ភាគ៨

2.6K 180 1
                                    

ជុងហ្គុក តំអូញដាក់នាយតូច ជាមួយឫកពាហាក់ដូចអង្វរក ខណៈម្ខាស់បន្ទប់ ឈរឱបដៃ ដកដង្ហើមធំយ៉ាងទ្រាន់ចិត្ត ក្នុងទ្រូងក្តៅចង់ឆេះ មិនដឹងថាពេលណាអស់កម្មអស់ពៀរជាមួយមនុស្សធនហ្នឹងទេ ហារឡើងសុទ្ធតែប្រើភាសាកូនក្មេង អូនៗ គួរឲ្យជ្រេញ ឮហើយចង់ក្អួតបញ្ចេញភាពជម្រេញនោះឲ្យអស់។
«ជុ៎!ចេញទៅវិញទៅ បន្ទប់ទឹកនៅជាន់ខាងក្រោមក៏មានដែរ នេះលោកមានបញ្ហាខួរក្បាលមែនទេ?» ពេលរាងក្រាស់ប្រើភ្នែកក្រឡេកក្រឡាប់មើលក្នុងបន្ទប់ ធ្វើឲ្យថេយ៉ុង ទ្រាំមើលចរិកមិនបាន ក៏ស្ទុះទៅចាប់ទាញគេឲ្យចេញពីបន្ទប់ ហើយអ្នកដែលត្រូវគេដេញ លួចញោចចុងមាត់តែបានញញឹមទេ ថែមទាំងខាំគុម្ពថ្គាមយ៉ាងណែន ស្របពេលចាប់កញ្ឆក់កដៃនាយតូចមកកាន់ស្អិត៖
«កំណាញ់ម្ល៉េះ គ្រាន់តែសុំឈឺនោមមួយសោះ»
«ឡប់សតិ»កែវភ្នែកមូលៗ សម្លក់មុខមហាសែនឌឺរបស់គេសឹងធ្លុះ សម្តីសម្តៅមិនសមជាកូនអ្នកមានកិត្តិយសខ្ពង់ខ្ពស់អីបន្តិច សមតែនាយតូចដៀលឲ្យមិនខុស។
«យ៉ាងម៉េច ឬក៏ចង់ទៅជួយកាន់ឲ្យ?»ជុងហ្គុក សួរបញ្ឈឺ ធ្វើឲ្យនាយតូច កាន់តែមួម៉ៅថែម ហើយព្យាយាមរលាស់ដៃចេញពីចាប់ជំរិត ពេលអ្នកម្ខាងទៀតធ្វើជាចាប់អូសទៅជាមួយ
«នែ៎ លែងដៃ លោកឡប់មែនទេ?លែង!!!»កំលោះតូចស្រែកចាចដោយការមិនសុខចិត្ត ពេលអ្នកម្ខាងទៀតចាប់អូសកាយតូចយ៉ាងកម្រោល រហូតដល់មុខបន្ទប់ទឹក ទើបគេព្រមដោះលែងឲ្យមានសេរីភាព ក៏មិនភ្លេចឆ្លៀតងាកមកលោលេងដោយពាក្យបេះបួយគួរឲ្យស្អប់៖
«ឈរចាំអូននៅហ្នឹងហើយ អូនខ្លាចខ្មោច»
«...»ថេយ៉ុង បានតែឈរក្តាប់ដៃឈ្លរឈាមនៅមុខបន្ទប់ទឹក ហើយក៏កញ្ឆក់ខ្លួនដើរទៅអង្គុយលើពូក លួចងាកចាំមើលម្នាក់នោះចេញមក ចំណែកជុងហ្គុក ចូលទៅភ្លាមក៏ចុចបើកទឹកធ្វើដូចកំពុងនោម តែការពិតគេមិនបានឈឺនោមឈឺស្អីទេ គ្រាន់តែជាលេសចង់ចូលបន្ទប់កូនគេប៉ុណ្ណោះ ហើយមិនយូរប៉ុន្មាន គេក៏ដើរចេញមកវិញ ខណៈនោះ នាយតូច ស្រាប់តែស្ទុះតម្រង់មករកគេ ហើយស្រែកសម្លុតផាំងៗតែម្តង៖
