ភាគ29

819 35 0
                                    

ភាគ29
ស្អែកឡើង យ៉ូឈីង ភ្ញាក់ពីដំណេកដោយអារម្មណ៍ស្រស់ស្រាយបំផុត ទោះមិនបានឃើញរាងក្រាស់ដេកនៅក្បែរដូចកាលពីយប់មិញ តែការប៉ះពាល់របស់គេនៅតែដក់ជាប់ក្នុងចិត្តមិនប្រែប្រួល
នាងក្រមុំញញឹមពេញមួយព្រឹកដោយអារម្មណ៍ល្អជាពិសេស ភ្នែកក៏រំពៃសម្លឹងរកមនុស្សម្នាក់ដែលគួរតែចុះមកញាំបាយពេលព្រឹកបានហើយ តែគួរអោយចម្លែកពេញមួយព្រឹកនេះបែរជាគ្មានឃើញសូម្បីតែស្រមោលរបស់គេ ទាំងដែលសមាជិកនៅក្នុងភូមិគ្រឹះចុះមកទទួលទានរួចរាល់ហើយ គេក៏នៅតែបាត់ខ្លួន ហើយក៏កាន់តែចម្លែកថែមទៀតពេលគ្មាននរណាម្នាក់និយាយពីគេសោះនៅព្រឹកនេះ ម្នាក់ៗបែរជាញាំអាហារយ៉ាងស្ងៀមស្ងាត់ សូម្បីតែអ្នកបម្រើក៏គ្មាននរណានិយាយអ្វី
បែបនេះវាចម្លែកខ្លាំងណាស់ តើមានរឿងអីកើតឡើងឬអត់?
យ៉ូឈីង គិតដោយចិត្តខ្វាយខ្វល់ មុននឹងសម្រេចចិត្តថាគួរតែទៅរកគេនៅបន្ទប់ តែនាងធ្វើតាមចិត្តប្រាថ្នាមិនបាន ពេលមេការចេញបញ្ជាអោយនាងទៅរៀបចំផ្ទះខាងក្រោយជាមួយអ្នកបម្រើដទៃទៀត ទម្រាំតែរួចរាល់ក៏យប់ណាស់ទៅហើយ ទោះចង់ទៅរកគេក៏មិនអាចព្រោះនាងធ្វើការមកច្រើនពេកពេញមួយថ្ងៃ ទើបចង់សម្រាកខ្លះគិតថាស្អែកអាចលួចទៅរកគេ
ប៉ុន្តែវាមិនមែនស្អែកដូចការគិតរបស់នាង រយៈពេលប្រាំថ្ងៃពេញដែល យ៉ូឈីង មិនអាចចូលទៅក្បែរឬបានឃើញ រីហ្សែក បានដូចពេលកន្លង ហើយវាក៏ជារយៈពេលដែល រីហ្សែក ប្រែប្រួលកាន់តែខ្លាំងជាងមុន ដោយនាងមិនបានដឹងសូម្បីតែបន្តិច ព្រោះមនុស្សនៅក្នុងភូមិគ្រឹះ ដូចជាមានចេតនាអោយនាងចេញឆ្ងាយពីគេ មិនអោយចូលទៅជិត
ហើយគ្រប់យ៉ាងវាកាន់តែប្លែកខុសពីធម្មតាថែមទៀត ពេលដែលអ្នកបម្រើគ្រប់គ្នាដែលចូលទៅក្នុងបន្ទប់របស់ រីហ្សែក ហើយចេញមកវិញម្នាក់ៗក៏មានទឹកមុខភ័យខ្លាច អ្នកខ្លះទៀតដល់ថ្នាក់សុំលាឈប់ ដែលរឿងនេះវាធ្វើអោយនាងកាន់តែព្រួយបារម្ភកាន់តែខ្លាំង ទោះបីជាពីមុនគេជាមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន តែក៏ជាមនុស្សមានហេតុផលម្នាក់អាចនិយាយស្ដាប់គ្នាបាន បើម្នាក់នោះមិនបានិយាយប៉ះពាល់ដល់អងីតកាលខ្មៅងងឹតរបស់គេ តែពេលនេះបែរជាមិនមែន គេកាន់តែចាប់ឆេវឆាវពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង ឃើញគ្រប់គ្នាដែលចូលមករកសុទ្ធតែជាមនុស្សអាក្រក់ ទើបព្យាយាមការពារខ្លួនឯងពីគ្រប់គ្នាដោយការធ្វើបាបអ្នកដទៃមុន ដោយគ្រប់គ្នាមិនបានគិតចង់ធ្វើបាបគេដូចការគិតឡើយ
ហើយពេលនេះគេក៏ចាប់ផ្ដើមបាត់បង់សតិជាថ្មីម្ដងទៀត...
