ភាគ36

832 37 0
                                    

ភាគ36
ចិបៗ...
សំឡេងចាបស្រែកយំឆ្លើយឆ្លងគ្នានៅមាត់បង្អួតដែលបើកចំហ មានខ្យល់នាពេលព្រឹកព្រលឹមបក់ចូលមកប៉ះរាងស្ដើងដែលដេកស្ងៀមនៅលើគ្រែអោយភ្ញាក់ដឹងខ្លួនឡើង
កែវភ្នែកស្អាតបើកស្រឡះសម្លឹងមើលជុំវិញខ្លួន ដោយទឹកមុខស្លោកស្រពោនមិនប្រែប្រួល មុននឹងទប់ខ្លួនក្រោកអង្គុយយកដៃប៉ះពោះខ្លួនឯងតិចៗ ហើយក៏ប្រឹងញញឹមចេញមក
កាលពីយប់មិញមុនចូលដេក នាងបានសុំអោយអ្វីគ្រប់យ៉ាងដែលកើតឡើង គ្រាន់តែជាសុបិន តែពេលនេះ...ពេលបើកភ្នែកសម្លឹងមើលជុំវិញខ្លួនហើយ វាក៏នៅតែដូចដើម នាងមិនបានសុបិនតែគ្រប់យ៉ាងគឺសុទ្ធតែជាការពិត ទើបប្រឹងញញឹមដើម្បីហៅកម្លាំងចិត្តអោយខ្លួនឯង នឹងមួយទៀតគឺដើម្បីកូនដែលកំពុងលូតលាស់នៅក្នុងផ្ទៃរបស់នាងពេលនេះ
ទោះបីជាគ្មានគេនៅក្បែរ តែនាងមានមនុស្សម្នាក់ទៀតតំណាងអោយគេ ហើយពេលនេះនាងក៏សម្រេចចិត្តច្បាស់ហើយ ថាគួរនិយាយរឿងខ្លួនមានផ្ទៃពោះប្រាប់ ម៉ងកាន ទោះបីជាវាអាក្រក់នឹងអាត្មានិយម តែនាងចាំបាច់ត្រូវតែធ្វើបែបនោះ ទើបនាងគ្មានអារម្មណ៍ខុសចំពោះគេកាន់តែខ្លាំងជាងនេះ
រាងស្ដើងដើរចូលទៅក្នុងបន្ទប់ទឹកចាត់ការធុរៈផ្ទាល់ខ្លួនរួចរាល់ ក៏ចេញទៅខាងក្រៅដែលពេលនេះមានរាងក្រាស់របស់ ម៉ងកាន កំពុងញាប់ដៃញាប់ជើងរៀបចំអាហារពេលព្រឹក គ្រាន់តែឃើញនាងដើរចេញទៅ គេក៏ញញឹមស្រស់ដាក់ភ្លាម
«អរុណសួស្ដី បងកំពុងរកទៅដាស់ល្មម អូនភ្ញាក់យូរហើយឬ?» ម៉ងកាន ដាក់ចង្កិះមួយគូចុងក្រោយទៅលើតុ មុននឹងដើរមកទាញកៅអីអោយនាងក្រមុំដាក់បង្គុយចុះ
«ខ្ញុំភ្ញាក់មុននេះ»
«បែបនេះប្រហែលជាឃ្លានហើយ បងធ្វើបបរមានគ្រាប់ពោតដែរអូនចូលចិត្តញាំ សាកភ្លក់មើលទៅថាអាចញាំបានទេ?»
«ចាស» យ៉ូឈីង ញញឹមស្រាលតបមុននឹងដួសបបរយកមកផ្លុំតិចៗ ហើយដាក់ចូលក្នុងមាត់ មួយម៉ាត់ហើយមួយម៉ាត់ទៀត ទើបធ្វើអោយអ្នកដែលខំប្រឹងងើបតាំងពីម៉ោង5ដើម្បីរំងាស់បបរអោយនាងជាពិសេស អាចញញឹមបានយ៉ាងធូរចិត្ត មុននឹងដាក់បង្គុយចុះទល់មុខរបស់នាង ដួសបបរញាំដូចគ្នា
«ឆ្ងាញ់ទេ?»
«ចាស»នាងក្រមុំងើបមុខមកតប ហើយក៏ឈ្ងោកមុខញាំបន្ត ខួរក្បាលក៏កំពុងតែគិតថានិយាយបែបណាល្អ ដើម្បីមិនធ្វើអោយគេឈឺចាប់កាន់តែខ្លាំងជាងនេះ
«ឈីងឈីង បងមានរឿងចង់និយាយប្រាប់អូន»
«សិស្សច្បងខ្ញុំមានរឿងចង់ប្រាប់...»
ពួកគេនិយាយឡើងមកព្រមគ្នា មុននឹងម្នាក់ៗស្ងាត់មាត់ទៅវិញ គ្មាននរណានិយាយអ្វី ដើម្បីចាំស្ដាប់ថាអ្នកម្ខាងទៀតចង់និយាយអ្វីជាមួយ តែមួយសន្ទុះទៅហើយក៏គ្មាននរណាព្រមហើបមាត់ ទើបអ្នកដែលនិយាយបំបែកបរិយាកាសតានតឹងមួយនេះក៏ជា ម៉ងកាន
«អូននិយាយមកមុនទៅ មានអ្វីចង់ប្រាប់បងមែនទេ?»
«ខ្ញុំគិតថាសិស្សច្បងគួរតែនិយាយមុនទៅ»
«អូខេ! បងនិយាយមុនក៏បាន គឺថ្ងៃនេះបងចង់នាំអូនទៅរើសឈុតរៀបការរបស់ពួកយើងអោយហើយ ព្រោះនៅសល់ពេលបីថ្ងៃទៀតគឺដល់ថ្ងៃរៀបការរបស់ពួកយើងហើយ»និយាយចប់គេក៏ញញឹមដាក់នាង ដែលស្នាមញញឹមនោះវាធ្វើអោយនាងក្រមុំអួលដើមក និយាយសឹងតែមិនចេញ
«សិស្សច្បង...»
«តែបើអូនមិនស្រួលខ្លួនចង់សម្រាកមួយថ្ងៃទៀតក៏បាន ព្រោះថាពិធីរបស់ពួកយើងមិនបានរៀបចំអោយធំដុំទេ ហើយក៏គ្មានភ្ញៀវច្រើនដូចគ្នា យើងអាចទៅមើលឈុតនៅថ្ងៃស្អែកក៏បាន បងតាមអូនទាំងអស់...»
«ខ្ញុំ...»
«តែថាមុននេះអូនមានអ្វីចង់និយាយប្រាប់បងមែនទេ?»
យ៉ូឈីង ដាក់ស្លាបព្រាទៅលើតុ មុននឹងសម្លឹងចំកែវភ្នែកមុតថ្លារបស់កំលោះដុកទ័រ ហើយក៏ស្រូបដង្ហើមវែងៗដើម្បីហៅកម្លាំងចិត្ត អោយខ្លួនឯងនិយាយអ្វីដែលគួរនិយាយចេញមក មិនថាមានអ្វីកើតឡើងនៅពេលបន្ទាប់ក៏នាងមិនស្ដាយក្រោយដែរ
«ហេតុអីសម្លឹងមុខបងបែបនេះទៅវិញ? និយាយមកថាមានរឿងអីចង់ប្រាប់បង?»
«សិស្សច្បង...ខ្ញុំមានផ្ទៃពោះបួនខែហើយ...»

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now