ភាគ37

941 42 0
                                    

ភាគ37
ប៊ាំង...ប៊ាំង...
«អត់ទេកុំ...»
យ៉ូឈីង ស្រែករហូតភ្ញាក់ដឹងខ្លួនមកវិញទាំងខ្លួនបែកញើសជោគ ញ័រទទ្រើតសព្វរាងកាយ ភ្នែកក៏ប្រឹងសម្លឹងមើលទៅជុំវិញខ្លួនដោយការភ័យខ្លាច តែពេលឃើញថាពេលនេះនាងនៅក្នុងបន្ទប់គេងរបស់ខ្លួន មិនមែនជាព្រះវិហារនោះទេ ក៏ធ្វើអោយនាងក្រមុំអាចដកដង្ហើមចេញមកយ៉ាងធូរទ្រូងបំផុត ព្រោះនោះគ្រាន់តែជាសុបិន...សុបិនគួរអោយខ្លាចបំផុតនៅក្នុងជីវិតរបស់នាង
«គ្មានអីទេ វាគ្រាន់តែជាសុបិនប៉ុណ្ណោះ»នាងក្រមុំនិយាយដាស់តឿនខ្លួនឯងខ្សេវៗ មុននឹងទប់ខ្លួនក្រោកឈរដើរចូលទៅក្នុងបន្ទប់ទឹក ដើម្បីលុបលាងមុខមាត់ ព្រោះពេលនេះក៏ព្រឹកថ្ងៃថ្មីទៅហើយ
រាងស្ដើងដើរចេញពីបន្ទប់ទឹកមកវិញទាញរ៉ូបរលុងៗពណ៌សមានផ្កាល្អិតៗមកពាក់ ហើយក៏ដើរមកឈរនៅពីមុខកញ្ចក់សម្លឹងមើលមុខមាត់ដែលស្លេកស្លក់របស់ខ្លួន ភ្នែករូងខ្មៅព្រោះតែដេកមិនបានគ្រប់គ្រាន់ បបូរមាត់ក្រៀមស្ងួតដូចមនុស្សជិតស្លាប់ព្រោះខ្វះសារធាតុទឹកនៅក្នុងខ្លួន សភាពរបស់នាងនៅពេលនេះមិនខុសអីពីមនុស្សស្លាប់នោះទេ វាវេទនាខ្លាំងណាស់
ការមានផ្ទៃពោះមិនបានធ្វើអោយនាងចាញ់ក្អួតចង្អោរដូចអ្នកម៉ាក់ទូទៅឡើយ មានត្រឹមតែម្ដងម្កាលប៉ុណ្ណោះដែលធ្វើទុកអោយនាងក្អួតឬវិលមុខ តែរឿងដែលធ្វើអោយនាងមានសភាពគួរអោយសង្វេគដូចពេលនេះគឺ...នាងនឹកគេ នាងតែងតែគិតដល់គេ ព្រួយបារម្ភពីគេគ្រប់សារពើ ធ្វើអោយដេកមិនបានគ្រប់គ្រាន់ ញាំអ្វីមិនបាន ហើយគ្រប់ពេលដែលនឹកដល់គេខ្លាំង នាងក៏ទុក្ខសោកតែម្នាក់ឯង ដូចជាពេលនេះអ៊ីចឹង...នាងកំពុងស្រក់ទឹកភ្នែកមកទៀតហើយ
«ហ្សែក អូននឹកបងខ្លាំងណាស់...»ដៃតូចលើកមកដាក់លើដើមទ្រូងខាងឆ្វេង ទប់ភាពអួលណែននៅក្នុងទ្រូង តែក៏ទប់មិនជាប់ទើបពន្លែងវាមកជាមួយទឹកភ្នែក
នាងមិនដឹងទេថាថ្ងៃណាអាចកាត់ចិត្តឈប់នឹកគិតដល់គេបាន ព្រោះគ្រប់ពេលដែលនាងព្យាយាមកាត់ចិត្ត មិននឹកគិតដល់គេតទៅទៀតនោះ បេះដូងនាងក៏តែងតែឈឺចាប់ ពិបាកទ្រាំទ្រយ៉ាងខ្លាំង
«ហ្សែក តើថ្ងៃណាទៅទើបអូនអាចឈប់គិតពីបងបាន?»
