ភាគពិសេស2

2.2K 78 13
                                    

ឈុតពិសេស2
ង៉ា...ង៉ា...
សំឡេងស្រែកយំរបស់ក្មេងបន្លឺឡើងជារយៈឆ្លងកាត់ត្រចៀកតូច ម្ដងហើយម្ដងទៀតដោយម្ចាស់រាងស្ដើងបានតែដេកស្ដាប់បែបនោះ ដោយមិនបានបើកភ្នែកមើលបានដូចរាល់ដង បានត្រឹមតែកម្រើកដៃតិចៗបែបនោះ។ សំឡេងនេះនាងបានតែដេកស្ដាប់...ស្ដាប់ឮវាយូរមកហើយ នាងអាចស្ដាប់ឮបានគ្រប់យ៉ាងទាំងអស់ដែលនៅជុំវិញខ្លួន តែបែរជាមិនអាចក្រោកឡើងវិញបានភ្នែកដែលចង់បើកនោះ ក៏បានត្រឹមតែកម្រើកតែត្របកភ្នែកវាបែរជាធ្ងន់ ដូចមានអ្វីម្យ៉ាងសង្កត់មិនអោយនាងបើកឡើងបាន
«នាងចង់ដេកបែបនេះដល់ពេលណាទៀតទៅ?»
សំឡេងគ្រលរមាំដែលនាងដឹងច្បាស់ថាជានរណា បន្លឺឡើងសឹងតែរាល់ថ្ងៃដែលគេចូលមកមើលនាង
«នាងដេកយូរបែបនេះគិតចង់ទុកកូនចោលមែនទេ មិនគិតថាកូននាងពេលនេះវាគួរអោយរំខានដល់អ្នកដទៃខ្លះទេឬ?» រីហ្សាក់ ធ្វើជានិយាយដូចធុញទ្រាន់ណាស់ តែដៃបែរជាបីអាល្អិតដែលធ្លោះទ្រលូកទ្រលន់នៅក្នុងដៃមិនលែង ពេលខ្លះក៏ឱនទៅក្រញិចធ្វើអោយអាល្អិតសើចកក្អិច ដែលរូបភាពនេះធ្វើអោយអ្នកដែលឈរមើលដូចជា រីហ្សែល អត់គ្រវីក្បាលរអាចិត្តដាក់មិនបាន
«មើលទៅបងធុញជាមួយអាល្អិតនេះខ្លាំងណាស់ហើយ» រីហ្សែល អត់មិនបាននឹងដៀមដាម
«រឿងរបស់បងឯងមិនបាច់មកចេះដឹងទេ»
«មិនបានចង់ចេះដឹងទេ គ្រាន់តែមានអារម្មណ៍ថាធុញទ្រាន់ជាមួយចរិតអ្នកខ្លះប៉ុណ្ណោះ»
«ហើយវាទើសស្អីឯងណាស់ណាទៅ?»
«ប្រាប់ហើយថាគ្មានទេ មនុស្សគ្រាន់តែធុញទ្រាន់»
«បើពួកឯងចង់ប្រកែកគ្នាខ្លាំងណាស់ ក៏ចេញទៅខាងក្រៅទៅកុំរំខាន ឈីងឈីង »
ហើយសំឡេងរបស់មនុស្សម្នាក់ដែលមិនគិតថានឹងបានឮម្ដងទៀតនោះធ្វើអោយ នាងក្រមុំមានប្រតិកម្មតបស្នងយ៉ាងលឿន
ហ្សែក...នាងមិនមែនស្ដាប់ច្រលំទេនោះគឺជាសំឡេងរបស់គេពិតមែន
«បងប្រុសដៃ...ដៃរបស់ យ៉ូឈីង កម្រើកទៀតហើយ» រីហ្សែល ឧទានដោយការភ្ញាក់ផ្អើកទើបអ្នកដែលគេហៅនោះ ប្រញាប់រុញរទេះចូលមកក្បែរគ្រែរបស់អ្នកជម្ងឺយ៉ាងលឿន
«ឈីងឈីង...»