«អញ្ចើញលោកចេញពីបន្ទប់ខ្ញុំឥឡូវនេះ ហើយឈប់រកលេសមករំខានខ្ញុំទៀត»តាមពិត ថេយ៉ុង ដឹងតាំងដំបូងម្ល៉េះ ថាជុងហ្គុកមានបំណងចង់ចូលមកស្រាប់ហើយ តែដោយសារឃាត់គេមិនឈ្នះ ក៏បណ្តោយតាមម្តងទៅ តែកុំសង្ឃឹមថាមានលើកទីពីរឲ្យសោះ ហើយពេលបានឮសម្តីនាយតូចរួចមក ជុងហ្គុក ក៏ទម្លាក់ទឹកមុខចុះ ហាក់ដូចជាកំពុងខូចចិត្ត ហើយបន្លឺប្រយោគដដែលៗដែលគេធ្លាប់ចោទនាយតូច ឡើងមក៖
«ចឹងឯងក៏ឈប់តាមរំខានខ្ញុំដូចគ្នា បងប្រុសឯងជាគូដណ្តឹងស្របច្បាប់របស់ខ្ញុំ ប៉ាម៉ាក់ក៏បានដឹងឮហើយដែរ មិនយូរមិនឆាប់ ពួកយើងនឹងរៀបការ សង្ឃឹមថាឯងនឹងមិនធ្វើរឿងបំពុលកម្មវិធីទេណា៎»គ្រាន់តែ ជុងហ្គុក លើករឿងមង្គលការមកពន្ញាក់អារម្មណ៍ នាយតូចក៏នឹកដល់បងប្រុសដែលកំពុងដេកគ្រាំចិត្តនៅមន្ទីរពេទ្យ ប្អូនម្នាក់នេះពុំទាន់ទទួលបានចម្លើយច្បាស់លាស់នៅឡើយទេ ហើយរឿងដែលសំខាន់បំផុត គឺគេពិតជាចង់ដឹងណាស់ថា អ្នកណាជាអ្នកធ្វើឲ្យជីមីន មានកូន?
«មានរឿងខ្លះដែលលោកមិនបានដឹង បងប្រុសគាត់មានហេតុផលរបស់គាត់ ទើបគាត់មិនចង់រៀបការ»
«រឿងអី ក៏និយាយវាចេញមក?»ជុងហ្គុក សួរដោយទឹកមុខរាបស្មើ ធ្វើហាក់ដូចជាគេមិនបានជ្រាបអ្វីទាល់តែសោះ ទាំងនៅពីក្រោយខ្នង គេដឹងគ្រប់ច្រកល្ហក គ្មានអ្វីដែលអាចលាក់កំបាំងពីភ្នែកពីត្រចៀកគេឡើយ តែរឿងមួយដែលគេមិនទាន់បានដឹង គឺរឿងដែល ជីមីន មានកូន ហើយកូនមានជាដំណក់ឈាមរបស់ យ៉ុនហ្គីអាន់ដឺសាន់ ដែលជាពូរបស់គេ។
«ឃើញទេ គ្មានរឿងអ្វីផង ហើយឯងខំរកលេសប្រកែកដល់ណាទៀតទៅ?»ឃើញនាយតូចស្ងៀមស្ងាត់យូរ គេក៏សួរចាក់ឆ្កៀល ដើម្បីឲ្យអ្នកម្ខាងទៀតតបត តែលើកនេះ ថេយ៉ុង ពិតជាបង្ហើបមិនបានមែន ព្រោះនោះជារឿងសំខាន់។
«លោកមិនបាច់ដឹងល្អជាង»