យ៉ូឈីង សួរខ្លួនឯងនៅក្នុងកញ្ចក់ដោយទឹកមុខឈឺចាប់បំផុត តែនាងបានត្រឹមតែសួរ ដោយមិនអាចរកចម្លើយមកបាន
«ឈីងឈីង ភ្ញាក់ឬនៅបងរៀបចំអាហារពេលព្រឹករួចហើយណា»
សំឡេង ម៉ងកាន ស្រែកហៅនៅខាងក្រៅធ្វើអោយនាងក្រមុំងាកទៅរកទ្វារបន្តិចក៏បិទភ្នែកយឺតៗ ខួរក្បាលក៏នឹកទៅដល់រឿងដែលកើតឡើងកាលពីម្សិលមិញ បន្ទាប់ពីនាងនិយាយប្រាប់ថាខ្លួនមានផ្ទៃពោះ គេក៏នៅស្ងៀមយ៉ាងយូររហូតនាងគិតថាគេប្រហែលជាកំពុងតែធ្វើចិត្តព្រមទទួលយកការពិត ហើយបញ្ឈប់គំនិតដែលចង់រៀបការជាមួយនាងហើយ
តែនាងគិតខុសគេមិនបានគិតបែបនោះ បែរជាញញឹមតបនាងវិញដោយទឹកមុខមិនបានប្រកាន់អ្វី
“មិនអីទេ បងនឹងធ្វើជាប៉ាដ៏ល្អម្នាក់សម្រាប់គេ អូនកុំភ័យអីបងទទួលយកបានគ្រប់យ៉ាង”
“សិស្សច្បង...ប៉ុន្តែ...”
“បើអូនមិនស្អប់ខ្ពើមទេ បងសុំធ្វើជាប៉ារបស់គេបានទេ?”
“គឺ...”
“មិនអីទេអូនអាចពិចារណាបាន តែបងគ្រាន់តែចង់ប្រាប់ថា ទោះបីជាអូនក្លាយទៅជាបែបណាក៏បងនៅតែស្រឡាញ់អូនគ្មានថ្ងៃប្រែប្រួល បងអាចទទួលយកអូនបានគ្រប់បែបយ៉ាងទាំងអស់”
គេបញ្ជាក់ដោយសំឡេងម៉ឺងម៉ាត់ហើយក៏រៀបចំចានយកទៅទុកដាក់នៅក្នុងផ្ទះបាយ អោយនាងនៅពិចារណាសម្ដីរបស់គេរហូតមកដល់ពេលនេះ
គេអាចទទួលយកនាងបានដោយមិនខ្វល់ទេថានាងមានផ្ទៃពោះកូនរបស់អ្នកណា តែនាងបែរជាធ្វើចិត្តទទួលយកគេមិនបានទៅវិញ គ្រប់ពេលនាងតែងតែមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់ចំពោះគេ ព្រោះថាបេះដូងរបស់នាងពេលនេះ គឺគ្មានរូបរបស់គេទៀតឡើយ ពេលនេះវាពេញប្រៀបដោយ រីហ្សែក នីកូលណាយ ឆឺងហ្គេល តែម្នាក់ប៉ុណ្ណោះ...ហើយក៏ជាប៉ាតែម្នាក់គត់របស់កូននាងដែរ
«ខ្ញុំភ្ញាក់ហើយ បន្តិចទៀតនឹងចេញទៅ»នាងក្រមុំតបទៅវិញទាំងភ្នែកនៅបិទជិត
«បាន បងទៅចាំអូននៅតុបាយ ដើរអោយប្រយ័ត្នប្រយែងផងថ្ងៃនេះបងនាំអូនទៅពិនិត្យផ្ទៃពោះណា»វាចាចប់គេក៏ដកខ្លួនចេញពីមាត់ទ្វារទៅដាក់បង្គុយចុះ រងចាំម្ចាស់បេះដូងតែម្នាក់គត់ចេញមក ដោយទឹកមុខរក្សាស្នាមញញឹមសម្រាប់នាងជានិច្ច ទោះនៅផ្នែកខាងក្នុងពេលនេះវាកំពុងតែហូរឈាមក៏ដោយ ក៏គេនៅតែអាចទ្រាំទ្រទទួលយកបានគ្រប់យ៉ាង ព្រោះតែពាក្យថាស្រឡាញ់មួយប្រយោគប៉ុណ្ណោះ
ហើយរងចាំមិនយូររាងស្ដើងរបស់ យ៉ូឈីង ក៏ដើរចេញមកដោយដំណើរមួយៗ ទើបគេស្ទុះទៅជួយទប់ខ្លួនរបស់នាងនាំដើរមករកតុអាហារយឺតៗ ព្រោះមិនចង់អោយនាងធ្វើចលនាខ្លាំងខ្លាចថាប៉ះពាល់ដល់ក្មេងនៅក្នុងផ្ទៃ
អាហារពេលព្រឹករំលងទៅយ៉ាងឆាប់រហ័សដោយគ្មាននរណាម្នាក់និយាយអ្វី។ ម៉ងកាន រៀបចំទុកដាក់ចានដែលញាំរួចនោះរួចរាល់ទើបចេញទៅមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីតាមដានផ្ទៃពោះរបស់ យ៉ូឈីង ថាមានអាការៈបែបណា