«អ្នក...អ្នកប្រុសខ្ញុំសុំទោស នាងខ្ញុំគ្មានចេតនាទេ»ស្រីបម្រើម្នាក់ប្រឹងសុំអង្វរអ្នកដែលកំពុងតែខឹងខ្លាំង ដោយរាងកាយញ័រទទ្រើត ដៃក៏ប្រឹងរើសអំបែងកែវដែលខ្លួនជ្រុលដៃធ្វើធ្លាក់បែកនៅចំពោះមុខ អ្នកប្រុសធំដោយអាការៈភ័យខ្លាច មុខក៏ចាប់ផ្ដើមស្លេកដូចក្រដាស ពេលជើងរឹងមាំឈានចូលមករក ទើបងើយទៅមើលគេទាំងដកដង្ហើមផុតៗ ហើយពេលបានឃើញកែវភ្នែកងងឹតឈឹងគ្មានពន្លឺរបស់គេហើយ ក៏ស្រែកយំមកហ៊ូរតែម្ដង
«អ្នក...អ្នកប្រុសនាងខ្ញុំខុសហើយ កុំធ្វើបាបនាងខ្ញុំអី»ស្រីបម្រើម្នាក់នោះលើកដៃសំពះសុំអង្វរគេទាំងទឹកភ្នែកហូរសស្រាក់ ខ្លួក៏ញ័រទទ្រើតដូចកូនសត្វ
ផាច់...
ព្រោះតែពាក្យចចាមអារាមរបស់អ្នកកំលោះកាន់តែល្បីល្បាញជាងមុនទៅទៀត ទើបធ្វើអោយនាងខ្លាចសឹងតែសន្លប់ តែមិនទាន់បានអង្វរសុំជីវិតផង ក៏ត្រូវស្ពឹកមុខអស់មួយចំហៀងដោយសារកម្លាំងដៃក្រាស់ ទះសឹងតែសន្លប់មួយកន្លែង
«បិទមាត់...»រីហ្សែក ស្រែកគំហកដោយកែវភ្នែកឡើងពណ៌ឈាមគួរអោយខ្លាច ពេលនេះគេកំពុងតែបាត់បង់សតិហើយ គេមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតទេ ទើបលើកដៃទះអ្នកបម្រើដែលគ្មានកំហុសមួយដៃហើយមួយដៃទៀត ដូចមនុស្សកំពុងឆ្កួត រហូតបាត់សំឡេងរំខាន រាងកាយស្ដើងមួយនោះក៏លែងមានសកម្មភាពអ្វីបន្តទៀត
«ហាហា...បិទមាត់ហើយ លេងឮសំឡេងទៀតហើយហាហាស...»អ្នកកំលោះសើចខ្លាំងៗដូចមនុស្សឆ្កួត ជើងក៏លើកទៅជាន់ក្បាលអ្នកដែលដេកស្ដូកស្ដឹងនោះធ្ងន់ៗ ហើយក៏សើចបន្តពេលបានឃើញឈាមក្រហមស្រស់ ជ្រាបចេញមកពេញការ៉ូពណ៌សថ្លារបស់ភូមិគ្រឹះ
«វាស្ងាត់ហើយ...វាងាប់ហើយមែនទេ ងាប់ហើយឬ? ហាហាស...»គេនៅតែបន្តសើចដូចមនុស្សវិកលចរិត ជើងក៏ជាន់ក្បាលស្រីបម្រើថែមទៀត ដើម្បីបានឃើញឈាមក្រហមដ៏ស្រស់ស្អាតបន្តហូរចេញមក សូម្បីតែស្បែកជើងតម្លៃថ្លៃគេពេលនេះ ក៏ប្រលាក់ទៅដោយឈាមដែរ
