ភាគ38

1K 41 0
                                    

ភាគ38
បក្សីស្លាបដែករបស់សម្ព័ន្ធ នីកូលណាយ ឆឺងហ្គេល បន្ទាបខ្លួនចុះមកលើដីយឺតៗបន្ទាប់ពីចំណាយពេលអស់ពីរថ្ងៃប្រាំម៉ោងក្នុងការដំណើរពីប្រទេសចិនមក ព្រីនស៊ីសដានៀរ៍ ដែលជាគោលដៅ។ ឡានស៊េរីទំនើបបីគ្រឿងបានចូលមកចតក្បែរយន្ដហោះដែលឈប់ស្ងៀមអស់មួយនាទី រងចាំអ្នកប្រុសទីពីររបស់សម្ព័ន្ធបង្ហាញខ្លួន ហើយរងចាំមិនយូរបុរសរាងខ្ពស់ស្រឡះក៏បង្ហាញខ្លួនចេញមក តែមិនបានបង្ហាញខ្លួនតែម្នាក់ឯងដូចកាលពេលដែលចេញទៅ ប៉ុន្តែមានរាងស្ដើងរបស់មនុស្សស្រីម្នាក់នៅក្នុងរង្វង់ដៃ
«ទៅណាដែលអ្នកប្រុស?»កូនចៅជំនិតចាប់ផ្ដើមសួរនាំភ្លាម ពេលចៅហ្វាយនាយចូលមកអង្គុយនៅក្នុងឡាន ដោយដាក់រាងស្ដើងរបស់អ្នកដែលមិនទាន់ដឹងខ្លួន អោយដេកកើយភ្លៅដោយគ្មានឫកពាថាស្អប់ខ្ពើមសូម្បីតែបន្តិច ដែលទង្វើមួយនេះធ្វើអោយកូនចៅរបស់គេងឿងឆ្ងល់គ្រប់គ្នា តែក៏គ្មាននរណាហ៊ានបង្ហាញឫកពាអោយឃើញ បានតែលួចមើលស្ងាត់ៗ
«ត្រលប់ទៅមន្ទីរពេទ្យ» រីហ្សាក់ ចេញបញ្ជាដោយសំឡេងរឹងៗ ភ្នែកក៏សម្លឹងមើលក្បាលតូចដែលដេកកើយភ្លៅរបស់ខ្លួន ដោយទឹកមុខដែលពិបាកអានចេញ ថាគេកំពុងតែគិតអ្វី
«បាទ» រីឆារ៍ ទទួលបញ្ជាមុននឹងបង្វែរចង្កូតឡានចាកចេញពីព្រលានយន្ដយ៉ាងលឿន ដោយមានឡានពីរគ្រឿងទៀតបើកតាមក្រោយ ដើម្បីការពារសុវត្ថិភាពរបស់ខ្លាកំណាចរបស់ នីកូលណាយ ឆឺងហ្គេល

ដបស្រាទីដប់ត្រូវលើកឡើងដាក់ក្បែរបបូរមាត់ក្រាស់ មុននឹងត្រូវអកអស់ពាក់កណ្ដាល ហើយទម្លាក់ទៅលើតុវិញខ្លាំងៗដោយម្ចាស់ដៃ។
កែវភ្នែកក្រហមងាំងសម្លឹងមើលនៅក្នុងទីងងឹតដោយទឹកមុខក្រៀមស្រពោន មុននឹងញោចចុងមាត់បន្តិចជាស្នាមញញឹមចំអកឡកឡាយអោយខ្លួនឯង
«មែនហើយ នាងគ្មានថ្ងៃក្លាយជារបស់ឯងនោះទេ ក្វាង ម៉ងកាន »
បបូរមាត់ក្រៀមបន្លឺវាចាចេញមកយ៉ាងស្រាល មុននឹងសើចខ្លាំងៗយ៉ាងជូរចត់បំផុត មនុស្សប្រុសម្នាក់នោះនិយាយមិនខុសទេ នាងគ្មានថ្ងៃអាចក្លាយជារបស់គេបានឡើយ តាំងពីដំបូងរហូតមកដល់ពេលនេះ...