Part 19 : ខ្ញុំនឹកលោក!!

1.5K 146 6
                                    

«ផាំង~មិនបាន»សម្លេងគោះតុបាយមួយទំហឹងចេញពីដៃ Jungkook ដែលក្រោកឈរប្រកែកនឹងសម្ដីរបស់បងប្រុស បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសគឺ Taehyung ។

«កើតអី Jungkook !!»លោក Jeon ស្រដីសួរទៅកូនប្រុសហាក់ចាប់ពិរុទ្ធ សម្លឹងនាយមិនទម្លាក់ភ្នែក ខណៈដែល Tae កំពុងតែអង្គុយភ័យ ខ្លាចថារាងក្រាស់ឆេវឆាវស្រដីអ្វីចេញមក រឿងប្រាកដជាធំមិនខាន ។

«ប៉ាមិនគិតថាលឿនពេកទេហេស៎»Jungkook ស្រពិចស្រពិលរកពាក្យមកដោះសារសឹងមិនត្រូវ កាលបើខ្លួនចិត្តក្ដៅស្រែកកាត់កណ្ដាលហ្វូងបាយបែបនេះ ក៏ដឹងថាទំនាក់ទំនងរវាងពួកគេជាការសម្ងាត់ ប៉ុន្តែបើអោយនាយនៅស្ងៀមមិនធ្វើអ្វីសោះនោះគឺមិនអាចទេ ។

«លឿនមិនលឿនស្ថិតនៅលើបងប្រុសឯងជាអ្នកសម្រេច!!»

«វាអាចនឹងឆាប់រហ័សពិតមែន តែខ្ញុំគិតច្បាស់ហើយ យ៉ាងណាពួកយើងក៏បានចុះអេតាសុីវិលជាមួយនឹងគ្នា មុននឹងក្រោយក៏គង់តែបើកបង្ហាញ ទើបខ្ញុំមិនចង់ពន្យារពេលតទៅទៀត»Jiho ស្រដីទាំងសម្លឹងមុខរបស់នាយតូច ស្របពេលដែលដៃក៏លើកមកដាក់ពីលើដៃស្រឡូន ជាហេតុធ្វើឱ្យ Tae មិនយល់ ក្រែងប្រាប់ថាចាត់ទុកគេត្រឹមជាប្អូននោះអី ។

«អ្ហឹម ម៉ាក់ក៏គិតបែបហ្នឹង Tae ចុះអេតាសីុវិលចូលមកក្នុងគ្រួសារយើងទាំងមិនប្រាប់នរណា ហាក់ដូចជាប្រមាថប៉ាម៉ាក់គេខ្លាំងណាស់ រៀបចំពិធីមង្គលការបើកមុខអោយមហាជនស្គាល់ទើបជាការប្រពៃ Tae យល់យ៉ាងណាដែរកូន»គាត់គិតដល់អ្នកដន្លងដែលនៅស្រុកឆ្ងាយ កាលដែលយកកូនគេមកទាំងលាក់លៀមបែបនេះ មិនខុសពីមើលស្រាលគ្រួសារគេនោះទេ យ៉ាងណាត្រកូល Kim ក៏ជាអ្នកមានស្ដុកស្ដម្ភ កេរ្តិ៍ឈ្មោះល្បីរន្ទឺមួយដែរ គួរណាស់តែស្វាគមន៍អោយបានល្អជាងនេះ ។

«ខ្ញុំ...ខ្ញុំតាមតែគ្រួសារទុកដាក់ប៉ុណ្ណោះ»Tae រដាក់រដុបងាកមកប្រសព្វនឹងរាងក្រាស់ទាំងក្រែង គេដឹងថានាយនឹងខឹង តែគេគ្មានជម្រើសទេ គេមិនសូម្បីអាចហើបមាត់ដើម្បីតវ៉ា ។

«រួចចុះ Irin នោះ គិតយ៉ាងម៉េច?»Jungkook ក្ដាប់ដៃណែន ក្ដៅងំក្នុងប្រអប់ទ្រូង នាយសឹងតែចាប់អូសដៃរបស់ Tae រត់ចេញពីទីនេះទៅហើយ ។

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now