«ស្រស់ណាស់...ឈាមពណ៌ស្អាតខ្លាំងណាស់ យើងចូលចិត្ត...ហូរអោយច្រើនមកយើងចង់ឃើញវាបន្តទៀត ហូរមកៗ»
គេស្រែកផងទះដៃផង ជួនកាលក៏លើកដៃក្ដោបក្បាលដែលឈឺចាប់ មុននឹងថ្ងូចថ្ងូរចេញមកដោយទ្រាំមិនបាន ហើយដោយសារសំឡេងរបស់គេដែលឮខ្ទរពេញភូមិគ្រឹះ ទើបធ្វើអោយមនុស្សគ្រប់គ្នាតាមរកភ្លាម ដោយសារតែខ្លាចថាគេកើតអ្វី
ហើយមនុស្សម្នាក់ដែលរកឃើញគេមុនគឺជា យ៉ូឈីង តែពេលមកដល់បានឃើញរូបភាពដែលបានឃើញនៅពេលនេះហើយ នាងក្រមុំដល់ថ្នាក់ស្លុតអស់ស្មារតី បើកភ្នែកធំៗមើលទង្វើរបស់គេដោយនឹកស្មានមិនដល់ តែក៏អាចតាំងសតិបានវិញខ្លះប្រញាប់ចូលទៅទាញគេចេញពីអ្នកបម្រើស្រី ដែលមិនដឹងថាស្លាប់ឬរស់
«រីហ្សែក ឈប់...ឈប់ភ្លាមណា កុំធ្វើបែបនេះទៀតអី»យ៉ូឈីង សឹងតែទប់ទឹកភ្នែកមិនបានព្រោះតែសភាពរបស់គេពេលនេះ គឺមិនខុសពីមនុស្សដែលកំពុងវិកលចរិតលក្ខណៈធ្ងន់ធ្ងរឡើយ
មុខសង្ហារដែលធ្លាប់តែរាបស្មើគ្មានអារម្មណ៍អ្វីនោះ ពេលនេះប្រែជាស្រមូមពេញដោយពុកមាត់ពុកចង្កា សក់ដែលមានម៉ូតសត់ទៅខាងក្រោយបង្ហាញថ្ងាសទូលាយ ពេលនេះក៏ប្រែជាកន្ទ្រីកន្ទ្រើងគ្មានរបៀប សូម្បីតែខោអាវដែលគេស្លៀកពាក់នៅពេលនេះ ក៏ប្រែជាដាច់រហែកជាច្រើនចំណុច ហើយអ្វីដែលសំខាន់នោះគឺឈាម...ឈាមក្រហមស្រស់ប្រលាក់ពេញជើងខោពណ៌សរបស់គេគួរអោយខ្លាច
«លែង...លែងយើង ឈាម...យើងចង់មើលឈាមទៀតលែងយើង»ពេលនេះគេលេងស្គាល់អ្នកណាម្នាក់ទៀតហើយ ទើបបម្រះចេញពីដៃតូចដែលឱបជុំវិញចង្កេះខ្លាំងៗ រុញនាងរហូតដួលទៅម្ខាង ហើយដើរចូលទៅរកស្រីបម្រើដែលពេលនេះផុតដង្ហើមទៅហើយនោះម្ដងទៀត ដើម្បីទន្ទ្រាំអោយចេញឈាមបន្ត
«ឈាម...ឈាមស្អាតណាស់...»
ផូស...ផូស...ផាំង...
