ភាគ12

1.1K 52 0
                                    

«ឯងក៏ដឹងថាទីផ្សារមួយនោះ រីហ្សែល កំពុងតាមរកយ៉ាងណាបើគេដឹងថាអ្នកនៅពីក្រោយទីផ្សារមួយនោះ គឺជាឯងតើគេនឹងមានអារម្មណ៍បែបណា?»
សម្ដីតែមួយឃ្លារបស់ រីហ្សែក ធ្វើអោយប្អូនប្រុសភាំងតែម្ដង ព្រោះគិតថារឿងមួយនេះគ្មាននរណាម្នាក់ដឹងឡើយក្រៅពីគេ ដោយាារតែគេលាក់វាបានយ៉ាងជិតបំផុត សូម្បីតែបងប្អូនក៏មិនដឹង ចុះហេតុអីមនុស្សដែលមិនធ្លាប់ចេញទៅស្វែងយល់ពីពិភពលោកខាងក្រៅដូចជា រីហ្សែក បែរជាដឹងរឿងមួយនេះទៅវិញ ឬថាមានមនុស្សស៊ើបការណ៍អោយបងប្រុសគេជាសម្ងាត់ មិនអ៊ីចឹងក៏មានពួកដង្កូវក្នុងសាច់ដែរ
«កុំឆ្ងល់ថាបងដឹងមកពីណាអី ពេលនេះបងថាឯងគួរញាំបាយសិនទៅ កុំនិយាយអ្វីគ្មានប្រយោជន៍ច្រើនពេកអី»រីហ្សែក ទាញកែវទឹកក្រូចយកមកក្រេបបន្តិចក៏ដាក់ចុះនៅកន្លែងដើមវិញ កែវភ្នែកមុតថ្លាគួរអោយខ្លាចសម្លឹងមុខប្អូនប្រុសថ្មែ ជាការដាសើតឿនដោយប្រយោល
អ្នកដទៃអាចមើលមកគេថាជាមនុស្សល្ងង់ ឬក៏ជាមនុស្សឆ្កួតម្នាក់ តែក៏ប្រហែលគ្មាននរណាដឹងទេថាគេដឹងរឿងគ្រប់យ៉ាងទាំងអស់ នរណាបានធ្វើអ្វីមកខ្លះ គេតែងតែដឹងគ្រាន់តែមិនចង់និយាយវាចេញមក ព្រោះគ្រប់យ៉ាងវាសុទ្ធតែជារឿងអាក្រក់ថោកទាបទាំងអស់
«ខ្ញុំឆ្អែតហើយ បងបន្តទៀតចុះ»ព្រោះមិនចង់បាក់មុខ នឹងត្រូវបងប្រុសរបស់គេជីកកាយច្រើនជាងនេះទើប រីហ្សាក់ ក្រោកឈរពេញកម្ពស់ដើរចេញទៅខាងលើបន្ទប់បាត់ទៅ ទើបពេលនេះនៅក្នុងបន្ទប់អាហារនៅសល់តែ រីហ្សែក និង យ៉ូឈីង ដែលអង្គុយស្ងៀមស្ងាត់ ស្ដាប់រឿងជាច្រើនដែលពួកគេនិយាយគ្នាមុននេះ ហើយក៏ព្យាយាមរាប់ចំហេតុការណ៍តាមលំដាប់លំដោយគ្នា ហើយក៏យល់បានមកខ្លះៗថាពីរនាក់បងប្អូននេះមិនត្រូវគ្នាឡើយ ម្នាក់ស្ងាត់ចំណែកម្នាក់ទៀតព្យាយាមចាក់ឆ្កឹះ
«ឆាប់ញាំទៅ កុំព្យាយាមវែកញែករឿងរ៉ាវរបស់អ្នកដទៃ»
ហើយក្រោយពីស្ងៀមមួយសន្ទុះមក រីហ្សែក ក៏ព្រមហើបមាត់និយាយម្ដងទៀតដោយទឹកមុខសោះកក្រោះមិនប្រែប្រួល ទើបធ្វើអោយអ្នកដែលព្យាយាមវែកញែករឿងរ៉ាវមុននេះ ទៅជាភ្ញាក់ព្រើតឡើងមកភ្លាម
សម្រេចថាប្រុសម្នាក់នេះជាមនុស្សបែបណាអោយប្រាកដទៅ?ពេលខ្លះក៏ដូចមនុស្សឆ្កួត ពេលខ្លះទៀតក៏ដូចមនុស្សដែលឆ្លាតម្នាក់ អាចដឹងចិត្តរបស់អ្នកដទៃបានយ៉ាងងាយទៅវិញ
«ហេតុអីសុខៗអោយ ឈឺសស៊ូរិ ហៅខ្ញុំមកញាំបាយនៅទីនេះទៅវិញ?»យ៉ូឈីង ប្ដូររឿងនិយាយគ្នាវិញ ព្រោះនេះក៏ជារឿងដែលនាងមិនទាន់បានសួរនាំគេនៅឡើយដែរ ដោយសារតែភ្ញាក់ពីដេកមកវិញក៏ល្ងាចជ្រេណាស់ទៅហើយ តែក៏មិនបានឃើញគេដេកនៅក្បែរដូចការគិត ទើបគិតថាគេប្រហែលជាត្រលប់មកទីនេះវិញបាត់ហើយ តែសុខៗក៏លេចមុខ ឈឺសស៊ូរិ មកហៅនាងដល់បន្ទប់ដោយប្រាប់ថាវាជាបញ្ជារបស់ប្រុសម្នាក់នេះ ហៅអោយនាងទៅញាំបាយពេលល្ងាចជាមួយ ក៏ឆ្ងល់ដូចគ្នាថាគេកើតអីឬអត់បានជាហៅនាងមកទីនេះ តែពេលមកដល់បានឃើញរឿងមុននេះហើយ ក៏យល់បានខ្លះៗ តែក៏នៅមិនយល់ថាគេហៅនាងមកដើម្បីមើលរឿងនេះ ឬក៏មានអ្វីផ្សេងលាក់បង្គាប់ឬមួយក៏អត់នោះឡើយ
