ភាគ24

887 36 0
                                    

ភាគ24
«រីហ្សែក ម៉ាក់ដឹងថាកូននៅខាងក្នុងនេះ ម៉ាក់ចូលទៅហើយណា...»
សំឡេងស្រែកសួរនិងសំឡេងរុញទ្វារចូលមកនោះធ្វើអោយ រីហ្សែក បើកភ្នែកធំៗមុននឹងធ្វើរឿងមួយដែលនឹកស្មានមិនដល់ថាគេហ៊ានធ្វើបែបនេះ
រាងស្ដើងរបស់ យ៉ូឈីង ត្រូវរុញទម្លាក់ពីលើភ្លៅរឹងមាំមុននឹងត្រូវជើងរឹងមាំរុញអោយចូលទៅក្រោមតុ ដែលមានផ្នែកខាងមុខនឹងចំហៀងទាំងសងខាងបិទជិតល្អ ហើយវាក៏ល្មមនឹងខ្លួនតូចរបស់ យ៉ូឈីង អាចលាក់ខ្លួនបាន
តែរឿងនោះវាមិនសំខាន់ដូចការភ្ញាក់ផ្អើលរបស់ យ៉ូឈីង នៅពេលនេះឡើយ ហើយក៏នឹកស្មានមិនដល់ដូចគ្នាថាត្រូវគេធ្វើបែបនេះដាក់ ទើបបានតែអង្គុយនៅក្រោមតុបើកភ្នែកធំៗសម្លឹងមុខសង្ហារ ដែលធ្វើមុខរាបស្មើសម្លឹងទៅមុខ មិនបានឱនមកមើលនាងសូម្បីតែបន្តិច ធ្វើអោយបេះដូងដែលរីកមាឌពេញទ្រូងមុននេះ ទៅជាក្រៀមក្រោះគួរអោយអាណិតភ្លាម តែក៏ព្យាយាមគិតលើផ្លូវអវិជ្ជមាន ថាគេធ្វើបែបនេះប្រាកដជាមានហេតុផលមិនខាន ហើយហេតុផលដែលនាងកំពុងគិតនោះ ក៏បន្លឺសំឡេងស្រួយស្រេសចេញមកពីមុខតុធ្វើការរបស់ រីហ្សែក ភ្លាមដែលមុននេះនាងកំពុងធ្លាក់ចូលក្នុងអន្លង់រសស្នេហ៍ ទើបមិនបានចាប់អារម្មណ៍ថាមានមនុស្សចូលមក ហើយសំឡេងនោះធ្វើអោយនាងក្រមុំប្លែកចិត្តមិនស្ទើរដូចគ្នា
«ដូចម៉ាក់គិតអ៊ីចឹងថាកូននៅធ្វើការដល់យប់ជ្រៅ»
«អ្នកចូលមកមានការអី?»រីហ្សែក សួរសោយសំឡេងសោះអង្គើយគួរអោយខ្លាច តែដៃដែលទម្លាក់មកក្រោមតុបែរជាអង្អែលក្បាលតូច ដោយការវិការទន់ភ្លន់ទៅវិញ ធ្វើអោយនាងក្រមុំដែលលាក់ខ្លួននៅក្រោយតុ អត់ញញឹមចេញមកមិនបាន តែត្រចៀកបែរជាប្រឹងផ្ទៀងស្ដាប់ការឆ្លើយឆ្លងម្ដាយកូនទាំងពីរទៅវិញ ចង់ដឹងមែនទែនថាពួកគេមានរឿងអ្វីអោយប្រាកដ បានម្នាក់ប្រឹងសម្ដែងជាម្ដាយចិត្តល្អ ហើយម្នាក់ទៀតបែរជាធ្វើជាកូនដែលចិត្តខ្មៅដាក់ម្ដាយទៅវិញ
«យ៉ាងម៉េច ម៉ាក់ចង់មករកកូនមិនបានឬ?»ម៉ាដាមសួរដោយសំឡេងស៊ិចស៊ីខុសពីធម្មតា ដៃក៏លើមករកប៉ះមុខមាំរបស់កូនប្រុស តែត្រូវគេវាសចេញដោយការខ្ពើមរអើម ដែលកាយវិការមួយនេះធ្វើអោយអ្នកលាក់ខ្លួននៅក្រោមតុ ដល់ថ្នាក់លើដៃបិទមាត់តែម្ដង
ហេតុអីក៏ម៉ាដាមធ្វើបែបនេះដាក់កូនប្រុសទៅកើត វាមិនមែនជាកាយវិការដូចម្ដាយកូនទេ តែវាដូចកាយវិការ...ប្រុសស្រីធម្មតាទៅវិញ តើនេះជារឿងស្អីទៅ?
