាយកប៉ាន់តែទៅដាក់លើតុវិញ
«នាងធ្វើអីខុស?»មាត់សួរដោយសំឡេងកាច តែភ្នែកបែរជាគ្រឡេកទៅរករាងស្ដើងរបស់ យ៉ូឈីង ដែលកែវភ្នែកម្យ៉ាងដែលគ្កាននរណាមើលដឹងថាគេកំពុងគិតអ្វី
«គឺនាងធ្វើអោយទឹកតែដែលក្ដៅគគុកគំពប់មកលើដៃរបស់ រ៉ូហ្សា ម៉ាក់ថាកូនគួរតែរកខុសត្រូវអោយរ រ៉ូហ្សា ផងទៅ»
«មែនឬ?»ប្រយោគមួយនេះគេមិនបានសួរទៅអ្នកដែលជាម្ដាយ តែបែរជាឈ្ងផកមកសួរអ្នកដែលលត់ជង្គង់នៅក្បែរជើងទៅវិញ
«គឺខ្ញុំមិនបាន...»
«បែបនេះទៅហើយនាងនៅចង់ប្រកែកទៀតឬ?» រ៉ូហ្សា និយាយជ្រែកមិនអោយ យ៉ូឈីង និយាយបានចប់ប្រយោគទាន់ មុននឹងលើកដៃដែលរលាក់ក្រហមងាំងនោះមកបង្ហាញអោយ រីហ្សែក បានឃើញដោយផ្ទាល់
«ខ្ញុំមិនបាននិយាយកុហកនោះឡើយ បងមើលចុះ ដៃរបស់ខ្ញុំពេលនេះវាសឹងតែឡើងពងបែកទៅហើយ»វាចាចប់សឹងមិនទាន់ ទឹកភ្នែកក៏ស្រក់ចុះមកបង្ហាញអោយឃើញពីការឈឺចាប់មុខរបួសខ្លាំងយ៉ាងណា
«នាងធ្វើអោយភ្ញៀវនៅក្នុងផ្ទះរបស់ខ្ញុំមានរបួស?» រីហ្សែក មិនបាននិយាយលួងលោមអ្នកដែលកំពុងយំគួរអោយអាណិត តែងាកមកបើកភ្នែកធំៗដាក់ យ៉ូឈីង ទៅវិញ
«ខ្ញុំមិនបាន...»
ផាច់...
«ឆាប់ចេញទៅ»
សំឡេងគំហកខ្ទរមិនបានចូលមកក្នុងត្រចៀករបស់ យ៉ូឈីង នៅពេលនេះតែនាងកំពុងស្លុតចិត្តយ៉ាងខ្លាំង ជាមួយអ្វីដែលបានទទួលមុននេះ
នេះគេទះកំផ្លៀងរបស់នាងមែនទេ?
ដៃតូចលើកមកប៉ះផ្ទៃមុខដែលស្ពឹករបស់ខ្លួនថ្នមៗ បើកភ្នែកធំៗសម្លឹងមុខដែលពោរពេញដោយកំហឹងរបស់គេពេលនេះ ដោយមិនយល់...មិនយល់ថាហេតុអីគេធ្វើបែបនេះដាក់នាងបាន គេពិតជាជឿមែនឬថានាងជាអ្នកធ្វើវាមែន តើគេមិនដឹងទេឬថានាងជាមនុស្សបែបណា?រយៈពេលកន្លងមកនេះគេនៅតែមិនស្គាល់នាងច្បាស់ទៀតឬ?
«នៅអង្គុយស្លឺដល់ណាទៀតឆាប់ចេញទៅ»ម្ដងនេះគេលើកដៃគំហកដេញនាងចេញ ដោយទឹកមុខគួរអោយខ្លាចជាងមុនទ្វេដង ទើបនាងក្រមុំបានសតិមកវិញ ប្រឹងសម្លឹងមុខគេទាំងទឹកភ្នែកចាប់ផ្ដើមតក់ក្នុងរង្វង់ភ្នែក
ចង់អ្នកដទៃជេរស្ដីទះតប់បែបណា ក៏វាបានត្រឹមតែឈឺខ្លួន តែសម្រាប់គេ...ត្រឹមតែសម្ដីសោះអង្គើយគ្មានបេះដូង កែវភ្នែកដែលសោះកក្រោះសម្លឹងមើលមកនាង ធ្វើដូចនាងជាអ្នកទោសនៅពេលនេះ វាឈឺជាងគេយកកាំបិតមកពន្លះស្បែកទៅទៀត បេះដូងវាកាន់តែក្រៀមក្រោះគួរអោយអាសូរ ទើបមិនអាចទ្រាំទ្របាន ត្រូវប្រញាប់ក្រោករត់ចេញពីត្រង់នេះ ដើម្បីលាក់ទឹកភ្នែកដែលកំពុងហូរស្រក់ចុះមក មិនអោយគេបានឃើញពីភាពទន់ជ្រាយរបស់នាង
«រីហ្សែក ធ្វើបែបនេះវាមិន...»
«បិទមាត់ទៅខ្ញុំមិនមែនមនុស្សល្ងង់ទេ យកក្មួយស្រីល្អរបស់អ្នកទៅលាងរបួសទៅ ប្រយ័ត្នឆ្លងមេរោគស្លាប់នៅផ្ទះរបស់ខ្ញុំ»វាចាយ៉ាងសោះកក្រោះរួច គេក៏ដើរចេញពីត្រង់នេះ ដោយមិនភ្លេចចោលកន្ទុយភ្នែកសម្លឹងមើល រ៉ូហ្សា ជាការដាស់តឿនកុំមករញ៉េរញ៉ៃនៅក្នុងភូមិគ្រឹះរបស់គេបើចង់សុខខ្លួន រួចក៏ដើរអូសចេញទៅដោយមិនអើពើអ្វីទៀត ទើបអ្នកដែលត្រូវគេសោះអង្គើយដាក់ បានតែឈរក្ដោបដៃណែន ទោះខ្លាចតែនាងក៏មិនព្រមចាញ់ងាយៗដែរ

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now