ជើងពេញដោយកម្លាំងជាន់តាមរាងកាយស្រីបម្រើសំណាងអាក្រក់បន្ត ធ្វើអោយមានសំឡេងបន្លឺចេញមក បញ្ជាក់ពីការដែលត្រូវបាក់ឆ្អឹង ឈាមក៏ខ្ទាតចេញមកប្រលាក់ពេញខ្លួនរបស់ រីហ្សែក តែគេមិនបានចាប់អារម្មណ៍ពីវានៅតែបន្តជាន់បែបនោះ ដោយការសប្បាយរីករាយ
«រីហ្សែក សូមអង្វរឈប់ទៅ...ហ៊ឺៗ ឈប់ទៅកុំធ្វើបាបអ្នកដទៃបែបនេះទៀតអី»យ៉ូឈីង យំចេញមកខ្លាំងៗដោយមិនអាចទប់បាន តែក៏មិនព្រមបោះបង់ការព្យាយាម នៅតែចូលទៅចាប់ដៃគេហើយព្យាយាមអូសគេអោយចេញពីអ្នកបម្រើម្នាក់នោះ តែគិតឬថាកម្លាំងរបស់នាងអាចស៊ូជាមួយមនុស្សប្រុសម្នាក់ដែលពេញកម្លាំងបាន?
«ជាន់...ជាន់វាអោយងាប់...អោយឈាមវាហូរចេញមកអោយច្រើនៗ»
«ជួយផង...មានអ្នកណានៅត្រង់នេះទេ ជួយផង...»
ហើយពេលដែលមិនអាចទាញគេចេញបាន នាងក្រមុំក៏ស្រែកសុំជំនួយព្រោះគិតថាប្រាកដជាមានមនុស្សមកត្រង់នេះមិនខាន
«ស្រែក...ស្រែករកស្អីហា៎៎...»ម្ដងនេះគេឈប់ចាប់អារម្មណ៍ពីកាយរាងស្ដូកស្ដឹងនោះបន្ត តែងាកមករកសំឡេងរំខាន ដោយកែវភ្នែកក្រហមងាំងគួរអោយខ្លាច
យ៉ូឈីង ប្រឹងទប់ការភ័យខ្លាចមិនព្រមលែងដៃពីគេ នៅតែបន្តចាប់ជាប់បែបនោះ ទោះពេលនេះគេសម្លឹងមុខដោយកែវភ្នែកដែលគួរអោយខ្លាចក៏ដោយ
«រំខាន...ស្រែករកស្អីវារំខានខ្លាំងណាស់»
«រីហ្សែក អូននោះអី...យ៉ូឈីង...ជា យ៉ូឈីង របស់បងនោះអីបងភ្លេច យ៉ូឈីង ហើយមែនទេ ហ្សែក?»
«យ៉ូឈីង...អ្នកណាជាអ្នកណា...»រីហ្សែក ក្ដោបក្បាលដែលកាន់តែឈឺខ្ទោកៗ វាសដៃតូចចេញពីដៃរបស់គេ ដកខ្លួនចេញឆ្ងាយព្យាយាមគិតពីឈ្មោះមនុស្សម្នាក់ ដែលគេប្រហែលៗតែបែរជាមិនអាចចាំបានទៅវិញ ព្រោះថាពេលនេះខួរក្បាលរបស់គេវាច្របូកច្របល់ខ្លាំងណាស់ មិនអាចបែងចែកសខ្មៅបានឡើយ
«ហ្សែក ឈីងឈីង...របស់បងនៅទីនេះហើយកុំខ្លាច ហ៊ឹក កុំខ្លាចអីមករកអូនមក អូននៅត្រង់នេះហើយ មកឱបអូនដូចមុនបានទេ ហ្សែក?»យ៉ូឈីង ប្រឹងទប់សំឡេងយំខ្លួនឯងសឹងមិនចង់ជាប់ ពេលឃើញសភាពរបស់គេពេលនេះកាន់តែយ៉ាប់យឺនជាងមុនទ្វេដង ទើបព្យាយាមចូលទៅជិតគេយឺតៗ ចង់ទាញគេមកឱបលួងលោមដូចពេលកន្លង តែមើលទៅវាមិនដូចពីមុនទៀតឡើយ ពេលនេះគេចាំអ្នកណាលេងបានទៀតហើយ គេជាមនុស្សផ្សេងម្នាក់ទៀតហើយ
ព្រះអើយ...តើអ្នកណា...អ្នកណាទៅធ្វើបាបគេដល់ថ្នាក់នេះ ហេតុអីក៏ចង់ធ្វើអោយគេក្លាយជាមនុស្សឆ្កួតបែបនេះទៅវិញ តើគេបានធ្វើអ្វីខុសធ្ងន់ធ្ងរខ្លាំងឬ បានជាធ្វើបាបគេដោយគ្មានអារម្មណ៍អ្វីសោះបែបនេះ?