«បើគ្មានស្អីទេចេញទៅ កុំអោយខ្ញុំហៅគេអោយមកអូសចេញទាន់»រីហ្សែក គំហកខ្លាំងៗរហូតអ្នកនៅក្រោមតុភ្ញាក់ស្រវាចាប់ដៃដែលដាក់លើក្បាលជាប់ដោយមិនដឹងខ្លួន តែគេអង្អែលក្បាលនាងតិចៗវិញជាការលួងលោមមិនអោយភ័យខ្លាច
«ហេតុអីក៏ស្រាប់តែចិត្តអាក្រក់យ៉ាងនេះ រីហ្សែក ឬថាកូនមិនទាន់អត់ទោសអោយម៉ាក់ទៀតមែនទេ?»
«អ្នកគួរតែដឹងថាអ្វីដែលអ្នកបានធ្វើវាគួរអោយខ្ពើមយ៉ាងណា ខ្ញុំមិនសម្លាប់អ្នកចោលទុកថាវាសំណាងណាស់ទៅហើយ»
«រីហ្សែក ម៉ាក់សុំទោស...»ម៉ាដាមស្រក់ទឹកភ្នែកមកដាបថ្ពាល់ដូចអាចបញ្ជាបាន ទឹកមុខពេលនេះក៏គួរអោយអាណិតយ៉ាងខ្លាំង សូម្បីតែសំឡេងក៏ញ័រទទ្រើត តែវាបែរជាមិនធ្វើអោយកូនប្រុសតែម្នាក់អាណិត តែបែរជាកាន់តែខ្ពើមលើសដើម
វាមានត្រឹមតែម្ដងប៉ុណ្ណោះវាគ្មានជាលើកទីពីរឡើយ...
«កុំមកធ្វើខ្លួនបែបនេះអី អ្នកគិតថាខ្ញុំល្ងង់ម្ដងទៀតឬ? កុំអីវាមានត្រឹមតែម្ដងគឺគ្រប់គ្រាន់ហើយ»
«រីហ្សែក...ម៉ាក់...ម៉ាក់សុំទោសណាកូន ការពិតម៉ាក់មិនបានចង់ធ្វើ...»
«តែអ្នកបានធ្វើវាហើយ ហើយវាក៏ជារឿងដែលធ្វើអោយខ្ញុំក្លាយទៅជាបែបនេះ ឬប៉ុណ្ណឹងហើយវាមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកទៀត ឬចង់ឃើញខ្ញុំឆ្កួតសិនទើបអ្នកស្គប់ស្គាល់?»
«រីហ្សែក កូននៅតែមិនឈប់ខឹងម៉ាក់ទៀតឬ?»
«អត់ទេខ្ញុំមិនបានខឹង...»