សំឡេងគ្រលរស្រទាន់ហៅឈ្មោះមនុស្សស្រីដែលខ្លួនស្រឡាញ់ ដៃក្រាស់ក៏ស្រវាចាប់ដៃនាងយ៉ាងលឿនដោយការសប្បាយចិត្ត ដែលបានឃើញនាងមានប្រតិកម្មអាចតបស្នងបានលើសពីរាល់ដង
ហ្សែក...ជាបង...ជាបងពិតមែន
តំណក់ទឹកភ្នែកនៃការសប្បាយចិត្តជ្រាបចេញពីកន្ទុយភ្នែករបស់នាងក្រមុំ មុននឹងកើតជាខ្សែយ៉ាងវែង បបូរមាត់ស្អាតក៏ចាប់ផ្ដើមញោចឡើងលើយឺតៗ បង្ហាញចេញជាស្នាមញញឹមត្រេកអរ ដែលរូបភាពនេះធ្វើអោយមនុស្សប្រុសទាំងបីដែលនៅក្នុងបន្ទប់សម្រាករបស់អ្នកជម្ងឺ ញញឹមចេញមកដោយការសប្បាយចិត្តគ្រប់គ្នា
«ហ្សែល ហៅ ម៉ងកាន មកទីនេះអោយឆាប់ឡើង»
«បាទ» រីហ្សែល ងក់ក្បាលបន្តិចក៏ប្រញាប់បែរក្រោយចាកចេញទៅរកលោកដុកទ័រកំលោះយ៉ាងលឿន ហើយបន្តិចក្រោយមកលោកដុកទ័រក៏មកដល់ភ្លាម
«អោយខ្ញុំសុំមើលនាងបន្តិច» ម៉ងកាន បន្លឺវាចាយ៉ាងសុភាពមុននឹងចូលទៅមើលនាងក្រមុំនៅម្ខាងទៀត ពេលពិនិត្យមើលអាការៈរបស់នាងរួចក៏ញញឹមសប្បាយចិត្ត
«ថ្ងៃនេះនាងមានប្រតិកម្មតបស្នងកាន់តែច្បាស់ជាងមុន ដូច្នេះមិនយូរមិនឆាប់ទេនាងនឹងដឹងខ្លួនមកវិញមិនខាន»កំលោះដុកទ័រប្រាប់ដំណឹងល្អដល់គ្រប់គ្នា ដែលវាក៏ជាដំណឹងល្អសម្រាប់គេដូចគ្នា ព្រោះថាតាំងពីថ្ងៃសម្រាលមកនាងដឹងខ្លួនត្រឹមតែម្ដងប៉ុណ្ណោះ រហូតមកដល់ពេលនេះវាក៏ជិតមួយខែទៅហើយដែលនាងគិតតែដេកស្ងៀម ដោយមនុស្សម្នាក់ទៀតបែរជាត្រលប់មករឹងមាំវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការវះកាត់ម្ដងទៀតទទួលបានជោគជ័យ
«ពិតមែនឬ?»