គេមិនទាន់បានតស៊ូផងក៏ត្រូវចាញ់តាំងពីគិតថានឹងចាប់ផ្ដើមមកម្ល៉េះ ហើយទោះបីជាប្រឹងប្រឆាំងយ៉ាងណាក៏នៅតែមិនអាចទៅមុខរួច ព្រោះអ្នកដែលឈឺចាប់ក្នុងរឿងមួយនេះមិនមែនមានតែគេម្នាក់ សូម្បីតែនាងក៏ឈឺចាប់ដូចគ្នា ដូច្នេះហើយគេដល់ពេលព្រលែងដៃចេញពីនាងបានហើយ ព្រមដោះលែងនាងអោយទៅរកមនុស្សដែលនាងស្រឡាញ់បានហើយ ចំណែកគេ...គេអាចរស់នៅបៀមទុក្ខសោកបែបនេះបន្ត ដោយមិនចង់ឃើញនាងឈឺចាប់បន្តទៅទៀតឡើយ...ទើបថ្ងៃនោះ...គេព្រមចាកចេញមកវិញដោយមិនប្រឆាំងជាមួយព្រហ្មលិខិត
ថ្ងៃនោះបន្ទាប់ពីបុរសម្នាក់នោះចេញទៅប្រហែលបីនាទី សុខៗគេក៏បានទទួលសារពីនរណាម្នាក់ដែលជាសារដែលផ្ញើមកគ្មានលេខ ពេលចុចចូលមើលក៏ចាប់ផ្ដើមយល់ភ្លាមៗតែម្ដង
មិនបាច់រងចាំ ព្រោះរងចាំក៏គ្មានថ្ងៃត្រលប់...
ត្រឹមតែសារមួយឃ្លាគេក៏អាចកាត់ន័យយល់ទៅហើយ តែក៏មិនបានបោះបង់នៅតែរត់ទៅរក យ៉ូឈីង នៅបន្ទប់ទឹករបស់មនុស្សស្រី តែគួរអោយស្ដាយនៅក្នុងនោះគ្មានសូម្បីតែស្រមោលរបស់នាង ទើបដឹងថានាងប្រហែលជាចាកចេញទៅជាមួយមនុស្សរបស់ នីកូលណាយ ឆឺងហ្គេល ហើយមនុស្សដែលគេបានជួបនៅមុខមន្ទីរពេទ្យគឺជា រីហ្សាក់ នីកូលណាយ ឆឺងហ្គេល មនុស្សប្រុសកោងកាងម្នាក់នោះ
ហើយពេលនេះវាក៏កន្លងទៅពីរថ្ងៃទៅហើយដែលគេត្រូវមកអង្គុយផឹកស្រា ដូចពួកអ្នកប្រមឹកម្នាក់ទាំងដែលគេមិនធ្លាប់ប៉ះពាល់របស់អស់ទាំងនោះសោះកន្លងមក តែពេលនេះគេបែរជាផឹកវាដូចផឹកទឹក ព្រោះតែមនុស្សស្រីម្នាក់...មនុស្សស្រីម្នាក់ដែលគេស្រឡាញ់ខ្លាំង
«តើក្ដីស្រឡាញ់របស់បង អូនមើលវាមិនឃើញសោះមែនទេ យ៉ូឈីង?» ម៉ងកាន និយាយម្នាក់ឯងដោយសំឡេងស្អកៗ មុននឹងលើកដបស្រាយកមកអកជាថ្មី តែមាត់ដបមិនទាន់បានប៉ះបបូរមាត់ផង ក៏ត្រូវដៃរបស់មនុស្សម្នាក់ស្រវាយកចេញពីដៃគេបានយ៉ាងងាយ
«ផឹកហើយតើវាបានអ្វីមកវិញ យល់ល្អលោកគួរតែធ្វើចិត្តមកតាំងពីយូរទើបវាជាការល្អ»មនុស្សចំណូលថ្មីដែលចូលមកគ្មានបន្លឺសំឡេងអ្វីសោះ អោយអ្នកដែលអង្គុយស្ងៀមបានឮ ដាក់បង្គុយចុះក្បែរយកស្រាដែលនៅសល់អកធ្វើមិនដឹង
«អ្នកណា?» ម៉ងកាន ជ្រឹមភ្នែកមើលកាត់ភាពងងឹតទៅរកអ្នកអង្គុយក្បែរ តែក៏មើលមិនឃើញ មិនដឹងទេថាមនុស្សម្នាក់នោះជាអ្នកណា
«ខ្ញុំឮមកថាលោកបានដាក់ពាក្យលាឈប់នៅមន្ទីរពេលរបស់សម្ព័ន្ធ នីកូលណាយ ឆឺងហ្គេល មែនទេ?»