សម្ដីកូនប្រុសមួយឃ្លានេះធ្វើអោយអ្នកម្ដាយញញឹមចេញមកយ៉ាងស្រស់ដោយថ្ពាល់នៅដាបទឹកភ្នែក ទោះយ៉ាងណាកូនប្រុសរបស់នាងក៏នៅតែទន់ភ្លន់ចិត្តល្អដូចមុនអ៊ីចឹង គេមិនធ្លាប់ធ្វើបាបចិត្តម្ដាយម្ដងណាឡើយ ទោះបីជានាងធ្វើរឿងអាក្រក់បែបណាដាក់គេខ្លះ ក៏គេនៅតែអត់ឱនអោយដែរ
«រីហ្សែក ម៉ាក់សប្បាយចិត្តដែលកូនមិននៅខឹងម៉ាក់ទៀត»
«ខ្ញុំមិនខឹងអ្នក តែខ្ញុំស្អប់អ្នកខ្លាំងណាស់ ដូច្នេះចេញបានហើយ កុំមកនិយាយរឿងគ្មានបានការជាមួយខ្ញុំតទៅទៀត អតីតកាលខ្មៅងងឹតគួរអោយខ្ពើមនោះ វានៅជាប់ក្នុងខួរក្បាលរបស់ខ្ញុំគ្មានថ្ងៃរសាយឡើយ ហើយខ្ញុំក៏គ្មានថ្ងៃអត់ទោសអោយអ្នកដែរ...»រីហ្សែក និយាយចេញមកដោយសំឡេងដែលត្រជាក់ស្រេងគួរអោយខ្លាច សូម្បីតែអារម្មណ៍របស់គេពេលនេះ ក៏វាចាប់ផ្ដើមកម្រើកឡើងមកដែរ បើមិនបានបាតដៃតូចរបស់មនុស្សម្នាក់អង្អែលដៃគេ ជាការលួងលោមអោយស្ងប់អារម្មណ៍ទេ ពេលនេះគេអាចកើតឆ្កួតហើយទៅសម្លាប់ស្រីម្នាក់ ដែលមានឈ្មោះជាម្ដាយម្នាក់នេះចោលមិនខាន
«រីហ្សែក...»ម៉ាដាមហៅឈ្មោះកូនប្រុសដោយការស្លុតចិត្ត
«ចេញទៅ...ខ្ញុំមិនចង់និយាយច្រើនឡើយ មិនអ៊ីចឹងទេកុំថាខ្ញុំអាក្រក់ ដែលអ្នកត្រលប់មកវិញនៅពេលនេះកុំស្មានថាខ្ញុំមិនដឹង ថាអ្នកកំពុងគិតស្អីអោយសោះ មិនថាថ្ងៃនេះឬថ្ងៃណាអ្នកគ្មានថ្ងៃអាចសម្រេចបំណងថោកទាបមួយនោះបានឡើយ ខ្ញុំនឹងតាមបំផ្លាញ់អ្នកអោយខ្ទេចដូចអ្នកបំផ្លាញ់ខ្ញុំអ៊ីចឹង»អ្នកកំលោះវាចាដោយសំឡេងកាចសាហាវរហូតអ្នកជាម្ដាយ ខ្លាចឡើងញ័រខ្លួនទទ្រើត ហើយថយក្រោយមិនដឹងខ្លួន
«បានក្នុងពេលកូនហ៊ានគំរាមម៉ាក់ទៅហើយ ហើយក៏កុំមកថាម៉ាក់ចិត្តអាក្រក់អោយសោះ...»ម៉ាដាមគំហកដាក់កូនប្រុសហើយក៏ដើរចេញទៅរកទ្វារដោយកំហឹង តែសុខៗក៏ងាកត្រលប់មកវិញ បង្ហាញស្នាមញញឹមយ៉ាងកំណាចដាក់ រីហ្សែក ធ្វើអោយគេចាប់ផ្ដើមមានប្រផ្នូលភ្លាម ហើយប្រផ្នូលនោះក៏បានឮនៅពេលបន្ទាប់ភ្លាម
«លាក់នាងអោយបានល្អណា រីហ្សែក បើម៉ាក់ចាប់បានពេលណាកូនដឹងមែនទេថាម៉ាក់នឹងធ្វើបែបណា ក្នុងលោកនេះអ្នកផ្សេងអាចលាក់ជិត តែកូនលាក់ម៉ាក់មិនជិតទេ...»និយាយចប់ម៉ាដាមក៏សើចចេញមកដូចមនុស្សដែលមានប្រៀបជាង មុននឹងចាកចេញទៅ
ផាំង...