«បាទ ប៉ុន្តែពេលនេះខ្ញុំថាអ្នកទាំងអស់គ្នាចេញទៅសិនទៅ ទុកអោយនាងសម្រាកអោយបានច្រើន បន្តិចទៀតនាងនឹងត្រលប់មកវិញមិនខាន»
«បើចង់ដេញក៏និយាយមកមិនបាច់និយាយក្បាច់ក្បូរច្រើនទេ» រីហ្សាក់ ធ្វើមុខស្មើដូចធុញទ្រាន់ណាស់ មុននឹងយកអាល្អិតដែលដេកនៅលើដៃយកទៅដាក់ក្នុងអង្រឹងសម្រាប់ក្មេង ហើយក៏ដើរចេញទៅដោយអូសកប្អូនប្រុសពៅទៅជាមួយ ទើបលោកដុកទ័រកំលោះដកខ្លួនថយចេញទៅដែរ ដោយដឹងថាឋានៈរបស់ខ្លួនពេលនេះនៅសល់ត្រឹមជាអ្វី
ហើយពេលនេះនៅក្នុងបន្ទប់ដែលអ៊ូអរមុននេះក៏ត្រលប់ស្ងប់ស្ងាត់វិញ ដោយនៅសល់ត្រឹមតែ រីហ្សែក ដែលនៅតែបន្តអង្គុយរងចាំនៅត្រង់នោះ ដែលនេះវាទើបតែជាថ្ងៃដំបូងទេដែលគេអាចចូលមករកនាងបាន ដោយមួយរយៈមុនមកនេះគេត្រូវសម្រាកអោយបានគ្រប់គ្រាន់ដើម្បីអោយរាងកាយរឹងមាំ ហើយពេលនេះគេក៏រឹងមាំមកវិញហើយ ទោះមិនទាន់អាចដើរហើរបានដូចធម្មតា តែគេនៅតែមិនអាចនៅស្ងៀមដោយទុកអោយនាងនៅតែម្នាក់ឯងបន្តបានឡើយ ទើបថ្ងៃនេះគេត្រូវជម្នះគ្រប់យ៉ាងដើម្បីមកមើលថែនាងាអោយបាន
«ឈីងឈីង បងមកវិញហើយ មកនៅក្បែរអូនវិញហើយ ម្ដងនេះមិនបណ្ដោយអោយអូនទៅទៀតឡើយ ប្រញាប់ភ្ញាក់មកបងចង់ឱបអូនម្ដងទៀតខ្លាំងណាស់ដឹងទេ?»អ្នកកំលោះវាចាមួយៗ ហើយក៏ទាញដៃរបស់នាងមកថើបថ្នមៗ ដែលកាយវិការរបស់គេទាញទឹកភ្នែកនាងអោយស្រក់ចុះមកម្ដងទៀត
នាងក៏ចង់ឱបគេ...ចង់ឱបជាងអ្នកណាទាំងអស់ តែពេលនេះនាងធ្វើមិនបានទោះបីជាព្យាយាមយ៉ាងណាក៏ដោយ
«បងរងចាំអូន...រងចាំអូនក្រោកមករកបងម្ដងទៀត ដូចអាល្អិតអ៊ីចឹង...កូនក៏រងចាំអូនភ្ញាក់មកដើម្បីដាក់ឈ្មោះអោយគេដូចគ្នា ដឹងទេរហូតមកដល់ពេលនេះបងនៅតែមិនទាន់បានដាក់ឈ្មោះអោយគេនៅឡើយទេ ព្រោះបងរងចាំអូនមកដាក់អោយគេដោយខ្លួនឯង»
«អូនដឹងទេ រយៈពេលដែលបងដេករហូតមកនោះ បងតែងតែឮសំឡេងរបស់អូននិយាយជាមួយបងគ្រប់ពេលវេលា ទើបពេលនេះបងនិយាយជាមួយអូនវិញ ហើយក៏គិតថាអូននឹងបានឮដូចគ្នា...ឈីងឈីង បងស្រឡាញ់អូនខ្លាំងណាស់ដឹងទេ ប្រញាប់ភ្ញាក់មកដើម្បីរៀបការជាមួយបង...រៀបការជាមួយបងបានទេ?»
យល់ព្រម...អូនយល់ព្រម
ទឹកភ្នែកកាន់តែជ្រាបចេញពីកន្ទុយភ្នែកមកគ្រប់ពេលវេលា ពេលបានឮសម្ដីរបស់គេ នាងចង់តែស្រែកចេញមកខ្លាំងណាស់ថានាងយល់ព្រម នាងចង់នៅក្បែរគេអស់មួយជីវិតនេះ តែបែរជាមិនអាចធ្វើបាន មានត្រឹមតែទឹកភ្នែកដែលហូរចុះមកបញ្ជាក់ប្រាប់គេថានាងក៏បានឮសម្ដីគេគ្រប់ម៉ាត់ដូចគ្នា
«ឈីងឈីង អូនបានឮអ្វីដែលបងនិយាយមែនទេ?»