«លោក រីហ្សែល...» ម៉ងកាន សើចចេញមកតិចៗពេលអាចចាប់សំឡេងរបស់មនុស្សម្នាក់នោះបានថាជាអ្នកណា
«មើលទៅលោកមិនទាន់ស្រវឹងខ្លាំងនោះទេ»អ្នកកំលោះសើចតិចៗពេលឃើញថារបុសដែលកំពុងខូចចិត្តរឿងស្នែហា ពេលនេះអាចចងចាំគេបាន ចាត់ទុកថាពូកែខ្លាំងហើយ ផឹកស្រាអស់ជិត10ដបទាំងដែលមិនធ្លាប់ប៉ះសោះ...បែបនេះមិនមែនងាយបំបាក់បានឡើយ
«ហឺស!»
«ខូចចិត្តទៅវាក៏មិនបានអ្វីមកវិញ ខ្ញុំថាលោកគួរតែបោះចោលការឈឺចាប់ទុកនៅត្រង់នេះបានហើយ ទៅបន្តជីវិតរបស់លោកដែលនៅ ព្រីនស៊ីសដានៀរ៍ វិញបានហើយ» រីហ្សែល ដាស់តឿនដោយបំណងល្អព្រោះគេពិតជាសោកស្ដាយខ្លាំងណាស់ ពេលបានដឹងថាមនុស្សមានសមត្ថភាពម្នាក់សុខៗបែរជាដាក់ពាក្យលាឈប់ ហើយពេលស៊ើបដឹងថាដោយសារអ្វីទៀតនោះ គេកាន់តែសោកស្ដាយ
«បើការឈឺចាប់អាចបោះចោលបានងាយៗម្ល៉េះខ្ញុំធ្វើវាមកយូរណាស់ហើយ មិនមែនប្រឹងស្រវេស្រវាដូចមនុស្សកំពុងលង់ទឹកដូចជាពេលនេះទេ»
«ខ្ញុំមិនយល់ទេថាវាជាអារម្មណ៍បែបណា តែខ្ញុំថាវាគង់តែមានថ្ងៃអាចធូរស្រាលមកវិញបាន ហើយការងារជាច្រើនក៏កំពុងរងចាំលោកដូចគ្នា» រីហ្សែល យកស្រាមកអកផ្សើមបំពង់កបន្តិច ក៏ដាក់វាទៅលើតុវិញដោយមិនគិតនឹងយកវាមកផឹកបន្ត ព្រោះគេមកទីនេះមិនមែនមកដើម្បីផឹក តែគេមកដើម្បីដាស់តឿនមនុស្សម្នាក់ក៏ភ្ញាក់ខ្លួនពីអន្លង់ទុក្ខសោកមកវិញហើយចាប់ផ្ដើមជីវិតជាថ្មី
«ខ្ញុំមិនមែនជាអ្នកដែលជួយលោកនៅថ្ងៃនោះឡើយ...អ្នកដែលជួយលោកពិតប្រាកដជា យ៉ូឈីង »
«ខ្ញុំដឹង» រីហ្សែល ញោចចុងមាត់បន្តិចពេលបានឮសម្ដីរបស់អ្នកម្ខាងទៀតសារភាពដោយគ្មានដើមគ្មានកន្ទុយ តែការពិតទៅគេដឹងរឿងនេះយូរណាស់មកហើយ អាចនិយាយបានថាតាំងពីថ្ងៃទៅផ្ទះនៅថ្ងៃនោះមកម្ល៉េះ ត្រឹមតែបានឃើញមុខរបស់នាងម្ដងទៀតគេក៏ចាំបានទៅហើយ ទោះពេលនោះគិតថាខ្លួនឯងប្រហែលជារវើរវាយ តែក៏នៅអោយមនុស្សតាមស៊ើបរក ហើយកាន់តែគេមិនមែនជាមនុស្សធម្មតាទៀតនោះ គឺវាងាយខ្លាំងណាស់ដែលអាចស៊ើបដឹងពីប្រវត្តរបស់មនុស្សម្នាក់
«បើលោកដឹងហើយហេតុអីក៏នៅតែជួយខ្ញុំទៀត?» ម៉ងកាន ងាកមកសួរដោយមិនយល់ថាប្រុសម្នាក់នេះកំពុងគិតអ្វីអោយប្រាកដ ព្រោះតាំងពីស្គាល់គ្នាមកគេមិនធ្លាប់ទាយដឹងទេថា រីហ្សែល កំពុងតែគិតអ្វី
«ព្រោះលោកជាមនុស្សមានសមត្ថភាពម្នាក់ បើសុខៗស្រាប់តែមកបោះបង់ពាក់កណ្ដាលទីបែបនេះ វាគួរអោយសោកស្ដាយខ្លាំងណាស់»
«លោកគួរតែជួយ យ៉ូឈីង មិនមែនមករវល់ជាមួយមនុស្សគ្មានបានការដូចជាខ្ញុំនោះទេ»
«សម្រាប់អ្នកមានគុណជួយជីវិតដូចជា យ៉ូឈីង ខ្ញុំគឺមិនទុកនាងចោលនោះទេ ចំណែកលោកក៏មានគុណចំពោះខ្ញុំដូចគ្នា...»