រីហ្សែក ទះតុធ្វើការអស់ទំហឹងស្របពេលដែលទ្វារបន្ទប់ធ្វើការរបស់គេត្រូវបិទ ទើបអ្នកដែលពួនមុននេះប្រញាប់ស្ទុះចេញមកវិញយ៉ាងលឿន ស្រវាទាញគេមកឱបមិនអោយគេធ្វើបាបខ្លួនឯងបន្តទៀត ទាំងដែលនាងនៅចាំសម្ដីនិងសំឡេងម៉ាដាមនិយាយមុននេះបានយ៉ាងច្បាស់
ម៉ាដាមដឹងថានាងជាអ្នកណាហើយមែនទេ?
តែវាមិនមែនជារឿងដែលនាងគួរគិតនៅពេលនេះឡើយ អ្វីដែលនាងគួរគិតពេលនេះគឺមនុស្សនៅក្នុងរង្វង់ដៃ ដែលខឹងឡើងញ័រខ្លួនទទ្រើតទៅហើយ
«មិនអីទេ រីហ្សែក គ្មានអីកើតឡើងទៀតទេ សម្រួលអារម្មណ៍ ដកដង្ហើមវែងៗខ្ញុំនៅទីនេះ...នៅក្បែរលោកមិនទៅណាទេ»
«សុំទោស...សុំទោស»អ្នកកំលោះស្រវាឱបរាងស្ដើងណែន អឹបមុខនឹងពោះរបស់នាងដើម្បីអោយអារម្មណ៍ភ័យខ្លាចថយចុះ តែមើលទៅម្ដងនេះវាដូចជាកាន់តែពិបាកជាងមុនឆ្ងាយណាស់ ស្រីម្នាក់នោះមកដើម្បីធ្វើអោយគេឆ្កួតអោយបានពិតមែន...
«លោកមិនបានធ្វើអីខុសទេ មានអីដែលត្រូវសុំទោស ហើយខ្ញុំក៏ជឿជាក់លោក...ជឿជាក់ថាលោកមិនធ្វើអោយខ្ញុំមានគ្រោះថ្នាក់ទេត្រូវទេ?»
«យ៉ូឈីង...»
«ខ្ញុំជឿជាក់លោកដល់ថ្នាក់នេះទៅហើយ ហេតុអីលោកមិនជឿជាក់ខ្លួនឯងខ្លះអ៊ីចឹង?»
«អរគុណ...អរគុណដែលជឿជាក់ខ្ញុំ...»
«ចាស កាកាវរបស់ពួកយើងត្រជាក់អស់ទៀតហើយមើលទៅ»នាងក្រមុំប្ដូររឿងនិយាយមិនចង់អោយគេគិតច្រើនតទៅទៀត ទើបអ្នកកំលោះធូរស្រាលបានខ្លះ ហើយដកមុខចេញពីពោះរបស់នាង ងើយមុខសម្លឹងមុខស្រទន់មិនដាក់
«យប់នេះគេងនៅទីនេះទៅ ខ្ញុំចង់មាននាងនៅក្នុងរង្វង់ដៃ...»
«ចាស»
ក្នុងពេលដែលនាងជឿជាក់គេ ហេតុអីគេមិនបង្ហាញពីការការពារនាងអោយបានទៅ ហេតុអីត្រូវលាក់ខ្លួនដូចអណ្ដើតតទៅទៀត ត្រឹមមនុស្សស្រីដែលខ្លួនស្រឡាញ់ម្នាក់ គេការពារមិនបានផងតើគេសមជាកូនប្រុសដែរទេ?

ទណ្ឌកម្មបេះដូង(ចប់)Место, где живут истории. Откройте их для себя