ហើយគ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមគេក៏ជួយទន់ខ្លួននាងទៅកន្លែងរងចាំពិនិត្យ ពេលដល់ឈ្មោះរបស់នាងគេក៏ចាំជួយទប់ខ្លួននាងនាំទៅចូលបន្ទប់ដើម្បីពិនិត្យមើល ចាំសួរនាំគ្រប់បែបយ៉ាង ធ្វើខ្លួនដូចជាស្វាមីម្នាក់ដែលស្រឡាញ់ថ្នាក់ថ្នមភរិយា ទាំងដែលគេដឹងខ្លួនយ៉ាងច្បាស់ថាគេគិតវាតែម្នាក់ឯង ចំណែកនាងមិនបានមានអារម្មណ៍បែបនោះ តែនាងកាន់តែតានតឹងលើសដើមពេលគេកាន់តែធ្វើល្អដាក់បែបនេះ
«ពោះរបស់អូននៅតូចខ្លាំងណាស់ បងសឹងតែមិនជឿទៅហើយថាអូនមានផ្ទៃពោះដល់ទៅបួនខែ» ម៉ងកាន ដើរកាន់ក្រដាសពិនិត្យយកមកមើល ឆ្លាស់គ្នានឹងអ្នកដែលនៅក្នុងរង្វង់ដៃ ដែលញញឹមមិនសមដាក់គេ តែគេធ្វើជាមើលមិនឃើញ នៅតែអាចញញឹមតបដាក់នាងបានគ្រប់ពេលវេលា
«ខ្ញុំចង់ចូលបន្ទប់ទឹកមួយភ្លែត»
«អូខេ!ចាំបងជូនទៅ»
«មិនអីទេ ខ្ញុំអាចទៅតែម្នាក់ឯងបាន បងចាំនៅត្រង់នេះសិនទៅ» យ៉ូឈីង បដិសេធដោយសំឡេងស្រាល មុននឹងដកខ្លួនចេញឆ្ងាយពីរាងក្រាស់របស់ ម៉ងកាន បែរខ្នងដើរទៅរកបន្ទប់ទឹក ដើម្បីចាត់ការធុរៈផ្ទាល់ខ្លួន
តែនាងប្រហែលជាមិនដឹងទេថារូបភាពដែលនាងបែរក្រោយចាកចេញទៅនោះ វាចាក់ចំកណ្ដាលបេះដូងអ្នកដែលបានត្រឹមឈរមើលពីចម្ងាយយ៉ាងណា
ម៉ងកាន បានតែសម្លឹងមើលរាងស្ដើងដែលបែរក្រោយចាកចេញទៅ នាំយកចំហាយកក់ក្ដៅដែលនៅក្បែរកាយមុននេះទៅជាមួយ ដូចចង់ប្រាប់គេដោយប្រយោលថា ទោះគេប្រឹងស្រវាចាប់ឃាត់ទុកនៅក្បែរកាយយ៉ាងណា ក៏គ្មានថ្ងៃអាចថែរក្សានាងបានដែរ ថ្ងៃណាមួយនាងគង់តែចាកចេញទៅ គេមិនអាចជម្នះព្រហ្មលិខិតបានឡើយ
«លោកមិនអាចឃាត់ឃាំនាងបាននោះឡើយ រូបភាពមួយនេះគ្រាន់តែជាការបញ្ជាក់ប្រាប់ដោយប្រយោលថា...លោកមិនអាចស្រវានាងទុកនៅក្បែរខ្លួនបានរហូតទេ បេះដូងរបស់នាងគ្មានរូបរបស់លោកឡើយ កាត់ចិត្តទៅទាន់គ្រប់យ៉ាងវាមិនទាន់អាក្រក់ជាងនេះ»
សំឡេងគ្រលរមាំសោះកក្រោះរបស់មនុស្សចំណូលថ្មី វាចាមកដោយភាសាអង់គ្លេស ទាញសតិរបស់អ្នកកំលោះជនជាតិចិនអោយងាកទៅរក ហើយក៏ជ្រួញចិញ្ចើមដាក់បន្តិច ដែលបានឃើញបុរសក្នុងឈុតអាវធំពណ៌ខ្មៅ បិទបាំងមុខមាត់ដោយមួកកាតិបនិងវែនតាការពារកម្ដៅពណ៌ខ្មៅមួយឈុតនោះ ដោយមានអារម្មណ៍ថាប្រហែលៗយ៉ាងខ្លាំងណាស់
«មិនបាច់រកនឹកទេថាខ្ញុំជាអ្នកណា គ្រាន់តែដឹងទៅថានាងគ្មានថ្ងៃអាចជារបស់លោកបានឡើយ ធ្វើចិត្តចាប់ពីពេលនេះទៅ ទើបវាមិនសូវឈឺចាប់ខ្លាំង»បុរសឈុតខ្មៅលើកដៃដែលពាក់ស្រោមដៃពណ៌ខ្មៅរលោង មកទះស្មារបស់បុរសដែលមានកម្ពស់ទាបជាងខ្លួនគួរសម ហើយក៏បែរក្រោយចាកចេញពីត្រង់នេះទៅ ដោយមិនរងចាំអោយអ្នកម្ខាងទៀតសួរនាំអ្វីបានទាន់
«គេជាអ្នកណា?»