«ពេលនេះខ្ញុំគិតអ្វីមិនទាន់ចេញនោះទេ ខួរក្បាលរបស់ខ្ញុំទទេស្អាតអស់ហើយ»កំលោះដុកទ័តលើកដៃក្ដោបក្បាលដែលចាប់ផ្ដើមឈឺខ្ទោកៗ ពេលគិតដល់ថ្ងៃបន្ទាប់ដែោគ្មានគោលដៅរបស់ខ្លួន ពីមុនមកគោលដៅរបស់គេគឺនាង...គេតស៊ូមកគ្រប់យ៉ាងគឺដើម្បីនាង តែពេលនេះលែងមាននាងទៀតហើយ តើគេគួរតស៊ូទៀតដែរឬុ?
«លោកមិនគួរអោយវាទទេស្អាតយូរជាងនេះឡើយ ព្រោះមានអ្នកជម្ងឺច្រើនណាស់កំពុងរងចាំលោកទៅព្យាបាលពួកគេ ហើយនៅក្នុងចំណោមនោះក៏មានបងប្រុសធំរបស់ខ្ញុំដែរ»
«នៅទីនោះមានគ្រូពេទ្យជាច្រើន ម្នាក់ៗសុទ្ធតែមានថ្វីដៃល្អលោកមិនចាំបាច់ពឹងលើគ្រូពេទ្យក្រៅឯកសណ្ឋានដូចជាខ្ញុំឡើយ ហើយម្យ៉ាងទៀតខ្ញុំបានដាក់ពាក្យលាឈប់ពីទីនោះហើយ គ្មានអ្វីត្រូវត្រលប់ទៅវិញទេ»
«ទីនោះមានពេទ្យដែលមានថ្វីដៃជាច្រើន តែពេទ្យដែលអាចវះកាត់ជួយបងប្រុសខ្ញុំអោយមានខ្យល់ដង្ហើមមកវិញគឺលោក ដូច្នេះខ្ញុំជឿជាក់តែលោកម្នាក់គត់ ចំណែករឿងលិខិតលាឈប់ ខ្ញុំមិនទទួលយកវាឡើយលោកអាចត្រលប់ទៅវិញបាន មន្ទីរពេទ្យ នីកូលណាយ ឆឺងហ្គេល រងចាំការត្រលប់ទៅវិញរបស់លោក»
ដៃក្រាស់ធំទម្លាក់លើស្មា ម៉ងកាន ស្រាលៗមុននឹងម្ចាស់រាងក្រាស់ដើរចេញទៅដោយមិននិយាយអ្វីច្រើនទៀត ព្រោះគេជឿជាក់ថាសម្ដីរបស់ខ្លួននិយាយមុននេះគឺមានទម្ងន់គ្រាន់បើ អាចដាស់តឿនអោយ ក្វាង ម៉ងកាន តាមងជំហម្ដងទៀតបានហើយ ព្រោះពេលវេលាខូរចិត្តមិនគួរបណ្ដោយអោយវាចូលមកយូរពេកទេ គួរតែមានសតិអោយច្បាស់លាស់ ដើរទៅមុខបន្ត...ថ្ងៃស្អែកគឺតែងតែរងចាំយើងជានិច្ច

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now