«ឬនាងចង់ញាំបាយនៅក្នុងផ្ទះផ្កាវិញ?»អ្នកកំលោះលើកចិញ្ចើមសួរនាងបន្តិច
«អត់ទេ ខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអីប៉ុណ្ណោះ»
«គ្មានហេតុផល ញាំហើយក៏ត្រលប់ទៅកន្លែងរបស់នាងវិញទៅ»វាចាចប់គេក៏ក្រោកឈរ បំណងចាកចេញពីត្រង់នេះ តែត្រឹមបែរខ្នងចេញពីមុខនាងមិនទាន់បានបោះជំហានចេញទៅណាផង ក៏ត្រូវដៃតូចនោះស្រវាចាប់ដើមដៃ
«យ៉ាងម៉េច?»រីហ្សែក ងាកមករកអ្នកដែលហ៊ានចាប់ដៃរបស់គេដោយទឹកមុខមិនពេញចិត្ត ទើបអ្នកដែលជួបជាមួយទឹកមុខរបស់គេពេលនេះ ប្រញាប់ដកដៃចេញវិញយ៉ាងលឿន
«គឺ...គឺខ្ញុំគ្រាន់តែមិនទាន់បាននិយាយអ្វីអស់លោកក៏ស្រាប់តែងើបចេញបែបនេះ មិនគិតថាវាគ្មានមាយាទទេឬយ៉ាងម៉េច?»
«សម្រាប់មនុស្សដូចជានាងខ្ញុំចាំបាច់មានមារយាទដាក់ដែរឬ?»
«មនុស្សដូចជាខ្ញុំតើយ៉ាងម៉េច វាអាក្រក់ណាស់ទៅឬបានជាពួកលោកចូលចិត្តនិយាយប្រមាថមើលងាយដាក់បែបនេះ?»យ៉ូឈីង ក្រោកចេញពីកៅអីដើរមកឈប់ទល់មុខរបស់គេដោយមិនញញើតជាមួយ ព្រោះពាក្យសម្ដីរបស់គេនិយាយចេញមកនៅពេលមេះ ធ្វើដូចជានាងថោកទាបខ្លាំងណាស់អ៊ីចឹង ទាំងដែលនាងមិនបានស្ម័គ្រចិត្តមកទីនេះគេក៏ដឹង តែហេតុអីនៅតែនិយាយប្រមាថនាងទៀត?
«នាងគួរតឬដឹងដោយខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ តើមែនទេ?»
«សម្ដីរបស់លោកនិយាយចេញមក ធ្វើដូចខ្ញុំស្ម័គ្រមកទីនេះដើម្បីលក់ខ្លួនអោយលោកអ៊ីចឹង ទាំងដែលវាមិនមែនគ្រប់យ៉ាងគឺប្អូនប្រុសដ៏ថោកទាបរបស់លោកជាអ្នកសាងវាឡើង ទើបខ្ញុំត្រូវធ្លាក់ខ្លួនមកនៅក្នុងសភាពបែបនេះ ទាំងដែលជីវិតខ្ញុំវាមិនបានអួរអាប់ដូចជាពេលនេះឡើយ»
«នាងកំពុងស្រែកតវ៉ាទាមទារយុត្ដិធម៌ជាមួយខ្ញុំមែនទេ?»រីហ្សែក លើកដៃឱបទ្រូងសម្លឹងមុខស្អាតដោយឫកពានឹងធឹងជាងពេលធម្មតា តែកែវភ្នែករបស់គេបែរជារក្សាបានភាពសោះកក្រោះមិនប្រែប្រួល
«អត់ទេ ខ្ញុំមិនត្រូវការភាពយុត្តិធម៌ជាមួយមនុស្សដូចជាពួកលោកឡើយ តែខ្ញុំគ្រាន់តែដាស់តឿនប៉ុណ្ណោះ បើខ្ញុំនៅរស់ហើយអាចចេញពីនេះបាន ខ្ញុំនឹងសងសឹកលោកនិងប្អូនប្រុសដ៏ថោកទាបរបស់លោក អោយស័ក្ដសមបំផុត»យ៉ូឈីង បន្លឺវាចាទាំងញ័រទទ្រើតដោយកំហឹង មុននឹងរលាស់មុខបែរក្រោយចាកចេញពីទីនេះ មិនបែរត្រលប់មករកគេវិញម្ដងទៀត ព្រោះខ្លាចថានាងអាចទប់ដៃមិនជាប់ ទះគេអោយបែកមាត់
រីហ្សែក ឈរស្ងៀមសម្លឹងមើលអ្នកដែលខឹងហ៊ុយផ្សែងចេញតាមត្រចៀកនោះរហូតបាត់ពីក្រសែភ្នែក ទើបបែរខ្លួនដើរឡើងទៅបន្ទប់វិញ ដោយទឹកមុខមិនសូវល្អ ព្រោះពេលនេះគេចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលទៀតហើយ គេកំពុងតែពិបាកគ្រប់គ្រងខ្លួនឯង...
តើគេក្លាយជាបែបនេះដល់ពេលណាទៀតទៅ ហេតុអីគេត្រូវរស់នៅសុបិនអាក្រក់ រហូតបែបនេះទៅវិញ តើគេជាអ្នកធ្វើអោយវាក្លាយទៅជាបែបនោះមែនទេ?

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now