«ឈីង...អ្នកណាជាអ្នកណាទៅ...ឈាម...ហាហាសឈាម...យើងចូលចិត្តយើងចង់បានវា»គេលេងចាប់អារម្មណ៍ជាមួយឈ្មោះរបស់នាងក្រមុំបន្ត តែភ្នែកដែលក្រឡាប់ឡើងចុះនោះបែរជារេទៅឃើញឈាម ទើបស្ទុះទៅរកតែមិនទាន់បានទៅប៉ះផង ក៏ត្រូវដៃតូចឱបជុំវិញចង្កេះពីក្រោយ មិនអោយគេចូលទៅក្បែរអ្នកដែលស្លាប់នោះបាន
«ហ្សែក...កុំ...កុំទៅអីអូននៅត្រង់នេះ កុំទុកអូនចោលបានទេ បងជាអ្នកសុំមិនអោយអូនទុកបងចោល ឬថាបងភ្លេចហើយឬ ហ្សែក? ឈីងឈីង របស់បងនៅត្រង់នេះឱបអូនវិញមក ឱបអូនម្ដងទៀតបានទេ?»
«ឱប?ជាស្អី លែងយើង...លែងយើងភ្លាម...»រីហ្សែក ស្រែកសន្ធឹងខ្លាំងៗមុននឹងទាញកញ្ឆក់ដៃតូចចេញពីចង្កេះ ហើយរុញនាងអស់ទំហឹងទៅបុកក្បាលនឹងជ្រុងតុ រហូតបែកឈាមហូរមកសស្រាក់ពេញមុខ
«អា៎៎...អូយ...»
«ឈាម...មានឈាមហូរមកទៀតហើយ ហាហាស»អ្នកកំលោះសើចចេញមកខ្លាំងៗម្ដងទៀតពេលបានឃើញឈាម ដូចជាសប្បាយរីករាយយ៉ាងខ្លាំងដែរបានឃើញបែបនោះ ទើបដើរចូលទៅរកនាងក្រមុំយឺតៗ ដោយទាញខ្សែក្រវ៉ាត់មករុំជុំវិញដៃ ដោយក្បាលខ្សែក្រវ៉ាត់មកនៅខ្នងដៃរបស់គេ ធ្វើកាយវិការដូចចង់ចូលទៅធ្វើបាបរាងស្ដើងថែមម្នាក់ទៀត ដើម្បីអោយមានឈាមក្រហមស្រស់អោយគេបានមើល
«ចង់...បងចង់ធ្វើអី ហ្សែក?»យ៉ូឈីង ស្លុតចិត្តពេលបានឃើញទង្វើរបស់គេ ដូចចង់ចូលមកធ្វើបាបនាងម្ដងទៀត សូម្បីតែកែវភ្នែករបស់គេពេលនេះ ក៏ប្រែជាមានពន្លឺផ្លេកព្រោះបានឃើញឈាម
«ឈាម...ហាហាស ឈាម»គេសើចម្ដងទៀត មុននឹងលើកដៃយារឡើងខ្ពស់ ហើយទម្លាក់មកវិញ
ឌឹប...
«អា៎៎...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now