ម៉ងកាន ធ្វើមុខងឿងឆ្ងល់មិនបាត់ព្រោះព្យាយាមរកនឹកដល់សំឡេងរបស់មនុស្សម្នាក់នោះមិនចេញ មិនដឹងទេថាគេធ្លាប់ជួបបុរសឈុតខ្មៅនោះនៅកន្លែងណា គ្រាន់តែដឹងថាគេប្រហែលៗសំឡេងនិងរូបរាងខ្ពស់មាំនោះខ្លាំងណាស់
ដូចមនុស្សម្នាក់...មនុស្សម្នាក់ដែលធ្លាប់បានជួយគេកន្លងមកនោះ...
នីកូលណាយ ឆឺងហ្គេល...

នៅជ្រុងម្ខាងទៀត
យ៉ូឈីង ដើរចេញពីបន្ទប់ទឹកមកវិញបន្ទាប់ពីក្អួតរហូតអស់ពីពោះ ដែលសុខៗក៏មានអារម្មណ៍ថាវិលមុខចង់ក្អួត តែពេលក្អួតគឺសឹងតែទប់ខ្លួនក្រោកឈរវិញមិនចង់រួច
នាងក្រមុំអស់សំណើចចេញមកតិចៗ ដែលថ្ងៃនេះកូនរបស់នាងដូចជាធ្វើទុកខុសពីធម្មតា ទើបលើកដៃមកអង្អែលពោះតិចៗ ភ្នែកក៏សម្លឹងមើលទៅកញ្ចក់មិនដាក់ មានសេចក្ដីសុខគ្រប់ពេលដែលនឹកដល់កូន
«ថ្ងៃនេះកើតអី ហេតុអីចង់ធ្វើបាបម៉ាក់បែបនេះ?»
សួរកូនហើយក៏សើចតែម្នាក់ឯង ហើយពេលគិតថាខ្លួនចូលបន្ទប់ទឹកយូរគួរសមហើយ គួរតែប្រញាប់ត្រលប់ទៅវិញ ទើបបែរក្រោយបម្រុងចាកចេញ តែត្រឹមទ្វារបើកឡើង សុខៗក៏មានដៃរបស់បុរសមាឌធំម្នាក់លូកមកខ្ទប់មាត់នាងនិងកូនកន្សែងជាប់ រំលងទៅមិនដល់មួយនាទីផងរាងកាយដែលប្រឹងរើបម្រះមុននេះ ក៏ចាប់ផ្ដើមទន់ខ្លួនមុននឹងបាត់បង់សតិទៅ
«ចាត់ការរួចហើយអ្នកប្រុស»បុរសម្នាក់នោះទាញទូរសព្ទមកទាក់ទងទៅមនុស្សម្នាក់ មុននឹងរាយការណ៍ពីការងារដែលខ្លួនបានរួចរាល់តាមបញ្ជា
(បញ្ជូនទៅព្រលានយន្ដហោះទៅ)
«បាទ»
បុរសម្នាក់នោះវាចាចប់ក៏លើកបីរាងស្ដើង ចាកចេញពីត្រង់នេះចេញទៅតាមផ្លូវក្រោយរបស់មន្ទីរពេទ្យ ដែលស្ងាត់គ្មានមនុស្សឆ្លងកាត់ ឡើងឡានមួយដែលចត់ចាំនៅត្រង់នោះយ៉ាងលឿន ដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីវត្តមានរបស់គេ

ទណ្ឌកម្មបេះដូង(ចប់)Kde žijí příběhy. Začni objevovat