ទឹកភ្នែកមួយតំណក់ស្រក់ចុះមកត្រូវខ្នងដៃតូច ព្រោះតែសប្បាយចិត្តពេលឃើញនាងតបតមកវិញ ទោះវាមានត្រឹមតែទឹកភ្នែកតែវាក៏ធ្វើអោយគេដឹងថា នាងបានឮសម្ដីរបស់គេគ្រប់ម៉ាត់ ប៉ុណ្ណឹងវាក៏ធ្វើអោយគេសប្បាយចិត្តរហូតស្រក់ទឹកភ្នែកបានទៅហើយ
ហើយគេក៏កាន់តែរំភើបចិត្តថែមទៀត ពេលម្រាមដៃតូចកម្រើកតិចៗក្ដោបដៃគេយ៉ាងស្រាលដោយភ្នែករបស់នាងនៅបិទជិត តែវាជាប្រតិកម្មមួយដែលនឹកស្មានមិនដល់
«ឈីងឈីង...»តំណក់ទឹកភ្នែកហូរមកសស្រាក់ មុននឹងគេឱនទៅស្រវារាងស្ដើងមកឱបណែន សប្បាយចិត្តរហូតមិនដឹងថាគួរនិយាយបែបណាល្អ
«បងសប្បាយចិត្ត...សប្បាយចិត្តខ្លាំងណាស់ដឹងទេ?»អ្នកកំលោះនិយាយចេញពីចិត្តពិត
«ហ៊ឹក...»
«យ៉ូឈីង...»
ត្រឹមតែសំឡេងមួយម៉ាត់របស់នាងដែលបន្លឺឡើងមក ធ្វើអោយគេងើបមុខទៅរក ក៏ប្រទះនឹងកែវភ្នែកថ្លាយង់ កំពុងសម្លឹងមកគេទាំងទឹកភ្នែក មាត់ក៏បើកម្ហបៗដូចចង់និយាយអ្វីម្យ៉ាងចេញមក តែបែរជាមិនឮសំឡេង តែនោះមិនមែនជារឿងសំខាន់នោះឡើយ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺនាង...នាងដឹងខ្លួនមកវិញហើយ
«ឈីង...»រីហ្សែក ហៅនាងក្រមុំបានត្រឹមតែមួយម៉ាត់ ហើយក៏សករវាឱបរាងស្ដើងកាន់តែណែន បណ្ដោយអោយទឹកភ្នែកស្រក់ចុះមកដោយការសប្បាយចិត្ត ពេលនេះគេមិនដឹងថាគួរនិយាយបែបណាល្អឡើយនដឹងត្រឹមតែថា គេសប្បាយចិត្តបំផុត ហើយក៏នឹកស្មានមិនដល់ដូចគ្នា
«ហ៊ឹក...»យ៉ូឈីង និយាយអ្វីមិនរួចបានតែសម្រក់ទឹកភ្នែកចុះមក ដៃដែលចង់លើកមកឱបរាងក្រាស់ដែលកំពុងញ័រទទ្រើតនៅពេលនេះ ក៏មិនអាចលើកបានវាដូចជាគ្មានកម្លាំងកំហែងនៅក្នុងខ្លួនសោះ ទើបបានតែដាក់នៅមួយកន្លែងបណ្ដោយអោយខ្លួនឯង បាននៅក្នុងរង្វង់ដៃរបស់គេបន្ត ទទួលយកភាពកក់ក្ដៅដែលភាយចេញមក ដោយបេះដូងពោរពេញដោយសេចក្ដីសុខ
នាងត្រលប់មកវិញហើយ នាងមិនចាកចេញទៅណាទៀតឡើយ

You've reached the end of published parts.

⏰ Last updated: Mar 30, 2021 ⏰

Add this story to your Library to get notified about new parts!

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now