«បើបងប្រុសឯងស្អាតស្អំ នោះក៏គ្មានអ្វីជាអាថ៌កំបាំងដែរ មិនដូចអ្នកខ្លះ គ្រាន់តែសុំចូលឈឺនោមបន្តិចសោះ ហួងហែងបន្ទប់ធ្វើដូចលាក់ប្តីដប់ម្ភៃក្នុងបន្ទប់ ហឹស៎...មនុស្សស្អីក៏កំណាញ់យ៉ាងហ្នឹង»ចរចារគ្នាចុះឡើងចុះឡើង នៅតែគេចមិនផុតពីការផ្ចាញ់ផ្ចាលលើ នាយតូច ដដែល ហើយចុងប្រយោគ គេក៏បង្វែរខ្លួនបោះជំហ៊ានដើរចេញពីបន្ទប់យ៉ាងឆើយ ទុកឲ្យនាយតូចតាមសម្លក់ផែនខ្នងដោយការគ្រឺតខឹង។
រាងសង្ហាដូចទេវបុត្រ ចុះមកដល់ជាន់ផ្ទាល់ដី ដោយចៃដន្យបានជួបជាមួយនិងអ៊ំស្រីដែលបម្រើការប្រចាំផ្ទះ គេក៏ឆ្លៀតសួរភ្លាម៖
«អ៊ំ! តើលោកស្រីចាសស្មីនគាត់ទៅណា? ខ្ញុំគិតចង់មកលេងគាត់ បែរជាមិនជួប»
«អ្ហឹក៎...លោកស្រីគាត់ទៅមន្ទីរពេទ្យ»
«អ្នកណាកើតអី?»នាយកំលោះសួរដេញទាំងជ្រួញចិញ្ចើមចង់ដឹង
«គឺ...»អ៊ំឈី រៀបឆ្លើយប្រាប់ទៅហើយ ស្រាប់តែមនុស្សម្នាក់ចូលមកកាត់សម្តី៖
«គាត់បានណាត់ជួបដុកទ័រដើម្បីពិនិត្យសុខភាព ព្រោះគាត់មិនស្រួលខ្លួន»ថេយ៉ុង តបមុខស្មើ ស្របពេលងាកសម្លឹងកែវភ្នែកវ័យចំណាស់ជាសញ្ញាមិនឲ្យនិយាយការពិត ជុងហ្គុក លួចញញឹមចំអក មុននឹងបែរទៅសួរបក៖
«អ៎! ហើយចុះគូដណ្តឹងខ្ញុំវិញនោះ?»
«ក៏ទៅជាមួយម៉ាក់ យ៉ាងម៉េច?មានអី្វចង់សួរទៀតទេ?»
«អស់ហើយ»ជុងហ្គុក តបទាំងញាក់ស្មាបន្តិច ញាក់ចិញ្ចើមបន្តិច តែនាយតូចធ្វើមិនខ្វល់ ព្រោះដឹងថាគេចរិកអន់ស្រាប់ហើយ។
«នេះអ្នកប្រុសគិតត្រឡប់ទៅវិញហើយឬ? នៅញ៊ាំអាហារថ្ងៃត្រង់ទៅ»ឃើញជុងហ្គុកដូចជាជិតត្រឡប់ទៅវិញ អ៊ំស្រី ក៏បបួលអញ្ជើញដោយការគួរសម ស្រាប់តែ ថេយ៉ុង និយាយកាត់មុនទៀត៖
«ឆាប់ទៅផ្ទះទៅ តាមមើលអ្នកផ្ទះបារម្ភណាស់ហើយ ទៅផ្ទះលេបថ្នាំសសៃប្រសាទផង កុំឲ្យជម្ងឺកាន់តែដុនដាប»នាយតូច ដៀលចំៗក្នុងន័យថាឲ្យជុងហ្គុកជាមនុស្សឆ្កួត មានបញ្ហាខួរក្បាលដំណាក់កាលធ្ងន់ធ្ងរ ដែលប្រយោគទាំងប៉ុន្មាន មិនបានធ្វើឲ្យអ្នកស្តាប់ឈឺខួរអីបន្តិច ផ្ទុយទៅវិញគេមានតែញញឹមឌឺដង ថែមទាំងឱនទៅជិតរង្វង់មុខតូចច្រមិច ហើយបន្លឺខ្សិបៗឲ្យឮតែពីរនាក់៖
«ជុ៎ៗៗ កូនដង្កូវសម្តីបានយ៉ាងនេះ គួរឲ្យចង់ចាប់ទៅទុកចិញ្ចឹមក្នុងបន្ទប់ពូណាស់»

ម្ចាស់ជីវិតWhere stories live. Discover now